Category: អន្តរជាតិ

  • ប្រធានាធិបតី​អាម៉េរិក ចេញបញ្ជា​ឱ្យ​បង្ហូត​ទង់​ជាតិ​ពាក់​កណ្ដាល​ដង ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន​

    ប្រធានាធិបតី​អាម៉េរិក ចេញបញ្ជា​ឱ្យ​បង្ហូត​ទង់​ជាតិ​ពាក់​កណ្ដាល​ដង ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន​

    ប្រធានាធិបតីសហរដ្ឋ​អាម៉េរិក​​ លោក​ ចូ បៃដិន បាន​ចេញបញ្ជា​ឱ្យ​បង្ហូត​ទង់​ជាតិ​ពាក់​កណ្ដាល​ដង​នៅ សេតវិមាន​ បណ្ដា​អគារ​រដ្ឋ តំបន់​សាធារណៈ និង​មូលដ្ឋាន​កងទ័ព​ រហូត​ដល់​ដំណាច់​ថ្ងៃ​ទី ១០ កក្កដា ដើម្បី​រំលឹក​ និង​គោរព​វិញ្ញាណក្ខន្ធ​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន លោក Shinzo Abe ដែលទើប​តែ​បាន​ទទួល​មរណភាព​​ក្នុងករណី​ឃាត​កម្ម​​កាលពី​ម្សិលមិញ​ (៨ កក្កដា)។

    នៅ​ក្នុង​ប្រកាស​កាលពី​ម្សិលមិញ លោក បៃដិន សង្កត់ធ្ងន់ថា លោក Abe គឺជា​មិត្ត​ស្មោះ​ស្ម័គ្រ​របស់​ សហរដ្ឋ​អាម៉េរិក និង​ធ្លាប់​ធ្វើ​ការ​ជាមួយ​​ប្រធានាធិបតី​ទាំង​ឡាយ​របស់​បក្ស​ទាំង​ពីរ​ ដើម្បី​ពង្រឹង​សម្ព័ន្ធ​ភាព​រវាង​ប្រទេស​ទាំង​ពីរ​ ក៏ដូចជា​ជំរុញ​ចក្ខុវិស័យ​ស្ដីពី​តំបន់ ឥណ្ឌូ-ប៉ាស៊ីហ្វិក​ ដែលប្រកប​ដោយ​​​សេរីភាព​ និង​បើក​ទូលាយ​។

    ប្រធានាធិបតី​ បៃដិន ក៏​បាន​ផ្ញើការ​ចូល​រួម​រំលែក​ទុក្ខ​ដល់គ្រួសារ​លោក Abe។ លោក បៃដិន យល់​ថា ការ​វាយប្រហារ​បែប​នេះ​មិន​​ត្រូវ​បាន​ទទួលយក​ជា​ដាច់​ខាត​ ហើយ​អំពើហិង្សា​ទាក់ទង​នឹង​គ្រឿង​ផ្ទុះ​តែង​តែ​បន្សល់​ទុក​ស្លាកស្នាម​យ៉ាង​ជ្រៅ​នៅក្នុង​សហគមន៍​ដែល​រង​ផលប៉ះពាល់​។

    លោក​ បៃ​ដិន ក៏​បាន​ឱ្យ​ដឹង​ថា នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​​ ស្ថានទូត​ជប៉ុន នៅ វ៉ាស៊ីងតោន ដើម្បី​ចុះហត្ថលេខា​លើ​បញ្ជី​ចូល​រួម​រំលែក​ទុក្ខ​ បន្ទាប់​ពី​ អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន លោក Abe បាន​ទទួល​មរណភាព​ដោយ​សារ​អំពើ​ឃាតកម្ម។ ប្រធានាធិបតី​សហរដ្ឋ​អាម៉េរិក បញ្ជាក់​ថា «ជប៉ុន គឺជា​សម្ព័ន្ធ​មិត្ត​ដ៏​រឹង​មាំ​» របស់ សហរដ្ឋ​អាម៉េរិក៕

  • សហរដ្ឋអាម៉េរិក ​ជញ្ជូន​​គ្រឿង​អាវុធ​តម្លៃ​​ ៤០០​ លាន​​ដុល្លារ ​ទៅ​​ឱ្យ​ ​អ៊ុយក្រែន

    សហរដ្ឋអាម៉េរិក ​ជញ្ជូន​​គ្រឿង​អាវុធ​តម្លៃ​​ ៤០០​ លាន​​ដុល្លារ ​ទៅ​​ឱ្យ​ ​អ៊ុយក្រែន

    មន្ត្រីការ​ពារជាតិ​មួយ​រូប​របស់ សហរដ្ឋ​អាម៉េរិក​ កាលពី​ថ្ងៃទី ៨ កក្កដា​ បាន​ឱ្យ​ដឹង​ថា សហរដ្ឋអាម៉េរិក នឹង​ដឹក​ជញ្ជូន​សម្ភារ​យោធា​ដែល​មាន​តម្លៃ​ ៤០០ លាន​ដុល្លារ​ ទៅ​ឱ្យ​ អ៊ុយក្រែន​។

    យោង​តាម​មន្ត្រី​ខាងលើ​ យោធូបករណ៍​ដែល​ អាម៉េរិក បញ្ជូន​ទៅ​ឱ្យ​ អ៊ុយក្រែន​ លើក​នេះ​​ រួម​មាន ប្រព័ន្ធ​មីស៊ីល​ទំនើប​ចំនួន ៤ ឈុត ដើម្បី​ជួយ​ឱ្យ​​ ទីក្រុង​កៀវ​ ការ​ពារ​ខ្លួន​នៅ​តំបន់​ Donbass ភាគ​ខាង​កើត​ប្រទេស​នេះ​។

