ជនសង្ស័យ​ក្នុងករណី​ធ្វើឃាត​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន សារភាពថា «ខ្លួន​ជា​មេគំនិត»

យោងតាម​ប្រភពព័ត៌មាន​ពី តួ​ក្យូ នៅ​ថ្ងៃទី ៨ កក្កដា​នេះ Tetsuya Yamagami ដែលជា​ជនសង្ស័យ​ក្នុងករណី​ឃាតកម្ម​លើ អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន លោក Shinzo Abe ក្នុង​ថ្ងៃ​ដដែល​នៅ​ទីក្រុង Nara ភាគ​ខាងលិច​ប្រទេស​ជប៉ុន បាន​សារភាពថា ខ្លួន​ជា​មេគំនិត។

ទូរទស្សន៍ NHK ដកស្រង់​ប្រភពព័ត៌មាន​ពី​ប៉ូលិស បានឱ្យដឹងថា ជនសង្ស័យ​បាន​សារភាពថា ខ្លួន​មិន​ពេញចិត្ត​នឹង អតីត​នាយករដ្ឋមន្ត្រី Abe និង​មានបំណង​ធ្វើឃាត​អ្នកនយោបាយ​នេះ។ សមត្ថកិច្ច​ប្រមូលបាន​កាំភ្លើង​មួយ​ដើម​នៅ​កន្លែងកើតហេតុ ដែល​ហាក់ជា​កាំភ្លើង​កែច្នៃ​ដោយ​ខ្លួនឯង។

NHK ឱ្យដឹងថា ជនសង្ស័យ​ធ្លាប់​បម្រើការ​នៅក្នុង​ជួរ​កងទ័ព​ជប៉ុន ក្នុង​រយៈពេល ៣ ឆ្នាំ ហើយ​បច្ចុប្បន្ន​រស់នៅក្នុង​ទីក្រុង Nara។

ជប៉ុន គឺជា​ប្រទេស​ដែល​គ្រប់គ្រង​យ៉ាង​តឹងរឹង​ទៅលើ​អាវុធជាតិផ្ទុះ។ ដូច្នេះ ករណី​បាញ់ប្រហារ​ដោយ​កាំភ្លើង ពិតជា​កម្រ​កើត​មាននៅ​ប្រទេស​នេះ។ យោងតាម​សៀវភៅ​សរ​បស់ ស្ថាប័ន​ប៉ូលិស​ជាតិ (NPA) ក្នុង​ឆ្នាំ ២០២០ ប្រទេស​នេះ​មានការ​ចាប់ខ្លួន​ចំនួន ២១ ករណី ទាក់ទិន​នឹង​ការប្រើប្រាស់​អាវុធ​ខុសច្បាប់ ក្នុងនោះ​មាន ១២ ករណី​ទាក់ទង​នឹង​ក្រុមសង្គមងងឹត។

លោក Abe វ័យ ៦៧ ឆ្នាំ គឺជា​នាយករដ្ឋមន្ត្រី​ដែល​កាន់តំណែង​បានយូរ​ជាងគេ​នៅ ជប៉ុន។ លោក​បាន​ជាប់ឆ្នោត និង​កាន់តំណែង​នេះ​ជា​លើកដំបូង​កាលពី​ឆ្នាំ ២០០៦ ប៉ុន្តែ ត្រូវ​លាលែង​នៅ​ខែកញ្ញា ២០០៧ ដោយសារ​បញ្ហា​សុខភាព។ លោក Abe បន្ត​ឈរឈ្មោះ​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី និង​បាន​ជាប់ឆ្នោត កាន់តំណែង​នេះ​ជាថ្មី​ចាប់ពី​ឆ្នាំ ២០១២ រហូត​ដល់ពេល​លាលែង​ម្ដងទៀត​កាល​ខែសីហា ២០២០ ដោយសារ​ជំងឺ​ចាស់៕

អង្គរក្ស​របស់​ លោក Abe កំពុង​ចាប់​ជនសង្ស័យ​

វត្ថុតាង​ដែល​ប៉ូលិស​បាន​រកឃើញ​នៅកន្លែង​កើត​ហេតុ សង្ស័យ​ថា​ជា​កាំភ្លើង​កែច្នៃ​របស់​ជនសង្ស័យ
Advertisement