សហរដ្ឋ​អាម៉េរិក ដាក់ទណ្ឌកម្ម​លើ ប្រធានាធិបតី ពូ​ទីន

«យើង​យល់ស្រប​ជាមួយ​សម្ព័ន្ធមិត្ត និង​ដៃគូ​អន្តរជាតិ ដើម្បី​ធានាថា រុស្ស៊ី ត្រូវតែ​ទទួលរង​ផល​អាក្រក់​ធ្ងន់ធ្ងរ​ផ្នែក​សេដ្ឋកិច្ច និង​ការទូត បន្ទាប់ពី​ប្រទេស​នេះ ឈ្លានពាន អ៊ុយ​ក្រែ​ន» រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​អាម៉េរិក Janet Yellen និយាយ​ក្នុង​ប្រកាស​មួយ​កាលពី​ថ្ងៃទី ២៥ កុម្ភៈ។

សារព័ត៌មាន Reuters បាន​ដកស្រង់​សម្ដី​របស់​លោកស្រី Janet Yellen ឱ្យដឹងថា៖ «បើសិនជា​ចាំបាច់ យើង​នឹង​ឱ្យ រុស្ស៊ី រង​ការខូចខាត​ធ្ងន់ធ្ងរ​បំផុត»។

ក្រសួង​ហិរញ្ញវត្ថុ​អាម៉េរិក ក៏​នឹងដាក់​ទណ្ឌកម្ម​ទប់ស្កាត់​ទាំងស្រុង ចំពោះ​មូលនិធិ​វិនិយោគ​ផ្ទាល់​រុស្ស៊ី (RDIF) ដែលជា​កម្មសិទ្ធិ​របស់ រដ្ឋ​រុស្ស៊ី នេះ​បើតាម​ការប្រកាស​របស់​អ្នកនាំពាក្យ​នៅ សេត​វិមាន កាលពី​ថ្ងៃទី ២៥ កុម្ភៈ។

AFP ឱ្យដឹងថា ប្រធានាធិបតី ពូ​ទីន នឹង​ក្លាយជា​គោលដៅ​សំខាន់បំផុត​ដែល​ត្រូវ អាម៉េរិក ដាក់ទណ្ឌកម្ម​លើក​នេះ។ ទណ្ឌកម្ម​នេះ​ត្រូវ​បានលើកឡើង បន្ទាប់ពី សហភាព​អឺរ៉ុប និង អង់គ្លេស បានដាក់​ទណ្ឌកម្ម​ដូចគ្នានេះ កាលពី​ប៉ុន្មាន​ម៉ោង​មុន។

Advertisement