    មុន​នោះ សហរដ្ឋ​អាម៉េរិក បាន​បញ្ជូន​ប្រព័ន្ធ​កាំជ្រួច​ប្រតិកម្ម​រហ័ស​ចំនួន ៨ ឈុត​ទៅ​ឱ្យ​ អ៊ុយក្រែន​ ហើយ​បច្ចុប្បន្ន ប្រព័ន្ធ​អាវុធ​ទាំង​នេះ​កំពុង​ត្រូវ​បាន​ប្រើប្រាស់​។ ជំនួយ​យោធា​ថ្មី​បំផុត​របស់​ សហរដ្ឋ​អាម៉េរិក នេះ ត្រូវ​បាន​ធ្វើឡើង​ក្នុង​គ្រាដែល រុស្ស៊ី ទើប​តែ​បាន​ប្រកាស​ថា បាន​គ្រប់​គ្រង​ខេត្ត Luhansk ទាំង​ស្រុង​ នៅ​ក្នុង​តំបន់ Donbass បើទោះ​ក្រុម​មន្ត្រី​របស់ អ៊ុយក្រែន យល់​ថា កង​ទ័ព​ប្រទេស​នេះ​នៅ​តែ​គ្រប់​គ្រង​មួយ​ភាគ​របស់​ខេត្ត​ Luhansk​ ចំណែក​ការ​ប្រយុទ្ធ​គ្នា​ក៏​កំពុង​កើត​ឡើង​នៅ​ទីនេះ​។

    នេះ​គឺជាកញ្ចប់​ជំនួយ​ជា​អាវុធ​ និង​ឧបករណ៍​យោធា​ទី ១៥ ដែល សហរដ្ឋ​អាម៉េរិក ផ្ដល់​ឱ្យ អ៊ុយក្រែន រាប់ចាប់​ពី​ខែ​សីហាឆ្នាំ​កន្លង​។ គិត​មក​ដល់​ពេល​នេះ សហរដ្ឋអាម៉េរិក បាន​ផ្ដល់​ជំនួយ​ដល់​ អ៊ុយក្រែន សរុប​ជា​ទឹក​ប្រាក់​ ៧.៣ ពាន់​លាន​ដុល្លារ​ ចាប់​តាំង​ពី​ រុស្ស៊ី បាន​បើក​យុទ្ធនាការ​យោធាពិសេស​កាលពី​ថ្ងៃទី ២៤ កុម្ភៈ៕

  • អតីត​មេបញ្ជាការ​កងទ័ព​ណាតូ ជំរុញ​ឱ្យ​ អ៊ុយក្រែន បាញ់​កម្ទេច​ស្ពានគ្រីមៀរបស់​ រុស្ស៊ី ដែល​វែង​ជាង​គេ​នៅ អឺរ៉ុប

    អតីត​មេបញ្ជាការ​កងទ័ព​ណាតូ ជំរុញ​ឱ្យ​ អ៊ុយក្រែន បាញ់​កម្ទេច​ស្ពានគ្រីមៀរបស់​ រុស្ស៊ី ដែល​វែង​ជាង​គេ​នៅ អឺរ៉ុប

    ឧត្តមសេនីយ៍ Philip Breedlove ដែល​ធ្លាប់​ជា​អគ្គមេបញ្ជាការ​កងទ័ព​ណាតូ ប្រចាំ អឺរ៉ុប ពី​ឆ្នាំ​ ២០១៣ ដល់ ២០១៦ បាន​ជំរុញ​ឱ្យ​ អ៊ុយក្រែន បាញ់​កម្ទេច​​ស្ពានគ្រីមៀ (Crimea) ឬ​ហៅ​ថា ស្ពាន Kerch និង​បាន​ហៅ​វា​ថា​ជា​ «គោល​ដៅ​ស្រប​ច្បាប់»។

    «ខ្ញុំ​មិន​ភ្ញាក់​ផ្អើល​ទេ​នៅ​ពេល​ រុស្ស៊ី បារម្ភ​អំពីស្ពាន Kerch។ វា​ពិត​ជា​មាន​សារសំខាន់​ខ្លាំង​ណាស់​សម្រាប់​ពួកគេ» អតីត​មេបញ្ជាការ​របស់​ណាតូ ឱ្យ​ដឹង​ដូច្នេះ​ និង​បាន​អះអា​ងថា «បច្ចុប្បន្ន លោក​ខាងលិច​បាន​ផ្ដល់មីស៊ីល Harpoon ​ឱ្យ អ៊ុយក្រែន​ (អាច​បាញ់​បាន​ចម្ងាយ​ជាង​ ៣០០ គីឡូម៉ែត្រ) ដូច្នេះ​ ខ្ញុំ​គិត​ថា រុស្ស៊ី មាន​មូលហេតុ​ដើម្បី​បារម្ភ​អំពី​ការ​ដែល​ អ៊ុយក្រែន​ វាយ​កម្ទេច​ស្ពាន​នេះ»។

