សហរដ្ឋអាម៉េរិក ​ជញ្ជូន​​គ្រឿង​អាវុធ​តម្លៃ​​ ៤០០​ លាន​​ដុល្លារ ​ទៅ​​ឱ្យ​ ​អ៊ុយក្រែន

ក្រុម​ទាហាន​អ៊ុយក្រែន និង​ឈុត​មីស៊ីល​ដែលជា​ជំនួយ​របស់ អាម៉េរិក

មន្ត្រីការ​ពារជាតិ​មួយ​រូប​របស់ សហរដ្ឋ​អាម៉េរិក​ កាលពី​ថ្ងៃទី ៨ កក្កដា​ បាន​ឱ្យ​ដឹង​ថា សហរដ្ឋអាម៉េរិក នឹង​ដឹក​ជញ្ជូន​សម្ភារ​យោធា​ដែល​មាន​តម្លៃ​ ៤០០ លាន​ដុល្លារ​ ទៅ​ឱ្យ​ អ៊ុយក្រែន​។

យោង​តាម​មន្ត្រី​ខាងលើ​ យោធូបករណ៍​ដែល​ អាម៉េរិក បញ្ជូន​ទៅ​ឱ្យ​ អ៊ុយក្រែន​ លើក​នេះ​​ រួម​មាន ប្រព័ន្ធ​មីស៊ីល​ទំនើប​ចំនួន ៤ ឈុត ដើម្បី​ជួយ​ឱ្យ​​ ទីក្រុង​កៀវ​ ការ​ពារ​ខ្លួន​នៅ​តំបន់​ Donbass ភាគ​ខាង​កើត​ប្រទេស​នេះ​។

មុន​នោះ សហរដ្ឋ​អាម៉េរិក បាន​បញ្ជូន​ប្រព័ន្ធ​កាំជ្រួច​ប្រតិកម្ម​រហ័ស​ចំនួន ៨ ឈុត​ទៅ​ឱ្យ​ អ៊ុយក្រែន​ ហើយ​បច្ចុប្បន្ន ប្រព័ន្ធ​អាវុធ​ទាំង​នេះ​កំពុង​ត្រូវ​បាន​ប្រើប្រាស់​។ ជំនួយ​យោធា​ថ្មី​បំផុត​របស់​ សហរដ្ឋ​អាម៉េរិក នេះ ត្រូវ​បាន​ធ្វើឡើង​ក្នុង​គ្រាដែល រុស្ស៊ី ទើប​តែ​បាន​ប្រកាស​ថា បាន​គ្រប់​គ្រង​ខេត្ត Luhansk ទាំង​ស្រុង​ នៅ​ក្នុង​តំបន់ Donbass បើទោះ​ក្រុម​មន្ត្រី​របស់ អ៊ុយក្រែន យល់​ថា កង​ទ័ព​ប្រទេស​នេះ​នៅ​តែ​គ្រប់​គ្រង​មួយ​ភាគ​របស់​ខេត្ត​ Luhansk​ ចំណែក​ការ​ប្រយុទ្ធ​គ្នា​ក៏​កំពុង​កើត​ឡើង​នៅ​ទីនេះ​។

នេះ​គឺជាកញ្ចប់​ជំនួយ​ជា​អាវុធ​ និង​ឧបករណ៍​យោធា​ទី ១៥ ដែល សហរដ្ឋ​អាម៉េរិក ផ្ដល់​ឱ្យ អ៊ុយក្រែន រាប់ចាប់​ពី​ខែ​សីហាឆ្នាំ​កន្លង​។ គិត​មក​ដល់​ពេល​នេះ សហរដ្ឋអាម៉េរិក បាន​ផ្ដល់​ជំនួយ​ដល់​ អ៊ុយក្រែន សរុប​ជា​ទឹក​ប្រាក់​ ៧.៣ ពាន់​លាន​ដុល្លារ​ ចាប់​តាំង​ពី​ រុស្ស៊ី បាន​បើក​យុទ្ធនាការ​យោធាពិសេស​កាលពី​ថ្ងៃទី ២៤ កុម្ភៈ៕

Advertisement