Category: អន្តរជាតិ

  • រុស្ស៊ី ព្រមាន​ថា សង្គ្រាមលោកលើកទីបី​នឹង​កើតឡើង បើសិន ណា​តូ វាយប្រហារ គ្រី​មៀ

    រុស្ស៊ី ព្រមាន​ថា សង្គ្រាមលោកលើកទីបី​នឹង​កើតឡើង បើសិន ណា​តូ វាយប្រហារ គ្រី​មៀ

    អនុប្រធាន​ក្រុមប្រឹក្សាសន្តិសុខ​រុស្ស៊ី Medvedev ព្រមាន​ដល់​បណ្ដា​ប្រទេស​ជា​សមាជិក​របស់ ណា​តូ (NATO) ថា នឹង​ជាការ​ប្រកាសសង្គ្រាម​ជាមួយ រុស្ស៊ី បើសិន​វាយប្រហារ​លើ គ្រី​មៀ (Crimea) នាំឱ្យ​កើត​សង្គ្រាមលោកលើកទីបី។

    «ចំពោះ​យើង គ្រី​មៀ គឺជា​ផ្នែក​មួយ​របស់ រុស្ស៊ី និង​ជា​រៀងរហូត។ រាល់​ការប្រឹងប្រែង​ដើម្បី​រំលោភ​លើ គ្រី​មៀ សុទ្ធតែជា​ការប្រកាសសង្គ្រាម​ជាមួយ​ប្រទេស​របស់​យើង» អនុប្រធាន​ក្រុមប្រឹក្សាសន្តិសុខ​រុស្ស៊ី Dmitry Medvedev អះអាង​ដូច្នេះ​កាលពី​ថ្ងៃទី ២៧ មិថុនា។

    លោក Medvedev សង្កត់ធ្ងន់ថា «បើសិន​ការវាយប្រហារ​ត្រូវបាន​ធ្វើឡើង​ដោយ​សមាជិក​ណាមួយ​រប​ស់ ណា​តូ​ នោះ​មាន​ន័យ​ថា សង្គ្រាម​កើតឡើង​ជាមួយនឹង អង្គការ​សន្ធិសញ្ញា​អា​ត្ល​ង់​ទិ​ក​ខាងជើង (NATO / ​North Atlantic ​Treaty ​Organization) ​ទាំងមូល ហើយ​នោះ​គឺជា​សង្គ្រាមលោកលើកទីបី។ វា​គឺជា​គ្រោះមហន្តរាយ​មួយ​យ៉ាងពិត​ប្រាកដ»។

    អតីត​ប្រធានាធិបតី​រុស្ស៊ី រូបនេះ ក៏បាន​បញ្ជាក់ថា បើសិន ប្រទេស​ហ្វាំ​ង​ឡង់ និង ស៊ុយអែត ចូល​ជា​សមាជិក​របស់ ណា​តូ នោះ រុស្ស៊ី នឹង​រឹតបន្តឹង​ព្រំដែន និង «ត្រៀម​សម្រាប់​ជំហាន​ឆ្លើយតប»។

    «ប្រការ​នោះ​អាច​រួមមាន​ទាំង​លទ្ធភាព​នៃ​ការបំពាក់​មី​ស៊ី​ល​ល្បឿន​ជាង​សំឡេង Iskander នៅ​ពីមុខ​ច្រកចូល​របស់​ពួកគេ​តែម្ដង» លោក Medvedev ព្រមាន​ដូច្នេះ។

    ឧបទ្វីប​គ្រី​មៀ ត្រូវបាន រុស្ស៊ី រឹបអូស​យកទៅ​ធ្វើជារ​បស់​ខ្លួន​ក្រោយ​ការធ្វើប្រជាមតិ​កាលពី​ឆ្នាំ ២០១៤។ អ៊ុយ​ក្រែ​ន មិន​ទទួលយក​ប្រការនេះ និង​ចាត់ទុកថា គ្រី​មៀ ត្រូវបាន រុស្ស៊ី កាន់កាប់​ដោយ​ខុសច្បាប់។ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក ហ្សេ​ឡែ​ន​ស្គី កាលពី​ដើមខែ​នេះ បានប្រកាសថា នឹង​វាយ​ដណ្ដើមយក Donbass នៅ​ភាគ​ខាងកើត និង​ឧបទ្វីប​គ្រី​មៀ មកវិញ​ឱ្យបាន។

    សម្ដី​របស់លោក Medvedev ត្រូវបាន​លើកឡើង​មួយថ្ងៃ​បន្ទាប់ពី​ក្រុមមន្ត្រី​នៅ​តំបន់ គ្រី​មៀ ឱ្យដឹងថា កងកម្លាំង​អ៊ុយ​ក្រែ​ន បាន​វាយប្រហារ​លើ​ទីតាំង​ខួង​យក​ប្រេង Tavrida នៅ​តំបន់​សមុទ្រ​របស់ គ្រី​មៀ។

    អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃទី ២០ មិថុនា បាន​វាយប្រហារ​លើ​ទីតាំង​ខួង​យក​ប្រេង​នៅក្នុង​ដែនទឹក​របស់ គ្រី​មៀ ដោយ​ជឿថា រុស្ស៊ី បំពាក់អាវុធ​ការពារ​ដែនអាកាស រ៉ា​ដា និង​កម្លាំងប្រដាប់អាវុធ​នៅ​ទីនោះ។ មេដឹកនាំ​របស់ គ្រី​មៀ បានឱ្យដឹងថា មនុស្ស ៧ នាក់​បាន​បាត់​ខ្លួន ក្រោយពី​មានការ​វាយប្រហារ, ប្រព័ន្ធ​ខួង​ប្រេង​ចំនួន ៣ បាន​រង​ការខូចខាត ក្នុងនោះ​មាន Tavrida ផងដែរ។ ក្រោយមក អគ្គិភ័យ​ក៏បាន​លេប​ត្របាក់​ប្រព័ន្ធ​ខួង​ប្រេង BK-1 អស់ទាំង​ស្រុង៕

