ក្រោយ​នាយិការដ្ឋមន្ត្រី Liz Truss ចុះ​ចេញ​ពី​តំណែង តើ​អង់គ្លេស​​ជ្រើស​រើស​មេដឹក​នាំ​ថ្មី​ដោយ​របៀប​ណា​?

នាយិការដ្ឋមន្ត្រីអង់គ្លេស លោកស្រី Liz Truss

បេក្ខភាព​ដែល​ចូល​រួម​ប្រកួត​ប្រជែង​ដើម្បី​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​ថ្មី​របស់ អង់គ្លេស នឹង​ត្រូវ​មាន​ការ​គាំទ្រ​​ពី​​តំណាង​រាស្ត្រ​គណបក្ស​អភិរក្ស​និយម​ យ៉ាង​តិច ១០០ រូប​ មុន​ពេល​បាន​ចូល​ទៅ​ដល់​ការ​បោះ​ឆ្នោត​។

នាយិកា​រដ្ឋមន្ត្រី​អង់គ្លេស​ លោក​ស្រី Liz Truss បាន​ប្រកាស​លាលែង​ពី​តំណែង​កាល​ពី​ថ្ងៃទី ២០ តុលា បន្ទាប់​ពី​ឡើង​កាន់​អំណាច​បាន​ ៤៤ ថ្ងៃ​ ក្នុង​គ្រាដែល​ត្រូវ​រង​សម្ពាធ​ធ្ងន់​។ លោក​ស្រី​ក្លាយ​ជា​មេដឹក​នាំ​របស់​ អង់គ្លេស ដែល​កាន់​តំណែង​នេះ​​រយៈ​ពេល​ខ្លី​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់ អង់គ្លេស​។

Graham Brady ប្រធាន​គណៈកម្មការ​ ១៩២២ បាន​ឱ្យ​ដឹង​ថា បក្សអភិរក្ស​និយម​ នឹង​​បង្ហើយ​​ការ​បោះ​ឆ្នោត​ជ្រើស​រើស​មេដឹក​នាំ​ថ្មី​ ហើយ​ក៏​ជា​នាយករដ្ឋមន្ត្រី​ថ្មី​របស់ អង់គ្លេស នៅ​ក្នុងសប្ដាហ៍​នេះ​។ គណៈកម្មការ​ ១៩២២ គឺជា​ស្ថាប័នដែល​គ្រប់​គ្រង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​មេដឹក​នាំ​របស់​ គណបក្ស​អភិរក្ស​និយម។

ដំណើរ​ការ​នៃ​ការ​ជ្រើស​តាំង​បេក្ខភាព​ ចាប់​ផ្ដើម​ពី​ថ្ងៃទី ២០ តុលា ក្នុង​នោះ បេក្ខភាព​នីមួយៗ​ត្រូវ​តែ​មាន​ការ​គាំទ្រ​ពី​តំណាង​រាស្ត្រ​បក្ស​អភិរក្ស​និយម​ យ៉ាង​តិច​ ១០០ រូប​។ ដោយ​សារ​គណបក្ស​នេះ​មាន​តំណាង​រាស្ត្រ​ ៣៥៧ រូប ដូច្នេះ​ បេក្ខភាព​យ៉ាង​ច្រើន​បំផុត​ត្រឹម​ ៣ រូប នឹង​ត្រូវ​បាន​ជ្រើស​រើស​ឱ្យ​ចូល​ដល់​វគ្គ​​បោះ​ឆ្នោត​​សម្រាប់​តំណែង​ប្រធាន​បក្ស​។

(រាប់ពីឆ្វេង-អតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ Rishi Sunak, រដ្ឋមន្ត្រីមន្ត្រីក្រសួងហិរញ្ញវត្ថុ Jeremy Hunt, អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិ Penny Mordaunt និង រដ្ឋមន្ត្រីក្រសួងការពារជាតិ Ben Wallance)

ក្នុង​ករណី​មាន​បេក្ខភាព​ ៣ រូប​ ក្រុម​តំណាង​រាស្ត្រ​បក្ស​អភិរក្ស​និយម នឹង​បោះ​ឆ្នោត​ដើម្បី​ជ្រើស​រើស ២ រូប​ដែល​មាន​លទ្ធផល​ខ្ពស់​បំផុត​នៅ​ថ្ងៃទី ២៤ តុលា​ខាងមុខ​។ សមាជិក​បក្ស​អភរក្ស​និយម​ ចំនួន ១៧០,០០០ នាក់ ក្រោយ​មក​នឹង​បោះ​ឆ្នោត​​ដោយ​ប្រយោល​រហូត​ដល់​ថ្ងៃទី ២៨ តុលា ដើម្បី​ជ្រើស​រើស​អ្នក​ជាប់​ឆ្នោត​ ហើយ​លទ្ធផល​ចុង​ក្រោយ​នឹង​ត្រូវ​បាន​ប្រកាស​នៅ​ក្នុង​ថ្ងៃ​ដដែល​នោះ​។

អតីតនាយករដ្ឋមន្ត្រី Boris Johnson

គណៈកម្មការ​គ្រប់​គ្រង​ការ​បោះ​ឆ្នោត​ខាងលើ បាន​លើក​ឡើង​នូវ​បុគ្គល​មួយ​ចំនួន​ដែល​មាន​សក្ដានុពល​សម្រាប់​តំណែង​នាយក​រដ្ឋមន្ត្រី​ថ្មី​របស់ អង់គ្លេស​ ក្នុង​នោះ​ក៏​មាន​ អតីត​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ Rishi Sunak, អតីត​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ Penny Mordaunt, រដ្ឋមន្ត្រី​មន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ Jeremy Hunt, រដ្ឋមន្ត្រី​ក្រសួង​​ការ​ពារ​ជាតិ Ben Wallance និង​ អតីត​នាយករដ្ឋមន្ត្រី​ Johnson ផងដែរ​៕

Advertisement