    លោក Philip យល់​ថា «ខ្ញុំ​បាន​ឮមនុស្ស​ជា​ច្រើន​ដាក់​សំនួរ​ថា តើ​ អ៊ុយក្រែន មាន​សិទ្ធិ​ធ្វើសកម្មភាព​បង្ក​ហេតុ​ដូច្នេះ​ ឬអត់ ហើយ​តើ​លោក​ខាងលិច​គាំទ្រ​ការ​សម្រេច​ចិត្ត​នេះ​ ឬ​ទេ​ ប៉ុន្តែ ខ្ញុំ​មិន​យល់​សោះ​អំពី​ការ​អះអាង​នោះ​។ រុស្ស៊ី បាន​វាយប្រហារ​មិន​ត្រឹម​តែ​ពី​ក្នុង​ទឹក​ដី​របស់ អ៊ុយក្រែន នោះទេ តែ​ថែមទាំង​វាយ​ប្រហារ​ពី​ ទឹកដី​រុស្ស៊ី បេឡារូស គ្រីមៀ និង​ សមុទ្រ​ខ្មៅ ទៀត​ផង»។

    ក្រុមមន្ត្រី​នៅ គ្រីមៀ និង រុស្ស៊ី បាន​ព្រមាន​ជា​ច្រើនលើក​ចំពោះ​​សកម្មភាព​បង្ក​ហេតុ​ដែល​សំដៅ​លើ​ស្ពាន​នៅ គ្រីមៀ ដោយ​យល់​ថា ការ​កម្ទេច​ស្ពាន​នេះ​ មិនខុស​អ្វី​ទៅ​នឹង​អំពើ​ភេរវកម្ម។ វិមាន​ក្រឹមឡាំង បាន​អះអាង​ថា រាល់​វិធានការ​ចាំបាច់​នឹង​ត្រូវ​បាន​អនុវត្ត​ដើម្បី​ការ​ពារ​ស្ពាន​។

    ស្ពាន Kerch ត្រូវ​បាន​ដាក់​ឱ្យ​ប្រើប្រាស់​កាលពី​ខែ​ឧសភា ២០១៨ ហើយ​បាន​ក្លាយជា​សំណង់​ដែលសំខាន់​ចំពោះ​ការ​តភ្ជាប់​ ឧបទ្វីប​គ្រីមៀ ជាមួយ​នឹង​ទឹក​ដី​របស់ រុស្ស៊ី៕​

  • ជនសង្ស័យ​សារភាព​ប្រាប់​អំពី​មូលហេតុ​នៃការ​ធ្វើ​ឃាត​ អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Abe

    ជនសង្ស័យ​សារភាព​ប្រាប់​អំពី​មូលហេតុ​នៃការ​ធ្វើ​ឃាត​ អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Abe

    ជនសង្ស័យ Yamagami បាន​សារភាព​ថា មូលហេតុ​ដែល​នាំ​ឱ្យ​មាន​ការ​ធ្វើឃាត​លើលោក​ Abe ក៏ព្រោះ​តែ​យល់​ថា អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន មាន​ទំនាក់​ទំនង​ជាមួយ​អង្គការ​មួយ​ដែល​ជន​នេះ​ស្អប់ នេះ​បើ​តាម​អ្នក​នាំពាក្យ​ប៉ូលិស​ខេត្ត Nara។

    យោង​តាម​ប៉ូលិស ជនសង្ស័យ Yamagami Tetsuya អាយុ ៤១ ឆ្នាំ និង​ជា​អតីត​សមាជិក​កងកម្លាំង​ការ​ពារ​សមុទ្រ​ជប៉ុន បាន​និយាយ​ថា ការ​កំណត់​គោល​ដៅលើ​លោក Abe «មិន​មែន​ជា​រឿង​នយោបាយ​ឡើយ»។ សមត្ថកិច្ច​កំពុង​ស្រាវ​ជ្រាវ​ដើម្បី​បញ្ជាក់​ថា លោក​ Abe មាន​ទំនាក់​ទំនង​ជាមួយ​អង្គការ​ដែល​ជនសង្ស័យ​បាន​សារភាព​ដែរ​ ឬ​អត់ ប៉ុន្តែ មិន​បាន​បង្ហើប​ឱ្យ​ដឹង​អំពី​ឈ្មោះ​របស់​អង្គការ​នេះ​ទេ។

    អតីតនាយករដ្ឋមន្ត្រី​ជប៉ុន លោក Shinzo Abe វ័យ ៦៧ ឆ្នាំ​ ត្រូវ​បាន​ជនសង្ស័យ​បាញ់​ពី​ក្រោយ​នៅ​ពេល​លោក​កំពុង​ថ្លែង​ឃោសនា​រកសំឡេង​ឆ្នោត​នៅ​ក្នុង​ទីក្រុង​ Nara នៃ​ខេត្ត Nara។ នៅ​ពេល​បាញ់​ប្រហារ​ ជនសង្ស័យ​ Yamagami ស្ថិត​នៅ​ចម្ងាយ​ប្រហែល ៥ ម៉ែត្រ ពី​លោក Abe។

    លោក Abe ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​តាម​ឧទ្ធម្ភាគ​ចក្រ​ក្នុង​ស្ថានភាព​បាត់បង់ស្មារតី។ វេជ្ជបណ្ឌិត​ ២០ នាក់ បាន​ចូល​រួម​ជួយ​សង្គ្រោះ​លោក Abe ប៉ុន្តែ​មិន​អាច​ឃាត់​ឈាម​បាន​។ អតីតនាយក​រដ្ឋមន្ត្រី​ជប៉ុន ត្រូវ​បាន​ប្រកាស​ថា បាន​ទទួល​មរណភាព​ដោយ​សារ​បាត់​បង់​ឈាម​ច្រើន​ពេក​។

  • អតីត​នាយក​រដ្ឋមន្ត្រីជប៉ុន លោក​ Shinzo ​Abe ​ទទួល​មរណភាព​ហើយ!

