Author: សឿន សំណាង

  • ចិនបាន​បើក​ទ្វារ​សេដ្ឋ​កិច្ច​និង​សង្គម ​ប៉ុន្តែ​ហេតុ​អ្វី​បាន​ជា​អាច​គ្រប់​គ្រង​វីរុស​ Covid-19​ បាន​​យ៉ាង​ល្អ​ដូច្នេះ?

    ចិនបាន​បើក​ទ្វារ​សេដ្ឋ​កិច្ច​និង​សង្គម ​ប៉ុន្តែ​ហេតុ​អ្វី​បាន​ជា​អាច​គ្រប់​គ្រង​វីរុស​ Covid-19​ បាន​​យ៉ាង​ល្អ​ដូច្នេះ?

    ក្រោយពីកំណត់បានតំបន់ឆ្លងវីរុស អាជ្ញាធរនៅប្រទេសចិន នឹងចាប់ផ្ដើមធ្វើសកម្មភាពយ៉ាងឆាប់រហ័សក្នុងការបិទទ្វារ ឬដាក់បំរាមគោចរ ធ្វើតេស្តរកវីរុស និងសម្អាតមេរោគគ្រប់កន្លែង ដែលទាំងនេះគឺជាកត្តាលេចធ្លោដែលនាំឱ្យចិនអាចគ្រប់គ្រងស្ថានភាព Covid-19 បានប្រសើរជាងបណ្ដាប្រទេសនៅលោកខាងលិច។

    ក្នុងគ្រាដែលប្រទេសជាច្រើននៅអឺរ៉ុប និងអាមេរិក កំពុងប្រឈមនឹងរលកនៃការឆ្លងវីរុសCovid-19 បន្ទាប់ និង​ត្រូវបិទទ្វារប្រទេស ឬដាក់បំរាមគោចរឡើងវិញ នៅឯតំបន់អាស៊ីខាងកើតវិញ បែរជាអាចគ្រប់គ្រងស្ថាន​ភាព​ជំងឺបានល្អ ពិសេសគឺប្រទេសចិន។

    កាលពីដើមសប្ដាហ៍នេះ ប្រទេសចិនបានប្រកាសអំពីកំណើនសេដ្ឋកិច្ចវិជ្ជមាននៅក្នុងត្រីមាសទីពីរជាបន្តទៀត ដែល​នេះបញ្ជាក់ថា សេដ្ឋកិច្ចរបស់មហាយក្សទីពីរនៃពិភពលោក បានងើបឡើងវិញយ៉ាងឆាប់រហ័សដល់កម្រិត​ណា។ ដូច្នេះ តើធ្វើយ៉ាងណាទើបប្រទេសចិននៅតែអាចគ្រប់គ្រងស្ថានការណ៍ Covid-19 បានយ៉ាងល្អបែបនេះ បើទោះជាបានបើកដំណើរការសេដ្ឋកិច្ចនិងសង្គមឡើងវិញ?

    ក្រោយការផ្ទុះឆ្លងវីរុសដំបូងនៅទីក្រុង Wuhan មនុស្សជាច្រើននៅតែគិតថា វិធានការសំខាន់របស់ចិនគឺការដាក់បំរាមគោចរឱ្យទាន់ពេល។ ប៉ុន្តែ នេះគ្រាន់តែជាជំហានដំបូងនៅក្នុងចំណោមវិធីសាស្ត្ររាប់មិនអស់ដែលប្រទេសនេះបាន និងកំពុងប្រើប្រាស់។

    ចិនបានបើកទ្វារសេដ្ឋកិច្ចនិងសង្គម ប៉ុន្តែហេតុអ្វីបានជាអាចគ្រប់គ្រង Covid-19 បានយ៉ាងល្អដូច្នេះ?
    ក្រោយពីកំណត់បានតំបន់ឆ្លងវីរុស អាជ្ញាធរនៅប្រទេសចិន នឹងចាប់ផ្ដើមធ្វើសកម្មភាពយ៉ាងឆាប់រហ័សក្នុងការបិទទ្វារ ឬដាក់បំរាមគោចរ ធ្វើតេស្តរកវីរុស និងសម្អាតមេរោគគ្រប់កន្លែង ដែលទាំងនេះគឺជាកត្តាលេចធ្លោដែលនាំឱ្យចិនអាចគ្រប់គ្រងស្ថានភាព Covid-19 បានប្រសើរជាងបណ្ដាប្រទេសនៅលោកខាងលិច

