អាម៉េរិក ចង់​ចំណាយ ៦.៤ ពាន់​លាន​ដុល្លារ ដើម្បី​ដោះស្រាយ​វិបត្តិ​នៅ អ៊ុយ​ក្រែ​ន

ប្រធានាធិបតី​អាម៉េរិក លោក​ ចូ បៃដិន

សេត​វិមាន កាលពី​ថ្ងៃទី ២៥ កុម្ភៈ បានស្នើ​ឱ្យ​សភា អនុម័ត​ខ្ទង់​ថវិកា​ជំនួយ ៦.៤ ពាន់​លាន​ដុល្លារ ដើម្បី​ដោះស្រាយ​បញ្ហា​នៅ អ៊ុយ​ក្រែ​ន បន្ទាប់ពី រុស្ស៊ី បើក​ការឈ្លានពាន​ប្រទេស​នេះ។

នៅក្នុង​ខ្ទង់​ជំនួយ​ខាងលើ ២.៩ ពាន់​លាន​ដុល្លារ នឹងត្រូវ​បានផ្ដល់​ជា​ជំនួយ​ផ្នែក​មនុស្សធម៌ និង ៣.៥ ពាន់​លាន​ដុល្លារ​សម្រាប់​ក្រសួងការពារជាតិ នេះ​បើតាម​សារព័ត៌មាន Reuters ដកស្រង់​សម្ដី​របស់​មន្ត្រី​រដ្ឋាភិបាល​អាម៉េរិក។

មន្ត្រី​មកពី​ការិយាល័យ​គ្រប់គ្រង និង​ថវិកា​សេត​វិមាន បាន​និយាយថា៖ «ក្នុងការ​ពិភាក្សាថ្មីៗនេះ​ជាមួយ​ក្រុម​អ្នកតាក់តែង​ច្បាប់ រដ្ឋាភិបាល​បានកំណត់​ថា ត្រូវការ​ផ្ដល់ជំនួយ​ម​នុស្ស​ធម៌ សន្តិសុខ និង​សេដ្ឋកិច្ច បន្ថែមទៀត ដល់ អ៊ុយ​ក្រែ​ន ក៏ដូចជា​ដៃគូ​សហការ​នៅ អឺរ៉ុប​កណ្ដាល»។

ទាក់ទង​នឹង​បញ្ហា​ជំនួយ​ខាងលើ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក Zelensky កាលពី​ព្រលប់​ថ្ងៃទី ២៥ កុម្ភៈ ក៏​ឱ្យដឹង​ដែរ​ថា លោក​បាន​ពិភាក្សា​ជាមួយ​មេដឹកនាំ​ប្រទេស​មួយចំនួន ដូចជា អាម៉េរិក, អាល្លឺម៉ង់, បារាំង, ហូ​ឡង់ ជាដើម និង​បាន​មូលមតិ​គ្នា​ថា អ៊ុយ​ក្រែ​ន នឹង​ទទួលបាន «ជំនួយ​ច្រើនជាង​មុន»។

Advertisement