ផ្កាយ​មុខ​ពីរដ៏​ចម្លែក ធ្វើឱ្យ​អ្នកវិទ្យាសាស្ត្រ​ទាល់​ពាក្យ​បកស្រាយ

រូបភាព​បរិយាយ​អំពី​ផ្កាយ​មុខ​ពីរ​ Janus

ក្រុម​តារាវិទូ​បាន​រកឃើញ​ផ្កាយ​ចម្លែក​មួយ​ដួង​ដែលមាន​មុខ​ពីរ​ផ្សេងគ្នា ក្នុងនោះ មុខម្ខាងៗសុទ្ធតែ​បង្កើតឡើង​ពី​ធាតុ​ផ្សំខុសដាច់​ពី​គ្នា។

កូន​ផ្កាយ​ក្រិន​ពណ៌​ស​គឺជា​សំណល់​របស់​ផ្កាយ​ដូច​ព្រះអាទិត្យ បន្ទាប់ពី​បាត់បង់​ស្រទាប់​ខាងក្រៅ បន្សល់ទុក​តែ​ស្នូល​ខាប់​រឹង។ បរិយាកាស​របស់​ពួកវា​តែង​រួមមាន​ឧស្ម័ន​អ៊ីដ្រូសែន ឬ​អេ​ល្យូ​ម ជា​ឧស្ម័ន​ចម្បង​ដែលមាន​បរិមាណ​ច្រើនជាងគេ​ប្រហែល 1,000 ដង ធៀប​នឹង​សមាសធាតុ​ដទៃ។ ប៉ុន្តែ នៅក្នុង​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​ដែល​បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី 19 កក្កដា ឆ្នាំ 2023 លើ​ទស្សនាវដ្ដី Nature ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ​កូន​ផ្កាយ​ក្រិន​ពណ៌​ស​មួយ​ដួង​ដែល​មិន​សមស្រប​នឹង​ការ​បរិ​យាយ​ខាងលើ ហើយ​វា​គឺជា​ផ្កាយ​ចម្លែក និង​មិនទាន់​ត្រូវបាន​យល់ច្បាស់។

ផ្កាយ​ចម្លែក​នេះ មានមុខ​ពីរ ក្នុងនោះ មុខ​ម្ខាង​​ផ្ទុក​ពេញ​ដោយ​អ៊ីដ្រូសែន ខណៈ​មុខ​ម្ខាង​ទៀត​ផ្ទុក​អេ​ល្យូ​ម។ នេះ​គឺជា​ការរកឃើញ​ថ្មី​បំផុត​ស្ដីពី​ផ្កាយ​ដែល​បែងចែក​សមាសធាតុផ្សេង​​ដាច់ដោយឡែក​ពីគ្នា​យ៉ាងច្បាស់​ដូច្នេះ។

ក្រុម​អ្នកវិទ្យាសាស្ត្រ​បានដាក់​ឈ្មោះ​ឱ្យ​ផ្កាយ​មុខ​ពីរ​នេះ​ថា Janus។ Janus ត្រូវបាន​រកឃើញ​ដោយ​ស្ថានីយ​តារាសាស្ត្រ Zwicky Transient Facility (ZTF)។

សហគមន៍​អ្នកវិទ្យាសាស្ត្រ​មិនទាន់​យល់​ច្បាស់​អំពី​មូលហេតុ​ដែលនាំឱ្យ Janus បែងចែក​សារធាតុ​ដាច់ដោយឡែក​ពីគ្នា​ទាំង​ស្រុក​បែបនេះ​នៅឡើយ។ ប៉ុន្តែ ពួកគេ​គិតថា ប្រហែល​មកពី​ដែន​ទំនាញ​ដ៏​ខ្លាំងក្លា​របស់​ផ្កាយ​នេះ។ បើសិន​ដែន​ទំនាញ​នៅ​ចំហៀង​​ម្ខាងនេះ​​របស់​វា ​ខ្លាំង​ជាង​ចំហៀង​​ម្ខាង​ទៀត នោះ​អ៊ីដ្រូសែន និង​អេ​ល្យូ​ម​នឹង​ត្រូវបាន​រារាំង​មិនឱ្យ​ស្ថិតនៅ​លាយឡំ​គ្នា​ នាំ​ឱ្យ​​ផ្នែក​ម្ខាង​នេះ​មាន​អ៊ីដ្រូសែន​​​​ច្រើនជាងលើសលុប ធៀប​នឹង​ផ្នែក​ម្ខាង​ទៀត​៕

Advertisement