Author: សឿន សំណាង

  • អាម៉េរិក​ផ្ដល់​បន្ថែម​​​មី​ស៊ី​ល «មាន​ប្រសិទ្ធភាព 100%» ឱ្យ​អ៊ុយ​ក្រែ​ន

    អាម៉េរិក​ផ្ដល់​បន្ថែម​​​មី​ស៊ី​ល «មាន​ប្រសិទ្ធភាព 100%» ឱ្យ​អ៊ុយ​ក្រែ​ន

    សហរដ្ឋ​អាម៉េរិក​ប្រកាស​អំពី​ការផ្ដល់​បន្ថែម​ប្រព័ន្ធ​ការពារ​ដែនអាកាស NASAMS ដែល​ពួកគេ​អះអាងថា «វាយ​ស្ទា​ក់បាន​ជោគជ័យ 100%» ប្រឆាំងនឹង​មី​ស៊ី​ល​រុស្ស៊ី ទៅឱ្យ​អ៊ុយ​ក្រែ​ន នៅក្នុង​កញ្ចប់​ជំនួយ​ថ្មី។

    មន្ទីរ​បញ្ច​កោណ កាលពី​ថ្ងៃទី 19 កក្កដា បានប្រកាស​អំពី​កញ្ចប់​ជំនួយ​ផ្នែក​យោធា​ថ្មី តម្លៃ 1.3 ពាន់​លាន​ដុល្លារ ហើយ​ថា នេះ​គឺជា​មួយផ្នែក​នៃ​កិច្ចប្រឹងប្រែង​របស់​អាម៉េរិក ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​បន្ទាន់​របស់​ទីក្រុង​កៀវ ដោយ​ការ​សន្យាថា កសាង​សមត្ថភាពសំខាន់ៗនៅក្នុង​រយៈពេល​ខ្លី ទន្ទឹមនឹង​ការបង្កើន​សមត្ថភាព​យូរអង្វែង​ដល់​កងទ័ព​អ៊ុយ​ក្រែ​ន។

    អាវុធ​ដែល​លេចធ្លោ​ជាងគេ​នៅក្នុង​កញ្ចប់​ជំនួយ​ថ្មី​នេះ គឺប្រព័ន្ធ​មី​ស៊ី​ល​ការពារ​ដែនអាកាស​ទំនើ​ប NASAMS រួម​នឹង​គ្រាប់​មី​ស៊ី​ល។ ការផ្ដល់​អាវុធ​លើក​នេះ ធ្វើឱ្យ​ចំនួន​ប្រព័ន្ធ​មី​ស៊ី​ល NASAMS ដែល​អាម៉េរិក​ផ្ដល់ឱ្យ​អ៊ុយ​ក្រែ​ន ​កើន​ឡើងដល់ 12 ប្រព័ន្ធ។

    រដ្ឋមន្ត្រី​ការពារជាតិ​អាម៉េរិក Lloyd Austin កាលពី​ខែវិច្ឆិកា 2022 បានប្រកាសថា ប្រព័ន្ធ​មី​ស៊ី​ល NASAMS «សម្រេចបាន​អត្រា​ជោគជ័យ 100% នៅក្នុង​ការ​ស្ទាក់​វាយ​មី​ស៊ីល​រុស្ស៊ី»។ នេះ​គឺជា​ប្រព័ន្ធ​ការពារ​ដែនអាកាស​អចល័ត​តែមួយ​ប្រភេទ​គត់​ដែល​ត្រូវបាន​ដាក់ពង្រាយ​នៅលើ​ទឹកដី​អាម៉េរិក ដើម្បី​ការពារ​រដ្ឋធានី​វ៉ា​ស៊ី​ង​តោន និង​បណ្ដា​តំបន់សំខាន់ៗរបស់​ប្រទេស​នេះ។

    កញ្ចប់​ជំនួយ​ខាងលើនេះ​ក៏បាន​ធ្វើឱ្យ​ជំនួយ​សរុប​នៅក្នុង​ផ្នែក​យោធា​ដែល​អាម៉េរិក​បាន​ផ្ដល់ឱ្យ​អ៊ុយ​ក្រែ​ន កើនឡើង​ដល់​ជាង 40 ពាន់​លាន​ដុល្លារ បន្ទាប់ពី​រុស្ស៊ី​ចូល​ឈ្លានពាន​អ៊ុយ​ក្រែ​ន​ចាប់ពី​ខែកុម្ភៈ 2022 រហូត​ដល់​បច្ចុប្បន្ន​៕

  • ផ្កាយ​មុខ​ពីរដ៏​ចម្លែក ធ្វើឱ្យ​អ្នកវិទ្យាសាស្ត្រ​ទាល់​ពាក្យ​បកស្រាយ

    ផ្កាយ​មុខ​ពីរដ៏​ចម្លែក ធ្វើឱ្យ​អ្នកវិទ្យាសាស្ត្រ​ទាល់​ពាក្យ​បកស្រាយ

    ក្រុម​តារាវិទូ​បាន​រកឃើញ​ផ្កាយ​ចម្លែក​មួយ​ដួង​ដែលមាន​មុខ​ពីរ​ផ្សេងគ្នា ក្នុងនោះ មុខម្ខាងៗសុទ្ធតែ​បង្កើតឡើង​ពី​ធាតុ​ផ្សំខុសដាច់​ពី​គ្នា។