  • ជនភៀសខ្លួន​រាប់សិប​នាក់​បាន​ស្លាប់​នៅក្នុង​រថយន្ត​សណ្ដោង​រឺ​ម៉ក នៅ សហរដ្ឋ​អាម៉េរិក

    ជនភៀសខ្លួន​រាប់សិប​នាក់​បាន​ស្លាប់​នៅក្នុង​រថយន្ត​សណ្ដោង​រឺ​ម៉ក នៅ សហរដ្ឋ​អាម៉េរិក

    សាកសព​របស់​មនុស្ស​ជាង ៤០ នាក់ ដែល​ត្រូវបាន​គេ​ជឿថា​ជា​ក្រុម​ជនភៀសខ្លួន ត្រូវបាន​ប្រទះឃើញ​នៅក្នុង​រថយន្ត​សណ្ដោង​រឺ​ម៉ក​មួយគ្រឿង​ត្រូវគេ​ទុកចោល​ក្បែរ​ទីក្រុង San Antonio រដ្ឋ Texas សហរដ្ឋ​អាម៉េរិក។

    សាកសព​ជន​ចំណាកស្រុក​ជាង ៤០ នាក់ ដែល​ពុំមាន​លិខិតស្នាម​ជាប់​តាម​ខ្លួន​ខាងលើ ត្រូវបាន​រកឃើញ​ក្នុង​រថយន្ត​សណ្ដោង​រឺ​ម៉ក​ដែលមាន​កង់​ចំនួន ១៨ កាលពី​ថ្ងៃទី ២៧ មិថុនា ខណៈដែល​មនុស្ស​ជាង ១០ នាក់​ផ្សេងទៀត​ត្រូវបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ។ សមត្ថកិច្ច​មិនទាន់​បញ្ជាក់​អំពី​ចំនួន​មនុស្ស​ស្លាប់ ប៉ុន្តែ តំណាងរាស្ត្រ Tony Gonzales បានឱ្យដឹងថា ករណីនេះ​មាន​មនុស្ស ៤២ នាក់ បាន​បាត់​បង់ជីវិត។

    «ថ្ងៃនេះ នៅ San Antonio សីតុណ្ហភាព​គឺជា​ង ៣៨ អង្សា​សេ។ ចូល​គិត​ស្រមៃ​មើល មនុស្ស​ដែល​ត្រូវបាន​គេ​ទុកចោល​ក្នុង​រថយន្ត​កង់ ១៨ តើ​នឹង​ទៅជា​យ៉ាងណា។ ៤២ នាក់ បាន​បាត់​បង់ជីវិត» លោក Tony Gonzales  បង្ហោះ​សារ​នៅលើ Twitter ដូច្នេះ។

    បច្ចុប្បន្ន ទាំង​ស្ថាប័ន​ប៉ូលិស ទាំង​ក្រសួង​សន្តិសុខ​ផ្ទៃក្នុង របស់ សហរដ្ឋ​អាម៉េរិក មិនទាន់មាន​ការអធិប្បាយ​អ្វី​ចំពោះ​ករណីនេះ​នៅឡើយ។

    យោងតាម​សារព័ត៌មាន​ក្នុងស្រុក San Antonio ថ្មីៗនេះ​បាន​រង​រលក​កម្ដៅ​យ៉ាងធ្ងន់ធ្ងរ។ នៅពេល​សីតុណ្ហភាព​ឡើង​ខ្ពស់ ជនភៀសខ្លួន​ក្បែរ​ព្រំដែន ម៉ិ​ក​ស៊ិ​ក ងាយ​នឹងត្រូវ​បាត់បង់​ជាតិ​ទឹក អស់កម្លាំង និង​ស្លាប់។

    គិត​ត្រឹម​ថ្ងៃទី ២៧ មិថុនា តំបន់ San Antonio បាន​ឆ្លងកាត់​រលក​កម្ដៅ​ជិត ៣៨ អង្សា​សេ ចំនួន ១៧ ថ្ងៃ​មកហើយ។ តំបន់​ភាគច្រើន​នៃ​រដ្ឋ Texas កំពុង​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដោយសារ​គ្រោះរាំងស្ងួត ចំណែក​ទន្លេ Frio នៅ​ភាគ​ខាងលិច​នៃ​ទីក្រុង San Antonio ក៏​កំពុង​រីង​ហួតហែង។

  • (វីដេអូ)-កើតមាន​ហេតុការណ៍​រត់​ជាន់គ្នា​នៅក្នុង​ពិធី​ហែ​ក្បួន​នៅ ទីក្រុង​ញូវយ៉ក សហរដ្ឋ​អាម៉េរិក

    (វីដេអូ)-កើតមាន​ហេតុការណ៍​រត់​ជាន់គ្នា​នៅក្នុង​ពិធី​ហែ​ក្បួន​នៅ ទីក្រុង​ញូវយ៉ក សហរដ្ឋ​អាម៉េរិក

    កាលពី​ថ្ងៃទី ២៦ មិថុនា ហេតុការណ៍​រត់​ជាន់គ្នា​មួយ​បាន​កើតឡើង​ក្នុង​ព្រឹត្តិការណ៍​ហែ​ក្បួន​នៅលើ​ដងផ្លូវ​នៃ ទីក្រុង​ញូវយ៉ក សហរដ្ឋ​អាម៉េរិក ពេល​មនុស្ស​រាប់រយ​នាក់​ភ័យ​ស្លន់ស្លោ រត់​យករួចខ្លួន ព្រោះតែ​ច្រឡំ​សំឡេង​ផ្ទុះ​របស់​កាំជ្រួច ថា​ជា​សំឡេង​គ្រាប់កាំភ្លើង។

