Category: អន្តរជាតិ

  • សហរដ្ឋ​អាម៉េរិក ដាក់ទណ្ឌកម្ម​លើ ប្រធានាធិបតី ពូ​ទីន

    សហរដ្ឋ​អាម៉េរិក ដាក់ទណ្ឌកម្ម​លើ ប្រធានាធិបតី ពូ​ទីន

    «យើង​យល់ស្រប​ជាមួយ​សម្ព័ន្ធមិត្ត និង​ដៃគូ​អន្តរជាតិ ដើម្បី​ធានាថា រុស្ស៊ី ត្រូវតែ​ទទួលរង​ផល​អាក្រក់​ធ្ងន់ធ្ងរ​ផ្នែក​សេដ្ឋកិច្ច និង​ការទូត បន្ទាប់ពី​ប្រទេស​នេះ ឈ្លានពាន អ៊ុយ​ក្រែ​ន» រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​អាម៉េរិក Janet Yellen និយាយ​ក្នុង​ប្រកាស​មួយ​កាលពី​ថ្ងៃទី ២៥ កុម្ភៈ។

    សារព័ត៌មាន Reuters បាន​ដកស្រង់​សម្ដី​របស់​លោកស្រី Janet Yellen ឱ្យដឹងថា៖ «បើសិនជា​ចាំបាច់ យើង​នឹង​ឱ្យ រុស្ស៊ី រង​ការខូចខាត​ធ្ងន់ធ្ងរ​បំផុត»។

    ក្រសួង​ហិរញ្ញវត្ថុ​អាម៉េរិក ក៏​នឹងដាក់​ទណ្ឌកម្ម​ទប់ស្កាត់​ទាំងស្រុង ចំពោះ​មូលនិធិ​វិនិយោគ​ផ្ទាល់​រុស្ស៊ី (RDIF) ដែលជា​កម្មសិទ្ធិ​របស់ រដ្ឋ​រុស្ស៊ី នេះ​បើតាម​ការប្រកាស​របស់​អ្នកនាំពាក្យ​នៅ សេត​វិមាន កាលពី​ថ្ងៃទី ២៥ កុម្ភៈ។

    AFP ឱ្យដឹងថា ប្រធានាធិបតី ពូ​ទីន នឹង​ក្លាយជា​គោលដៅ​សំខាន់បំផុត​ដែល​ត្រូវ អាម៉េរិក ដាក់ទណ្ឌកម្ម​លើក​នេះ។ ទណ្ឌកម្ម​នេះ​ត្រូវ​បានលើកឡើង បន្ទាប់ពី សហភាព​អឺរ៉ុប និង អង់គ្លេស បានដាក់​ទណ្ឌកម្ម​ដូចគ្នានេះ កាលពី​ប៉ុន្មាន​ម៉ោង​មុន។

  • កងទ័ព​រុស្ស៊ី និង អ៊ុយ​ក្រែ​ន កំពុង​ប្រយុទ្ធ​គ្នា​នៅក្នុង រដ្ឋធានី​កៀវ

    កងទ័ព​រុស្ស៊ី និង អ៊ុយ​ក្រែ​ន កំពុង​ប្រយុទ្ធ​គ្នា​នៅក្នុង រដ្ឋធានី​កៀវ

    ការ «ប្ដូរ​គ្រាប់​គ្នា» រវាង​កងទ័ព​របស់ រុស្ស៊ី និង អ៊ុយ​ក្រែ​ន បាន​កើតឡើង​តាំងពីព្រឹក​ព្រលឹម​ថ្ងៃនេះ ក្នុងនោះ​មាន​ករណី​ផ្ទុះ​ជាច្រើន​បានកើត​មាននៅ​ក្នុង​តំបន់​ជាច្រើន​របស់​រដ្ឋធានី​កៀវ។