    កូន​ផ្កាយ​ក្រិន​ពណ៌​ស​គឺជា​សំណល់​របស់​ផ្កាយ​ដូច​ព្រះអាទិត្យ បន្ទាប់ពី​បាត់បង់​ស្រទាប់​ខាងក្រៅ បន្សល់ទុក​តែ​ស្នូល​ខាប់​រឹង។ បរិយាកាស​របស់​ពួកវា​តែង​រួមមាន​ឧស្ម័ន​អ៊ីដ្រូសែន ឬ​អេ​ល្យូ​ម ជា​ឧស្ម័ន​ចម្បង​ដែលមាន​បរិមាណ​ច្រើនជាងគេ​ប្រហែល 1,000 ដង ធៀប​នឹង​សមាសធាតុ​ដទៃ។ ប៉ុន្តែ នៅក្នុង​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​ដែល​បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី 19 កក្កដា ឆ្នាំ 2023 លើ​ទស្សនាវដ្ដី Nature ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ​កូន​ផ្កាយ​ក្រិន​ពណ៌​ស​មួយ​ដួង​ដែល​មិន​សមស្រប​នឹង​ការ​បរិ​យាយ​ខាងលើ ហើយ​វា​គឺជា​ផ្កាយ​ចម្លែក និង​មិនទាន់​ត្រូវបាន​យល់ច្បាស់។

    ផ្កាយ​ចម្លែក​នេះ មានមុខ​ពីរ ក្នុងនោះ មុខ​ម្ខាង​​ផ្ទុក​ពេញ​ដោយ​អ៊ីដ្រូសែន ខណៈ​មុខ​ម្ខាង​ទៀត​ផ្ទុក​អេ​ល្យូ​ម។ នេះ​គឺជា​ការរកឃើញ​ថ្មី​បំផុត​ស្ដីពី​ផ្កាយ​ដែល​បែងចែក​សមាសធាតុផ្សេង​​ដាច់ដោយឡែក​ពីគ្នា​យ៉ាងច្បាស់​ដូច្នេះ។

    ក្រុម​អ្នកវិទ្យាសាស្ត្រ​បានដាក់​ឈ្មោះ​ឱ្យ​ផ្កាយ​មុខ​ពីរ​នេះ​ថា Janus។ Janus ត្រូវបាន​រកឃើញ​ដោយ​ស្ថានីយ​តារាសាស្ត្រ Zwicky Transient Facility (ZTF)។

    សហគមន៍​អ្នកវិទ្យាសាស្ត្រ​មិនទាន់​យល់​ច្បាស់​អំពី​មូលហេតុ​ដែលនាំឱ្យ Janus បែងចែក​សារធាតុ​ដាច់ដោយឡែក​ពីគ្នា​ទាំង​ស្រុក​បែបនេះ​នៅឡើយ។ ប៉ុន្តែ ពួកគេ​គិតថា ប្រហែល​មកពី​ដែន​ទំនាញ​ដ៏​ខ្លាំងក្លា​របស់​ផ្កាយ​នេះ។ បើសិន​ដែន​ទំនាញ​នៅ​ចំហៀង​​ម្ខាងនេះ​​របស់​វា ​ខ្លាំង​ជាង​ចំហៀង​​ម្ខាង​ទៀត នោះ​អ៊ីដ្រូសែន និង​អេ​ល្យូ​ម​នឹង​ត្រូវបាន​រារាំង​មិនឱ្យ​ស្ថិតនៅ​លាយឡំ​គ្នា​ នាំ​ឱ្យ​​ផ្នែក​ម្ខាង​នេះ​មាន​អ៊ីដ្រូសែន​​​​ច្រើនជាងលើសលុប ធៀប​នឹង​ផ្នែក​ម្ខាង​ទៀត​៕

  • អាចម៍ផ្កាយ​ធំ​ប៉ុន​អគារ 20 ជាន់ ហោះ​កាត់​មុខ​ផែនដី​ «រំលង​ភ្នែក» ​អ្នកវិទ្យាសាស្ត្រ

    អាចម៍ផ្កាយ​ធំ​ប៉ុន​អគារ 20 ជាន់ ហោះ​កាត់​មុខ​ផែនដី​ «រំលង​ភ្នែក» ​អ្នកវិទ្យាសាស្ត្រ

    ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ 2023 NT1 ដែលជា​អាចម៍ផ្កាយ​មាន​បណ្ដោយ​ប្រហែល 60 ម៉ែត្រ កាលពី​ថ្ងៃទី 15 កក្កដា 2023 ពីរ​ថ្ងៃ​បន្ទាប់ពី​វា​បាន​ហោះ​កាត់​ពីមុខ​ផែនដី ដែល​នេះ​ត្រូវបាន​ចាត់ទុកថា បាន «រំលង​ភ្នែក» របស់​អ្នកវិទ្យាសាស្ត្រ។

