ជនសង្ស័យ​សារភាព​ប្រាប់​អំពី​មូលហេតុ​នៃការ​ធ្វើ​ឃាត​ អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Abe

ជនសង្ស័យ Yamagami បាន​សារភាព​ថា មូលហេតុ​ដែល​នាំ​ឱ្យ​មាន​ការ​ធ្វើឃាត​លើលោក​ Abe ក៏ព្រោះ​តែ​យល់​ថា អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន មាន​ទំនាក់​ទំនង​ជាមួយ​អង្គការ​មួយ​ដែល​ជន​នេះ​ស្អប់ នេះ​បើ​តាម​អ្នក​នាំពាក្យ​ប៉ូលិស​ខេត្ត Nara។

យោង​តាម​ប៉ូលិស ជនសង្ស័យ Yamagami Tetsuya អាយុ ៤១ ឆ្នាំ និង​ជា​អតីត​សមាជិក​កងកម្លាំង​ការ​ពារ​សមុទ្រ​ជប៉ុន បាន​និយាយ​ថា ការ​កំណត់​គោល​ដៅលើ​លោក Abe «មិន​មែន​ជា​រឿង​នយោបាយ​ឡើយ»។ សមត្ថកិច្ច​កំពុង​ស្រាវ​ជ្រាវ​ដើម្បី​បញ្ជាក់​ថា លោក​ Abe មាន​ទំនាក់​ទំនង​ជាមួយ​អង្គការ​ដែល​ជនសង្ស័យ​បាន​សារភាព​ដែរ​ ឬ​អត់ ប៉ុន្តែ មិន​បាន​បង្ហើប​ឱ្យ​ដឹង​អំពី​ឈ្មោះ​របស់​អង្គការ​នេះ​ទេ។

អតីតនាយករដ្ឋមន្ត្រី​ជប៉ុន លោក Shinzo Abe វ័យ ៦៧ ឆ្នាំ​ ត្រូវ​បាន​ជនសង្ស័យ​បាញ់​ពី​ក្រោយ​នៅ​ពេល​លោក​កំពុង​ថ្លែង​ឃោសនា​រកសំឡេង​ឆ្នោត​នៅ​ក្នុង​ទីក្រុង​ Nara នៃ​ខេត្ត Nara។ នៅ​ពេល​បាញ់​ប្រហារ​ ជនសង្ស័យ​ Yamagami ស្ថិត​នៅ​ចម្ងាយ​ប្រហែល ៥ ម៉ែត្រ ពី​លោក Abe។

លោក Abe ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​តាម​ឧទ្ធម្ភាគ​ចក្រ​ក្នុង​ស្ថានភាព​បាត់បង់ស្មារតី។ វេជ្ជបណ្ឌិត​ ២០ នាក់ បាន​ចូល​រួម​ជួយ​សង្គ្រោះ​លោក Abe ប៉ុន្តែ​មិន​អាច​ឃាត់​ឈាម​បាន​។ អតីតនាយក​រដ្ឋមន្ត្រី​ជប៉ុន ត្រូវ​បាន​ប្រកាស​ថា បាន​ទទួល​មរណភាព​ដោយ​សារ​បាត់​បង់​ឈាម​ច្រើន​ពេក​។

Advertisement