សម្ព័ន្ធភាព​យោធា CSTO បាន​ជួយ​ប្រែ​ក្រឡាស់​ស្ថានការណ៍​វឹកវរ​នៅ កា​ហ្សា​ស្ថាន

អង្គការ CSTO (Collective Security Treaty Organization) ដែលជា​សម្ព័ន្ធភាព​យោធា​មាន​សមាជិក ៦ ប្រទេស ដោយ​នាំមុខ​ដោយ ប្រទេស​រុស្ស៊ី គឺជា​យន្តការ​ស្របច្បាប់​ដែល​អនុញ្ញាតឱ្យ រុស្ស៊ី ដាក់ពង្រាយ​កងទ័ព និង​គ្រប់គ្រង​ស្ថានការណ៍​នៅ កា​ហ្សា​ក់​ស្ថាន បាន​យ៉ាង​ឆាប់រហ័ស។

អង្គការ​សន្ធិសញ្ញា​សន្តិ​សុខ​សមូហភាព (CSTO) កាលពី​ថ្ងៃទី ៥ មករា បាន​យល់ព្រម​បញ្ជូន​កម្លាំង​រក្សា​សន្តិសុខ​ទៅ​ជួយ​រដ្ឋាភិបាល​នៃ ប្រទេស​កា​ហ្សា​ក់​ស្ថាន ទៅតាម​សំណើ​របស់​ប្រធានាធិបតី​ប្រទេស​នេះ ដើម្បី​កែប្រែ​ស្ថានការណ៍ បន្ទាប់ពី​បាតុកម្ម​ប្រឆាំង​ប្រេង​ឡើងថ្លៃ បាន​ក្លាយជា​អំពើហិង្សា។

ក្រោយពី រុស្ស៊ី បាន​បញ្ជូន​ទ័ព​ទៅកាន់ កា​ហ្សា​ក់​ស្ថាន ក្នុងនាម CSTO ភាពវឹកវរ​នៅ​ប្រទេស​នេះ​ក៏មាន​សញ្ញា​ល្អប្រសើរ​ឡើងវិញ ជួយ​ឱ្យ​កងកម្លាំង​របស់​រដ្ឋាភិបាល​កា​ហ្សា​ក់​ស្ថាន ក្រឡាស់​ស្ថានការណ៍ បើក​យុទ្ធនា​ការបង្ក្រាប​ទូទាំងប្រទេស កម្ចាត់​ក្រុម​ប្រដាប់អាវុធ​រាប់សិប​នាក់ និង​រៀបចំ​សណ្ដាប់ធ្នាប់​ឡើងវិញ។

ក្រសួងការបរទេស​រុស្ស៊ី កាលពី​ថ្ងៃទី ៧ មករា និយាយថា កងកម្លាំង CSTO បំពេញបេសកកម្ម​ការ​ពារ​ព្រលានយន្តហោះ និង​ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗផ្សេងទៀត​នៅ កា​ហ្សា​ក់​ស្ថាន។

បច្ចុប្បន្ន អង្គការ CSTO មាន​សមាជិក​ចំនួន ៦ ប្រទេស រួ​មាន រុស្ស៊ី, អា​មេ​នី, បេឡា​រូស, កា​ហ្សា​ក់​ស្ថាន, កៀ​ហ្ស៊ី​ស៊ី​ស្ថាន និង តា​ហ្ស៊ី​គី​ស្ថាន។ អង្គការ​យោធា​នេះ​ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ ១៩៩២ បន្ត​ពី​ព្រឹត្តិការណ៍​បង្កើត​សហគមន៍​ប្រទេស​ឯករាជ្យ (SNG) ក្រោយពី សហភាពសូវៀត បាន​ដួលរលំ។

CSTO មាន​ការិយាល័យ​កណ្ដាល​នៅក្នុង​ទីក្រុង​មូ​ស្គូ ប្រទេស​រុស្ស៊ី ប៉ុន្តែ កៅអី​ប្រធាន​ត្រូវបាន​បណ្ដា​ប្រទេស​ជា​សមាជិក​ប្ដូរ​វេន​គ្នា​គ្រប់គ្រង ហើយ​រាល់​ការសម្រេច​ត្រូវបាន​ដាក់ចេញ​ទៅតាម​កា​រ​យល់ស្រប​ពី​សមាជិក។ CSTO ធ្វើ​សមយុទ្ធ​យោធា​ជា​រៀងរាល់ឆ្នាំ និង​មិន​អនុញ្ញាតឱ្យ​សមាជិក​ណាមួយ​ចូលរួម​ក្នុង​អង្គការ​សម្ព័ន្ធភាព​យោធា​ដទៃ ដូចជា NATO ជាដើម។

CSTO អនុញ្ញាតឱ្យ​បណ្ដា​ប្រទេស​ជា​សមាជិក ដាក់ពង្រាយ​កងទ័ព​ទៅកាន់​ប្រទេស​ជា​សមាជិក​របស់​ពួកគេ និង​អាច​ទិញ​អាវុធ​ទៅតាម​តម្លៃ​ក្នុងស្រុក​របស់ រុស្ស៊ី ព្រមទាំង​បង្កើត​ប្រព័ន្ធ​ការពារ​ដែនអាកាស​រួម៕

Advertisement