    យោង​តា​មណា​សា អាចម៍ផ្កាយ 2023 NT1 កាលពី​ថ្ងៃទី 13 កក្កដា ស្ថិតក្នុង​ចម្ងាយ​ពី​ផែនដី​ប្រហែល ¼ នៃ​ចម្ងាយ​ពី​ព្រះ​ចន្ទ​មកកាន់​ផែនដី។ នេះ​មានន័យថា វា​ស្ថិតនៅ​យ៉ាង​ជិត នៅពេល​គេ​និយាយ​ដល់ទី​អវកាស​ដ៏​ធំធេង។ 2023 NT1 ធ្វើដំណើរ​ក្នុង​ល្បឿន 86,000 គីឡូម៉ែត្រ/ម៉ោង។

    ក៏ប៉ុន្តែ ដោយសារតែ 2023 NT1 ហោះ​សំដៅមក​​ពី​ទិស​របស់​ព្រះអាទិត្យ ដូច្នេះ​ពន្លឺ​របស់​ផ្កាយ​នេះ​ក៏​ធ្វើឱ្យ​កែវ​យឺត​អវកាស​មិនអាច​មើលឃើញ​បាន​ឆាប់រហ័ស​ដូច​ធម្មតា។

    មកដល់​ថ្ងៃទី 15 កក្កដា តេ​ឡេ​ស្កុប​នៅ​អាហ្វ្រិក​ខាងត្បូង​របស់​ប្រព័ន្ធ​តេ​ឡេ​ស្កុប ATLAS ដែលមាន​តួនាទី​ស្វែងរក​អាចម៍ផ្កាយ​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​ផែនដី​មុនពេល​កើតហេតុ​ការណ៍​ច្រើន​ថ្ងៃ ក៏​បាន​រកឃើញថា 2023 NT1 កំពុង​គោចរ​ចាក​ចេញទៅ​ឆ្ងាយ​ពី​ផែនដី។ តេ​ឡេ​ស្កុប​ជាង 10 ផ្សេងទៀត ក្រោយមក​ក៏បាន​មើលឃើញ​អាចម៍ផ្កាយ​នេះ។

    បើទោះជា​បង្ក​ការភ្ញាក់ផ្អើល ប៉ុន្តែ 2023 NT1 មាន​ទំហំ​មិន​គ្រប់គ្រាន់​ដើម្បី​ត្រូវបាន​ចាត់ទុកជា​វត្ថុ​អវកាស​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​ផែនដី។ យោងតាម​ការសិក្សា​ស្រាវជ្រាវ​នាពេលថ្មីៗនេះ ផែនដី​របស់​មនុស្ស​នៅតែមាន​សុវត្ថិភាព​ក្នុង​រង្វង់ 1,000 ឆ្នាំ​ទៀត នៅ​ចំពោះមុខ​បណ្ដា​អាចម៍ផ្កាយធំៗ។ ក៏ប៉ុន្តែ ក្រុម​តារាវិទូ​នៅតែ​តាមដាន​វត្ថុ​អវកាស​ជាង 31,000 ដុំ ដែល​កំពុង​ហោះហើរ​ក្បែរ​ផែនដី៕

  • យន្តហោះ​ធ្លា​ក់នៅ​កូ​ឡុំ​ប៊ី បណ្ដាល​ឱ្យ​អ្នកនយោបាយ​ប្រាំ​នាក់​បាត់​បង់ជីវិត

    យន្តហោះ​ធ្លា​ក់នៅ​កូ​ឡុំ​ប៊ី បណ្ដាល​ឱ្យ​អ្នកនយោបាយ​ប្រាំ​នាក់​បាត់​បង់ជីវិត

    អ្នកនយោបាយ និង​អ្នកបើកបរ​យន្តហោះ​កូ​ឡុំ​ប៊ី បាន​ស្លាប់​នៅក្នុង​ហេតុការណ៍​ធ្លាក់​យន្តហោះ​ធុន​ស្រាល​មួយគ្រឿង​នៅ​ភាគ​កណ្ដាល​ប្រទេស​កូឡុំប៊ី។

    យន្តហោះ Cessna T210N ដឹក​មនុស្ស 6 នាក់ បាន​ធ្លាក់​នៅក្នុង​ទីក្រុង San Luis de Gaceno នៃ​ខេត្ត Boyaca នៅពេល​កំពុង​ហោះ​ពី​ទីក្រុង Villavicencio ទៅកាន់​រដ្ឋធានី Bogota ដើម្បី​ចូលរួម​ពិធីជប់លៀង កាលពី​ថ្ងៃទី 19 កក្កដា ឆ្នាំ 2023។

    អ្នកនយោបាយ​ទាំង​ប្រាំ​រូប​ដែល​បាន​ស្លាប់ សុទ្ធតែជា​សមាជិក​រប​ស់​បក្ស​ស្ដាំនិយម ឈ្មោះ មជ្ឈមណ្ឌល​ប្រជាធិបតេយ្យ របស់​អតីត​ប្រធានាធិបតី Alvaro Uribe។