    រថយន្ត ១ គ្រឿង បាន​ផ្ទុះ​ឆេះ​នៅលើ​ដងផ្លូវ​ក្នុង​តំបន់ Shuliavka ក្បែរ​សួនសត្វ​របស់ រដ្ឋធានី​កៀវ នៅក្នុង​ការប្រយុទ្ធ​គ្នា​ខាងលើ។ សំឡេង​ផ្ទុះអាវុធ​ក៏​ត្រូវបាន​បន្លឺឡើង​នៅ​ពាសពេញ​ទីក្រុង​កៀវ នៅ​ព្រឹក​នេះ។

    ភាគី​អ៊ុយ​ក្រែ​ន បាន​និយាយថា ពួកគេ​បាន​វាយ​រុញច្រាន កងទ័ព​រុស្ស៊ី នៅឯ​មូលដ្ឋានទ័ព​របស់ រដ្ឋធានី​កៀវ។ អ៊ុយ​ក្រែ​ន ក៏បាន​អះអាងថា បាន​វាយ​រាំងខ្ទប់​អង្គភាព​យោធា​ជាច្រើន​ផ្សេងទៀត​របស់ រុស្ស៊ី នៅ​មហាវិថី Peremohy ផងដែរ។

  • កងទ័ព​អ៊ុយ​ក្រែ​ន កំពុង​ចែក​អាវុធ​ឱ្យ​ប្រជាជន​ស៊ីវិល

    កងទ័ព​អ៊ុយ​ក្រែ​ន កំពុង​ចែក​អាវុធ​ឱ្យ​ប្រជាជន​ស៊ីវិល

    កងទ័ព​អ៊ុយ​ក្រែ​ន បានចាប់ផ្ដើម​ចែក​អាវុធ​ឱ្យ​ប្រជាជន​ស៊ីវិល​របស់ខ្លួន នៅ រដ្ឋធានី​កៀវ ទន្ទឹមនឹង​ការកម្ទេច​ស្ពាន​ទាំងឡាយ​ដែល​នៅ​ជុំវិញ​រដ្ឋធានី ដើម្បី​រារាំង​ការ​សម្រុកចូល​របស់ កងទ័ព​រុស្ស៊ី។

    មុន​ការចែក​អាវុធ​ឱ្យ​ប្រជាជន​ស៊ីវិល កងទ័ព​អ៊ុយ​ក្រែ​ន ក៏បាន​ចែក​អាវុធ​ដល់​ទាហាន​បម្រុង​ប្រមាណ ១៨ ពាន់​នាក់ នៅ តំបន់​រដ្ឋធានី​កៀវ ផងដែរ។

    ការចែក​អាវុធ​ខាងលើ ត្រូវបាន​ធ្វើឡើង​ក្នុង​គ្រា​ដែល កងទ័ព​រុស្ស៊ី កំពុង​ព្យាយាម​សម្រុកចូល​កាន់កាប់ រដ្ឋធានី​របស់ អ៊ុយ​ក្រែ​ន។ ទាហាន​រុស្ស៊ី ប្រហែល ២០% ក្នុងចំណោម​ជាង ១៥ ម៉ឺន​នាក់ ដែល​ប្រមូលផ្ដុំ​នៅ​ព្រំដែន ត្រូវបាន​ប្រើប្រាស់ នេះ​បើតាម​ក្រុមមន្ត្រី​នៅ សេត​វិមាន។

    ដើម្បី​រារាំង​ការ​សម្រុកចូល​របស់ កងទ័ព​រុស្ស៊ី ភាគី​កងទ័ព​របស់ អ៊ុយ​ក្រែ​ន ក៏បាន​កម្ទេច​ស្ពាន​ទាំងឡាយ​ដែល​នៅ​ជុំវិញ​រដ្ឋធានី។ យុទ្ធសាស្ត្រ​នេះ​របស់ អ៊ុយ​ក្រែ​ន ទំនងជា​បាន​បង្អាក់ដំណើរ​របស់ កងទ័ព​រុស្ស៊ី ដែល​កំពុង​ព្យាយាម​រុលចូល​ក្នុង ទីក្រុង​កៀវ។