    ប៉ូលិស​នៅ ទីក្រុង​ញូវយ៉ក (NYPD) បានឱ្យដឹងថា កម្លាំង​សន្តិសុខ​មិនបាន​ផ្ទុះអាវុធ​នៅក្នុងពេល​នោះឡើយ។ សំណាងល្អ ហេតុការណ៍​រត់​ជាន់គ្នា​នេះ​មិនបាន​ធ្វើឱ្យមាន​អ្នករងរបួស​ធ្ងន់ធ្ងរ។

    មនុស្ស​រាប់ម៉ឺន​នាក់ បាន​ចូលរួម​ព្រឹត្តិការណ៍​សម្រាប់​សហគម​ន៍​មនុស្ស​ភេទ​ទី​បី (LGBT) នៅ ទីក្រុង​ញូវយ៉ក កាលពី​ម្សិលមិញ។ នេះ​គឺជា​ព្រឹត្តិការណ៍​ធំ​ទី​ពីរ​នៅ សហរដ្ឋ​អាម៉េរិក បន្ទាប់ពី​ក្បួន​ដង្ហែ​នៅ San Francisco និង​ជា​ព្រឹត្តិការណ៍​ហែ​ក្បួន​លើកដំបូង​របស់​សហគម​ន៍ LGBT រាប់​ចាប់ពី​ពេល​កូ​វីដ-១៩ បាន​ផ្ទុះ​ឆ្លង​រាលដាល៕

    https://twitter.com/The5HbK/status/1541230864243208192?s=20&t=hwhiksmrDKYG3jOWYAIl7A

  • អាម៉េរិក ថា រុស្ស៊ី នឹង​ខាតបង់​ប្រាក់​ជិត ២០ ពាន់​លាន​ដុល្លារ​រៀងរាល់ឆ្នាំ ដោយសារតែ​មាស

    អាម៉េរិក ថា រុស្ស៊ី នឹង​ខាតបង់​ប្រាក់​ជិត ២០ ពាន់​លាន​ដុល្លារ​រៀងរាល់ឆ្នាំ ដោយសារតែ​មាស

    រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាម៉េរិក Antony Blinken យល់ថា ការដាក់ទណ្ឌកម្ម​លើ​មាស​របស់ រុស្ស៊ី នឹង​ធ្វើឱ្យ​ប្រទេស​នេះ ខាតបង់​ប្រាក់ចំណូល​ក្នុង ១ ឆ្នាំៗ ប្រហែល ១៩ ពាន់​លាន​ដុល្លារ​អាម៉េរិក។

    មាស​គឺជា​ទំនិញ​នាំចេញ​ដែល​នាំមក​នូវ​ប្រាក់ចំណូល​ច្រើន​លំដាប់​ទី​ពីរ​របស់ រុស្ស៊ី បន្ទាប់ពី​ថាមពល។ រុស្ស៊ី នឹង​បាត់បង់ ១៩ ពាន់​លាន​ដុល្លារ​អាម៉េរិក/ឆ្នាំ ពី​ការនាំចេញ​មាស ហើយ​ភាគច្រើន​ពី​បណ្ដា​ប្រទេស G៧» រដ្ឋមន្ត្រីការបរទេស Blinken បាន​ប្រាប់ CNN ដូច្នេះ។ មន្ត្រី​រូបនេះ​ព្យាករ​ថា ផលប៉ះពាល់​ពី​ទណ្ឌ​កម្មនេះ​ចំពោះ​សេដ្ឋកិច្ច​របស់ រុស្ស៊ី នឹង​ស្ដែង​ឱ្យឃើញ​ច្បាស់​នៅក្នុង​ឆ្នាំ​ខាងមុខ។

    មុន​នោះ យោងតាម​ប្រកាស​របស់ រដ្ឋាភិបាល​អង់គ្លេស ៤ ប្រទេស​រួមមាន អង់គ្លេស, សហរដ្ឋ​អាម៉េរិក, កាណាដា និង ជប៉ុន នៅឯ​កិច្ចប្រជុំ​កំពូល​របស់ G៧ នៅ អាល្លឺម៉ង់ កាលពី​ថ្ងៃទី ២៦ មិថុនា បានប្រកាស​ដាក់ចេញ​នូវ​បទបញ្ជា​ហាម​ការនាំ​ចូល​មាស​ពី រុស្ស៊ី។

    យោងតាម​បណ្ដាញ​ព័ត៌មាន RT សម្ដី​របស់​រដ្ឋមន្ត្រីការបរទេស​អាម៉េរិក Blinken គឺ​មិនទាន់​ត្រឹមត្រូវ។ ជាក់ស្ដែង ទំនិញ​នាំចេញ​ដែលមាន​ចំណេញ​ខ្ពស់​លំដាប់​ទី​ពីរ​របស់ រុស្ស៊ី គឺ ស្បៀងអាហារ។ ប្រាក់ចំណូល​ដែល​បាន​ពី​ការនាំចេញ​កសិផល​រប​ស់ រុស្ស៊ី បាន​ឡើងដល់ ៣៧ ពាន់​លាន​ដុល្លារ​អាម៉េរិក ក្នុង​ឆ្នាំ ២០២។

