Category: អន្តរជាតិ

  • វីដេអូស្ដែងៗ បង្ហាញ​ពី​ក្រុម​ជួញដូរ​គ្រឿងញៀន​ដ៏​ធំ​នៅ ម៉ិ​ក​ស៊ិ​ក ប្រើ​យន្តហោះ​គ្មាន​មនុស្ស​បើក កម្ទេច​មូលដ្ឋាន​របស់​សត្រូវ

    វីដេអូស្ដែងៗ បង្ហាញ​ពី​ក្រុម​ជួញដូរ​គ្រឿងញៀន​ដ៏​ធំ​នៅ ម៉ិ​ក​ស៊ិ​ក ប្រើ​យន្តហោះ​គ្មាន​មនុស្ស​បើក កម្ទេច​មូលដ្ឋាន​របស់​សត្រូវ

    សារព័ត៌មាន​ម៉ិ​ក​ស៊ិ​ក បាន​បង្ហោះ​វីដេអូ​មួយចំនួន ដែល​បង្ហាញ​អំពី​យន្តហោះ​គ្មាន​មនុស្ស​បើក​មួយគ្រឿង​របស់​ក្រុម​ជួញដូរ​គ្រឿងញៀន​ដ៏​ធំ​មួយ​នៅ ម៉ិ​ក​ស៊ិ​ក ទម្លាក់​គ្រាប់បែក​កម្ទេច​ជម្រក​របស់​គូសត្រូវ។

    យោងតាម​ទូរទស្សន៍ RT (រុស្ស៊ី) វីដេអូ​នេះ ទំនងជា​ត្រូវបាន​ថត​ពី​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​ក្រុម​ជួញដូរ​គ្រឿងញៀន​ម៉ិ​ក​ស៊ិ​ក នៅពេល​កំពុង​ទម្លាក់​គ្រាប់បែក​ទៅលើ​តង់​ជម្រក​នានា​នៅក្នុង​ព្រៃ​ជ្រៅ។ ចំណែក​សារព័ត៌មាន El Pais របស់ អេ​ស្ប៉ា​ញ វិញ បាន​រាយការណ៍​ថា យន្តហោះ​ក្នុង​វីដេអូ​នេះ ត្រូវបាន​គ្រប់គ្រង​ដោយ​ក្រុម​ជួញដូរ​គ្រឿងញៀន Jalisco New Generation Cartel (CJNG)។

    ក្រោយ​ការទម្លាក់​គ្រាប់​បែប​បាន​ប៉ុន្មាន​វិនាទី មនុស្សម្នា​ក្នុង​មូលដ្ឋាន​នេះ ក៏​នាំគ្នា​រត់​ប្រសាចរៀងៗខ្លួន។ ចំណែក​យន្តហោះ​ដែល​នៅ​ពីលើ បន្ត​ទម្លាក់​គ្រាប់បែក​ជាច្រើន​គ្រាប់​ថែមទៀត។

    សារព័ត៌មាន​ដទៃទៀត យល់ថា ក្រុមសង្គមងងឹត​ខាងលើ ថែមទាំង​វាយប្រហារ​សំដៅ​ប្រជាជន​ដែល​រស់នៅក្នុង​តំបន់ ជា​អ្នក​ដែល​បាន និង​កំពុង​រារាំង​សកម្មភាព​ទន្ទ្រាន​យក​ដីព្រៃ​ធ្វើជា​មូលដ្ឋាន​របស់​ក្រុម​ល្មើសច្បាប់​ទៀតផង។ យ៉ាងហោចណាស់​មាន​មនុស្ស​ម្នាក់​ត្រូវ​រងរបួស​នៅក្នុង​ហេតុការណ៍​ទម្លាក់​គ្រាប់បែក។

    កាលពី​ខែធ្នូ ២០២១ អង្គភាព​ប្រឆាំង​គ្រឿងញៀន​របស់ សហរដ្ឋ​អាម៉េរិក បានឱ្យដឹងថា CJNG គឺជា​ក្រុម​ជួញដូរ​គ្រឿងញៀន​ដែល​ប្រើប្រាស់​អំពើហិង្សា និង​គួរឱ្យ​ញញើត​បំផុត នៅ ម៉ិ​ក​ស៊ិ​ក។ អង្គភាព​នេះ ឱ្យដឹងថា «ការកម្ទេច CJNG គឺជា​អាទិភាព​ខ្ពស់​មួយ» របស់​ពួកគេ ហើយ​ថា នឹង​ជូន​រង្វាន់ ១០,០០០,០០០ ដុល្លារ ដល់​អ្នក​ទាំងឡាយណា​ដែល​ផ្ដល់ព័ត៌មាន​ស្ដីពី​ក្រុម​ជួញដូរ​គ្រឿងញៀន​នេះ។

    https://www.youtube.com/watch?v=F6mxy7hwRMk

    ចាប់តាំងពី​ខែធ្នូ ២០២១ ស្ថានភាព​អំពើហិង្សា​មិន​ត្រូវបាន​គ្រប់គ្រង បាន​បង្ខំ​ឱ្យ​ប្រជាជន​ជិត​ពាក់កណ្ដាល ក្នុងនោះ​មាន​ទាំង​ក្រុមប៉ូលិស​ផងដែរ នៅ​តំបន់​ក្រុង Chinicuila ត្រូវ​រត់ចោលស្រុក ក្នុងចំណោម​នោះ មាន​អ្នកខ្លះ​បាន​ភៀសខ្លួន​ទៅកាន់​រដ្ឋ Colima នេះ​បើតាម​ទូរទស្សន៍ Imagen របស់ ម៉ិ​ក​ស៊ិ​ក។ ក្រុមមនុស្ស​ជាច្រើន​ផ្សេងទៀត បាន​ឆ្លងដែន​ពី ម៉ិ​ក​ស៊ិ​ក ទៅកាន់ សហរដ្ឋ​អាម៉េរិក ដើម្បី​គេច​ពី​អំពើហិង្សា៕