    យោងតាម​ការ​បង្ហោះ​សារ​នៅលើ Twitter របស់​បក្ស​នេះ អ្នកនយោបាយ​ដែល​បាន​ស្លាប់​រួមមាន អតីត​សមាជិកសភា​ជាន់ខ្ពស់ តំណាងរាស្ត្រ បេក្ខភាព​អភិបាលខេត្ត​ សមាជិក​ក្រុមប្រឹក្សា​ក្រុង និង​អ្នកបើកបរ​យន្តហោះ។

    ស្ថាប័ន​គ្រប់គ្រង​អាកាសចរណ៍​ស៊ីវិល​របស់​ប្រទេស​កូ​ឡុំ​ប៊ី កំពុងធ្វើការ​ស៊ើបអង្កេត​រក​មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ។

    យោងតាម​ប្រកាស​របស់​នាយកដ្ឋាន​ប​ច្ចេកទេស​ស៊ើបអង្កេត​គ្រោះថ្នាក់​អាកាសចរណ៍​ស៊ីវិល ក្នុង​ឆ្នាំ 2022 កូ​ឡុំ​ប៊ី​ធ្លាប់​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​អាកាសចរណ៍ 17 ករណី បណ្ដាលឱ្យ​មនុស្ស 14 នាក់​បាត់​បង់ជីវិត។

  • កប៉ាល់​ទេសចរណ៍​ខ្នាត​យក្ស​ផលិត​ក្នុងស្រុក​ដំបូង​របស់​ចិន ចាប់ផ្ដើម​ដំណើរការ

    កប៉ាល់​ទេសចរណ៍​ខ្នាត​យក្ស​ផលិត​ក្នុងស្រុក​ដំបូង​របស់​ចិន ចាប់ផ្ដើម​ដំណើរការ

    កប៉ាល់​ទេសចរណ៍​ខ្នាត​យក្ស ប្រវែង 323.6 ម៉ែត្រ ដែល​ត្រូវបាន​ប្រដូច​ទៅនឹង​ទីក្រុង​អណ្ដែត​ចល័ត បានចាប់ផ្ដើម​ធ្វើដំណើរ​ជើង​ដំបូង​នៅលើ​សមុទ្រ ដែល​នឹង​ចំណាយពេល 9 ថ្ងៃ។

    កប៉ាល់​ទេសចរណ៍​ខ្នាត​យក្ស​ដំបូង​ដែល​ផលិត​ដោយ​វិស្វករ​ក្នុងស្រុក​របស់​ប្រទេស​ចិន បាន​ចាក​ចេញពី​កំពង់ផែ​នៅ​សៀង​ហៃ​កាលពី​ថ្ងៃទី 17 កក្កដា ដើម្បី​ចាប់ផ្ដើម​ដំណើរការ​សាកល្បង។ កប៉ាល់​ដែលមាន​ឈ្មោះថា Adora Magic City (H1508) នេះ នឹង​បរ​លើ​ផ្ទៃសមុទ្រ​ចំនួន 9 ថ្ងៃ។ នេះ​បើតាម​ទំព័រ CGTN ដកស្រង់​ព័ត៌មាន​ពី​ក្រុមហ៊ុន​ផលិត​កប៉ាល់​សៀង​ហៃ Waigaoqiao។

    ដោយមាន​បណ្ដោយ 323.6 ម៉ែត្រ ទទឹង 37.2 ម៉ែត្រ និង​ទម្ងន់ 135,500 តោន កប៉ាល់ Adora Magic City អាចដាក់​មនុស្ស​បានជា​ង 6,500 នាក់ នៅក្នុង​កាប៊ីន​ចំនួន 2,826។ កប៉ាល់​នេះ​ត្រូវបាន​គេ​ប្រដូច​ទៅនឹង​ទីក្រុង​អណ្ដែត​លើ​សមុទ្រ ព្រោះ​តែមាន​កន្លែង​កម្សាន្ត​ជាច្រើន។ Adora Magic City មាន​សា​លម​ហោច​ស្រព ភោជនីយដ្ឋាន មជ្ឈមណ្ឌល​ពាណិជ្ជកម្ម សួន​ទឹក និង​ច្រករបៀង​សិល្បៈ។ល។

    ជោគជ័យ​ក្នុងការ​សាងសង់​កប៉ាល់ Adora Magic City នេះ បាន​ជួយ​ឱ្យ​ចិន​ក្លាយជា​ប្រទេស​ទី​ប្រាំ​លើ​ពិភពលោក ដែលមាន​សមត្ថភាព​ស្ថាបនា​កប៉ាល់​ទេសចរណ៍​ខ្នាត​យក្ស បន្ទាប់ពី​ប្រទេស​អាល្លឺម៉ង់ បារាំង អ៊ីតាលី និង​ហ្វាំ​ង​ឡង់៕

  • អាម៉េរិក​អនុម័ត​លក់​មី​ស៊ី​លបាញ់​លើ​អាកាស តម្លៃ​ជិត​បី​ពាន់​លាន​ដុល្លារ​ឱ្យ​​អាល្លឺម៉ង់

    អាម៉េរិក​អនុម័ត​លក់​មី​ស៊ី​លបាញ់​លើ​អាកាស តម្លៃ​ជិត​បី​ពាន់​លាន​ដុល្លារ​ឱ្យ​​អាល្លឺម៉ង់