    ទោះជា​យ៉ាងណាក៏ដោយ រុស្ស៊ី ទំនងជា​នៅតែ​អាច​លក់​មាស​ទៅឱ្យ​បណ្ដា​រោងចក្រ​កែច្នៃ ឬ​ស្វែងរក​អតិថិជន​ថ្មី​នៅ ប្រទេស​ចិន ឥណ្ឌា ឬ មជ្ឈិមបូព៌ា ដូច​ទៅនឹង​អ្វីដែល​ពួកគេ​បានធ្វើ​ចំពោះ​ប្រេង និង​ឧស្ម័ន៕

  • ណា​តូ អាច​នឹង​ដាក់​ពង្រាយ​​ក្រុម​ទាហាន​ទ្រង់ទ្រាយ​ធំ​បំផុត រាប់​ពី​សង្គ្រាមត្រជាក់

    ណា​តូ អាច​នឹង​ដាក់​ពង្រាយ​​ក្រុម​ទាហាន​ទ្រង់ទ្រាយ​ធំ​បំផុត រាប់​ពី​សង្គ្រាមត្រជាក់

    គ្រប់​អង្គភាព​នៃ​កងទ័ព​របស់​បស្ចិម​លោក អាច​នឹងត្រូវ​បានដាក់​ពង្រាយ​ទៅកាន់​តំបន់​ភាគ​ខាងកើត​របស់​សម្ព័ន្ធមិត្ត​ណា​តូ ដើម្បី​ទប់ទល់​នឹង កងកម្លាំង​របស់ រុស្ស៊ី។

    សារព័ត៌មាន អេ​ស្ប៉ា​ញ El Pais ដកស្រង់​ប្រភពព័ត៌មាន​ច្បាស់​ការណ៍ បានចេញ​ផ្សាយ​ថា នៅក្នុង​កិច្ចប្រជុំ​កំពូល​របស់ ណា​តូ នៅ Madrid នាពេលខាងមុខ ក្រុម​មេដឹកនាំ​អាច​នឹងធ្វើ​ការសម្រេចចិត្ត​ក្នុងការ​បញ្ជូនទាហាន​រាប់ពាន់នាក់​ទៅកាន់​មាត់ច្រក​របស់ រុស្ស៊ី។ ណា​តូ ក៏​អាច​នឹង​កាត់ផ្ដាច់​រាល់​ទំនាក់ទំនង​ជាមួយ ទីក្រុង​មូ​ស្គូ ផងដែរ។

    ក្រុម​ប្រទេស​ជា​សមាជិក​ណា​តូ បាន​ត្រៀមខ្លួន​រួចរាល់​ហើយ​ដើម្បី​ប្រែក្លាយ អឺរ៉ុប​ខាងកើត ឱ្យទៅជា​មូលដ្ឋានទ័ព ដែលមាន​ទាហាន​រាប់ពាន់នាក់ និង​អាវុធ​ទំនើប​គ្រប់​ប្រភេទ ក្នុង​គ្រា​ដែលមាន​ការបារម្ភ​អំពី​ការវាយប្រហារ​ពី​សំណាក់ រុស្ស៊ី។

    សម្ព័ន្ធមិត្ត​ដែល​ដឹកនាំ​ដោយ សហរដ្ឋ​អាម៉េរិក នេះ «ចង់​ផ្ញើ​សារ​ថា ណា​តូ បាន​ត្រៀម​រួចហើយ​ដើម្បី​ប្រតិកម្ម​ទៅនឹង​រាល់​សកម្មភាព​បង្កហេតុ»។ នៅក្នុង​កិច្ចប្រជុំ​នោះ ណា​តូ នឹង​ជំរុញ​ការចំណាយ​ទៅលើ​វិស័យ​ការពារជាតិ និង​ថវិកា​រួម​របស់​សម្ព័ន្ធមិត្ត​នេះ។

    «ការពិភាក្សា​សំខាន់​នៅ Madrid នឹងធ្វើ​ឡើង​រវាង​បណ្ដា​ប្រទេស​នៅ អឺរ៉ុប​ខាងកើត ជា​បណ្ដា​ប្រទេស​ដែល​ចង់​ប្រែក្លាយ​កងវរសេនាតូច (មាន​ទាហាន​ពី ៣០០ ដល់ ១,៥០០ នាក់) ឱ្យទៅជា​កងពលតូច (មាន​ទាហាន​ពី ៣,០០០ ទៅ ៥,០០០ នាក់) តាំង​វត្តមាន​យូរអង្វែង​នៅលើ​ទឹកដី​របស់​ពួកគេ។ ចំណែក សហរដ្ឋ​អាម៉េរិក ឬ អាល្លឺម៉ង់ គឺជា​ប្រទេស​ដែល​ចង់​រក្សា​យុទ្ធសាស្ត្រ​ពង្រាយ​ទ័ព​តាម​វេន ដើម្បី​បង្ការ​ករណី​វិបត្តិ​សង្គ្រាម និង​ជម្លោះ​ប្រដាប់អាវុធ» Jamie Shea អតីតមន្ត្រី​ជាន់ខ្ពស់​ម្នាក់​របស់ ណា​តូ ដែល​បច្ចុប្បន្ន​គឺជា​អ្នកគ្រប់គ្រង​មជ្ឈមណ្ឌល​ស្រាវជ្រាវ​សង្គ្រាម ប្រចាំ​សាកលវិទ្យាល័យ​ដា​ណឺ​ម៉ាក​ខាងត្បូង បាន​ថ្លែង​ដូច្នេះ។