  • អគ្គលេខាធិការ​នៃ អង្គការសហប្រជាជាតិ ស្នើឱ្យ កងទ័ព​រុស្ស៊ី ដកថយ

    អគ្គលេខាធិការ​នៃ អង្គការសហប្រជាជាតិ ស្នើឱ្យ កងទ័ព​រុស្ស៊ី ដកថយ

    លោក Antonio Guterres ដែលជា​អគ្គលេខាធិការ​នៃ អង្គការសហប្រជាជាតិ (UN) បានស្នើ​ឱ្យ​ទាហាន​របស់ រុស្ស៊ី នៅ អ៊ុយ​ក្រែ​ន «ត្រលប់​ចូល​បន្ទាយ» ទន្ទឹមនឹង​ការអំពាវនាវ​ឱ្យ​គ្រប់ភាគី ផ្ដល់​សន្តិភាព​ជូន​ប្រទេស​នេះ។

    ប្រកាស​ខាងលើ​របស់ អគ្គលេខាធិការ​នៃ អង្គការសហប្រជាជាតិ ត្រូវបាន​លើកឡើង ក្រោយពី រុស្ស៊ី បាន​រាំងខ្ទប់​សេចក្ដីសម្រេចចិត្ត​របស់ ក្រុមប្រឹក្សា​នៃ អង្គការសហប្រជាជាតិ ដែល​គ្រោង​នឹង​ថ្កោលទោស​ចំពោះ ទង្វើ​ឈ្លានពាន​របស់​ប្រទេស​នេះ លើ ប្រទេស​អ៊ុយ​ក្រែ​ន។

    ទាក់ទង​នឹង​ការ​លុកលុយ​របស់ កងទ័ព​រុស្ស៊ី នៅ អ៊ុយ​ក្រែ​ន បច្ចុប្បន្ន បណ្ដា​ប្រទេស​កំពុងតែ​បញ្ចេញ​ប្រតិកម្មរៀងៗខ្លួន។ កា​ហ្សា​ក់​ស្ថាន បាន​បដិសេធ​ការចូលរួម​ធ្វើសង្គ្រាម​ជាមួយ រុស្ស៊ី ដើម្បី​ប្រឆាំង អ៊ុយ​ក្រែ​ន ហើយក៏​មិន​ទទួលស្គាល់​ឯករាជ្យ​នៅ Donetsk និង Luhansk ដែល រុស្ស៊ី បានទទួល​ស្គាល់​មុនគេ។ ប្រទេស​កា​ហ្សា​ក់​ស្ថាន គឺជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​បំផុត​មួយ​របស់ រុស្ស៊ី។

    អគ្គលេខាធិការ​នៃ អង្គការ​ណា​តូ លោក Jens Stoltenberg ប្រកាស​កាលពី​ថ្ងៃទី ២៥ កុម្ភៈ ថា ណា​តូ (NATO) បាន​បញ្ចេញ​កម្លាំង​ប្រតិកម្ម​របស់ខ្លួន (NATO Response Force-NRF) ដែលមាន​ទាហាន ៤០,០០០ នាក់ ទៅកាន់ អឺរ៉ុប​ខាងកើត ក្បែរ ប្រទេស​រុស្ស៊ី។

    ចំណែក​បណ្ដា​ប្រទេស​ដូចជា ឆែក, ប៉ូឡូញ និង ប៊ុលហ្គារី ក៏បាន​ប្រកាស​បិទ​ដែនអាកាស ចំពោះ​ជើងហោះហើរ​នានា​របស់​ក្រុមហ៊ុន​អាកាសចរណ៍​រុស្ស៊ី ដើម្បី​ឆ្លើយតប​នឹង​ការឈ្លានពាន​របស់​ប្រទេស​នេះ ទៅលើ អ៊ុយ​ក្រែ​ន។

