អគ្គិភ័យ​ក្នុង​​ផ្សារ​​មួយ​ នៅ រាជធានី​បាងកក (ប្រទេស​ថៃ) បណ្ដាលឱ្យ​មនុស្ស​ស្លាប់ និង​របួស​ច្រើន​នាក់

កាលពី​ថ្ងៃទី ២២ មិថុនា ករណី​អគ្គិភ័យ​មួយ​បាន​កើតឡើង​នៅក្នុង​ផ្សារ​ក្បែរ​ទីប្រជុំជន​ចិន នៅ រាជធានី​បាងកក ប្រទេស​ថៃ បណ្ដាលឱ្យ​មនុស្ស ២ នាក់​បាត់​បង់ជីវិត និង ៩ នាក់​ផ្សេងទៀត​រងគ្រោះ​ដោយសារ​ផ្សែង។

សារព័ត៌មាន​ក្នុងស្រុក​ឱ្យដឹងថា មូលហេតុ​នៃ​ករណី​អគ្គិភ័យ​នេះ កើតឡើង​ដោយសារ​ការផ្ទុះ​ម៉ាស៊ីន​បំប្លែង​អគ្គិសនី​នៅក្នុង​អគារ​កម្ពស់ ៣ ជាន់។ អណ្ដាតភ្លើង​បាន​ឆាបឆេះ​អគារ​នានា និង​បាន​បំផ្លាញ​រថយន្ត​អស់​ជាច្រើន​គ្រឿង។

ជនរងគ្រោះ​ដែល​បាន​ស្លាប់​នៅក្នុង​ហេតុការណ៍​អគ្គិភ័យ​នេះ​រួមមាន ម្នាក់​មាន​សញ្ជាតិ​មី​យ៉ាន​ម៉ា និង​ម្នាក់ទៀត​ជា​ជនជាតិ​ថៃ។ ជនរងគ្រោះ​ទាំងពីរ​នាក់​នេះ សុទ្ធតែ​បានជា​ប់​នៅ​ខាងក្នុង​អគារ នៅពេល​អណ្ដាតភ្លើង​កំពុង​ឆាបឆេះ។ អ្នក​ដែល​ត្រូវ​ឈ្លក់ផ្សែង ភាគច្រើន​គឺជា​បុគ្គលិក​ពន្លត់​អគ្គិភ័យ។

បច្ចុប្បន្ន អគ្គិភ័យ​នេះ​ត្រូវបាន​គ្រប់គ្រង​ទាំងស្រុង ចំណែក​សមត្ថកិច្ច​ក៏​កំពុង​ស្រាវជ្រាវ​លើ​ករណីនេះ៕

Advertisement