    សូម្បីតែ​នៅពេល ណា​តូ សម្រេចចិត្ត​មិន​ដាក់ពង្រាយ​ទ័ព​សរុប ប៉ុន្តែ បណ្ដា​ប្រទេស​នៅ អឺរ៉ុប​ខាងកើត ក៏​នៅតែ​អាចមាន​កងទ័ព​ច្រើនជាង​បច្ចុប្បន្ន​ទ្វេដង ដែល​ឈរជើង​ការពារ​តាម​បន្ទាត់​ព្រំដែន។ យោងតាម El Pais ក្រុម​ទាហាន​នៅ​មូលដ្ឋាន​ក្នុង ប្រទេស​ប៉ូឡូញ និង​បណ្ដា​ប្រទេស​នៅ​តំបន់ បាល់​ទិ​ក ដែល​បច្ចុប្បន្ន​មាន​ចំនួន​ពី ១,០០០ ទៅ ១,៦០០ នាក់ ក៏​នឹង​ត្រូវបាន​បង្កើន​ឡើង​ទ្វេដង ក៏ដូចជា ត្រូវបាន​បំពាក់អាវុធ​ទំនើប​ជាង​បច្ចុប្បន្ន។

    ផែនទី​នៃ​បណ្ដា​ប្រទេស​ណាតូ និង​ ហ្វាំងឡង់ និង​ ស៊ុយអែត

    ក៏ប៉ុន្តែ បើសិនជា អេ​ស្តូ​នី, ឡេ​តូ​នី និង លី​ទុយ​អា​នី ជំរុញ​សំណើ នោះ​ការបង្កើន​ចំនួន​ទាហាន​របស់ ណា​តូ នឹង​រួមមាន​គ្រប់​អង្គភាព និង​មាន​ទាហាន​សរុប ១៥,០០០ នាក់។

    ណា​តូ បាន​បង្កើន​ទ្វេដង​នូវ​ចំនួន​ទាហាន​នៅក្នុង​បណ្ដា​ប្រទេស​ជា​សមាជិក​ដែលមាន​ព្រំដែន​ជាប់​នឹង អ៊ុយ​ក្រែ​ន រាប់​ចាប់ពី​ចុងខែ​កុម្ភៈ។ យាន​យោធា​នានា​នៅក្នុង​តំបន់​ខាងលើ ក្នុងនោះ​មាន​យន្តហោះ​ចម្បាំង ១៣០ គ្រឿង​ត្រូវបាន​ដាក់ឱ្យ​ស្ថិតក្នុង​ការប្រកាសអាសន្ន​កម្រិត​ខ្ពស់បំផុត ក្នុងពេលដែល​នាវាចម្បាំង ១៤០ គ្រឿង​ក៏​រក្សា​វត្ត​មាននៅ​ទីនោះ។ វត្តមាន​ទាហាន​អាម៉េរិក នៅ អឺរ៉ុប ក៏បាន​កើន​ពី ៧០,០០០ ទៅ ១០០,០០០ នាក់ ចាប់តាំងពី​ខែកុម្ភៈ។

    ណា​តូ នឹង​ផ្លាស់ប្ដូរ​និយមន័យ​អំពី រុស្ស៊ី នៅពេល​ធ្វើ​បច្ចុប្បន្នភាព​អត្ថន័យ​យុទ្ធសាស្ត្រ។ មកដល់​បច្ចុប្បន្ន រុស្ស៊ី នៅតែ​ត្រូវបាន​ចាត់ទុកថា​ជា​ប្រទេសមួយ​ដែល «មិនមាន​ការគំរាមកំហែង​ណាមួយ» ចំពោះ ណា​តូ។ ជាង​នេះ ទំនាក់ទំនង​រវាង​ប្រទេស​ខ្លះ​នៅក្នុង​សម្ព័ន្ធមិត្ត​ណា​តូ និង រុស្ស៊ី ថែមទាំង​ត្រូវបាន​អធិប្បាយ​ថា​ជា «ភាព​សំខាន់​ជា​យុទ្ធសាស្ត្រ»។

    ទោះជា​យ៉ាងណាក៏ដោយ នៅក្នុង​អត្ថន័យ​យុទ្ធសាស្ត្រ​ថ្មី រុស្ស៊ី នឹងត្រូវ​បានឱ្យ​និយមន័យ​ថា​ជា «ការគំរាមកំហែង​ផ្ទាល់» ដែលមាន​លទ្ធភាព​វាយប្រហារ​គ្រប់​ប្រទេស​របស់ ណា​តូ។ អគ្គលេខាធិការ​របស់ ណា​តូ លោក Jens Stoltenberg ក៏បាន​ព្រមាន​ថា រុស្ស៊ី នឹងត្រូវ​បានចាត់ទុក​ថា​ជា «ការគំរាមកំហែង» នៅក្នុង​ឯកសារ​យុទ្ធសាស្ត្រ​ថ្មី។

    ចិន ដែលជា​ប្រទេស​មិន​ធ្លាប់​ត្រូវបាន​និយាយ​ដល់ ក៏​នឹងមាន​ឈ្មោះ​នៅក្នុង​ឯកសារ​ថ្មី​របស់ ណា​តូ។ ចិន នឹងត្រូវ​បានចាត់ទុក​ថា​ជា «ឧបសគ្គ​ភូមិសាស្ត្រ​មាន​លក្ខណៈ​ជា​ប្រព័ន្ធ» ចំពោះ ណា​តូ៕

  • អគ្គិភ័យ​ក្នុង​​ផ្សារ​​មួយ​ នៅ រាជធានី​បាងកក (ប្រទេស​ថៃ) បណ្ដាលឱ្យ​មនុស្ស​ស្លាប់ និង​របួស​ច្រើន​នាក់

    អគ្គិភ័យ​ក្នុង​​ផ្សារ​​មួយ​ នៅ រាជធានី​បាងកក (ប្រទេស​ថៃ) បណ្ដាលឱ្យ​មនុស្ស​ស្លាប់ និង​របួស​ច្រើន​នាក់