    ជោគជ័យរបស់ចិន គឺយោងទៅលើសមត្ថភាពនៃការតាមដាន និងស្រាវជ្រាវករណីឆ្លងនីមួយៗយ៉ាងល្អិតល្អន់នៅទូទាំងប្រទេស។ វិធីសាស្ត្រនេះ រួមមានទាំងការប្រើប្រាស់ប្រព័ន្ធ “កូដសុខភាព” តាមលំដាប់ពណ៌ និងកូដ QR ដែលអាចតាមដានការធ្វើដំណើររបស់ពលរដ្ឋ ដែលជួយឱ្យការស្វែងរកប្រភពចម្លងវីរុសបានងាយស្រួលជាងមុន។

    ក្រោយពីកំណត់បានតំបន់ឆ្លងវីរុស អាជ្ញាធរនៅប្រទេសចិន នឹងចាប់ផ្ដើមធ្វើសកម្មភាពយ៉ាងឆាប់រហ័សក្នុងការ​បិទ​ទ្វារ ឬដាក់បំរាមគោចរ ធ្វើតេស្តរកវីរុស និងសម្អាតមេរោគគ្រប់កន្លែង។ ជាក់ស្ដែង នៅក្នុងរលកនៃការឆ្លងថ្មីមួយនៅក្នុងទីក្រុង Qingdao កាលពីដើមខែនេះ មនុស្សជាង10លាននាក់ត្រូវបានធ្វើតេស្តដោយប្រើពេលត្រឹមតែមួយសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីមានការឆ្លងវីរុសចំនួន12ករណី។

    ក្រៅពីនេះ ការដែលពលរដ្ឋមានការយល់ដឹងច្រើន និងការគោរពតាមវិធានការរបស់អាជ្ញាធរ ក៏ជាកត្តារួមចំណែក​យ៉ាងសំខាន់ផងដែរ ដែលបានជួយឱ្យវិធានការទប់ស្កាត់វីរុសទទួលបានលទ្ធផលគាប់ប្រសើរ។

    ពីទីក្រុង Qingdao លោក Wei បាននិយាយថា៖ “សាធារណជននៅក្នុងទីក្រុង ធ្វើសកម្មភាពទប់ស្កាត់ និងគ្រប់គ្រងវីរុសបានយ៉ាងល្អ។ គ្រប់គ្នានៅតែមានអារម្មណ៍ថាមានសុវត្ថិភាព សូម្បីតែនៅពេលមានការរកឃើញករណីវិជ្ជមាន”។

    ចិនបានបើកទ្វារសេដ្ឋកិច្ចនិងសង្គម ប៉ុន្តែហេតុអ្វីបានជាអាចគ្រប់គ្រង Covid-19 បានយ៉ាងល្អដូច្នេះ?
    ការដែលពលរដ្ឋមានការយល់ដឹងច្រើន និងការគោរពតាមវិធានការរបស់អាជ្ញាធរ ក៏ជាកត្តារួមចំណែកយ៉ាងសំខាន់ផងដែរ ដែលបានជួយឱ្យវិធានការទប់ស្កាត់វីរុសទទួលបានលទ្ធផលគាប់ប្រសើរ

    អង្គការសុខភាពពិភពលោក (WHO) ថ្មីៗនេះ ក៏បានឱ្យដឹងថា បណ្ដាប្រទេសនៅអាស៊ីខាងកើត ក្នុងនោះមានប្រទេសចិនជាដើម បានធ្វើការយ៉ាងល្អនៅក្នុងការទប់ស្កាត់ការឆ្លងរបស់វីរុស ព្រមទាំងបានណែនាំបណ្ដាប្រទេសនៅអឺរ៉ុប និងអាមេរិកខាងជើងជាដើម ឱ្យរៀនសូត្រតាមគំរូនេះ។

    លោក Michael Ryan នាយកគ្រប់គ្រងកម្មវិធីបន្ទាន់ផ្នែកសុខាភិបាលរបស់អង្គការ WHO បានថ្លែងថា៖ “ប្រជា​ជន​នៅអាស៊ីខាងកើត មានការជឿជាក់ និងអនុវត្តតាមវិធានការរបស់រដ្ឋអំណាចបានខ្ពស់ជាង ពួកគេក៏តែង​តែរក្សាវិធានការទប់ស្កាត់វីរុសបានយូរជាង” បើធៀបនឹងនៅអឺរ៉ុប។

    ក្នុងចំណោមវិធានការខាងលើរបស់ចិន ការពាក់ម៉ាស់គឺជាកត្តាសំខាន់ជាងគេក្នុងការទប់ស្កាត់វីរុស។ សកម្មភាពនេះ​ត្រូវបានពលរដ្ឋក្នុងបណ្ដាប្រទេសនៅអាស៊ី ពិសេសគឺចិន អនុវត្តបានយ៉ាងខ្ជាប់ខ្ជួន៕