    អតីត​នាយក​រដ្ឋមន្ត្រីជប៉ុន លោក​ Shinzo ​Abe ​ទទួល​មរណភាព​ហើយ!

    ទូរទស្សន៍​ជប៉ុន NHK បាន​​​ផ្សាយ​ថា អតីតនាយករដ្ឋមន្ត្រី​ Shinzo Abe ទទួល​មរណភាព​ហើយ នៅ​វេលាម៉ោង​ ១៧ និង ០៣ នាទី ថ្ងៃទី ៨ កក្កដា (ម៉ោង​ក្នុង​ស្រុក) បន្ទាប់​ពី​ការ​ប្រឹង​ប្រែង​ជួយ​សង្គ្រោះ​នៅ​ក្នុង​មន្ទីរពេទ្យ​ នេះ​បើ​តាម​មន្ត្រី​នៅ​មន្ទីរពេទ្យ​។

    «ក្រុម​មន្ត្រី​បក្ស​ប្រជាធិបតេយ្យ​សេរី (LDP) ដែល​កំពុង​កាន់​អំណាច​នៅ​ ជប៉ុន ថ្ងៃ​នេះ បាន​ឱ្យ​ដឹង​ថា អតីតនាយករដ្ឋមន្ត្រី​ Shinzo Abe បាន​ទទួល​មរណភាព​ក្នុង​វ័យ​ ៦៧ ឆ្នាំ នៅ​មន្ទីរពេទ្យ​ក្នុង​ទីក្រុង Kashihara ខេត្ត Nara ជាទីដែល​លោក​កំពុង​ទទួលការ​ព្យាបាល​» ក្រោយ​ពី​ត្រូវ​ខ្មាន់​កាំភ្លើង​បាញ់​ប្រហារ​ នេះ​បើ​តាម​ទូរទស្សន៍​ជប៉ុន NHK ផ្សាយ​នា​ថ្ងៃ​នេះ​។

    នេះ​គឺជា​ករណី​ធ្វើឃាត​​ដំបូង​លើ​​អតីតនាយករដ្ឋមន្ត្រី ឬ​នាយករដ្ឋមន្ត្រី​កំពុង​កាន់​អំណាច​របស់ ជប៉ុន រាប់ចាប់​ពី​សម័យ​យោធានិយម​កាលពី​ទសវត្សរ៍​ឆ្នាំ​ ១៩៣០​។

    អតីតនាយករដ្ឋមន្ត្រី​ជប៉ុន លោក Shinzo Abe ត្រូវ​បានបុរស​ជា​​ជនសង្ស័យ​ម្នាក់​បាញ់​ប្រហារ​​ដោយ​ប្រើប្រាស់កាំភ្លើង​កែច្នៃ​កាលពី​ព្រឹក​ថ្ងៃ​ទី ៨ កក្កដា​នេះ​ នៅ​ពេលលោកកំពុង​ថ្លែង​សុន្ទរកសំឡេង​ឆ្នោត​ជូន​សមាជិក​បក្ស​ប្រជាធិបតេយ្យ​សេរី (LDP) នៅ​ចំពោះ​មុខ​​ប្រជាពលរដ្ឋ​ជា​ច្រើន​សិប​នាក់​។

    យោងតាម​ប្រភពព័ត៌មាន​ពី តួ​ក្យូ នៅ​ថ្ងៃទី ៨ កក្កដា​នេះ Tetsuya Yamagami ដែលជា​ជនសង្ស័យ​ក្នុងករណី​ឃាតកម្ម​លើ អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន ​នៅ​ទីក្រុង Nara ភាគ​ខាងលិច​ប្រទេស​ជប៉ុន បាន​សារភាពថា ខ្លួន​ជា​មេគំនិត។

    ទូរទស្សន៍ NHK ដកស្រង់​ប្រភពព័ត៌មាន​ពី​ប៉ូលិស បានឱ្យដឹងថា ជនសង្ស័យ​បាន​សារភាពថា ខ្លួន​មិន​ពេញចិត្ត​នឹង អតីត​នាយករដ្ឋមន្ត្រី Abe និង​មានបំណង​ធ្វើឃាត​អ្នកនយោបាយ​នេះ។ សមត្ថកិច្ច​ប្រមូលបាន​កាំភ្លើង​មួយ​ដើម​នៅ​កន្លែងកើតហេតុ ដែល​ហាក់ជា​កាំភ្លើង​កែច្នៃ​ដោយ​ខ្លួនឯង។

    NHK ឱ្យដឹងថា ជនសង្ស័យ​ធ្លាប់​បម្រើការ​នៅក្នុង​ជួរ​កងទ័ព​ជប៉ុន ក្នុង​រយៈពេល ៣ ឆ្នាំ ហើយ​បច្ចុប្បន្ន​រស់នៅក្នុង​ទីក្រុង Nara។

  • ជនសង្ស័យ​ក្នុងករណី​ធ្វើឃាត​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន សារភាពថា «ខ្លួន​ជា​មេគំនិត»

    ជនសង្ស័យ​ក្នុងករណី​ធ្វើឃាត​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន សារភាពថា «ខ្លួន​ជា​មេគំនិត»