    កាលពី​ថ្ងៃទី ២២ មិថុនា ករណី​អគ្គិភ័យ​មួយ​បាន​កើតឡើង​នៅក្នុង​ផ្សារ​ក្បែរ​ទីប្រជុំជន​ចិន នៅ រាជធានី​បាងកក ប្រទេស​ថៃ បណ្ដាលឱ្យ​មនុស្ស ២ នាក់​បាត់​បង់ជីវិត និង ៩ នាក់​ផ្សេងទៀត​រងគ្រោះ​ដោយសារ​ផ្សែង។

    សារព័ត៌មាន​ក្នុងស្រុក​ឱ្យដឹងថា មូលហេតុ​នៃ​ករណី​អគ្គិភ័យ​នេះ កើតឡើង​ដោយសារ​ការផ្ទុះ​ម៉ាស៊ីន​បំប្លែង​អគ្គិសនី​នៅក្នុង​អគារ​កម្ពស់ ៣ ជាន់។ អណ្ដាតភ្លើង​បាន​ឆាបឆេះ​អគារ​នានា និង​បាន​បំផ្លាញ​រថយន្ត​អស់​ជាច្រើន​គ្រឿង។

    ជនរងគ្រោះ​ដែល​បាន​ស្លាប់​នៅក្នុង​ហេតុការណ៍​អគ្គិភ័យ​នេះ​រួមមាន ម្នាក់​មាន​សញ្ជាតិ​មី​យ៉ាន​ម៉ា និង​ម្នាក់ទៀត​ជា​ជនជាតិ​ថៃ។ ជនរងគ្រោះ​ទាំងពីរ​នាក់​នេះ សុទ្ធតែ​បានជា​ប់​នៅ​ខាងក្នុង​អគារ នៅពេល​អណ្ដាតភ្លើង​កំពុង​ឆាបឆេះ។ អ្នក​ដែល​ត្រូវ​ឈ្លក់ផ្សែង ភាគច្រើន​គឺជា​បុគ្គលិក​ពន្លត់​អគ្គិភ័យ។

    បច្ចុប្បន្ន អគ្គិភ័យ​នេះ​ត្រូវបាន​គ្រប់គ្រង​ទាំងស្រុង ចំណែក​សមត្ថកិច្ច​ក៏​កំពុង​ស្រាវជ្រាវ​លើ​ករណីនេះ៕

  • បាក់​អគារ​នៅ លី​បង់ បណ្ដាលឱ្យមាន​មនុស្ស​ស្លាប់ និង​រងរបួស​ច្រើន​នាក់

    បាក់​អគារ​នៅ លី​បង់ បណ្ដាលឱ្យមាន​មនុស្ស​ស្លាប់ និង​រងរបួស​ច្រើន​នាក់

    អគារ​កម្ពស់ ៣ ជាន់​មួយកន្លែង នៅក្នុង​ទីក្រុង Tripoli ភាគ​ខាងជើង​នៃ ប្រទេស​លី​បង់ បាន​បាក់​​ភ្លាមៗ កាលពី​ថ្ងៃទី ២៦ មិថុនា ធ្វើឱ្យ​ក្មេង​ម្នាក់​បាត់បង់​ជីវិត និង​មនុស្ស​ច្រើន​នាក់​ផ្សេងទៀត​រងរបួស។

    សារព័ត៌មាន​ក្នុងស្រុក​ឱ្យដឹងថា កម្លាំង​ជួយសង្គ្រោះ បាន​ទៅដល់​កន្លែងកើតហេតុ​ដើម្បី​ស្វែងរក​ជួយ​ជនរងគ្រោះ និង​ជម្លៀស​អ្នករងរបួស។

    នាយករដ្ឋមន្ត្រី​របស់ លី​បង់ លោក Najib Mikati ចេញ​បញ្ជា​ឱ្យ​បណ្ដា​មន្ទីរពេទ្យ​ក្នុង​តំបន់ ញាប់ដៃ​ញាប់ជើង​ជួយ​ព្យាបាល​ជង​រងគ្រោះ។

    បច្ចុប្បន្ន មូលហេតុ​ដែលនាំឱ្យ​កើតមាន​ហេតុការណ៍​ខាងលើ កំពុង​ត្រូវបាន​សមត្ថកិច្ច​ស៊ើបអង្កេត។

  • អ៊ុយ​ក្រែ​ន បោះបង់​គោលដៅ​ជំរុញ​ការ​ស្នើសុំ​ចូល​ជា​សមាជិក​ណា​តូ

    អ៊ុយ​ក្រែ​ន បោះបង់​គោលដៅ​ជំរុញ​ការ​ស្នើសុំ​ចូល​ជា​សមាជិក​ណា​តូ

    ទីប្រឹក្សា​របស់ ប្រធានាធិបតី ហ្សេ​ឡែ​ន​ស្គី អះអាងថា អ៊ុយ​ក្រែ​ន បាន​ទទួលយក​ការដែល​ថា ការចូល​ជា​សមាជិក​ណា​តូ លែង​ត្រូវបាន​រំលឹក​ទៀតហើយ និង​មិន​ធ្វើ​សកម្មភាព​អ្វី​ទាំងអស់​ទាក់ទិន​នឹង​ការ​សុំចូល​ជា​សមាជិក​សម្ព័ន្ធមិត្ត​យោធា​នេះ។