    ក្រសួងការបរទេស​អា​ម៉េ​រិ​ក បាន​យល់ព្រម​លក់​មី​ស៊ី​ល​អាកាស​ប្រឆាំង​អាកាស​ខ្នាត​មធ្យម AMRAAM ជិត 1,000 ដើម ក្នុងតម្លៃ 2.9 ពាន់​លាន​ដុល្លារ ដល់​ប្រទេស​អាល្លឺម៉ង់។

    មន្ទីរ​បញ្ច​កោណ កាលពី​ថ្ងៃទី 19 កក្កដា បានប្រកាសថា ក្រសួងការបរទេស​អា​ម៉េ​រិ​កបាន​អនុញ្ញាតឱ្យ​លក់​មី​ស៊ី​លបាញ់​ពី​អាកាស​ទៅ​អាកាស​ប្រភេទ​មធ្យម AIM-120C-8 AMRAAM ចំនួន 969 ដើម រួម​នឹង​ប្រព័ន្ធ​បញ្ជា​បម្រុង រូបមន្ត​នៃ​ការហ្វឹកហាត់ ឧបករណ៍​បច្ចេកទេស និង​ជំនួយ​ផ្នែកហ្វឹក​​ហ្វឺ​ន ក្នុងតម្លៃ 2.9 ពាន់​លាន​ដុល្លារ ទៅឱ្យ​ប្រទេស​អាល្លឺម៉ង់។

    «ការលក់​អាវុធ​នេះ​នឹង​ជួយ​គាំទ្រ​ដល់​គោលនយោបាយ​ការបរទេស និង​សន្តិសុខ​ជាតិ​របស់​សហរដ្ឋ​អាម៉េរិក តាមរយៈ​ការកែលំអ​សន្តិសុខសម្រាប់​សម្ព័ន្ធមិត្ត​មួយ​នៅក្នុង​ណា​តូ ហើយក៏​ជា​ប្រទេស​ដែល​ដើរតួនាទី​សំខាន់​នៅក្នុង​ការរក្សា​ស្ថិរភាព​នយោបាយ និង​សេដ្ឋកិច្ច​អឺរ៉ុប» ប្រកាស​របស់​ក្រសួងការពារជាតិ​អាម៉េរិក មាន​ឃ្លា​សរសេរ​ដូច្នេះ។

    យោងតាម​មន្ទីរ​បញ្ច​កោណ ការ​ទិញដូរ​អាវុធ​នេះ​នឹង​ជួយ​ឱ្យ​អាល្លឺម៉ង់​មាន​អាវុធ​ប្រឆាំង​អាកាស​ទំនើប លើកកម្ពស់​សមត្ថភាព​ទប់ទល់​នឹង​ការគំរាមកំហែង​នាបច្ចុប្បន្ន និង​អនាគត។

    ការលក់​អាវុធ​ខាងលើ​ក៏ត្រូវ​បាន​ជូនដំណឹង​ដល់​សភា​អាម៉េរិក ជាទី​ដែល​ស្ថាប័ន​នេះ​មាន​ពេលវេលា 30 ថ្ងៃ ដើម្បី​ធ្វើការ​សម្រេចចិត្តថា ត្រូវ​យល់ព្រម​ឱ្យ​លក់ ឬ​បដិសេធ។ បើសិន​ទទួលបាន​ការយល់ព្រម​ពីស​ភា ការលក់​អាវុធ​នេះ​នឹងត្រូវ​បញ្ជូន​ឡើងទៅ​កាន់​ប្រធានាធិបតី ចូ បៃ​ដិ​ន ដើម្បី​ចុះហត្ថលេខា​ចុងក្រោយ។

    បុគ្គលិក​យោធាអាម៉េរិក កំពុង​ដំឡើង​មីស៊ីល AMRAAM

    AIM-120 AMRAAM គឺជា​មី​ស៊ី​លម្ចាស់​ការ​ដែល​​នាំ​ផ្លូវ​ដោយ​រ៉ា​ដា​ អាចធ្វើ​សកម្មភាព​នៅក្នុង​លក្ខខណ្ឌ​អាកាសធាតុខុសៗគ្នា។ ក្បាល​រ៉ា​ដា​បំពាក់​បច្ចេកវិទ្យា​ម្ចាស់ការ អនុញ្ញាតឱ្យ​មី​ស៊ី​ល​អនុវត្ត​គោលការណ៍ «បាញ់ ហើយ​ភ្លេច» ដែល​ជួយ​ឱ្យ​យន្តហោះ​មិនចាំបាច់​ចុច​តម្រង់​គោលដៅ​ជា​បន្តបន្ទាប់ និង​គេច​ផុតពី​ការបាញ់​តបត​​ពី​​សត្រូវ​។

    កំណែ​ដើម AIM-120A អាច​បាញ់​បាន​ចម្ងាយ 50 គីឡូម៉ែត្រ គ្រា​ដែល​កំណែ AIM-120C-8 របស់​ AMRAAM  អាច​បាញ់​ចំ​គោលដៅ​ពី​ចម្ងាយ 180 គីឡូម៉ែត្រ។

