អាចម៍ផ្កាយ​មួយ​ដុំ​ ​ប្រវែង​ជាង 740 គីឡូម៉ែត្រ កំពុង​ហោះ​សំដៅ​មកកាន់​ផែនដី

អាចម៍ផ្កាយ​ខ្នាត​ធំ​មួយ​ដែលមាន​អង្កត់ផ្ចិត​ប្រហែល​ពី 305 ទៅ 740 ម៉ែត្រ នឹង​ហោះ​មក​ក្បែរ​ផែនដី​នៅ​ថ្ងៃទី 01 វិច្ឆិកា​ខាងមុខ។

អាចម៍ផ្កាយ​ដែល​ត្រូវបាន​គេ​ដាក់ឈ្មោះ​ឱ្យ​ថា 2022 RM4 ហោះហើរ​ក្នុង​ល្បឿន 84,490 គីឡូម៉ែត្រ/ម៉ោង គ្រោង​នឹង​ហោះ​កាត់​ពីមុខ​ផែនដី​ក្នុង​គម្លាត 2.3 លាន​គីឡូម៉ែត្រ ឆ្ងាយ​ជាង​ប្រហែល ៦ ដង បើ​ធៀប​នឹង​គម្លាត 384,472 គីឡូម៉ែត្រ រវាង​ផែនដី និង​ព្រះ​ចន្ទ។

បើទោះជា​ហោះហើរ​ក្បែរ​ផែនដី ប៉ុន្តែ 2022 RM4 នឹងមាន​លទ្ធភាព​តិច​តូច​ណាស់​ក្នុង​បង្ក​គ្រោះថ្នាក់​ដល់​ពិភពលោក។ ក្រុម​អ្នកវិទ្យាសាស្ត្រ​គណនា​ឃើញថា អាចម៍ផ្កាយ​នេះ​នឹង​ហោះ​កាត់​ពីមុខ​ផែនដី​នៅក្នុង​ខែវិច្ឆិកា 2022។

យោងតាម​អ្នកវិទ្យាសាស្ត្រ Gretchen Benedix មកពី​សាកលវិទ្យាល័យ Curtin អត្រា​នៃ​ការហោះ​មក​បុក​ផែនដី​របស់​អាចម៍ផ្កាយ​ដូច 2022 RM4 គឺ 1/100,000 ឆ្នាំ អាស្រ័យ​លើ​ទំហំ​របស់​ពួកវា។

អាចម៍​ផ្កាយ 2022 RM4 មាន​ប្រវែង 740​ ម៉ែត្រ ខ្លី​ជាង​បន្តិច​ បើ​ធៀប​នឹង 828​ ម៉ែត្រ​ របស់​អគារ Burj Khalifa

អាចម៍ផ្កាយ​គឺជា​ដុំថ្ម​អវកាស​ដែល​គោចរ​ជុំវិញ​ព្រះអាទិត្យ។ អង្គការ​ណា​សា បាន​រកឃើញថា ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​បច្ចុប្បន្ន​មាន​អាចម៍ផ្កាយ​ចំនួន 1,113,527 ដុំ។ ពួកវា​វិលជុំ​វិញ​ព្រះអាទិត្យ និង​ប្រមូលផ្ដុំ​នៅ​តំបន់​អវកាស​ចន្លោះ​ពី​ពិភព​អង្គារ និង​ពិភព​ព្រហស្បតិ៍ (Jupiter)។ អាចម៍ផ្កាយ​ភាគច្រើន​មាន​ប្រវែង​ចាប់ពី 10 ម៉ែត្រ ដល់ 529 ម៉ែត្រ៕

Advertisement