កប៉ាល់​ទេសចរណ៍​ខ្នាត​យក្ស​ផលិត​ក្នុងស្រុក​ដំបូង​របស់​ចិន ចាប់ផ្ដើម​ដំណើរការ

កប៉ាល់​ទេសចរណ៍​ខ្នាត​យក្ស ប្រវែង 323.6 ម៉ែត្រ ដែល​ត្រូវបាន​ប្រដូច​ទៅនឹង​ទីក្រុង​អណ្ដែត​ចល័ត បានចាប់ផ្ដើម​ធ្វើដំណើរ​ជើង​ដំបូង​នៅលើ​សមុទ្រ ដែល​នឹង​ចំណាយពេល 9 ថ្ងៃ។

កប៉ាល់​ទេសចរណ៍​ខ្នាត​យក្ស​ដំបូង​ដែល​ផលិត​ដោយ​វិស្វករ​ក្នុងស្រុក​របស់​ប្រទេស​ចិន បាន​ចាក​ចេញពី​កំពង់ផែ​នៅ​សៀង​ហៃ​កាលពី​ថ្ងៃទី 17 កក្កដា ដើម្បី​ចាប់ផ្ដើម​ដំណើរការ​សាកល្បង។ កប៉ាល់​ដែលមាន​ឈ្មោះថា Adora Magic City (H1508) នេះ នឹង​បរ​លើ​ផ្ទៃសមុទ្រ​ចំនួន 9 ថ្ងៃ។ នេះ​បើតាម​ទំព័រ CGTN ដកស្រង់​ព័ត៌មាន​ពី​ក្រុមហ៊ុន​ផលិត​កប៉ាល់​សៀង​ហៃ Waigaoqiao។

ដោយមាន​បណ្ដោយ 323.6 ម៉ែត្រ ទទឹង 37.2 ម៉ែត្រ និង​ទម្ងន់ 135,500 តោន កប៉ាល់ Adora Magic City អាចដាក់​មនុស្ស​បានជា​ង 6,500 នាក់ នៅក្នុង​កាប៊ីន​ចំនួន 2,826។ កប៉ាល់​នេះ​ត្រូវបាន​គេ​ប្រដូច​ទៅនឹង​ទីក្រុង​អណ្ដែត​លើ​សមុទ្រ ព្រោះ​តែមាន​កន្លែង​កម្សាន្ត​ជាច្រើន។ Adora Magic City មាន​សា​លម​ហោច​ស្រព ភោជនីយដ្ឋាន មជ្ឈមណ្ឌល​ពាណិជ្ជកម្ម សួន​ទឹក និង​ច្រករបៀង​សិល្បៈ។ល។

ជោគជ័យ​ក្នុងការ​សាងសង់​កប៉ាល់ Adora Magic City នេះ បាន​ជួយ​ឱ្យ​ចិន​ក្លាយជា​ប្រទេស​ទី​ប្រាំ​លើ​ពិភពលោក ដែលមាន​សមត្ថភាព​ស្ថាបនា​កប៉ាល់​ទេសចរណ៍​ខ្នាត​យក្ស បន្ទាប់ពី​ប្រទេស​អាល្លឺម៉ង់ បារាំង អ៊ីតាលី និង​ហ្វាំ​ង​ឡង់៕

Advertisement