    ប្រភព៖ RT, CB, BI

  • អ្នក​មាន​ជាង​គេ​នៅ​ជប៉ុន​ និង​ជា​អតីត​បុគ្គលិក​ផ្សារ ​Aeon ​បង្ហើប​អំពី​វិធី​សាស្ត្រ​ដើម្បី​អាច​រីក​ចម្រើន​បាន ​នៅ​ក្នុង​សម័យ​Covid-19

    អ្នក​មាន​ជាង​គេ​នៅ​ជប៉ុន​ និង​ជា​អតីត​បុគ្គលិក​ផ្សារ ​Aeon ​បង្ហើប​អំពី​វិធី​សាស្ត្រ​ដើម្បី​អាច​រីក​ចម្រើន​បាន ​នៅ​ក្នុង​សម័យ​Covid-19

    នៅក្នុងគ្រាដែលវិបត្តិសុខភាពពិភពលោក បាននិងកំពុងធ្វើឱ្យបណ្ដាក្រុមហ៊ុនលក់រាយសម្លៀកបំពាក់ត្រូវប្រកាសក្ស័យធន និងគូប្រជែងសំខាន់ៗមានគម្រោងបិទហាង ក្រុមហ៊ុន Uniqlo របស់អតីតបុគ្គលិកផ្សារ Aeon នៅតែបន្តរកស៊ីបានដោយរលូន។

    ថ្មីៗនេះ លោក Tadashi Yanai ដែលជាប្រធាន និងជា CEO របស់ក្រុមហ៊ុន Fast Retailing ដែលជាក្រុមហ៊ុនមេរបស់ Uniqlo បានផ្ដល់បទសម្ភាសមួយជាមួយនឹងសារព័ត៌មាន Nikkei Asia។ ក្នុងបទសម្ភាស អតីតបុគ្គលិកផ្សារ Aeon រូបនេះ ស្លៀកពាក់យ៉ាងសាមញ្ញជាទីបំផុត បើទោះលោកជាមហាសេដ្ឋីលំដាប់ទីមួយនៅជប៉ុន និងជាម្ចាស់បណ្ដាញផ្សារលក់រាយសម្លៀកបំពាក់ក៏ដោយ។

    លោក Tadashi Yanai ត្រូវបានទស្សនាវដ្ដី Forbes ផ្ដល់ចំណាត់ថ្នាក់ជាអ្នកមានជាងគេបង្អស់នៅប្រទេស​ជប៉ុន​។​ បច្ចុប្បន្ន នៅប្រទេសជប៉ុន គេជឿថា មិនមានអ្នកណាមួយដែលមិនទាន់បានប្រើប្រាស់ ឬទិញផលិតផលរបស់ Uniqlo នោះឡើយ។ Uniqlo បាននិងកំពុងឈរជើងយ៉ាងរឹងមាំនៅចំពោះមុខវិបត្តិCovid-19 ក្នុងគ្រាដែលក្រុមហ៊ុនលក់រាយសម្លៀកបំពាក់ដទៃ កំពុងជួបការលំបាកខ្លាំង ឬប្រកាសក្ស័យធន។

    ទាក់ទងនឹងយុទ្ធសាស្ត្រទីផ្សារ លោក Tadashi Yanai បានសរសេរនៅក្នុងសៀវភៅមួយក្បាលកាលពីឆ្នាំ2003ថា៖ “សម្លៀកបំពាក់ធម្មតា អាចស្លៀកពាក់គ្រប់ពេល គ្រប់ទីកន្លែង គ្រប់គ្នា និងតាមចិត្ត”។ “បើសិនជាយើងអាចលក់សម្លៀកបំពាក់សាមញ្ញសម្រាប់បុរស និងស្ត្រី ក្នុងបរិមាណច្រើន នោះនឹងជាជោគជ័យដ៏ធំធេង”។ ទាំងនោះគឺជាចក្ខុវិស័យ ឬជាត្រីវិស័យរបស់លោក តាំងពីទសវត្សរ៍ឆ្នាំ1980 នៅពេលដែលលោកបើកហាង Uniqlo ទីបួន។ បច្ចុប្បន្ន Uniqlo មានហាងលក់សម្លៀកបំពាក់ចំនួនជាង2,200កន្លែងនៅទូទាំងពិភពលោក។

    លោក Tadashi Yanai និយាយថា៖ “វាហួសសម័យហើយដែលគ្រប់គ្នាប្រឹងប្រែងដើម្បីធ្វើឱ្យលេចធ្លោនូវជីវភាពសម្ភារ​និយម។ ខុសពីមុន ជាពេលដែលគ្រប់គ្នាស្លៀកពាក់ដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីអ្នកដទៃ ពេលនេះ គ្រប់​គ្នាចង់បានឈុតខោអាវដែលអនុញ្ញាតឱ្យពួកគេរស់នៅក្នុងជីវភាពដែលមានគុណភាពខ្ពស់”។