  • អង្គការ​ WHO អនុញ្ញាតឱ្យ​ប្រើប្រាស់​វិធីសាស្ត្រ​ថ្មី​ចំនួន ២ ទៀត សម្រាប់​ការព្យាបាល​អ្នកជំងឺ​កូ​វីដ-១៩

    អង្គការ​ WHO អនុញ្ញាតឱ្យ​ប្រើប្រាស់​វិធីសាស្ត្រ​ថ្មី​ចំនួន ២ ទៀត សម្រាប់​ការព្យាបាល​អ្នកជំងឺ​កូ​វីដ-១៩

    ថ្ងៃទី ១៤ មករា នេះ អង្គការ​សុខភាព​ពិភពលោក (WHO) បានអនុម័ត​វិធីសាស្ត្រ​ថ្មី​ចំនួន ២ សម្រាប់​ការព្យាបាល​អ្នកជំងឺ​កូ​វីដ-១៩ ដែល​នេះ​គឺជា​ការបន្ថែម «អាវុធ» សំខាន់ ទន្ទឹមនឹង​វ៉ាក់សាំង​ដែល​កំពុងមាន នៅក្នុង​ការទប់ស្កាត់​ហានិភ័យ​ជំងឺ​វិ​វត្ត​ទៅជា​ធ្ងន់ធ្ងរ និង​ស្លាប់ ចំពោះ​អ្នកជំងឺ​កូ​វីដ-១។

    វិធីសាស្ត្រ​ថ្មី​ទាំង ២ នេះ រួមមាន ការប្រើប្រាស់​ថ្នាំ​ព្យាបាល​ជំងឺ​រលាក​សន្លាក់ ដែលមាន​សមាសធាតុ baricitinib និង​ការប្រើប្រាស់​អង្គ​ប​ដិ​ប្រាណ​សំយោគ Sotrovimab។

    នៅក្នុង​អនុសាសន៍​របស់ WHO ដែល​បាន​ចុះផ្សាយ​លើ​ទស្សន​វ​ដ្ដី​វេជ្ជសាស្ត្រ​របស់​អង់គ្លេស BMJ ក្រុម​អ្នកជំនាញ​របស់ WHO បានលើកឡើង​យ៉ាងច្បាស់​ថា សមាសធាតុ baricitinib ដែល​ប្រើ​រួមជាមួយ​នឹង corticosteroid មាន​សមត្ថភាព​ជួយ​បង្កើន​អត្រា​នៃ​ការ​រស់ និង​បន្ថយ​ហានិភ័យ​ត្រូវ​ប្រើ​ម៉ាស៊ីន​ជំនួយ​ដង្ហើម​ចំពោះ​អ្នកជំងឺ​កូ​វីដ-១៩ ដែលមាន​អាការ​ធ្ងន់ធ្ងរ។

    ទន្ទឹមនឹងនេះ WHO ក៏បាន​ណែនាំ​ឱ្យប្រើ​អង្គ​ប​ដិ​ប្រាណ Sotrovimab សម្រាប់ អ្នក​វិជ្ជមាន​នឹង​កូ​វីដ-១៩ ដែលមាន​រោគសញ្ញា​ស្រាល ប៉ុន្តែ​មាន​ហានិភ័យ​ត្រូវ​ចូល​ពេទ្យ​ខ្ពស់បំផុត មានដូចជា មនុស្ស​ចាស់ អ្នកមាន​ប្រព័ន្ធ​ភាពស៊ាំ​ខ្សោយ ឬ​អ្នក​ដែលមាន​ជំងឺ​រ៉ាំរ៉ៃ ដូចជា ជំងឺ​ទឹកនោមផ្អែម​ជាដើម។

    មុន​នោះ កាលពី​ខែកក្កដា ២០២១ WHO ក៏បាន​អនុម័ត​ឱ្យប្រើ​ប្រាស់​ថ្នាំ​ព្យាបាល​បញ្ហា​រលាក​សន្លាក់​ដែលមាន​សមាសធាតុ tocilizumab និង sarilumab បូក​ជាមួយនឹង corticosteroid ដើម្បី​ទប់ស្កាត់​ហានិភ័យ​ប្រព័ន្ធ​ភាពស៊ាំ​របស់​អ្នកជំងឺ​កូ​វីដ-១៩ ប្រតិកម្ម​ជ្រុល​នៅ​ចំពោះមុខ SARS-CoV-2។ កាលពី​ខែកញ្ញា ២០២១ WHO ក៏បាន​បន្ត​អនុម័ត​ឱ្យប្រើ​ប្រាស់​វិធី​ព្យាបាល​អ្នកជំងឺ​កូ​វីដ-១៩ ដោយ​អង្គ​ប​ដិ​ប្រាណ​សំយោគ Regeneron ផងដែរ។

  • ឡាវ បង្កើន​ការផលិត​ថ្នាំ​ព្យាបាល​ជំងឺ​កូ​វីដ-១៩ Molnupiravir

    ឡាវ បង្កើន​ការផលិត​ថ្នាំ​ព្យាបាល​ជំងឺ​កូ​វីដ-១៩ Molnupiravir

    យោងតាម​ប្រភពព័ត៌មាន​ពី រដ្ឋធានី វៀងចន្ទន៍ ប្រទេស​ឡាវ នឹង​ជំរុញ​ការផលិត​ថ្នាំ Molnupiravir (ឈ្មោះ​ពាណិជ្ជកម្ម​នៅ ឡាវ គឺ Molacovir) ដើម្បី​ព្យាបាល​អ្នកជំងឺ​កូ​វីដ-១៩ ដែលមាន​អាការ​ស្រាល នៅ​ចំពោះមុខ​តម្រូវការ​កាន់តែ​ខ្ពស់​របស់​ប្រទេស​នេះ។

