ណា​តូ អាច​នឹង​ដាក់​ពង្រាយ​​ក្រុម​ទាហាន​ទ្រង់ទ្រាយ​ធំ​បំផុត រាប់​ពី​សង្គ្រាមត្រជាក់

គ្រប់​អង្គភាព​នៃ​កងទ័ព​របស់​បស្ចិម​លោក អាច​នឹងត្រូវ​បានដាក់​ពង្រាយ​ទៅកាន់​តំបន់​ភាគ​ខាងកើត​របស់​សម្ព័ន្ធមិត្ត​ណា​តូ ដើម្បី​ទប់ទល់​នឹង កងកម្លាំង​របស់ រុស្ស៊ី។

សារព័ត៌មាន អេ​ស្ប៉ា​ញ El Pais ដកស្រង់​ប្រភពព័ត៌មាន​ច្បាស់​ការណ៍ បានចេញ​ផ្សាយ​ថា នៅក្នុង​កិច្ចប្រជុំ​កំពូល​របស់ ណា​តូ នៅ Madrid នាពេលខាងមុខ ក្រុម​មេដឹកនាំ​អាច​នឹងធ្វើ​ការសម្រេចចិត្ត​ក្នុងការ​បញ្ជូនទាហាន​រាប់ពាន់នាក់​ទៅកាន់​មាត់ច្រក​របស់ រុស្ស៊ី។ ណា​តូ ក៏​អាច​នឹង​កាត់ផ្ដាច់​រាល់​ទំនាក់ទំនង​ជាមួយ ទីក្រុង​មូ​ស្គូ ផងដែរ។

ក្រុម​ប្រទេស​ជា​សមាជិក​ណា​តូ បាន​ត្រៀមខ្លួន​រួចរាល់​ហើយ​ដើម្បី​ប្រែក្លាយ អឺរ៉ុប​ខាងកើត ឱ្យទៅជា​មូលដ្ឋានទ័ព ដែលមាន​ទាហាន​រាប់ពាន់នាក់ និង​អាវុធ​ទំនើប​គ្រប់​ប្រភេទ ក្នុង​គ្រា​ដែលមាន​ការបារម្ភ​អំពី​ការវាយប្រហារ​ពី​សំណាក់ រុស្ស៊ី។

សម្ព័ន្ធមិត្ត​ដែល​ដឹកនាំ​ដោយ សហរដ្ឋ​អាម៉េរិក នេះ «ចង់​ផ្ញើ​សារ​ថា ណា​តូ បាន​ត្រៀម​រួចហើយ​ដើម្បី​ប្រតិកម្ម​ទៅនឹង​រាល់​សកម្មភាព​បង្កហេតុ»។ នៅក្នុង​កិច្ចប្រជុំ​នោះ ណា​តូ នឹង​ជំរុញ​ការចំណាយ​ទៅលើ​វិស័យ​ការពារជាតិ និង​ថវិកា​រួម​របស់​សម្ព័ន្ធមិត្ត​នេះ។

«ការពិភាក្សា​សំខាន់​នៅ Madrid នឹងធ្វើ​ឡើង​រវាង​បណ្ដា​ប្រទេស​នៅ អឺរ៉ុប​ខាងកើត ជា​បណ្ដា​ប្រទេស​ដែល​ចង់​ប្រែក្លាយ​កងវរសេនាតូច (មាន​ទាហាន​ពី ៣០០ ដល់ ១,៥០០ នាក់) ឱ្យទៅជា​កងពលតូច (មាន​ទាហាន​ពី ៣,០០០ ទៅ ៥,០០០ នាក់) តាំង​វត្តមាន​យូរអង្វែង​នៅលើ​ទឹកដី​របស់​ពួកគេ។ ចំណែក សហរដ្ឋ​អាម៉េរិក ឬ អាល្លឺម៉ង់ គឺជា​ប្រទេស​ដែល​ចង់​រក្សា​យុទ្ធសាស្ត្រ​ពង្រាយ​ទ័ព​តាម​វេន ដើម្បី​បង្ការ​ករណី​វិបត្តិ​សង្គ្រាម និង​ជម្លោះ​ប្រដាប់អាវុធ» Jamie Shea អតីតមន្ត្រី​ជាន់ខ្ពស់​ម្នាក់​របស់ ណា​តូ ដែល​បច្ចុប្បន្ន​គឺជា​អ្នកគ្រប់គ្រង​មជ្ឈមណ្ឌល​ស្រាវជ្រាវ​សង្គ្រាម ប្រចាំ​សាកលវិទ្យាល័យ​ដា​ណឺ​ម៉ាក​ខាងត្បូង បាន​ថ្លែង​ដូច្នេះ។