    ប្រទេស​ក្វា​តេ​ម៉ា​ឡា កាលពី​ថ្ងៃទី ២៥ កុម្ភៈ ក៏បាន​ប្រកាសថា ប្រធានាធិបតី​ប្រទេស​នេះ បានចេញ​បញ្ជា​ឱ្យ​ដក​អគ្គរដ្ឋទូត​ប្រចាំ ប្រទេស​រុស្ស៊ី មកវិញ ទន្ទឹមនឹង​ការជំទាស់​នឹង​ទង្វើ​របស់ រុស្ស៊ី នៅ អ៊ុយ​ក្រែ​ន។ មុន​នោះ ប្រទេស​អាម៉េរិក​កណ្ដាល​មួយ​នេះ ក៏បាន​សម្ដែង​ការគាំទ្រ​ពេញទំហឹង ចំពោះ​បូរណភាព​ទឹកដី​របស់ អ៊ុយ​ក្រែ​ន។

  • ណា​តូ (NATO) បញ្ចេញ​ទ័ព ៤ ម៉ឺន​នាក់ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ ទៅកាន់ អឺរ៉ុប​ខាងកើត

    ណា​តូ (NATO) បញ្ចេញ​ទ័ព ៤ ម៉ឺន​នាក់ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ ទៅកាន់ អឺរ៉ុប​ខាងកើត

    អគ្គលេខាធិការ​នៃ អង្គការ​ណា​តូ Jens Stoltenberg ប្រកាស​កាលពី​ថ្ងៃទី ២៥ កុម្ភៈ ថា ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ ដែល ណា​តូ បាន​បញ្ចេញ​​កម្លាំង​ប្រតិកម្ម​របស់ ណា​តូ (NATO Response Force-NRF) ដែលមាន​ទាហាន ៤០,០០០ នាក់។

    លោក Jens Stoltenberg និយាយថា យុទ្ធនាការ​យោធា​របស់ រុស្ស៊ី នៅ អ៊ុយ​ក្រែ​ន គឺជា «វិបត្តិ​សន្តិសុខ​ធ្ងន់ធ្ងរ​បំផុត​ដែល​យើង​ត្រូវ​ប្រឈម​នៅ អឺរ៉ុប ក្នុង​រយៈពេល​ច្រើន​ទសវត្សរ៍​កន្លងទៅនេះ»។ កម្លាំង NRF នឹង​ត្រូវបាន​ពង្រាយ «នៅលើ​ដីគោក លើ​សមុទ្រ និង​លើ​អាកាស» នៅ អឺរ៉ុប​ខាងកើត ក្នុង​បំណង​ការពារ​ជា​លក្ខណៈ​សមូហភាព។

    អគ្គលេខាធិការ​នៃ អង្គការ​សន្ធិសញ្ញា​អា​ត្ល​ង់​ទិ​ក​ខាងជើង ក៏បាន​បន្ថែមថា ណា​តូ នឹង​ផ្ដល់​អាវុធ និង​ប្រព័ន្ធ​ការពារ​ដែនអាកាស​បន្ថែ​ម​ទៀត ដល់ អ៊ុយ​ក្រែ​ន ទៅតាម​ការស្នើ​របស់រ​ដ្ឋា​ភិ​បាល​ប្រទេស​នេះ។

    បណ្ដា​ប្រទេស​ក្នុង​សម្ព័ន្ធមិត្ត​នៅ​ភាគ​ខាងកើត​នៃ​តំបន់​ដែល​គ្រប់គ្រង​ដោយ ណា​តូ ពិតជា​មានការ​បារម្ភ​ខ្លាំង នៅពេល​ស្ថិត​នៅក្បែរ​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន និង​ក្បែរ​ព្រំដែន​របស់ រុស្ស៊ី។

    «ការវាយប្រហារ​របស់ រុស្ស៊ី ទៅលើ អ៊ុយ​ក្រែ​ន មិន​ត្រឹមតែ​ជាការ​វាយប្រហារ​ទៅលើ​តែ អ៊ុយ​ក្រែ​ន មួយ​មុខ​នោះទេ ប៉ុន្តែ វា​គឺជា​ការវាយប្រហារ​ទៅលើ​សណ្ដាប់ធ្នាប់​សន្តិសុខ​នៅ ទ្វីបអឺរ៉ុប ទាំងមូល» អគ្គលេខាធិការ​នៃ អង្គការ​ណា​តូ សង្កត់ធ្ងន់​ដូច្នេះ។