    ប្រធាន​រោងចក្រ​ផលិត​ឱសថ​លេខ៣ របស់ ឡាវ វេជ្ជបណ្ឌិត Lahounh Chanthabout ឱ្យដឹងថា តួលេខ​អ្នកជំងឺ​កូ​វីដ-១៩ ដែល​ត្រូវការ​ព្យាបាល បាន​កើនឡើង​ខ្ពស់​ក្នុង​មួយរយៈ​ពេល​ចុង​ក្រោយនេះ។ រោងចក្រ​នេះ​បានចាប់ផ្ដើម​ផលិត​ថ្នាំ Molacovir តាំងពី​ខែធ្នូ ២០២១ ហើយ​មកដល់​បច្ចុប្បន្ន បរិមាណ​ថ្នាំ​ដែល​រោងចក្រ​នេះ​បាន​ផលិត អាច​ព្យាបាល​អ្នកជំងឺ​កូ​វីដ-១៩ ប្រហែល ១,០០០ នាក់។ បរិមាណ​នេះ​មិនទាន់​គ្រប់គ្រាន់​តាម​តម្រូវការ​ក្នុងស្រុក​នៅឡើយ ដូច្នេះ រោងចក្រ​នឹង​បង្កើន​ការផលិត​របស់ខ្លួន។

    សម្រាប់​អ្នកជំងឺ​កូ​វីដ-១៩ ម្នាក់ ត្រូវការ​ព្យាបាល​មួយ​ជា​ដោយ​លេបថ្នាំ Molacovir ចំនួន ៤០ គ្រាប់ ហើយ ៤០ គ្រាប់​ដែល​ត្រូវ​លេប​ក្នុង​រយៈពេល ៥ ថ្ងៃនេះ មានតម្លៃ ៤០០.០០០ គីប ប្រហែល ៣៥.៧ ដុល្លារ​អាម៉េរិក។

    ថ្នាំ​ Molacovir

    បច្ចុប្បន្ន ដើម្បី​ប្រើប្រាស់​ថ្នាំ Molacovir អ្នកជំងឺ​ត្រូវតែមាន​អាយុ​លើសពី ១៨ ឆ្នាំ មាន​រោគសញ្ញា​ស្រាល ឬ​មធ្យម នៃ​ជំងឺ​កូ​វីដ-១៩ និង​កំពុងស្ថិត​ក្នុងដំណាក់កាល​ដំបូង​នៃ​ជំងឺ ពិសេស​គឺ​មិន​ត្រូវមាន​រោគសញ្ញា​រលាក​សួត ឬ​ខ្វះ​អុកស៊ីសែន៕

  • ចលនា ហា​ម៉ាស របស់ ប៉ា​ឡេ​ស្ទី​ន ប្រកាសថា ចាប់បាន​សត្វ​ផ្សោត​ជា​ភ្នាក់ងារ​យកការណ៍ និង​ជា​ឃាតករ​របស់​សត្រូវ

    ចលនា ហា​ម៉ាស របស់ ប៉ា​ឡេ​ស្ទី​ន ប្រកាសថា ចាប់បាន​សត្វ​ផ្សោត​ជា​ភ្នាក់ងារ​យកការណ៍ និង​ជា​ឃាតករ​របស់​សត្រូវ

    កងកម្លាំងប្រដាប់អាវុធ​អ៊ីស្លាម ហា​ម៉ាស (Hamas) ប្រកាសថា បាន​ចាប់ខ្លួន «ត្រី​ផ្សោត​ស៊ើបការណ៍ និង​ជា​ឃាតករ» ដែល​ត្រូវបាន​បំពាក់អាវុធ​វាយប្រហារ​របស់ ប្រទេស​អ៊ីស្រាអែល នៅ​លំហ​សមុទ្រ ហ្គា​ហ្សា (Gaza)។

    សារព័ត៌មាន Daily Mail (អង់គ្លេស) កាលពី​ថ្ងៃទី ១២ មករា បាន​រាយការណ៍​ថា ហា​ម៉ាស បាន​បង្ហោះ​វីដេអូ​មួយ​នៅលើ​ទំព័រ​របស់​ចលនា​នេះ បង្ហាញ​អំពី​អាវុធ​ដែល​រឹបអូស​បាន​ពី «ត្រី​ផ្សោត​ស៊ើបការណ៍»។

    អាវុធ​នេះ​មាន​រូបរាង​ដូច​ទៅនឹង​ឧបករណ៍​ដែល​ត្រូវបាន​ប្រើប្រាស់​ក្នុងការ​ពិសោធ​របស់​ក​ង​ទ័ពជើងទឹក​រុស្ស៊ី អាម៉េរិក និង អ៊ុយ​ក្រែ​ន នៅក្នុង​កម្មវិធី​ស្ដីពី​ថនិកសត្វ​នៅ​សមុទ្រ។ យោងតាម​គេហ​ទម​ព័រ Hisutton.com ឧបករណ៍​ជា​អាវុធ​នេះ​អាច​ត្រូវបាន​បំពាក់​នៅលើ​ច្រមុះ​របស់​សត្វ​ផ្សោត។

    គេហទមព័រ Hisutton.com ឱ្យ​ដឹង​ថា អ៊ីស្រាអែល ក៏​បាន​បង្វឹក​ក្រុម​សត្វ​ផ្សោត​បំពាក់​អាវុធ

    ចលនា ហា​ម៉ាស បានឱ្យដឹងថា សត្វ​ផ្សោ​តរបស់ កងទ័ព​អ៊ី​ស្រែ​អែល បាន​ដេញតាម​ពីក្រោយ​អង្គភាព​ប្រយុទ្ធ​លើ​សមុទ្រ​របស់​ពួកគេ។

    អ៊ីស្រាអែល មាន​ក្រុម​នាវាមុជទឹក​ឈ្មោះ Dolphin (សត្វ​ផ្សោត) ប៉ុន្តែ ហា​ម៉ាស យល់ថា កងកម្លាំង​របស់ខ្លួន បាន​រកឃើញ​ភ្នាក់ងារ​ជា​សត្វ​ផ្សោតពិត។

    ផ្សោត​បំពាក់​អាវុធ​របស់​ រុស្ស៊ី

    មកដល់​បច្ចុប្បន្ន ភាគី​ខាង អ៊ីស្រាអែល មិនទាន់មាន​ប្រតិកម្ម​ណាមួយ​ទៅនឹង​ការចោទប្រកាន់​ពី​សំណាក់​ចលនា ហា​ម៉ាស របស់ ប៉ា​ឡេ​ស្ទី​ន នៅឡើយ។