    យោងតាម​ប្រភពព័ត៌មាន​ពី តួ​ក្យូ នៅ​ថ្ងៃទី ៨ កក្កដា​នេះ Tetsuya Yamagami ដែលជា​ជនសង្ស័យ​ក្នុងករណី​ឃាតកម្ម​លើ អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន លោក Shinzo Abe ក្នុង​ថ្ងៃ​ដដែល​នៅ​ទីក្រុង Nara ភាគ​ខាងលិច​ប្រទេស​ជប៉ុន បាន​សារភាពថា ខ្លួន​ជា​មេគំនិត។

    ទូរទស្សន៍ NHK ដកស្រង់​ប្រភពព័ត៌មាន​ពី​ប៉ូលិស បានឱ្យដឹងថា ជនសង្ស័យ​បាន​សារភាពថា ខ្លួន​មិន​ពេញចិត្ត​នឹង អតីត​នាយករដ្ឋមន្ត្រី Abe និង​មានបំណង​ធ្វើឃាត​អ្នកនយោបាយ​នេះ។ សមត្ថកិច្ច​ប្រមូលបាន​កាំភ្លើង​មួយ​ដើម​នៅ​កន្លែងកើតហេតុ ដែល​ហាក់ជា​កាំភ្លើង​កែច្នៃ​ដោយ​ខ្លួនឯង។

    NHK ឱ្យដឹងថា ជនសង្ស័យ​ធ្លាប់​បម្រើការ​នៅក្នុង​ជួរ​កងទ័ព​ជប៉ុន ក្នុង​រយៈពេល ៣ ឆ្នាំ ហើយ​បច្ចុប្បន្ន​រស់នៅក្នុង​ទីក្រុង Nara។

    ជប៉ុន គឺជា​ប្រទេស​ដែល​គ្រប់គ្រង​យ៉ាង​តឹងរឹង​ទៅលើ​អាវុធជាតិផ្ទុះ។ ដូច្នេះ ករណី​បាញ់ប្រហារ​ដោយ​កាំភ្លើង ពិតជា​កម្រ​កើត​មាននៅ​ប្រទេស​នេះ។ យោងតាម​សៀវភៅ​សរ​បស់ ស្ថាប័ន​ប៉ូលិស​ជាតិ (NPA) ក្នុង​ឆ្នាំ ២០២០ ប្រទេស​នេះ​មានការ​ចាប់ខ្លួន​ចំនួន ២១ ករណី ទាក់ទិន​នឹង​ការប្រើប្រាស់​អាវុធ​ខុសច្បាប់ ក្នុងនោះ​មាន ១២ ករណី​ទាក់ទង​នឹង​ក្រុមសង្គមងងឹត។

    លោក Abe វ័យ ៦៧ ឆ្នាំ គឺជា​នាយករដ្ឋមន្ត្រី​ដែល​កាន់តំណែង​បានយូរ​ជាងគេ​នៅ ជប៉ុន។ លោក​បាន​ជាប់ឆ្នោត និង​កាន់តំណែង​នេះ​ជា​លើកដំបូង​កាលពី​ឆ្នាំ ២០០៦ ប៉ុន្តែ ត្រូវ​លាលែង​នៅ​ខែកញ្ញា ២០០៧ ដោយសារ​បញ្ហា​សុខភាព។ លោក Abe បន្ត​ឈរឈ្មោះ​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី និង​បាន​ជាប់ឆ្នោត កាន់តំណែង​នេះ​ជាថ្មី​ចាប់ពី​ឆ្នាំ ២០១២ រហូត​ដល់ពេល​លាលែង​ម្ដងទៀត​កាល​ខែសីហា ២០២០ ដោយសារ​ជំងឺ​ចាស់៕

    អង្គរក្ស​របស់​ លោក Abe កំពុង​ចាប់​ជនសង្ស័យ​
    វត្ថុតាង​ដែល​ប៉ូលិស​បាន​រកឃើញ​នៅកន្លែង​កើត​ហេតុ សង្ស័យ​ថា​ជា​កាំភ្លើង​កែច្នៃ​របស់​ជនសង្ស័យ
  • នាយករដ្ឋមន្ត្រី​ជប៉ុន ថា ស្ថានភាព​របស់លោក Abe «ធ្ងន់ធ្ងរ​ខ្លាំងណាស់»

    នាយករដ្ឋមន្ត្រី​ជប៉ុន ថា ស្ថានភាព​របស់លោក Abe «ធ្ងន់ធ្ងរ​ខ្លាំងណាស់»

    នាយករដ្ឋមន្ត្រី Kishida បានឱ្យដឹងថា ស្ថានភាព​របស់លោក Abe កំពុងមាន​សភាព​ធ្ងន់ធ្ងរ​ខ្លាំងណាស់ ក្រោយពី​ត្រូវគេ​លួច​ធ្វើឃាត ហើយ​ក្រុម​វេជ្ជបណ្ឌិត «កំពុង​ប្រយុទ្ធ» ដើម្បី​សង្គ្រោះ​ជីវិត​របស់គាត់។

    «វិធីសាស្ត្រ​សង្គ្រោះបន្ទាន់​ទាំងឡាយ​ត្រូវបាន​អនុវត្ត ក្រុម​វេជ្ជបណ្ឌិត​កំពុង​ប្រយុទ្ធ​ដើម្បី​ដណ្ដើម​ជីវិត​ជូន​គាត់» នាយករដ្ឋមន្ត្រី​ជប៉ុន លោក Fumio Kishida ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ក្នុង ទីក្រុង​តូ​ក្យូ នា​ថ្ងៃនេះ ស្ដីពី​បញ្ហា​ឃាតកម្ម​លើ​លោក Shinzo Abe ដែល​ត្រូវបាន​ខ្មាន់កាំភ្លើង​បាញ់ប្រហារ​នៅពេល​លោក​កំពុង​ឃោសនា​រក​សំឡេងឆ្នោត​នៅ​ទីក្រុង Nara ខេត្ត Nara ភាគ​ខាងលិច​ប្រទេស​ជប៉ុន។