    ការដែល ណា​តូ បញ្ចេញ​ទ័ព​ប្រតិកម្ម ៤ ម៉ឺន​នាក់ ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​នេះ ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​ក្រុម​មេដឹកនាំ​របស់​អង្គការ​នេះ បាន​បើក​កិច្ចប្រជុំ​បន្ទាន់​កាលពី​ថ្ងៃទី ២៥ កុម្ភៈ ដើម្បី​ពិភាក្សា​អំពី​សន្តិសុខ​នៅ អ៊ុយ​ក្រែ​ន។ ក្នុង​កិច្ចប្រជុំ​នេះ ក៏មាន​វត្តមាន​របស់​មន្ត្រី​មកពី ប្រទេស​ស្វ៊ី​ស និង ហ្វាំ​ង​ឡង់ ដែល​មិនមែនជា​សមាជិក​របស់ ណា​តូ ផងដែរ។

    ប្រធានាធិបតី​អាម៉េរិក ចូ បៃ​ដិ​ន កាលពី​ថ្ងៃទី ២៤ កុម្ភៈ ក៏បាន​ថ្លែងថា នឹង​បញ្ជូន​ទ័ព ៧,០០០ នាក់ ទៀត​ទៅកាន់ ទ្វីបអឺរ៉ុប ដើម្បី​គាំទ្រ​ដល់ ណា​តូ។

  • រុស្ស៊ី និង អ៊ុយ​ក្រែ​ន កំពុង​ពិភាក្សា​អំពី​ពេលវេលា និង​ទីតាំង​បើក​កិច្ចចរចា ក្នុង​ពេល​​ការ​ប្រយុទ្ធ​គ្នា​​នៅ​សមរ​ភូមិ​នៅ​តែ​កើត​ឡើង​

    រុស្ស៊ី និង អ៊ុយ​ក្រែ​ន កំពុង​ពិភាក្សា​អំពី​ពេលវេលា និង​ទីតាំង​បើក​កិច្ចចរចា ក្នុង​ពេល​​ការ​ប្រយុទ្ធ​គ្នា​​នៅ​សមរ​ភូមិ​នៅ​តែ​កើត​ឡើង​

    ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក ហ្សេ​ឡែ​ន​ស្គី (Zelensky) និង​សម​ភាគី​រុស្ស៊ី លោក ពូ​ទីន ត្រូវបាន​គេ​ជឿ កំពុង​ជជែក​គ្នា​អំពី​ទីតាំង និង​ពេលវេលា​សម្រាប់​បើក​កិច្ចចរចា ក្នុង​បំណង​ដោះស្រាយ​វិបត្តិ​បច្ចុប្បន្ន។

    ក៏ប៉ុន្តែ ទន្ទឹមនឹង​ការជជែក​ខាងលើ កងទ័ព​ភាគី​ទាំងពីរ នៅតែ​ប្រយុទ្ធ​គ្នា​ក្នុង​សមរភូមិ ហើយ រុស្ស៊ី អាច​នឹង​ចូល​កាន់កាប់ រដ្ឋធានី​កៀវ របស់ អ៊ុយ​ក្រែ​ន នៅថ្ងៃនេះ។ នេះ​បើតាម​ការព្រមាន​របស់​មេដឹកនាំ​នៃ ប្រទេស​អ៊ុយ​ក្រែ​ន។ យ៉ាងនេះ​ក្ដី លោក ហ្សេ​ឡែ​ន​ស្គី បញ្ជាក់ថា អ៊ុយ​ក្រែ​ន ជិត​ទទួលបាន​ជំនួយ​ពី​បរទេស ក្នុងនោះ​មាន សហរដ្ឋ​អាម៉េរិក ជាដើម។