    ផ្សោត​បំពាក់​អាវុធ​របស់​ រុស្ស៊ី

    នេះ​មិនមែនជា​លើកដំបូង​ទេ​ដែល​ចលនា ហា​ម៉ាស បាន​ចោទប្រកាន់​អង្គភាព​ស៊ើបការណ៍​សម្ងាត់​របស់ អ៊ីស្រាអែល ម៉ូ​ស្សាដ (Mossad) ទាក់ទង​នឹង​ការប្រើប្រាស់​សត្វ​ផ្សោត​សម្រាប់​បេសកកម្ម​ស៊ើបការណ៍​សម្ងាត់។ កាលពី​ខែសីហា ២០១៥ ហា​ម៉ាស ក៏​ធ្លាប់បាន​ប្រកាសថា ចាប់បាន​សត្វ​ផ្សោត​មួយ​ក្បាល​ក្នុងចំណោម​ក្រុម​សត្វ​ផ្សោត​ស៊ើបការណ៍​របស់ អ៊ីស្រាអែល ផងដែរ៕

  • អូ​មី​ក្រុង បង្ក​ហានិភ័យ​ឱ្យ​អ្នកជំងឺ​ត្រូវ​ចូល​ពេទ្យ «ទាប​ជាង​ឆ្ងាយ» ធៀប​នឹង ដេ​លតា

    អូ​មី​ក្រុង បង្ក​ហានិភ័យ​ឱ្យ​អ្នកជំងឺ​ត្រូវ​ចូល​ពេទ្យ «ទាប​ជាង​ឆ្ងាយ» ធៀប​នឹង ដេ​លតា

    ការសិក្សា​ស្រាវជ្រាវ​មួយ​នាពេលថ្មីៗនេះ ដែល​បាន​ធ្វើឡើង​ចំពោះ​អ្នកជំងឺ​កូ​វីដ-១៩ ជិត ៧០,០០០ នាក់ នៅ រដ្ឋ California សហរដ្ឋ​អាម៉េរិក បាន​បង្ហាញថា អូ​មី​ក្រុង បង្ក​ជំងឺ​ធ្ងន់ធ្ងរ​ទាប​ជាង​បណ្ដា វីរុស​បំប្លែង​ខ្លួន​ថ្មី​នានា​របស់ កូ​វីដ-១។

    លទ្ធផល​នៃ​ការស្រាវជ្រាវ​ខាងលើនេះ ស៊ីចង្វាក់​គ្នា​ជាមួយនឹង​ការរកឃើញ​របស់​ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅ អាហ្វ្រិក​ខាងត្បូង អង់គ្លេស និង ដា​ណឺ​ម៉ាក ក៏ដូចជា​ការពិសោធ​ជាច្រើន​នៅលើ​សត្វ​នាពេល​កន្លង។

    ក្នុង​ប៉ុន្មាន​សប្ដាហ៍​កន្លងទៅថ្មីៗនេះ ប្រទេស​អង់គ្លេស និង​ប្រទេស​មួយចំនួនទៀត​បាន​រាយ​ការណ៍​ថា អូ​មី​ក្រុង បង្ក​ហានិភ័យ​ឱ្យ​អ្នកជំងឺ​ត្រូវ​ចូល​ពេទ្យ មាន​កម្រិត​ទាប​ជាង វ៉ា​រ្យ៉​ង់ ដទៃ។ នៅពេល អូ​មី​ក្រុង បាន​ឆ្លង​ដល់ សហរដ្ឋ​អាម៉េរិក វេជ្ជបណ្ឌិត Lewnard នៃ​សាកលវិទ្យាល័យ California និង​ក្រុម​អ្នកវិទ្យាសាស្ត្រ​ជាច្រើន​ទៀត បានចាប់ផ្ដើម​វិភាគ​ទិន្នន័យ​សុខាភិបាល ដែល​បាន​ប្រមូល​ដោយ​ប្រព័ន្ធ​សុខាភិបាល Kaiser Permanente នៅ រដ្ឋ California ខាងត្បូង។

    ពួកគេ​បាន​វិភាគ​ទិន្នន័យ​នៃ​អ្នកជំងឺ​ចំនួន ៦៩,២៧៩ នាក់ ដែលមាន​រោគសញ្ញា និង​មាន​លទ្ធផល​វិជ្ជមាន​នឹង កូ​វីដ-១៩ ចាប់ពី​ថ្ងៃទី ៣០ វិច្ឆិកា ២០២១ ដល់​ថ្ងៃទី ១ មករា ២០២២។ ក្នុងនោះ សំណាក​ចំនួន ៧៥% វិជ្ជមាន​នឹង អូ​មី​ក្រុង ក្រៅពីនេះ​គឺ​វិជ្ជមាន​នឹង ដេ​លតា។

    ក្រោយមក ក្រុម​អ្នកស្រាវជ្រាវ​ក៏បាន​តាមដាន​ក្រុមមនុស្ស​ដែល​វិជ្ជមាន​នឹង កូ​វីដ-១៩ ដើម្បី​ឱ្យដឹងថា ពួកគេ​ត្រូវ​ចូល​ព្យាបាល​នៅ​មន្ទីរពេទ្យ ឬ​អត់។ លទ្ធផល​បាន​បង្ហាញថា ធៀប​នឹង ដេ​លតា ហានិភ័យ​នៃ​ការធ្វើឱ្យ​អ្នកជំងឺ​ត្រូវ​ចូល​ពេទ្យ​ដោយសារ អូ​មី​ក្រុង ថយចុះ ៥០% ហើយ​អ្នកជំងឺ​ដែល​វិជ្ជមាន​នឹង វ៉ា​រ្យ៉​ង់ អូ​មី​ក្រុង ត្រូវ​សម្រាក​ក្នុង​ពេទ្យ​ក្នុង​រយៈពេល​ខ្លី​ជាង ធៀប​នឹង​អ្នកជំងឺ ដេ​លតា ផងដែរ។