    ខាងលើនេះ​គឺជា​ការអះអាង​របស់លោក Igor Zhovkva ទីប្រឹក្សា​របស់ ប្រធានាធិបតី ហ្សេ​ឡែ​ន​ស្គី ដែល​បាន​ប្រាប់ Financial Times កាលពី​ម្សិលមិញ។ ប៉ុន្តែ ទីក្រុង​កៀវ ចង់ឱ្យមាន​ប្រកាស​មួយ​នៅក្នុង​គោលនយោបាយ​របស់ ណា​តូ។

    លោក Igor Zhovkva ឱ្យដឹងថា ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ចង់ឱ្យ ណា​តូ ទទួលស្គាល់ថា អ៊ុយ​ក្រែ​ន គឺជា «ផ្នែក​មួយ​នៃ​សន្តិសុខ​របស់ អឺរ៉ុប» និង​អះអាង​ជាថ្មី​អំពី​ទំនាក់​ទំនងជា​ដៃគូ​របស់​សម្ព័ន្ធមិត្ត​ដែល​ដឹកនាំ​ដោយ សហរដ្ឋ​អាម៉េរិក នេះ ជាមួយនឹង ទីក្រុង​កៀវ ដែល​ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ ១៩៩៧។

    ទោះជា​យ៉ាងណាក៏ដោយ បើ​យោងតាម​លោក Igor Zhovkva អ៊ុយ​ក្រែ​ន នឹងមិន​ជំរុញ​ដំណើរការ​សុំចូល​ជា​សមាជិក​របស់ ណា​តូ ទៀតឡើយ។

    អគ្គលេខាធិការ​របស់ ណា​តូ Jens Stoltenberg បញ្ជាក់ថា សម្ព័ន្ធមិត្ត​យោធា​ណា​តូ នៅតែ​បើកទ្វារ​សម្រាប់​ប​ណ្ដា​ប្រទេស​ដែលមាន​ចំណាប់អារម្មណ៍ ប៉ុន្តែ មិនបាន​សន្យាថា ទទួល ឬ​ច្រានចោល​សំណើ​របស់ អ៊ុយ​ក្រែ​ន ឡើយ នៅក្នុង​អនាគត​ដ៏​ខ្លី​ខាងមុខ។

  • រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី ៖ សហភាព​អឺរ៉ុប និង ណា​តូ កំពុង​បង្កើត​សម្ព័ន្ធមិត្ត​ថ្មី​សម្រាប់​សង្គ្រាម​ប្រឆាំង រុស្ស៊ី

    រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី ៖ សហភាព​អឺរ៉ុប និង ណា​តូ កំពុង​បង្កើត​សម្ព័ន្ធមិត្ត​ថ្មី​សម្រាប់​សង្គ្រាម​ប្រឆាំង រុស្ស៊ី

    សកម្មភាព​ទាំងឡាយ​របស់ សហភាព​អឺរ៉ុប (EU) និង ណា​តូ (NATO) មិន​ខុស​អ្វី​ទៅនឹង​ការបង្កើត «សម្ព័ន្ធមិត្ត​ថ្មី» ដើម្បី​ប្រឆាំង រុស្ស៊ី ឡើយ នេះ​បើតាម រដ្ឋមន្ត្រី​ក្រសួងការបរទេស​រុស្ស៊ី លោក Sergey Lavrov ដែល​បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​កាលពី​ថ្ងៃទី ២៤ មិថុនា។

    លោក Lavrov និយាយថា ទីក្រុង​មូ​ស្គូ មិន «ស្រមៃ» ថា «អារម្មណ៍​ប្រឆាំង រុស្ស៊ី» នៅ EU នឹង​ឆាប់​បាត់ទៅ​វិញ​ទេ។ រុស្ស៊ី នឹង​តាមដាន​រាល់ «ជំហាន​ជាក់ស្ដែង» របស់​សម្ព័ន្ធមិត្ត​នេះ និង​បណ្ដា​ប្រទេស​ដែលជា​បេក្ខភាព នេះ​ទំនងជា​ចង់​និយាយ​ដល់ អ៊ុយ​ក្រែ​ន ជា​ប្រទេស​ដែល​ទើបបាន​ក្លាយជា​បេក្ខភាព​សមាជិក​នៃ សហភាព​អឺរ៉ុប​កាលពី​ថ្ងៃទី ២៣ មិថុនា។

    «បច្ចុប្បន្ន EU និង NATO កំពុង​បង្កើត​សម្ព័ន្ធមិត្ត​ថ្មី​មួយទៀត​សម្រាប់​សង្គ្រាម​ប្រឆាំង រុស្ស៊ី» លោក Lovrov បញ្ជាក់​ដូច្នេះ។

    រដ្ឋមន្ត្រី​ក្រសួងការបរទេស​រុស្ស៊ី លោក Sergey Lavrov

    ការអធិប្បាយ​របស់ រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី ត្រូវបាន​លើកឡើង ១ ថ្ងៃ​ក្រោយពី​លោក​បាន​ហៅ​សំណើ​មួយ​ដែល​មានបំណង​ប្រមូលផ្ដុំ​សម្ព័ន្ធមិត្ត​ផ្លូវទឹក​អន្តរជាតិ ដើម្បី​ការពារ​កប៉ាល់​ដឹក​ធញ្ញជាតិ​របស់ អ៊ុយ​ក្រែ​ន ឆ្លងកាត់​សមុទ្រ​ខ្មៅ ថា ជាការ​ប្រឹងប្រែង​ដើម្បី​ធ្វើ​អន្តរាគមន៍​ទៅក្នុង​តំបន់ ក្រោម​ឆត្រ​របស់ អង្គការសហប្រជាជាតិ។ លោក Lavrov យល់ថា គម្រោង​ទាំងនេះ​មិនចាំបាច់​នោះទេ​នៅក្នុង​ការបង្ក​លក្ខណៈ​ងាយស្រួល​សម្រាប់​ការនាំចេញ​ធញ្ញជាតិ​របស់ អ៊ុយ​ក្រែ​ន និង​អះអាងថា ទីក្រុង​មូ​ស្គូ នឹង​ធានា​សន្តិសុខសម្រាប់​បណ្ដា​កប៉ាល់​ដែល​ឆ្លងកាត់​ច្រក​សមុទ្រ Bosphorus។