    នៅឯ​សមរភូមិ កងទ័ព​អ៊ុយ​ក្រែ​ន បាន​កម្ទេច​ស្ពាន​ចំនួន ២ កន្លែង ដែលជា​ផ្លូវ​ចូលមក​កាន់​រដ្ឋធានី ដែល​នេះ​ទំនងជា​យុទ្ធសាស្ត្រ​ថ្មី ជួយ​ឱ្យ អ៊ុយ​ក្រែ​ន អាច​ការពារ​រដ្ឋធានី ពី​ការ​លុកលុយ​របស់ រុស្ស៊ី។ ទី​ប្រសព្វ​គ្នា​ចំនួន ២ របស់​វិថី នៅ​ជាយ​ភាគ​ខាងជើង និង​ខាងលិច​របស់​រដ្ឋធានី ត្រូវបាន​បំផ្លាញ ដើម្បី​បង្អាក់ដំណើរ​សម្រុកចូល​របស់ កងកម្លាំង​រុស្ស៊ី។ នេះ​បើតាម​សេចក្ដីរាយការណ៍​របស់​សារព័ត៌មាន​អាម៉េរិក New York Times។

  • អាម៉េរិក ចង់​ចំណាយ ៦.៤ ពាន់​លាន​ដុល្លារ ដើម្បី​ដោះស្រាយ​វិបត្តិ​នៅ អ៊ុយ​ក្រែ​ន

    អាម៉េរិក ចង់​ចំណាយ ៦.៤ ពាន់​លាន​ដុល្លារ ដើម្បី​ដោះស្រាយ​វិបត្តិ​នៅ អ៊ុយ​ក្រែ​ន

    សេត​វិមាន កាលពី​ថ្ងៃទី ២៥ កុម្ភៈ បានស្នើ​ឱ្យ​សភា អនុម័ត​ខ្ទង់​ថវិកា​ជំនួយ ៦.៤ ពាន់​លាន​ដុល្លារ ដើម្បី​ដោះស្រាយ​បញ្ហា​នៅ អ៊ុយ​ក្រែ​ន បន្ទាប់ពី រុស្ស៊ី បើក​ការឈ្លានពាន​ប្រទេស​នេះ។

    នៅក្នុង​ខ្ទង់​ជំនួយ​ខាងលើ ២.៩ ពាន់​លាន​ដុល្លារ នឹងត្រូវ​បានផ្ដល់​ជា​ជំនួយ​ផ្នែក​មនុស្សធម៌ និង ៣.៥ ពាន់​លាន​ដុល្លារ​សម្រាប់​ក្រសួងការពារជាតិ នេះ​បើតាម​សារព័ត៌មាន Reuters ដកស្រង់​សម្ដី​របស់​មន្ត្រី​រដ្ឋាភិបាល​អាម៉េរិក។

    មន្ត្រី​មកពី​ការិយាល័យ​គ្រប់គ្រង និង​ថវិកា​សេត​វិមាន បាន​និយាយថា៖ «ក្នុងការ​ពិភាក្សាថ្មីៗនេះ​ជាមួយ​ក្រុម​អ្នកតាក់តែង​ច្បាប់ រដ្ឋាភិបាល​បានកំណត់​ថា ត្រូវការ​ផ្ដល់ជំនួយ​ម​នុស្ស​ធម៌ សន្តិសុខ និង​សេដ្ឋកិច្ច បន្ថែមទៀត ដល់ អ៊ុយ​ក្រែ​ន ក៏ដូចជា​ដៃគូ​សហការ​នៅ អឺរ៉ុប​កណ្ដាល»។

    ទាក់ទង​នឹង​បញ្ហា​ជំនួយ​ខាងលើ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក Zelensky កាលពី​ព្រលប់​ថ្ងៃទី ២៥ កុម្ភៈ ក៏​ឱ្យដឹង​ដែរ​ថា លោក​បាន​ពិភាក្សា​ជាមួយ​មេដឹកនាំ​ប្រទេស​មួយចំនួន ដូចជា អាម៉េរិក, អាល្លឺម៉ង់, បារាំង, ហូ​ឡង់ ជាដើម និង​បាន​មូលមតិ​គ្នា​ថា អ៊ុយ​ក្រែ​ន នឹង​ទទួលបាន «ជំនួយ​ច្រើនជាង​មុន»។

  • ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ព្រមាន​អំពី «រាត្រី​លំបាក​បំផុត» ចំពោះ​រដ្ឋធានី

    ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ព្រមាន​អំពី «រាត្រី​លំបាក​បំផុត» ចំពោះ​រដ្ឋធានី

    លោក Zelensky ព្រមាន​ថា រុស្ស៊ី នឹង​ប្រើប្រាស់​កម្លាំង​សរុប​នៅក្នុង​យប់​នេះ និង​អំពាវនាវ​ឱ្យមាន​តស៊ូ​ប្រកបដោយ​ភាពរឹងមាំ។

    «យប់​នេះ​នឹង​ជាយ​ប់​លំបាក​បំផុត។ សត្រូវ​នឹង​ប្រើប្រាស់​កម្លាំង​សរុប។ យើង​ត្រូវតែ​ឈរ​ឱ្យ​នឹង។ យប់​នេះ​នឹងមាន​ការលំបាក​ខ្លាំង ប៉ុន្តែ អរុណរះ​នឹង​មកដល់» ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក Volodymyr Zelensky ថ្លែង​កាលពី​ព្រលប់​ថ្ងៃទី ២៥ កុម្ភៈ ពី រដ្ឋធានី​កៀវ។

    លោក Zelensky ឱ្យដឹងថា ទីក្រុង​ជាច្រើន​របស់ អ៊ុយ​ក្រែ​ន កំពុង​រង​ការវាយប្រហារ ដូចជា Chernihiv, Sumy, Kharkov ហើយ​លោក​ក៏បាន​អំពាវនាវ​ឱ្យមាន​ការយកចិត្តទុកដាក់​ជាពិសេស​ទៅលើ ទីក្រុង​កៀវ។ លោក​ថា កងទ័ព​រុស្ស៊ី កំពុង​សម្រុកចូល​កៀក​រដ្ឋធានី ពី​ទិស​ខាងជើង និង​ខាងកើត។

    លោក Zelensky ក៏​ឱ្យដឹង​ដែរ​ថា លោក​បាន​ពិភាក្សា​ជាមួយ​មេដឹកនាំ​ប្រទេស​មួយចំនួន ដូចជា អាម៉េរិក, អាល្លឺម៉ង់, បារាំង, ហូ​ឡង់ ជាដើម និង​បាន​មូលមតិ​គ្នា​ថា អ៊ុយ​ក្រែ​ន នឹង​ទទួលបាន «ជំនួយ​ច្រើនជាង​មុន»។

    «ខ្ញុំ​សូម​អរគុណ​ដល់​មេដឹកនាំ​នានា ពិសេស​គឺ ប្រធានាធិបតី​អាម៉េរិក បៃ​ដិ​ន» ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ថ្លែង​ដូច្នេះ។

    ប្រធានាធិបតី​រុស្ស៊ី ពូ​ទីន កាលពី​ថ្ងៃទី ២៤ កុម្ភៈ បាន​បើក​យុទ្ធនាការ​យោធា​ពិសេស​នៅ អ៊ុយ​ក្រែ​ន ដើម្បី «បំបាត់​ការពង្រីក​កម្លាំងយោធា​នៅ អ៊ុយ​ក្រែ​ន» ព្រោះ​តែមាន​អារម្មណ៍​ថា មិនមាន​សុវត្ថិភាព​នៅ​ចំពោះមុខ «ការគំរាមកំហែង​ជាប្រចាំ ពី សំណាក់ អ៊ុយ​ក្រែ​ន»។