    ក្រុមហ៊ុន​ការពារជាតិ Raytheon ឱ្យដឹងថា មី​ស៊ី​ល AMRAAM កំពុង​ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់​នៅក្នុង​ជួរ​កងទ័ព​អាម៉េរិក និង​ប្រទេស​ជិត 40 ក្នុង​ពិភពលោក៕

  • អាយុ 99 ឆ្នាំ តែ​សុខភាព​មាំមួន​ដូច​អាយុ 40 ដោយ​សារ​តែ​ខ្ញី

    អាយុ 99 ឆ្នាំ តែ​សុខភាព​មាំមួន​ដូច​អាយុ 40 ដោយ​សារ​តែ​ខ្ញី

    (ប្រទេស​ចិន) – ដោយសារតែ​ទម្លាប់​ទទួលទាន​ខ្ញី​ត្រាំ​ទឹកខ្មេះ​បី​ចំណិត​ជា​រៀងរាល់ថ្ងៃ វេជ្ជបណ្ឌិត Lu Zhizheng មាន​សុខភាព​មាំមួន​ដូច​ទៅនឹង​បុរស​វ័យ​កណ្ដាល បើ​ទោះ​គាត់​មាន​អាយុ 99 ឆ្នាំ​ហើយក៏​ដោយ។

    ក្នុង​វ័យ​ជិត 100 ទៅហើយ ប៉ុន្តែ​វេជ្ជបណ្ឌិត​ផ្នែក​ឱសថ​បុរាណ Lu Zhizheng នៅមាន​រាងកាយ​មាំមួន សុខភាព​ល្អ ការចងចាំ​ល្អ​ជាង​មនុស្ស​ចាប់ពី​វ័យ 60 ទៅ 70 ឆ្នាំ​ទៅទៀត។ នៅពេល​ត្រូវបាន​សួរ​អំពី​អាថ៌កំបាំង​ដែល​បាន​ជួយ​ឱ្យ​គាត់​មាន​សុខ​ភាពល្អ​បែបនេះ វេជ្ជបណ្ឌិត Lu ប្រាប់ថា ដោយសារតែ​គ្រឿងទេស​​ពីរ​ប្រភេទ​ដែលមាន​តម្លៃ​ទាប និង​តែង​ត្រូវបាន​ប្រើប្រាស់​ក្នុង​គ្រួសារ នោះ​គឺ​ខ្ញី និង​ទឹកខ្មេះ។

    វេជ្ជបណ្ឌិត Lu ឱ្យដឹងថា ក្នុង​រយៈពេល​ប្រហែល​ពី 20 ទៅ 30 ឆ្នាំកន្លង គាត់​តែងតែ​បរិភោគ​ខ្ញី​ត្រាំ​ទឹកខ្មេះ​ចំនួន​បី​ចំណិត​ជា​រៀងរាល់​ព្រឹក។ គាត់​ប្រាប់ថា វិធី​នេះ​ជួយ​កាត់បន្ថយ​អាការ​ទល់ខ្យល់ ពិបាក​រំលាយ​អាហារ​ចំពោះ​មនុស្ស​ដែលមាន​ការងារ​មមាញឹក និង​មាន​របប​អាហារ​មិន​ត្រឹមត្រូវ។ ក្រៅពីនេះ ខ្ញី​ក៏​ជួយ​កម្ដៅ​ក្រពះ និង​កាត់បន្ថយ​បញ្ហា​ផ្ដាសាយ​ផងដែរ។

    ដើម្បី​បញ្ជាក់​អំពី​ប្រសិទ្ធភាព​របស់​ខ្ញី​ត្រាំ​ទឹកខ្មេះ លោក Lu ក៏បាន​ប្រកាស​បង្ហាញ​ល​ទ្ធ​ផល​នៃ​ការពិនិត្យ​សុខ​ភាពជា​ទៀត​ទាត់​របស់គាត់។ លទ្ធផល​បង្ហាញថា សរសៃឈាម​របស់គាត់​ល្អ ប្រហាក់ប្រហែល​នឹង​មនុស្ស​វ័យ​កណ្ដាល។ រាងកាយ​អាយុ 90 ឆ្នាំ ប៉ុន្តែ​បេះដូង​នៅក្នុង​វ័យ 40 ឆ្នាំ។

    វិធី​ធ្វើ​ខ្ញី​ត្រាំ​ទឹកខ្មេះ​របស់​វេជ្ជបណ្ឌិត Lu មាន​ដូចតទៅ៖ យក​ខ្ញី​​ខ្ចី លាង​ឱ្យ​ស្អាត ទុកឱ្យ​ស្ងួត ចិត​ជា​ចំណិត រួច​រោយ​អំបិល​បន្តិច ហើយ​ផ្អាប់​ទុក 12 ម៉ោង។ បន្ទាប់មក យក​ចំណិត​ខ្ញី​ទាំងនេះ​ទៅក្នុង​ក្រឡ ចាក់ទឹក​ខ្មេះ​ពីលើ​បន្តិច រួច​គ្រប​ឱ្យ​ជិត ទុក​ពី 4 ទៅ 5 ថ្ងៃ មុនពេល​បរិភោគ។ គាត់​ថា ល្អ​បំផុត​គឺ​ប្រើប្រាស់​ទឹកខ្មេះ​ធ្វើ​ពី​អង្ករ និង​លាយ​ជាមួយ​ទឹក នៅក្នុង​ការ​ត្រាំ​ខ្ញី​នេះ។