    «ខ្ញុំ​ត្រូវបាន​គេ​រាយការណ៍​ថា ស្ថានភាព​របស់គាត់​ពិត​ជា​ធ្ងន់ធ្ងរ​ណាស់។ ខ្ញុំ​បួងសួង​សូមឱ្យ​អតីត​នាយករដ្ឋមន្ត្រី Abe រួច​ពី​គ្រោះថ្នាក់» លោក Kishida ថ្លែង​ដូច្នេះ និង​បន្ថែមថា សមត្ថកិច្ច​នឹង​អនុវត្ត​វិធានការ​សមស្រប​ដើម្បី​គ្រប់គ្រង​ស្ថានការណ៍ និង​បាន​សង្កត់ធ្ងន់ថា ករណី​ផ្ទុះអាវុធ​គឺជា «សកម្មភាព​ដែល​មិនអាច​អត់ឱន​ឡើយ»។

    មន្ត្រីជាន់ខ្ពស់​មួយរូប​របស់ បក្ស​ប្រជាធិបតេយ្យ​សេរី បានឱ្យដឹងថា លោក Abe កំពុង​ត្រូវបាន​បញ្ចូល​ឈាម ហើយ​ស្ថានភាព​របស់គាត់ «ពិតជា​គួរឱ្យ​បារម្ភ​ខ្លាំងណាស់»។

    យោងតាម​ភ្នាក់ងារ​សារព័ត៌មាន​របស់ Asahi Shimbun ជនសង្ស័យ​ឈរ​ចម្ងាយ​ប្រហែល ៥ ម៉ែត្រ ពី​លោក Abe និង​បាញ់ ២ គ្រាប់​សំដៅទៅ​គាត់។ ភ្លាមនោះ លោក Abe ក៏​ដួល​ទៅលើ​ដី ហើយ​ឈាម​ក៏​ហូរ​ចេញ​ពេញ​ដើមទ្រូង។

    លោក Abe ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​នៃ​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ Nara ដើម្បី​សង្គ្រោះបន្ទាន់។ លោក Abe បានដឹងខ្លួន​វិញ​នៅពេល​ដឹក​តាម​ឧទ្ធម្ភាគចក្រ ប៉ុន្តែ​ក្រោយមក​ក៏​សន្លប់​ទៀត នេះ​បើតាម​ប្រភពព័ត៌មាន​ជប៉ុន។

  • វិនាទី​ដែល​អង្គរក្ស​ផ្ដួល​ជនសង្ស័យ​ក្នុងករណី​ឃាតកម្ម​លើ​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន លោក Abe

    វិនាទី​ដែល​អង្គរក្ស​ផ្ដួល​ជនសង្ស័យ​ក្នុងករណី​ឃាតកម្ម​លើ​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន លោក Abe

    ក្រុម​អង្គរក្ស​លោត​ចូលចាប់​ខ្លួន Tetsuya Yamagami បន្ទាប់ពី​ជនសង្ស័យ​រូបនេះ​បាន​បាញ់ ២ គ្រាប់​សំដៅ​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន លោក Shinzo Abe កាលពី​ព្រឹក​មិញ។

    អង្គរក្ស ២ រូប​របស់ អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន លោក Abe បាន​ចាប់ជើង​ចាប់ដៃ​របស់ Tetsuya Yamagami បន្ទាប់ពី​ជនសង្ស័យ​វ័យ ៤១ ឆ្នាំ​រូបនេះ បាន​ដក​កាំភ្លើង​បាញ់ ២ គ្រាប់​សំដៅ​លោក Abe ដែល​កំពុង​ថ្លែង​សុន្ទរកថា នៅក្នុង​ទីក្រុង Nara ខេត្ត Nara ភាគ​ខាងលិច​ប្រទេស​ជប៉ុន នៅ​ព្រឹក​ថ្ងៃទី ៨ កក្កដា។

    Yamagami ត្រូវបាន​គេ​ជឿថា ប្រើប្រាស់​កាំភ្លើង​កែច្នៃ​ដោយ​ខ្លួនឯង បាន​ចូលទៅ​ក្បែរ​លោក Abe ក្នុង​ចម្ងាយ​ប្រហែល ១០ ម៉ែត្រ ប៉ុន្តែ ក្រុម​អង្គរក្ស​មិន​បានឃើញ​សកម្មភាព​គួរឱ្យ​សង្ស័យ​របស់​បុរស​នេះ​ទាន់ពេល​នោះទេ។ បន្ទាប់ពី Yamagami បាញ់​បាញ់ប្រហារ ២ គ្រាប់ ទើប​ក្រុម​អង្គរក្ស​ធ្វើ​សកម្មភាព។

    នៅ​ជុំវិញ​អតីត​នាយករដ្ឋមន្ត្រី Abe គឺជា​ក្រុម​អ្នកយកព័ត៌មាន និង​ក្រុម​អង្គរក្ស ចំណែក​ប្រជាជន​ប្រហែល ៣០ នាក់​ផ្សេងទៀត ឈរ​ឆ្ងាយ​ពី​លោក​តែ​ប៉ុន្មាន​ម៉ែត្រ​ប៉ុណ្ណោះ។

