រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី ៖ សហភាព​អឺរ៉ុប និង ណា​តូ កំពុង​បង្កើត​សម្ព័ន្ធមិត្ត​ថ្មី​សម្រាប់​សង្គ្រាម​ប្រឆាំង រុស្ស៊ី

សកម្មភាព​ទាំងឡាយ​របស់ សហភាព​អឺរ៉ុប (EU) និង ណា​តូ (NATO) មិន​ខុស​អ្វី​ទៅនឹង​ការបង្កើត «សម្ព័ន្ធមិត្ត​ថ្មី» ដើម្បី​ប្រឆាំង រុស្ស៊ី ឡើយ នេះ​បើតាម រដ្ឋមន្ត្រី​ក្រសួងការបរទេស​រុស្ស៊ី លោក Sergey Lavrov ដែល​បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​កាលពី​ថ្ងៃទី ២៤ មិថុនា។

លោក Lavrov និយាយថា ទីក្រុង​មូ​ស្គូ មិន «ស្រមៃ» ថា «អារម្មណ៍​ប្រឆាំង រុស្ស៊ី» នៅ EU នឹង​ឆាប់​បាត់ទៅ​វិញ​ទេ។ រុស្ស៊ី នឹង​តាមដាន​រាល់ «ជំហាន​ជាក់ស្ដែង» របស់​សម្ព័ន្ធមិត្ត​នេះ និង​បណ្ដា​ប្រទេស​ដែលជា​បេក្ខភាព នេះ​ទំនងជា​ចង់​និយាយ​ដល់ អ៊ុយ​ក្រែ​ន ជា​ប្រទេស​ដែល​ទើបបាន​ក្លាយជា​បេក្ខភាព​សមាជិក​នៃ សហភាព​អឺរ៉ុប​កាលពី​ថ្ងៃទី ២៣ មិថុនា។

«បច្ចុប្បន្ន EU និង NATO កំពុង​បង្កើត​សម្ព័ន្ធមិត្ត​ថ្មី​មួយទៀត​សម្រាប់​សង្គ្រាម​ប្រឆាំង រុស្ស៊ី» លោក Lovrov បញ្ជាក់​ដូច្នេះ។

រដ្ឋមន្ត្រី​ក្រសួងការបរទេស​រុស្ស៊ី លោក Sergey Lavrov

ការអធិប្បាយ​របស់ រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី ត្រូវបាន​លើកឡើង ១ ថ្ងៃ​ក្រោយពី​លោក​បាន​ហៅ​សំណើ​មួយ​ដែល​មានបំណង​ប្រមូលផ្ដុំ​សម្ព័ន្ធមិត្ត​ផ្លូវទឹក​អន្តរជាតិ ដើម្បី​ការពារ​កប៉ាល់​ដឹក​ធញ្ញជាតិ​របស់ អ៊ុយ​ក្រែ​ន ឆ្លងកាត់​សមុទ្រ​ខ្មៅ ថា ជាការ​ប្រឹងប្រែង​ដើម្បី​ធ្វើ​អន្តរាគមន៍​ទៅក្នុង​តំបន់ ក្រោម​ឆត្រ​របស់ អង្គការសហប្រជាជាតិ។ លោក Lavrov យល់ថា គម្រោង​ទាំងនេះ​មិនចាំបាច់​នោះទេ​នៅក្នុង​ការបង្ក​លក្ខណៈ​ងាយស្រួល​សម្រាប់​ការនាំចេញ​ធញ្ញជាតិ​របស់ អ៊ុយ​ក្រែ​ន និង​អះអាងថា ទីក្រុង​មូ​ស្គូ នឹង​ធានា​សន្តិសុខសម្រាប់​បណ្ដា​កប៉ាល់​ដែល​ឆ្លងកាត់​ច្រក​សមុទ្រ Bosphorus។

កាលពី​ដើមខែ​នេះ រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី បាន​វាយតម្លៃថា ទីក្រុង​វ៉ា​ស៊ី​ង​តោន កំពុង​ស្វែងរក​វិធី​ប្រើប្រាស់​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន ដើម្បី​ដកហូត​ស្ថានភាព​ឯករាជ្យ​របស់ រុស្ស៊ី នៅលើ​ឆាក​អន្តរជាតិ និង​បង្ខំ​ឱ្យ ទីក្រុង​មូ​ស្គូ «លេងល្បែង​តាមច្បាប់​របស់ វ៉ា​ស៊ី​ង​តោន»។ លោក Lavrov ក៏បាន​ព្រមាន​ថា ការប្រឹងប្រែង​ទាំងនេះ​របស់ សហរដ្ឋ​អាម៉េរិក និង​សម្ព័ន្ធមិត្ត នឹងមិន​ទទួលបាន​ជោគជ័យ​ឡើយ៕

Advertisement