សូម្បីតែ​នៅពេល ណា​តូ សម្រេចចិត្ត​មិន​ដាក់ពង្រាយ​ទ័ព​សរុប ប៉ុន្តែ បណ្ដា​ប្រទេស​នៅ អឺរ៉ុប​ខាងកើត ក៏​នៅតែ​អាចមាន​កងទ័ព​ច្រើនជាង​បច្ចុប្បន្ន​ទ្វេដង ដែល​ឈរជើង​ការពារ​តាម​បន្ទាត់​ព្រំដែន។ យោងតាម El Pais ក្រុម​ទាហាន​នៅ​មូលដ្ឋាន​ក្នុង ប្រទេស​ប៉ូឡូញ និង​បណ្ដា​ប្រទេស​នៅ​តំបន់ បាល់​ទិ​ក ដែល​បច្ចុប្បន្ន​មាន​ចំនួន​ពី ១,០០០ ទៅ ១,៦០០ នាក់ ក៏​នឹង​ត្រូវបាន​បង្កើន​ឡើង​ទ្វេដង ក៏ដូចជា ត្រូវបាន​បំពាក់អាវុធ​ទំនើប​ជាង​បច្ចុប្បន្ន។

ផែនទី​នៃ​បណ្ដា​ប្រទេស​ណាតូ និង​ ហ្វាំងឡង់ និង​ ស៊ុយអែត

ក៏ប៉ុន្តែ បើសិនជា អេ​ស្តូ​នី, ឡេ​តូ​នី និង លី​ទុយ​អា​នី ជំរុញ​សំណើ នោះ​ការបង្កើន​ចំនួន​ទាហាន​របស់ ណា​តូ នឹង​រួមមាន​គ្រប់​អង្គភាព និង​មាន​ទាហាន​សរុប ១៥,០០០ នាក់។

ណា​តូ បាន​បង្កើន​ទ្វេដង​នូវ​ចំនួន​ទាហាន​នៅក្នុង​បណ្ដា​ប្រទេស​ជា​សមាជិក​ដែលមាន​ព្រំដែន​ជាប់​នឹង អ៊ុយ​ក្រែ​ន រាប់​ចាប់ពី​ចុងខែ​កុម្ភៈ។ យាន​យោធា​នានា​នៅក្នុង​តំបន់​ខាងលើ ក្នុងនោះ​មាន​យន្តហោះ​ចម្បាំង ១៣០ គ្រឿង​ត្រូវបាន​ដាក់ឱ្យ​ស្ថិតក្នុង​ការប្រកាសអាសន្ន​កម្រិត​ខ្ពស់បំផុត ក្នុងពេលដែល​នាវាចម្បាំង ១៤០ គ្រឿង​ក៏​រក្សា​វត្ត​មាននៅ​ទីនោះ។ វត្តមាន​ទាហាន​អាម៉េរិក នៅ អឺរ៉ុប ក៏បាន​កើន​ពី ៧០,០០០ ទៅ ១០០,០០០ នាក់ ចាប់តាំងពី​ខែកុម្ភៈ។

ណា​តូ នឹង​ផ្លាស់ប្ដូរ​និយមន័យ​អំពី រុស្ស៊ី នៅពេល​ធ្វើ​បច្ចុប្បន្នភាព​អត្ថន័យ​យុទ្ធសាស្ត្រ។ មកដល់​បច្ចុប្បន្ន រុស្ស៊ី នៅតែ​ត្រូវបាន​ចាត់ទុកថា​ជា​ប្រទេសមួយ​ដែល «មិនមាន​ការគំរាមកំហែង​ណាមួយ» ចំពោះ ណា​តូ។ ជាង​នេះ ទំនាក់ទំនង​រវាង​ប្រទេស​ខ្លះ​នៅក្នុង​សម្ព័ន្ធមិត្ត​ណា​តូ និង រុស្ស៊ី ថែមទាំង​ត្រូវបាន​អធិប្បាយ​ថា​ជា «ភាព​សំខាន់​ជា​យុទ្ធសាស្ត្រ»។

ទោះជា​យ៉ាងណាក៏ដោយ នៅក្នុង​អត្ថន័យ​យុទ្ធសាស្ត្រ​ថ្មី រុស្ស៊ី នឹងត្រូវ​បានឱ្យ​និយមន័យ​ថា​ជា «ការគំរាមកំហែង​ផ្ទាល់» ដែលមាន​លទ្ធភាព​វាយប្រហារ​គ្រប់​ប្រទេស​របស់ ណា​តូ។ អគ្គលេខាធិការ​របស់ ណា​តូ លោក Jens Stoltenberg ក៏បាន​ព្រមាន​ថា រុស្ស៊ី នឹងត្រូវ​បានចាត់ទុក​ថា​ជា «ការគំរាមកំហែង» នៅក្នុង​ឯកសារ​យុទ្ធសាស្ត្រ​ថ្មី។

ចិន ដែលជា​ប្រទេស​មិន​ធ្លាប់​ត្រូវបាន​និយាយ​ដល់ ក៏​នឹងមាន​ឈ្មោះ​នៅក្នុង​ឯកសារ​ថ្មី​របស់ ណា​តូ។ ចិន នឹងត្រូវ​បានចាត់ទុក​ថា​ជា «ឧបសគ្គ​ភូមិសាស្ត្រ​មាន​លក្ខណៈ​ជា​ប្រព័ន្ធ» ចំពោះ ណា​តូ៕

Advertisement