    ការទទួល​ទាន​ខ្ញី​ត្រាំ​ទឹកខ្មេះ​ ឬ​ហៅ​ថា​ខ្ញី​ជ្រក់​ទឹក​ខ្មេះ​ ក៏​ជួយ​កាត់បន្ថយ​ជាតិ​ខ្លាញ់​ក្នុង​ឈាម ជួយ​ព្យាបាល​ជំងឺ​លើស​ខ្លាញ់​អាក្រក់​ទៀតផង៕

  • អាម៉េរិក​ជិត​ផ្ដល់​​ជំនួយ​បន្ថែម​ ​តម្លៃ​ជាង​មួយ​ពាន់​លាន​ដុល្លារ​ដល់​អ៊ុយ​ក្រែ​ន

    អាម៉េរិក​ជិត​ផ្ដល់​​ជំនួយ​បន្ថែម​ ​តម្លៃ​ជាង​មួយ​ពាន់​លាន​ដុល្លារ​ដល់​អ៊ុយ​ក្រែ​ន

    មន្ត្រី​អាម៉េរិក​ពីររូប​បានឱ្យដឹងថា ប្រទេស​នេះ​ជិត​ប្រកាស​អំពី​កញ្ចប់​ជំនួយ​ផ្នែក​យោធា​ថ្មី​សម្រាប់​ប្រទេស​អ៊ុយ​ក្រែ​ន ដែលមាន​តម្លៃ 1.3 ពាន់​លាន​ដុល្លារ នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ។

    កញ្ចប់​ជំនួយ​ថ្មី​នេះ​នឹងមាន​ទាំង​អាវុធ​ការពារ​ដែនអាកាស ប្រព័ន្ធ​ប្រឆាំង​យន្តហោះ​គ្មាន​មនុស្ស​បើកបរ (UAV), UAV អត្តឃាត និង​គ្រាប់កាំភ្លើង​ផងដែរ។ នេះ​បើតាម​ការ​បង្ហើប​ឱ្យដឹងកាលពី​ថ្ងៃទី 17 កក្កដា ពី​មន្ត្រី​អាម៉េរិក​មួយរូប ក្នុងចំណោម​ពីររូប​ខាងលើ។

    អាវុធ​ទាំងនេះ​នឹងត្រូវ​បាន​ទិញ​ដោយ​ការប្រើប្រាស់​ថវិកា​ក្នុង​កម្មវិធី​ផ្ដួចផ្ដើម​ជំនួយ​សម្រាប់​អ៊ុយ​ក្រែ​ន (USAI) ដែល​អនុញ្ញាតឱ្យ​លោក បៃ​ដិ​ន ទិញ​ទំនិញ​ពី​បណ្ដា​ក្រុមហ៊ុន​ការពារជាតិ ជំនួស​ឱ្យ​ការដក​ពី​ឃ្លាំង​កងទ័ព។

    សហរដ្ឋ​អាម៉េរិក​គឺជា​ប្រទេស​ដែល​ផ្ដល់ជំនួយ​ផ្នែក​យោធា​ច្រើនជាងគេ​សម្រាប់​ទីក្រុង​កៀវ បន្ទាប់ពី​អ៊ុយ​ក្រែ​ន​ត្រូវបាន​កងទ័ព​រុស្ស៊ី​ចូល​ឈ្លានពាន​ចាប់ពី​ខែកុម្ភៈ 2022 រហូត​ដល់​បច្ចុប្បន្ន។

  • ក្រុមហ៊ុន​វៀតណាម សង់រោង​ចក្រ​តម្លៃ 4 ពាន់​លាន​ដុល្លារ​នៅ​អាម៉េរិក ក្នុង​សប្ដាហ៍​ក្រោយ

    ក្រុមហ៊ុន​វៀតណាម សង់រោង​ចក្រ​តម្លៃ 4 ពាន់​លាន​ដុល្លារ​នៅ​អាម៉េរិក ក្នុង​សប្ដាហ៍​ក្រោយ

    នេះ​នឹង​ក្លាយជា​រោងចក្រ​ផលិត​​រថយន្ត​អគ្គិសនី​ដំបូង​នៅ Carolina ខាងជើង​របស់​ក្រុមហ៊ុន​វៀតណាម VinFast ដែល​នឹង​ផ្គត់ផ្គង់​សម្រាប់​ទីផ្សារ​អាម៉េរិក​ខាងជើង។

    នៅ​ថ្ងៃទី 19 កក្កដា 2023 នេះ VinFast បានប្រកាស​បើក​ការដ្ឋាន​សាងសង់​រោងចក្រ​ផលិត​រថយន្ត​អគ្គិសនី​នៅក្នុង​រដ្ឋ Carolina ខាងជើង របស់​សហរដ្ឋ​អាម៉េរិក នៅ​ថ្ងៃទី 28 កក្កដា​ខាងមុខ។ រោងចក្រ​នេះ​មាន​ទីតាំង​នៅក្នុង​តំបន់ឧស្សាហកម្ម Triangle Innovation Point របស់​ស្រុក Chatham ក្នុង​រដ្ឋ Carolina ខាងជើង។ គម្រោង​ដែល​ស្ថិតនៅលើ​ផ្ទៃដី​ប្រហែល 733 ហិកតា​នេះ គ្រោង​នឹង​ផលិត​រថយន្ត​អគ្គិសនី​បាន 150,000 គ្រឿង/ឆ្នាំ នៅក្នុង​ដំណាក់កាល​ទីមួយ។