    កាលពី​ដើមខែ​នេះ រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី បាន​វាយតម្លៃថា ទីក្រុង​វ៉ា​ស៊ី​ង​តោន កំពុង​ស្វែងរក​វិធី​ប្រើប្រាស់​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន ដើម្បី​ដកហូត​ស្ថានភាព​ឯករាជ្យ​របស់ រុស្ស៊ី នៅលើ​ឆាក​អន្តរជាតិ និង​បង្ខំ​ឱ្យ ទីក្រុង​មូ​ស្គូ «លេងល្បែង​តាមច្បាប់​របស់ វ៉ា​ស៊ី​ង​តោន»។ លោក Lavrov ក៏បាន​ព្រមាន​ថា ការប្រឹងប្រែង​ទាំងនេះ​របស់ សហរដ្ឋ​អាម៉េរិក និង​សម្ព័ន្ធមិត្ត នឹងមិន​ទទួលបាន​ជោគជ័យ​ឡើយ៕

  • សេចក្ដីព្រាងច្បាប់​ហាម​បុរស​ចាក​ចេញពី អ៊ុយ​ក្រែ​ន ត្រូវបាន​បញ្ជូន​ឡើងដល់​សភា

    សេចក្ដីព្រាងច្បាប់​ហាម​បុរស​ចាក​ចេញពី អ៊ុយ​ក្រែ​ន ត្រូវបាន​បញ្ជូន​ឡើងដល់​សភា

    សេចក្ដីព្រាងច្បាប់​ដែល​ហាម​បុរស​គ្រប់​អាយុ​ចូល​បម្រើកងទ័ព​ចាក​ចេញពី អ៊ុយ​ក្រែ​ន ក្នុងពេល​អនុវត្ត​ច្បាប់អាជ្ញាសឹក ត្រូវបាន​បញ្ជូន​ឡើងទៅ​កាន់​សភា​អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃទី ២៤ មិថុនា ដើម្បី​ពិនិត្យ និង​អនុម័ត។

    រហូតមកដល់​ពេលនេះ លិខិតស្នាម​សម្រាប់​ចាក​ចេញពី ប្រទេស​អ៊ុយ​ក្រែ​ន នៅក្នុងពេល​អនុវត្ត​ច្បាប់អាជ្ញាសឹក ចំពោះ​បុរស​អាយុ​ពី ១៨ ដល់ ៦០ ឆ្នាំ សុទ្ធតែ​តម្រូវឱ្យមាន​ការយល់ព្រម​ពី​ប្រធានាធិបតី។

    យោងតាម​សេចក្ដីព្រាងច្បាប់​ថ្មី​នេះ ជនពិការ​អាច​ត្រូវបាន​អនុញ្ញាត​ឱ្យចូល​ប​ម្រើ​ក្នុង​ជួរ​កងទ័ព បើសិន​ពួកគេ​ស្ម័គ្រចិត្ត ប៉ុន្តែ​ពួកគេ​អាច​ចាក​ចេញពី​ប្រទេស​បាន។ ការកំណត់​ដូច្នេះ​គ្នា​នេះ​ក៏​នឹង​ត្រូវបាន​អនុវត្ត​ចំពោះ​ឪពុក​ដែល​មិនមាន​ភរិយា ឪពុក​ដែល​មានកូន​ច្រើន សិស្ស​កំពុង​សិក្សា និង​សិស្ស​ដែល​បានបញ្ចប់​ការសិក្សា​ផងដែរ។

    មុន​នោះ មាន​លិខិត​ស្នើសុំ​ជា​ផ្លូវការ​មួយ​ត្រូវបាន​ចុះផ្សាយ​នៅលើ​គេហទំព័រ​របស់​ប្រធានាធិបតី ដែល​អំពាវនាវ​ឱ្យ​ដក​បទបញ្ជា​ហាម​ចាក​ចេញពី​ប្រទេស​ចំពោះ​បុរស​ដែលមាន​អាយុ​ពី ១៨ ដល់ ៦០ ឆ្នាំ។ លិខិត​នេះ​ត្រូវបាន​ចុះហត្ថលេខា​ដោយ​មនុស្ស​ជាង ២៥,០០០ នាក់។ ប្រធានាធិបតី ហ្សេ​ឡែ​ន​ស្គី បញ្ជាក់ថា បទបញ្ជា​នេះ​នឹងត្រូវ​បាន​ដកហូត​មកវិញ​បន្ទាប់ពី​ការអនុវត្ត​ច្បាប់អាជ្ញាសឹក​ត្រូវបាន​បញ្ចប់។

    ច្បាប់អាជ្ញាសឹក​ត្រូវបាន​អនុវត្ត​នៅ អ៊ុយ​ក្រែ​ន ចាប់ពី​ថ្ងៃទី ២៤ កុម្ភៈ ២០២២។ វា​ត្រូវបាន​សភា​អ៊ុយ​ក្រែ​ន ពន្យារ​សុពលភាព ៩០ ថ្ងៃ​ម្ដង​រួចហើយ។ សភា​អ៊ុយ​ក្រែ​ន ក៏បាន​ពន្យារ​សុពលភាព​នៃ​បទបញ្ជា​កែន​ទ័ព​រហូតដល់​ថ្ងៃទី ២៣ សីហា ២០២២។