    ក្នុងចំណោម​អ្នកជំងឺ​ដែល​វិជ្ជមាន​នឹង អូ​មី​ក្រុង ចំនួន​ជាង ៥២,០០០ នាក់ ក្រុម​អ្នកស្រាវជ្រាវ​រកឃើញថា ពុំមាន​អ្នកជំងឺ​ណា​ម្នាក់​ត្រូវ​ដកដង្ហើម​ដោយមាន​ជំនួយ​ពី​ម៉ាស៊ីន​នោះទេ នៅក្នុង​អំឡុងពេល​ខាងលើ។ អ្នកជំងឺ​ដែល​វិជ្ជមាន​នឹង ដេ​លតា ចំនួន ១៤ នាក់ បាន​បាត់​បង់ជីវិត ខណៈដែល​តួលេខ​នេះ​នៅលើ​អ្នកជំងឺ​ដែល​វិជ្ជមាន​នឹង អូ​មី​ក្រុង មាន​ត្រឹមតែ ១ នាក់​ប៉ុណ្ណោះ។

    វេជ្ជបណ្ឌិត Lewnard ក៏បាន​បញ្ជាក់ថា វ៉ាក់សាំង​ពិតជា​បាន​ជួយ​ឱ្យ​អ្នកជំងឺ មាន​ហានិភ័យ​ត្រូវ​ចូល​ពេទ្យ​ទាប​ជាង​ចាប់ពី ៦៤% ដល់ ៧៣% បើ​ធៀប​នឹង​អ្នក​ដែល​មិនបាន​ចាក់​វ៉ាក់សាំង។ ប៉ុន្តែ សម្រាប់ អូ​មី​ក្រុង សូម្បីតែ​អ្នក​ដែល​មិនបាន​ចាក់​វ៉ាក់សាំង ក៏​វា​បង្ក​ហានិភ័យ​ត្រូវ​ចូល​ពេទ្យ​ទាប​ជាង ធៀប​នឹង​ង​ផដែរ ធៀប​នឹង ដេ​លតា។

    មូលហេតុ​ដែល​បណ្ដា​មន្ទីរពេទ្យ​នៅ សហរដ្ឋ​អាម៉េរិក ត្រូវ​រង​សម្ពាធ​ដោយសារ​មាន​អ្នកជំងឺ​កូ​វីដ-១៩ ច្រើន ត្រូវបាន​វេជ្ជបណ្ឌិត Lewnard បកស្រាយ​នេះ គឺ​មកពី អូ​មី​ក្រុង ងាយ​ឆ្លង​រាលដាល ធ្វើ​ចំនួន​អ្នកជំងឺ​កើនឡើង​ខ្ពស់៕

  • រដ្ឋាភិបាលចិន ផ្ដល់ប្រាក់លើកទឹកចិត្តដល់ពលរដ្ឋដែលទទួលឆ្នាំថ្មីនៅនឹងកន្លែង

    រដ្ឋាភិបាលចិន ផ្ដល់ប្រាក់លើកទឹកចិត្តដល់ពលរដ្ឋដែលទទួលឆ្នាំថ្មីនៅនឹងកន្លែង

    ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ-១៩ អាជ្ញាធរ​ជាច្រើន​តំបន់​នៅ ប្រទេស​ចិន បន្ត​លើកទឹកចិត្ត​ឱ្យ​ប្រជាជន​ទទួល​អំណរ​ឆ្នាំ​ថ្មី​ប្រពៃណីជាតិ នៅនឹងកន្លែង។

    នៅ រដ្ឋធានី​ប៉េកាំង, សៀង​ហៃ (Shanghai) ធាន​ជីន (Tianjin), ហេ​ណាន (Henan), ជេ​ជាំ​ង (Zhejiang), ក្វាង​ស៊ី (Guangxi), ម៉ុង​ហ្គោ​លី​ក្នុង(Inner Mongolia) ប្រជាពលរដ្ឋ​ត្រូវបាន​អាជ្ញាធរ​អំពាវនាវ​ឱ្យ​លុបចោល​គម្រោង​ធ្វើដំណើរ និង​មិនត្រូវ​ចាក​ចេញពី​ទីក្រុង នៅក្នុង​រដូវ​បុណ្យចូលឆ្នាំ​ចិន បើសិនជា​មិនចាំបាច់។ តំបន់​ជាច្រើន​ក៏មាន​ផែនការ​ផ្ដល់ជំនួយ​ចាប់ពី ៥០០ ដល់ ១,០០០ យុន/ម្នាក់ ដើម្បី​សម្រួល​ដល់​ការចូល​ឆ្នាំ​នៅនឹងកន្លែង​របស់​ពល​រដ្ឋ។ ក្រុមហ៊ុន រោងចក្រ​ជាច្រើន​ថែមទាំង​ធានា​កន្លែង​ស្នាក់នៅ ផ្គត់ផ្គង់​អាហារ​ហូបចុក​នៅក្នុង​ថ្ងៃ​ចូលឆ្នាំ សម្រាប់​កម្មករ​នៅ​ធ្វើការ​ផងដែរ។

    ប្រកាស​ទាំងឡាយ​ខាងលើ​ត្រូវបាន​ប្រកាស​នៅ​គ្រា​ដែល ប្រទេស​ចិន បាន​រកឃើញ​អ្នក​ឆ្លង កូ​វីដ-១៩ ប្រភេទ អូ​មី​ក្រុង ជាច្រើន​ករណី​នៅក្នុង​សហគមន៍។

    អាជ្ញាធរ​តំបន់ ធានជីន (Tianjin) កំពុង​រឹត​បន្តឹង​វិធានការ​ទប់ស្កាត់​កូវីដ-១៩ មុន​ចូល​ឆ្នាំ​ចិន​

