អាម៉េរិក​ផ្ដល់​បន្ថែម​​​មី​ស៊ី​ល «មាន​ប្រសិទ្ធភាព 100%» ឱ្យ​អ៊ុយ​ក្រែ​ន

ប្រព័ន្ធ NASAMS បាញ់គ្រាប់មីស៊ីល នៅក្នុងសមយុទ្ធកាលពីខែឧសភាឆ្នាំ 2023 នៅប្រទេសន័រវែស

សហរដ្ឋ​អាម៉េរិក​ប្រកាស​អំពី​ការផ្ដល់​បន្ថែម​ប្រព័ន្ធ​ការពារ​ដែនអាកាស NASAMS ដែល​ពួកគេ​អះអាងថា «វាយ​ស្ទា​ក់បាន​ជោគជ័យ 100%» ប្រឆាំងនឹង​មី​ស៊ី​ល​រុស្ស៊ី ទៅឱ្យ​អ៊ុយ​ក្រែ​ន នៅក្នុង​កញ្ចប់​ជំនួយ​ថ្មី។

មន្ទីរ​បញ្ច​កោណ កាលពី​ថ្ងៃទី 19 កក្កដា បានប្រកាស​អំពី​កញ្ចប់​ជំនួយ​ផ្នែក​យោធា​ថ្មី តម្លៃ 1.3 ពាន់​លាន​ដុល្លារ ហើយ​ថា នេះ​គឺជា​មួយផ្នែក​នៃ​កិច្ចប្រឹងប្រែង​របស់​អាម៉េរិក ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​បន្ទាន់​របស់​ទីក្រុង​កៀវ ដោយ​ការ​សន្យាថា កសាង​សមត្ថភាពសំខាន់ៗនៅក្នុង​រយៈពេល​ខ្លី ទន្ទឹមនឹង​ការបង្កើន​សមត្ថភាព​យូរអង្វែង​ដល់​កងទ័ព​អ៊ុយ​ក្រែ​ន។

អាវុធ​ដែល​លេចធ្លោ​ជាងគេ​នៅក្នុង​កញ្ចប់​ជំនួយ​ថ្មី​នេះ គឺប្រព័ន្ធ​មី​ស៊ី​ល​ការពារ​ដែនអាកាស​ទំនើ​ប NASAMS រួម​នឹង​គ្រាប់​មី​ស៊ី​ល។ ការផ្ដល់​អាវុធ​លើក​នេះ ធ្វើឱ្យ​ចំនួន​ប្រព័ន្ធ​មី​ស៊ី​ល NASAMS ដែល​អាម៉េរិក​ផ្ដល់ឱ្យ​អ៊ុយ​ក្រែ​ន ​កើន​ឡើងដល់ 12 ប្រព័ន្ធ។

រដ្ឋមន្ត្រី​ការពារជាតិ​អាម៉េរិក Lloyd Austin កាលពី​ខែវិច្ឆិកា 2022 បានប្រកាសថា ប្រព័ន្ធ​មី​ស៊ី​ល NASAMS «សម្រេចបាន​អត្រា​ជោគជ័យ 100% នៅក្នុង​ការ​ស្ទាក់​វាយ​មី​ស៊ីល​រុស្ស៊ី»។ នេះ​គឺជា​ប្រព័ន្ធ​ការពារ​ដែនអាកាស​អចល័ត​តែមួយ​ប្រភេទ​គត់​ដែល​ត្រូវបាន​ដាក់ពង្រាយ​នៅលើ​ទឹកដី​អាម៉េរិក ដើម្បី​ការពារ​រដ្ឋធានី​វ៉ា​ស៊ី​ង​តោន និង​បណ្ដា​តំបន់សំខាន់ៗរបស់​ប្រទេស​នេះ។

កញ្ចប់​ជំនួយ​ខាងលើនេះ​ក៏បាន​ធ្វើឱ្យ​ជំនួយ​សរុប​នៅក្នុង​ផ្នែក​យោធា​ដែល​អាម៉េរិក​បាន​ផ្ដល់ឱ្យ​អ៊ុយ​ក្រែ​ន កើនឡើង​ដល់​ជាង 40 ពាន់​លាន​ដុល្លារ បន្ទាប់ពី​រុស្ស៊ី​ចូល​ឈ្លានពាន​អ៊ុយ​ក្រែ​ន​ចាប់ពី​ខែកុម្ភៈ 2022 រហូត​ដល់​បច្ចុប្បន្ន​៕

Advertisement