    ក្រោយ​ការប្រកាស​ឈ្លានពាន​លើ អ៊ុយ​ក្រែ​ន លោក ពូ​ទីន និង ប្រទេស​រុស្ស៊ី ក៏​ចាប់ផ្ដើម​ទទួលរង​ការដាក់ទណ្ឌកម្ម​ពី​លោកខាងលិច ក៏ដូចជា​មហា​អំ​ណាយ​មួយចំនួន​ក្នុង​ពិភពលោក។

  • កងទ័ព​រុស្ស៊ី សម្រុកចូល រដ្ឋធានី​កៀវ របស់​ អ៊ុយក្រែន ពី ២ ទិស

    កងទ័ព​រុស្ស៊ី សម្រុកចូល រដ្ឋធានី​កៀវ របស់​ អ៊ុយក្រែន ពី ២ ទិស

    កងទ័ព​អ៊ុយ​ក្រែ​ន បានឱ្យដឹងថា កងទ័ព​រុស្ស៊ី កំពុង​សម្រុកចូល ទីក្រុង​កៀវ ពី​ទិស​ខាងជើង និង​ទិសឦសាន ធ្វើឱ្យមាន​ការបារម្ភ​កាន់តែខ្លាំង​ថា រដ្ឋធានី អាច​ធ្លាក់​ទៅក្នុង​ដៃ ទ័ព​រុស្ស៊ី។

    យោងតាម អ៊ុយ​ក្រែ​ន កងទ័ព​របស់ រុស្ស៊ី កំពុង​ព្យាយាម​ឆ្លងកាត់​ទីក្រុង Chernigiv នៅ​ភាគ​ខាងជើង ជាទី​ដែល​ពួកគេ​ត្រូវបាន​រារាំង​ដោយ កងទ័ព​អ៊ុយ​ក្រែ​ន ដើម្បី​សម្រុកចូល​រដ្ឋធានី។

    ទន្ទឹមនឹងនេះ កងទ័ព​រុស្ស៊ី ក៏​កំពុង​សម្រុក​ចូលកាន់រ​ដ្ឋ​ធានី​របស់ អ៊ុយ​ក្រែ​ន ពី​ទីក្រុង Konotop ពី​ទិសខាងកើត​នៃ ក្រុង​កៀវ ផងដែរ។

     

  • ទ័ព​រុស្ស៊ី សម្រុកចូល​រដ្ឋធានី មន្ត្រី​អ៊ុយ​ក្រែ​ន អំពាវនាវ​ឱ្យ រុស្ស៊ី ចូល​តុ​ចរចា

    ទ័ព​រុស្ស៊ី សម្រុកចូល​រដ្ឋធានី មន្ត្រី​អ៊ុយ​ក្រែ​ន អំពាវនាវ​ឱ្យ រុស្ស៊ី ចូល​តុ​ចរចា

    ទីប្រឹក្សា​របស់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន បាន​អំពាវនាវ​ឱ្យមាន​កិច្ចចរចា​ជាមួយ មូ​ស្គូ បើសិនជា​អាច នៅក្នុង​ស្ថានការណ៍​ដែល​កងទ័ព​រុស្ស៊ី កំពុង​សម្រុកចូល រដ្ឋធានី​របស់ អ៊ុយ​ក្រែ​ន។

    «យើង​ចង់បាន​សន្តិភាព។ គួរតែមាន​កិច្ចចរចា បើសិនជា​អាច។ បើសិន ទីក្រុង​មូ​ស្គូ យល់ព្រម​ចរចា រួមទាំង​បញ្ហា​ដែល​ស្នើឱ្យ អ៊ុយ​ក្រែ​ន នៅ​ជា​អព្យាក្រឹត​ជាមួយ ណា​តូ យើង​នឹងចូលរួម» លោក Mykhailo Podolyak ទីប្រឹក្សា​របស់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន បាន​ថ្លែង​ដូច្នេះ។

    លោក Mykhailo Podolyak បន្ថែមថា៖ «ការត្រៀម​ជាស្រេច​ដើម្បី​ចរចា​គឺជា​ផ្នែក​មួយ​នៅក្នុង​ការស្វែងរក​សន្តិ​ភាព​យូរអង្វែង​របស់​យើង»