    អាជ្ញាធរ​ក៏​រឹតបន្តឹង​លើ​ការដើរ​ហើរ​របស់​ប្រជាជន​ទូទៅ។ អ្នកដំណើរ​នឹងត្រូវ​តម្រូវឱ្យ​ស្កេ​ន​កាត បង្ហាញ​លិខិតស្នាម ធ្វើតេស្ត PCR បើសិន​ចូលទៅ​កាន់ ក្រុង​ប៉េកាំង ឬ​ចាក​ចេញពី ធាន​ជីន។ ចំណែក​ប្រជាជន​ដែល​មកពី​ខេត្ត​ដទៃ ចូលមក​រដ្ឋធានី ក៏​ត្រូវតែ​សុំច្បាប់។ ជនបរទេស​ដែល​ស្នាក់​នៅក្នុង​រដ្ឋធានី ត្រូវបាន​ពិនិត្យ​ជា​ញឹកញាប់​នូវ​ប្រវត្តិ​នៃ​ការធ្វើដំណើរ។

    ចំណុចរួម​របស់​តំបន់​នានា​គឺ​ការ​តម្រូវឱ្យ​ប្រជាជន​ពី​ខេត្ត​ដទៃ​ចូល​មកលេង​ឆ្នាំ​ថ្មី ត្រូវ​បង្ហាញ​លទ្ធផល​តេស្ត​អវិជ្ជមាន និង​តាមដាន​សុខភាព​ក្នុងផ្ទះ​រយៈពេល ១៤ ថ្ងៃ បើសិន​មកពី​តំបន់​ដែលមាន​ហានិភ័យ​ខ្ពស់៕

  • ថ្នាំ​បាញ់​តាម​ច្រមុះ អាច​ទប់ស្កាត់​ការឆ្លង​វីរុស កូ​វីដ-១៩ បាន​រហូតដល់ ៨ ម៉ោង

    ថ្នាំ​បាញ់​តាម​ច្រមុះ អាច​ទប់ស្កាត់​ការឆ្លង​វីរុស កូ​វីដ-១៩ បាន​រហូតដល់ ៨ ម៉ោង

    (ហ្វាំ​ង​ឡង់)-ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅ​សាកលវិទ្យាល័យ Helsinki បង្កើតបាន​ថ្នាំ​បាញ់​តាម​រន្ធ​ច្រមុះ​ថ្មី​មួយ​ដែល​អាច​ការពារ​មនុស្ស​ប្រកបដោយ​ប្រសិទ្ធភាព នៅ​ចំពោះមុខ កូ​វីដ-១៩ រួមទាំង វ៉ា​រ្យ៉​ង់ អូ​មី​ក្រុង ផងដែរ។

    ក្នុង​ការសិក្សា​ស្រាវជ្រាវ​ទៅលើ​កោ​សិ​ក​សត្វ​កណ្ដុរ កាលពីពេលថ្មីៗនេះ បង្ហាញថា ថ្នាំ​បាញ់​ច្រមុះ​អាច​ទប់ស្កាត់​ការឆ្លង​របស់​វីរុស​ទៅក្នុង​កោសិកា បាន​រយៈពេល​រហូតដល់ ៨ ម៉ោង បន្ទាប់ពី​បាញ់ ១ ដូ​ស។ ប៉ុន្តែ ក្រុម​អ្នកវិទ្យាសាស្ត្រ​នឹងត្រូវ​ពិសោធ​បន្ថែមទៀត មុននឹង​អាច​ប្រើប្រាស់​នៅលើ​មនុស្ស។

    ថ្នាំ​បាញ់​ច្រមុះ​ប្រឆាំង​ការឆ្លង កូ​វីដ-១៩ នេះ ត្រូវ​ពិសោធ​ដោយ​ក្រុម​អ្នកវិទ្យាសាស្ត្រ​របស់​សាកលវិទ្យាល័យ Helsinki នៃ​ប្រទេស​ហ្វាំ​ង​ឡង់។

    គ្រាប់​វីរុស​ពណ៌​លឿង​ នៅ​ក្នុង​ថង់ដែល​តភ្ជាប់​របស់​ភ្នាស​កោសិកា

    ទោះជា​យ៉ាងណាក៏ដោយ Kalle Saksela ដែលជា​អ្នកស្រាវជ្រាវ​របស់​ក្រុម​ខាងលើ​ថ្លែងថា ថ្នាំ​បាញ់​ច្រមុះ​ដែល​ត្រូវបាន​ប្រកាស​ឱ្យដឹង​កាលពី​ខែធ្នូ ២០២១ នេះ មិនមែនជា​វ៉ាក់សាំង ហើយក៏​មិនមែនជា​ដំណោះស្រាយ​ជំនួស​វ៉ាក់សាំង ប៉ុន្តែ វា​ដូច​ទៅនឹង​ជំនួយការ​វ៉ាក់សាំង ដើម្បី​បង្កើន​សមត្ថភាព​ការពារ​ដល់​អ្នក​ដែល​បានទទួល​ការចាក់​វ៉ាក់សាំង ពិសេស​គឺ​អ្នក​ដែលមាន​អង្គ​ប​ដិ​ប្រាណ​ខ្សោយ។

    បច្ចុប្បន្ន Kalle Saksela មិនទាន់​ដឹង​ច្បាស់​ថា ថ្នាំ​បាញ់​ច្រមុះ​នេះ​នឹង​ទទួលបាន​ការអនុម័ត​ឱ្យ​ពិសោធ​លើ​មនុស្ស ក៏ដូចជា​ការ​ចរាចរ​លើ​ទីផ្សារ​នៅពេលណា​នៅឡើយ៕

  • EMA ថា «អូ​មី​ក្រុង អាច​នាំ កូ​វីដ-១៩ ចេញ​ផុតពី​ដំណាក់កាល​ជំងឺ​រាតត្បាត​សកល»

    EMA ថា «អូ​មី​ក្រុង អាច​នាំ កូ​វីដ-១៩ ចេញ​ផុតពី​ដំណាក់កាល​ជំងឺ​រាតត្បាត​សកល»

    បើ​ទោះ​បច្ចុប្បន្ន កូ​វីដ-១៩ គឺជា​ជំងឺ​រាតត្បាត​សកល ប៉ុន្តែ ការឆ្លង​រាលដាល​របស់ អូ​មី​ក្រុង កំពុង​ប្រែក្លាយ កូ​វីដ-១៩ ឱ្យទៅជា​ជំងឺ​រាតត្បាត​អសកល ឬ​ជំងឺ​រាតត្បាត​តាម​តំបន់​ដែល​មនុស្ស​អាច​រស់នៅ​ជាមួយ​បាន។