    លោក Abe ធ្វើដំណើរ​ទៅកាន់​ទីក្រុង Nara គឺ​ដើម្បី​ឃោសនា​រក​សំឡេងឆ្នោត​ឱ្យ​សមាជិក​បក្ស​ប្រជាធិបតេយ្យ​សេរី នៅមុន​ការបោះឆ្នោត​សភា​ជាន់ខ្ពស់​ដែល​គ្រោង​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី ១០ កក្កដា។ ក្រុម​អង្គរក្ស​របស់លោក Abe គឺជា​សមាជិក​នៃ​កងកម្លាំង​ប៉ូលិស​ការពារ​សន្តិសុខ នៃ នាយកដ្ឋាន​ប៉ូលិស​តូ​ក្យូ ដែលមាន​ជំនាញ​ការពារ​ថ្នាក់ដឹកនាំសំខាន់។

    នៅពេល​អតីត​នាយករដ្ឋមន្ត្រី​កំពុង​ថ្លែងការណ៍ ក៏​ស្រាប់​តែមាន​បុរស​ម្នាក់​ដើរមក​ពីក្រោយ នេះ​បើតាម​នារី​ម្នាក់​ដែលមាន​វត្ត​មាននៅ​កន្លែងកើតហេតុ។ នាង​បន្តថា «គ្រាប់​ដំបូង​ឮ​ដូចជា​សំឡេង​កាំភ្លើង​ជ័រ។ គ្រាប់​ទី​ពីរ​ច្បាស់​ជាង​មុន អាច​ឃើញ​ភ្លើង និង​ផ្សែង។ ក្រោយ​គ្រាប់កាំភ្លើង​ទី​ពីរបាន​ផ្ទុះ គ្រប់គ្នា​ចូលមក​មើល និង​ធ្វើ​ចលនា​បេះដូង​ឱ្យ​គាត់»។

    យោងតាម​ទូរទស្សន៍ Fuji ជនសង្ស័យ​គឺជា​អតីត​សមាជិក​កងកម្លាំង​ការពារ​ដែនសមុទ្រ​ជប៉ុន។ បច្ចុប្បន្ន គេ​មិនទាន់​ដឹង​ច្បាស់​អំពី​គោលបំណង​នៃ​ឃាតកម្ម​នេះ ក៏ដូចជា​ប្រភព​អាវុធ​ដែល​ជននេះ​បាន​ប្រើប្រាស់​នៅឡើយ។

    ប្រភពព័ត៌មាន​ខ្លះ​ថា លោក Abe បាន​ដួលសន្លប់ ប៉ុន្តែ បានដឹងខ្លួនខ្លះៗនៅពេល​កំពុង​ដឹក​តាម​ឧទ្ធម្ភាគចក្រ​ទៅកាន់​មន្ទីរពេទ្យ។ ក៏ប៉ុន្តែ ក្រុមមន្ត្រី​សុខាភិបាល​នៅ​មន្ទីរពេទ្យ​នោះ បាន​បដិសេធ​ការអធិប្បាយ​អំពី​ស្ថានភាព​របស់លោក។

    ប្រធាន​ទីស្ដីការគណៈរដ្ឋមន្ត្រី​ជប៉ុន Hirokazu Matsuno ថ្លែងថា «បើ​ទោះ​មូលហេតុ​ជា​អ្វី​ក៏ដោយ សកម្ម​ភាពឃោរឃៅ​ដូច្នេះ​មិនត្រូវ​លើកលែងទោស​ជាដាច់ខាត ហើយ​យើង​ថ្កោលទោស​យ៉ាងខ្លាំង​ក្លា​បំផុត»។

    លោក Abe វ័យ ៦៧ ឆ្នាំ គឺជា​នាយករដ្ឋមន្ត្រី​ដែល​កាន់តំណែង​បានយូរ​ជាងគេ​នៅ ជប៉ុន។ លោក​បាន​ជាប់ឆ្នោត និង​កាន់តំណែង​នេះ​ជា​លើកដំបូង​កាលពី​ឆ្នាំ ២០០៦ ប៉ុន្តែ ត្រូវ​លាលែង​នៅ​ខែកញ្ញា ២០០៧ ដោយសារ​បញ្ហា​សុខភាព។ លោក Abe បន្ត​ឈរឈ្មោះ​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី និង​បាន​ជាប់ឆ្នោត កាន់តំណែង​នេះ​ជាថ្មី​ចាប់ពី​ឆ្នាំ ២០១២ រហូត​ដល់ពេល​លាលែង​ម្ដងទៀត​កាល​ខែសីហា ២០២០ ដោយសារ​ជំងឺ​ចាស់៕

     

  • អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន Shinzo Abe «លែងមាន​សញ្ញា​នៃ​ជីវិត» បន្ទាប់ពី​ត្រូវគេ​ធ្វើឃាត

    អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន Shinzo Abe «លែងមាន​សញ្ញា​នៃ​ជីវិត» បន្ទាប់ពី​ត្រូវគេ​ធ្វើឃាត

    យោងតាម​ប្រភពព័ត៌មាន​ជាច្រើន អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន លោក Shinzo Abe មិនមាន​សញ្ញា​ដែល​បង្ហាញថា លោក​អាច​រួច​ពី​មរណភាព​ឡើយ បន្ទាប់ពី​ត្រូវគេ​បាញ់ប្រហារ។