    យោងតាម​ក្រុមហ៊ុន VinFast រោងចក្រ​ខាងលើ​គ្រោង​នឹង​ផ្ដើម​ការផលិត​ចាប់ពី​ឆ្នាំ 2025។ មុន​នោះ VinFast ក៏បាន​ប្រកាសថា បានទទួល​ការអនុគ្រោះ​ក្នុងតម្លៃ 1.2 ពាន់​លាន​ដុល្លារ​ពី​រដ្ឋបាល​រដ្ឋ Carolina ខាងជើង, ទីក្រុង Sanford, តំបន់ Chatham និង​មូលនិធិ Golden Leaf ផងដែរ សម្រាប់​គម្រោង​សាងសង់​រោងចក្រ​នេះ។

    នៅ​ប្រទេស​វៀតណាម VinFast បានប្រគល់​រថយន្ត​អគ្គិសនី​ដល់ដៃ​អតិថិជន​ចំនួន​ជាង 11 ពាន់​គ្រឿង នៅក្នុង 6 ខែ​ដើម​ឆ្នាំនេះ ក្នុងនោះ​មាន 3,155 គ្រឿង ត្រូវបាន​ប្រគល់​ក្នុង​ខែមិថុនា​កន្លងទៅ៕

  • ចិន​នឹង​បាញ់​បង្ហោះ​យាន​ដឹក​មនុស្ស​អាច​ប្រើ​ឡើងវិញ​បាន​នៅ​ឆ្នាំ 2027

    ចិន​នឹង​បាញ់​បង្ហោះ​យាន​ដឹក​មនុស្ស​អាច​ប្រើ​ឡើងវិញ​បាន​នៅ​ឆ្នាំ 2027

    យានអវកាស​ដឹក​មនុ​ស្ស​ថ្មី​របស់​ប្រទេស​ចិន អាចដាក់​មនុស្ស​បាន 7 នាក់ ហើយ​គ្រឿងសំខាន់ៗរបស់​យាន​នេះ អាច​ត្រូវបាន​ប្រើប្រាស់​ឡើងវិញ​បាន​រហូតដល់ 10 ដង។

    Yang Liwei ដែលជា​អនុប្រធាន​កម្មវិធី​អវកាស​មាន​មនុស្ស​បើកបរ របស់​ទីភ្នាក់ងារ​អវកាស​ចិន បានឱ្យដឹងថា យានអវកាស​ដែល​អាច​ប្រើប្រាស់​ឡើងវិញ​ដំបូង​គេ​របស់​ប្រទេស​ចិន នឹងត្រូវ​បាន​បាញ់​បង្ហោះ​យ៉ាង​ឆាប់​ត្រឹម​ឆ្នាំ 2027។ កាលពី​ថ្ងៃទី 17 កក្កដា 2023 លោក Yang បានឱ្យដឹងថា យាន​ថ្មី​នេះ​អាច​ដឹក​មនុ​ស្សបាន 7 នាក់។ ប្រការ​នោះ​នឹង​ដើរតួនាទី​សំខាន់​ក្នុងការ​សាងសង់​ស្ថានីយ​អវកាស​ចិន និង​បេសកកម្ម​ចុះចត​លើ​ឋាន​ព្រះ​ចន្ទ។

    យាន​គំរូ​ដែលមាន​ទំហំ​តាម​ខ្នាត​ផ្លូវការ​មួយគ្រឿង​របស់​ស្ថាប័ន​ខាងលើ បានបញ្ចប់​ដោយ​ជោគជ័យ​នូវ​ជើងហោះហើរ​​សាក​ល្បង​​រយៈ​ពេល 67 ម៉ោង និង​ប្រើប្រាស់​រ៉ុក្កែត Long March 5 កាលពី​ឆ្នាំ 2020។

    តាម​ទ្រឹស្ដី យ៉ាងហោចណាស់ បណ្ដា​គ្រឿងសំខាន់ៗរបស់​យានអវកាស​នេះ អាច​ប្រើប្រាស់​ឡើងវិញ​បាន 10 ដង ដែល​នេះ​នឹង​ជួយ​កាត់បន្ថយ​ការចំណាយ​បាន​ច្រើន។

    យានអវកាស​ថ្មី​ខាងលើ​របស់​ប្រទេស​ចិន អាច​បៀ​ប​ស្មើ​ទៅនឹង​បណ្ដា​យានអវកាស​ជំនាន់​ថ្មី​របស់​សហរដ្ឋ​អាម៉េរិក ដែលមាន​ដូចជា យាន Dragon V2 របស់ SpaceX និង CST-100 Starliner របស់ Boeing ជាដើម៕