    លោក Marco Cavaleri អ្នកទទួលខុសត្រូវ​លើ​យុទ្ធសាស្ត្រ​វ៉ាក់សាំង​របស់ EMA ថ្លែងថា ពុំមាន​នរណាម្នាក់​ដឹង​ច្បាស់​អំពី​ពេលវេលា​ដែល​ជំងឺ​រាតត្បាត​សកល​កូ​វីដ-១៩ នឹងត្រូវ​បានបញ្ចប់ ប៉ុន្តែ លោក​ជឿជាក់ថា បណ្ដា​ប្រទេស​នឹង​ដើរ​ដល់​ចំណុច​នោះ។

    ដោយមាន​ការឆ្លង​រាលដាល​ក្នុង​សហគមន៍​កាន់តែ​ច្រើនឡើង រួម​នឹង​វត្តមាន​របស់ អូ​មី​ក្រុង ភាពស៊ាំ​តាម​ធម្មជាតិ និង​ភាពស៊ាំ​ដែល​កើតឡើង​ដោយសារ​វ៉ាក់សាំង នឹង​ជួយ​ឱ្យ​ពិភពលោក​ដើរ​ដល់​សេណារីយោ «កូ​វីដ-១៩ ជា​ជំងឺ​រាតត្បាត​អសកល» បាន​ឆាប់​ជាង​បច្ចុប្បន្ន។ នេះ​បើតាម​ការអះអាង​របស់​លោក Marco Cavaleri កាលពី​ថ្ងៃទី ១១ មករា។

    ចំណែកឯ​មន្ត្រី​សុខាភិបាល​ជាន់ខ្ពស់​របស់ សហរដ្ឋ​អាម៉េរិក លោក Anthony Fauci វិញ យល់ថា សហរដ្ឋ​អាម៉េរិក កំពុង​ឆ្ពោះទៅកាន់​ដំណាក់កាល​រួមរស់​ជាមួយ កូ​វីដ-១៩ ដោយ​វា​នឹង​ក្លាយជា​ជំងឺ​ដែល​អាច​គ្រប់គ្រង​បាន​នាពេលខាងមុខ។

    លោក Anthony Fauci អះអាងថា សហរដ្ឋ​អាម៉េរិក នឹង​អាចឈាន​ចូលដល់​ដំណាក់កាល​ថ្មី ជា​ដំណាក់​កាលដែល​សហគម​ន៍​មាន​ភាពស៊ាំ ក៏ដូចជា​មាន​ថ្នាំ​ព្យាបាល​គ្រប់គ្រាន់ ដើម្បី​អនុញ្ញាតឱ្យ​អ្នកជំងឺ រួម​នឹង​ក្រុម​ដែល​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់ ទទួលបាន​ការព្យាបាល​ដោយ​ងាយស្រួល។ លោក​យល់ថា បច្ចុប្បន្ន សហរដ្ឋ​អាម៉េរិក ទំនងជា​បាន​ស្ថិតនៅ​ក្បែរ «ច្រក» នៃ​ដំណាក់​កាលនោះ៕

  • អ្នកវិទ្យាសាស្ត្រមួយ​ក្រុម​ ថ្មី​ៗ​នេះ​ទើប​តែ​បាន​ រកឃើញ «​អវយវៈ​ថ្មី» ​មួយ​នៅក្នុង​រាងកាយ​មនុស្ស

    អ្នកវិទ្យាសាស្ត្រមួយ​ក្រុម​ ថ្មី​ៗ​នេះ​ទើប​តែ​បាន​ រកឃើញ «​អវយវៈ​ថ្មី» ​មួយ​នៅក្នុង​រាងកាយ​មនុស្ស

    អវយវៈ​ថ្មី​មួយ ទើបតែ​ត្រូវបាន​រកឃើញ​នៅក្នុង​រាងកាយ​មនុស្ស ហើយ​អ្នកវិទ្យាសាស្ត្រ​អះអាងថា «វា​ខុសគេ» បើ​និយាយ​អំពី​ការវះកាត់។

    អ្នកវិទ្យាសាស្ត្រ​មួយក្រុម​ ដឹកនាំ​ដោយ​វេជ្ជបណ្ឌិត Szilvia Mezey នៃ​សាកលវិទ្យាល័យ Basel (ស្វ៊ី​ស) និង​សាស្ត្រាចារ្យ Jens Christoph Turp មកពី​សាកលវិទ្យាល័យ Basel (UZB) បាន​រកឃើញ​អវយវៈ​ថ្មី​មួយ​នៅក្នុង​រាងកាយ​របស់​មនុស្ស។ នោះ​គឺជា​ស្រទាប់​ទី ៣ ស្ថិតនៅ​ជ្រៅ​ក្នុង​សាច់ដុំ​ថ្គាម (masseter) ដែលជា​សាច់ដុំ​សំខាន់​សម្រាប់​ការ​ទំពារ។

    នៅក្នុង​សៀវភៅ​សិក្សា​ស្ដីពី​ការវះកាត់​ទំនើប រហូតមកដល់​បច្ចុប្បន្ន គ្រាន់តែ​បង្ហាញថា សាច់ដុំ​ថ្គាម​មានតែ ២ ស្រទាប់​ប៉ុណ្ណោះ ក្នុងនោះ ស្រទាប់​មួយ​នៅ​ជ្រៅ និង​ស្រទាប់​មួយទៀត​នៅ​ខាងលើ។

    ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​វះកាត់​ក្បាល​របស់​សាកសព​ចំនួន ១២ នាក់ ដែល​ត្រូវបាន​រក្សាទុក​ក្នុង​សារធាតុ formaldehyde និង​ថត CT សាកសព​ចំនួន ១៦ នាក់ រួចហើយ​ពិនិត្យមើល​រូបភាព​ថត MRI របស់​មនុស្ស​ដែល​នៅរស់។ ពួកគេ​បាន​រកឃើញថា ស្រទាប់​ទី ៣ នៃ​សរសៃពួរ​សាច់ដុំ​ថ្គាម មាន​ភាព «ខុសប្លែក​ចំពោះ​ផ្នែក​វះកាត់»។