    មុននេះ លោក Abe ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​សង្គ្រោះបន្ទាន់​ក្នុងស្ថានភាព​បាត់បង់​ស្មារតី ក្រោយពី​ត្រូវបាន​ខ្មាន់កាំភ្លើង​បាញ់ប្រហារ​នៅ​ព្រឹក​ថ្ងៃទី ៨ កក្កដា​នេះ ពេល​លោក​កំពុង​ថ្លែង​សុន្ទរកថា។

    ប៉ូលិស​បាន​ចាប់ខ្លួន​បរុស​ជា​ជនសង្ស័យ​ម្នាក់​ដែលមាន​អាយុ​ខ្ទង់​ជាង ៤០ ឆ្នាំ និង​ប្រមូលបាន​កាំភ្លើង​មួយ​ដើម​នៅ​កន្លែងកើតហេតុ។

    ប្រធាន​ទីស្ដីការគណៈរដ្ឋមន្ត្រី​ជប៉ុន ប្រកាសថា នឹង​កោះប្រជុំ​បន្ទាន់​នៅ​ម៉ោង​ប្រហែល ១១ ព្រឹក (ម៉ោង​នៅ កម្ពុជា) នៃ​ថ្ងៃទី ៨ កក្កដា។

    លោក Abe វ័យ ៦៧ ឆ្នាំ គឺជា​នាយករដ្ឋមន្ត្រី​ដែល​កាន់តំណែង​បានយូរ​ជាងគេ​នៅ ជប៉ុន។ លោក​បាន​ជាប់ឆ្នោត និង​កាន់តំណែង​នេះ​ជា​លើកដំបូង​កាលពី​ឆ្នាំ ២០០៦ ប៉ុន្តែ ត្រូវ​លាលែង​នៅ​ខែកញ្ញា ២០០៧ ដោយសារ​បញ្ហា​សុខភាព។ លោក Abe បន្ត​ឈរឈ្មោះ​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី និង​បាន​ជាប់ឆ្នោត កាន់តំណែង​នេះ​ជាថ្មី​ចាប់ពី​ឆ្នាំ ២០១២ រហូត​ដល់ពេល​លាលែង​ម្ដងទៀត​កាល​ខែសីហា ២០២០ ដោយសារ​ជំងឺ​ចាស់៕

    >អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន ត្រូវបាន​បាញ់​ចំ​ដើមទ្រូង

  • អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន ត្រូវបាន​​ខ្មាន់​កាំភ្លើង​បាញ់​ចំ​ដើមទ្រូង

    អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន ត្រូវបាន​​ខ្មាន់​កាំភ្លើង​បាញ់​ចំ​ដើមទ្រូង

    អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន លោក Shinzo Abe ត្រូវ​ខ្មាន់កាំភ្លើង​បាញ់​ចំ​ដើមទ្រូង នេះ​បើតាម​ការផ្សាយ​របស់ NHK ខណៈដែល Reuters រាយការណ៍​ថា លោក​ត្រូវបាន​បាញ់​ចំក។

    អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន លោក Shinzo Abe អាយុ ៦៧ ឆ្នាំ ដែល​កំពុង​ថ្លែងការណ៍​នៅឯ​ទីក្រុង Nara ភាគ​ខាងលិច​ប្រទេស​នេះ កាលពី​វេលា​ម៉ោង ១១ និង ៣០នាទី (ម៉ោង ៩ កន្លះ​នៅ ភ្នំពេញ) ក៏​ស្រាប់តែ​ត្រូវបាន​បុរស​ម្នាក់​បាញ់ប្រហារ​ពីក្រោយ។ ជនសង្ស័យ​ដែលមាន​អាយុ​ប្រហែល​ជាង ៤០ ឆ្នាំ ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន។

    ទូរទស្សន៍ NHK បាន​រាយការណ៍​ថា លោក Abe ត្រូវ​រងរបួស បន្ទាប់ពី​ត្រូវ​គ្រាប់កាំភ្លើង​ចំ​ដើមទ្រូង និង​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​នៅក្បែរនោះ។ ចំណែក Reuters របស់ អង់គ្លេស វិញ បាន​ផ្សាយ​ថា លោក Abe ត្រូវ​គ្រាប់កាំភ្លើង​ចំក និង​បាន​សន្លប់​បាត់ស្មារតី។

    លោក Abe កំពុង​ថ្លែងការណ៍​ មុន​ពេល​ត្រូវ​ខ្មាន់​កាំភ្លើង​បាញ់ប្រហារ

    «ការិយាល័យ​ពន្លត់​អគ្គិភ័យ​ក្នុង​តំបន់​បានឱ្យដឹងថា អតីត​នាយករដ្ឋមន្ត្រី Abe ហាក់​ស្ថិតក្នុង​ស្ថានភាព​គាំងបេះដូង» ទូរទស្សន៍ NHK ផ្សាយ​ដូច្នេះ ដែល​និយាយ​អំពី​ពាក្យ​ដែល​ត្រូវបាន​គេ​ប្រើប្រាស់​នៅ ជប៉ុន សំដៅលើ​មនុស្ស​ដែលមាន​ហានិភ័យ​ត្រូវ​បាត់បង់​ជីវិត មុនពេល​គ្រូពេទ្យ​បញ្ជាក់។

    មនុស្ស​ប្រហែល ៣០ នាក់ កំពុង​មាន​វត្តមាន​នៅ​ក្នុង​ពេល​លោក​ Abe កំពុង​ថ្លែង​ការណ៍​ គ្រាដែល​ហេតុការណ៍​ ​កើត​ឡើង​។