អគ្គលេខាធិការ​នៃ អង្គការសហប្រជាជាតិ ស្នើឱ្យ កងទ័ព​រុស្ស៊ី ដកថយ

អគ្គលេខាធិការនៃ អង្គការសហប្រជាជាតិ (UN) លោក Antonio Guterres

លោក Antonio Guterres ដែលជា​អគ្គលេខាធិការ​នៃ អង្គការសហប្រជាជាតិ (UN) បានស្នើ​ឱ្យ​ទាហាន​របស់ រុស្ស៊ី នៅ អ៊ុយ​ក្រែ​ន «ត្រលប់​ចូល​បន្ទាយ» ទន្ទឹមនឹង​ការអំពាវនាវ​ឱ្យ​គ្រប់ភាគី ផ្ដល់​សន្តិភាព​ជូន​ប្រទេស​នេះ។

ប្រកាស​ខាងលើ​របស់ អគ្គលេខាធិការ​នៃ អង្គការសហប្រជាជាតិ ត្រូវបាន​លើកឡើង ក្រោយពី រុស្ស៊ី បាន​រាំងខ្ទប់​សេចក្ដីសម្រេចចិត្ត​របស់ ក្រុមប្រឹក្សា​នៃ អង្គការសហប្រជាជាតិ ដែល​គ្រោង​នឹង​ថ្កោលទោស​ចំពោះ ទង្វើ​ឈ្លានពាន​របស់​ប្រទេស​នេះ លើ ប្រទេស​អ៊ុយ​ក្រែ​ន។

ទាក់ទង​នឹង​ការ​លុកលុយ​របស់ កងទ័ព​រុស្ស៊ី នៅ អ៊ុយ​ក្រែ​ន បច្ចុប្បន្ន បណ្ដា​ប្រទេស​កំពុងតែ​បញ្ចេញ​ប្រតិកម្មរៀងៗខ្លួន។ កា​ហ្សា​ក់​ស្ថាន បាន​បដិសេធ​ការចូលរួម​ធ្វើសង្គ្រាម​ជាមួយ រុស្ស៊ី ដើម្បី​ប្រឆាំង អ៊ុយ​ក្រែ​ន ហើយក៏​មិន​ទទួលស្គាល់​ឯករាជ្យ​នៅ Donetsk និង Luhansk ដែល រុស្ស៊ី បានទទួល​ស្គាល់​មុនគេ។ ប្រទេស​កា​ហ្សា​ក់​ស្ថាន គឺជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​បំផុត​មួយ​របស់ រុស្ស៊ី។

អគ្គលេខាធិការ​នៃ អង្គការ​ណា​តូ លោក Jens Stoltenberg ប្រកាស​កាលពី​ថ្ងៃទី ២៥ កុម្ភៈ ថា ណា​តូ (NATO) បាន​បញ្ចេញ​កម្លាំង​ប្រតិកម្ម​របស់ខ្លួន (NATO Response Force-NRF) ដែលមាន​ទាហាន ៤០,០០០ នាក់ ទៅកាន់ អឺរ៉ុប​ខាងកើត ក្បែរ ប្រទេស​រុស្ស៊ី។

ចំណែក​បណ្ដា​ប្រទេស​ដូចជា ឆែក, ប៉ូឡូញ និង ប៊ុលហ្គារី ក៏បាន​ប្រកាស​បិទ​ដែនអាកាស ចំពោះ​ជើងហោះហើរ​នានា​របស់​ក្រុមហ៊ុន​អាកាសចរណ៍​រុស្ស៊ី ដើម្បី​ឆ្លើយតប​នឹង​ការឈ្លានពាន​របស់​ប្រទេស​នេះ ទៅលើ អ៊ុយ​ក្រែ​ន។

ប្រទេស​ក្វា​តេ​ម៉ា​ឡា កាលពី​ថ្ងៃទី ២៥ កុម្ភៈ ក៏បាន​ប្រកាសថា ប្រធានាធិបតី​ប្រទេស​នេះ បានចេញ​បញ្ជា​ឱ្យ​ដក​អគ្គរដ្ឋទូត​ប្រចាំ ប្រទេស​រុស្ស៊ី មកវិញ ទន្ទឹមនឹង​ការជំទាស់​នឹង​ទង្វើ​របស់ រុស្ស៊ី នៅ អ៊ុយ​ក្រែ​ន។ មុន​នោះ ប្រទេស​អាម៉េរិក​កណ្ដាល​មួយ​នេះ ក៏បាន​សម្ដែង​ការគាំទ្រ​ពេញទំហឹង ចំពោះ​បូរណភាព​ទឹកដី​របស់ អ៊ុយ​ក្រែ​ន។

Advertisement