    ស្រទាប់​ដែល​នៅ​ជ្រៅ​នេះ អាច​ត្រូវបាន​បែងចែក​ច្បាស់​ជាមួយនឹង​ស្រទាប់​ចំនួន ២ ទៀត ទាក់ទង​នឹង​ដំណើរការ និង​មុខងារ​របស់​វា» វេជ្ជបណ្ឌិត Mezey ឱ្យដឹង​ដូច្នេះ។

    ស្រទាប់​សរសៃពួរ​សាច់​ដុំ​ថ្គាម​ថ្មី​ដែល​ទើប​ត្រូវបាន​រកឃើញ គឺជា​ផ្នែក​តែមួយគត់​របស់​សរសៃ​ពួរ​សាច់ដុំ​ថ្គាម​ដែល​អាច​ទាញ​ឆ្អឹងថ្គាម​ទៅក្រោយ នេះ​បើតាម​លោក Mezey។

    ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​ស្នើឱ្យ​ដាក់ឈ្មោះ​ស្រទាប់​សាច់ដុំ​ថ្គាម​ថ្មី​នេះ​ថា « Musculus masseter pars coronidea »។

    គ្រប់គ្នា​ប្រហែលជា​មានការ​ភ្ញាក់ផ្អើល​នៅពេល​អ្នកស្រាវជ្រាវ​រក​ឃើញ​អវយវៈ​ថ្មី​របស់​រាងកាយ។ ប៉ុន្តែ កាលពី​ឆ្នាំ ២០២០ អ្នកវិទ្យាសាស្ត្រ​មួយក្រុម​ផ្សេងទៀត ក៏បាន​រកឃើញ​ក្រពេញទឹកមាត់​ថ្មី​មួយ​ដែល​ស្ថិតនៅក្នុង​ក្បាល​របស់​មនុស្ស៕

  • អាល្លឺម៉ង់ អនុញ្ញាតឱ្យ​ឱសថស្ថាន ចាក់​វ៉ាក់សាំង​បង្ការ កូ​វីដ-១៩ ដល់​អតិថិជន

    អាល្លឺម៉ង់ អនុញ្ញាតឱ្យ​ឱសថស្ថាន ចាក់​វ៉ាក់សាំង​បង្ការ កូ​វីដ-១៩ ដល់​អតិថិជន

    ប្រជាជន​អាល្លឺម៉ង់ អាច​ទទួល​ការចាក់​វ៉ាក់សាំង​បង្ការ ជំងឺ​កូ​វីដ-១៩ នៅតាម​ឱសថស្ថាន នៅ ២ សប្ដាហ៍​ខាងមុខ។

    នេះ​គឺជា​លើកដំបូង​ដែល អាល្លឺម៉ង់ អនុវត្ត​រូបមន្ត​នេះ បន្ទាប់ពី​ការកំណត់​របស់​រដ្ឋាភិបាល​ដែល​បាន​កែប្រែ អនុញ្ញាតឱ្យ​ឱសថស្ថាន​នានា បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ជូន​អតិថិជន​របស់​ពួកគេ។

    យោងតាម​ប្រភពព័ត៌មាន​ពី​រដ្ឋធានី​ប៊ែ​ឡាំង (Berlin) ក្រោយពី​ទទួលបាន​ការអនុញ្ញាត ឱសថស្ថាន​ជាច្រើន​នៅ​ទូទាំងប្រទេស កំពុង​ត្រៀម​ដើម្បី​អនុវត្ត​យុទ្ធនា​ការចាក់​វ៉ាក់សាំង។ លោក Thomas Preis សមាជិក​ក្រុមប្រឹក្សាភិបាល​នៃ​សមាគម​ឱសថការី​អាល្លឺម៉ង់ បានឱ្យដឹងថា នឹងត្រូវ​ចំណាយពេល​ប្រហែល​ពី ១ ទៅ ២ សប្ដាហ៍​ទៀត មុនពេល​ឱសថស្ថាន​នានា​អាច​ចាប់ផ្ដើម​ការចាក់​វ៉ាក់សាំង។ បច្ចុប្បន្ន ឱសថស្ថាន​ទាំងឡាយ កំពុងតែ​ធ្វើ​ការបញ្ជាទិញ​វ៉ាក់សាំង។

    លោក Preis បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​យុទ្ធនាការ​ខាងលើ នៅក្នុង​គ្រា​ដែល​ប្រទេស​នេះ​កំពុង​រង​ការ​រាតត្បាត​ខ្លាំង​ពី កូ​វីដ-១។ យោងតាម​បទបញ្ជា​ថ្មី បុគ្គលិក​នៃ​ឱសថស្ថាន​ត្រូវតែ​ជាម​នុស្ស​ដែលមាន​ការបណ្ដុះបណ្ដាល​អំពី​ការចាក់​វ៉ាក់សាំង។ ក្រៅពីនេះ ឱសថការី​ដែល​ចាក់​វ៉ាក់សាំង​ក៏​ទទួលបាន​ប្រាក់កម្រៃ​ដូច​ទៅនឹង វេជ្ជបណ្ឌិត ផងដែរ។

    កាលពី​ខែធ្នូ ២០២១ អាល្លឺម៉ង់ បានធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការទប់ស្កាត់ កូ​វីដ-១៩ ដើម្បី​បើកផ្លូវ​ឱ្យ​ទីតាំង និង​អ្នកជំនាញ​នានា​ដូចជា ឱសថស្ថាន ទន្តពេទ្យ និង​បសុពេទ្យ អាច​ចាក់​វ៉ាក់សាំង​ដល់​អតិថិជន​របស់​ពួកគេ។

    គិត​មកដល់​បច្ចុប្បន្ន ប្រជាជន​អាល្លឺម៉ង់ ប្រមាណ ៧២% បានទទួល​ការចាក់​វ៉ាក់សាំង​ពេញលេញ និង ៤៣.៥% បានទទួល​ការចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ៕