    អ្នកមានជាងគេនៅជប៉ុន និងជាអតីតបុគ្គលិកផ្សារ Aeon បង្ហើបអំពីវិធីសាស្ត្រដើម្បីអាចរីកចម្រើនបាន នៅក្នុងសម័យCovid-19
    លោក Tadashi Yanai ដែលជាប្រធាន និងជា CEO របស់ក្រុមហ៊ុន Fast Retailing ដែលជាក្រុមហ៊ុនមេរបស់ Uniqlo

    ជាមួយនឹងការយល់ឃើញខាងលើ សម្លៀកបំពាក់ LifeWear របស់ក្រុមហ៊ុន Uniqlo បានក្លាយជាផលិតផលដែលសមស្របយ៉ាងពិសេសទៅនឹងវិបត្តិសុខភាពនៅក្នុងឆ្នាំនេះ៖ ម៉ាស់ដែលអាចឱ្យខ្យល់ចេញចូលបានល្អ ខោកីឡាដែលសមស្របនឹងបរិយាកាសចត្តាឡីស័ក ឬការនៅដាច់ដោយឡែកពីគេឯងដើម្បីទប់ស្កាត់ការឆ្លងវីរុសជាដើម។ល។ ក្រុមហ៊ុនរបស់លោក Tadashi Yanai ក៏កំពុងតែដាក់លក់ផលិតផលសម្រាប់អ្នក “ធ្វើការពីផ្ទះ” ផងដែរ។

    លោក Tadashi Yanai បាននិយាយប្រាប់សារព័ត៌មាន Nikkei Asia ថា៖ “Covid-19 គឺជាវិបត្តិធំសម្រាប់បណ្ដាក្រុមហ៊ុនក្នុងពិភពលោក ប៉ុន្តែ វាក៏ជាឱកាសដ៏ធំផងដែរ។ បណ្ដាក្រុមហ៊ុនជោគជ័យ តែងតែរួចផុតពីវិបត្តិ”។

    Covid-19 បានសម្លាប់ក្រុមហ៊ុនជាច្រើននៅក្នុងវិស័យលក់រាយសម្លៀកបំពាក់។ Brooks Brothers, J-Crew និង J.C. Penney ក៏ស្ថិតក្នុងចំណោមក្រុមហ៊ុនរាប់រយដែលបានប្រកាសក្ស័យធន ខណៈដែល Fast Retailing ក៏ត្រូវបិទទ្វារហាងបណ្ដោះអាសន្ននៅទូទាំងពិភពលោក។

    ប៉ុន្តែ Uniqlo បានរួចពីការស្លាប់ ដោយសារតែមានការគាំទ្រពីអតិថិជន។ Akari Ono អាយុ27ឆ្នាំ បាននិយាយ​ថា នាងបានទិញសម្លៀកបំពាក់ជាញឹកញាប់ពីហាង Uniqlo។ នាងបន្ថែមថា ផលិតផលរបស់ Uniqlo “មានតម្លៃ​សមរម្យ និងពិសេសវាមានប្រយោជន៍ច្រើន ព្រោះខ្ញុំមិនបានចេញក្រៅផ្ទះញឹកញាប់ដូចមុននោះទេនៅក្នុងឆ្នាំនេះ”​។​

    កាលពីខែមិថុនា ប្រាក់ចំណូលរបស់ Uniqlo នៅជប៉ុន បានកើនឡើង26% បើធៀបនឹងអំឡុងពេលដូចគ្នាកាល​ពីឆ្នាំ2019។ លោក Yanai នៅតែជឿជាក់ទៅលើហាងលក់បែបបុរាណដដែល ប៉ុន្តែ ត្រូវគួបផ្សំនឹងវិធីសាស្ត្រលក់​អនឡាញ។

    ថាមពលនៃតម្លៃ

    ជីវិតរបស់មហាសេដ្ឋីលំដាប់ទីមួយនៅជប៉ុនរូបនេះ មិនដែលចាកចេញពីវិស័យលក់រាយនោះទេ។ បន្ទាប់ពីបានរៀន​ចប់នៅឆ្នាំ1972 លោក Yanai ក៏បានចូលធ្វើការនៅក្នុងផ្សារទំនើប Aeon ហើយក្រោយមកក៏បានទៅធ្វើការនៅក្នុងក្រុមហ៊ុនសម្លៀកបំពាក់ដែលឪពុករបស់គាត់ជាអ្នកបង្កើតឡើងនៅក្នុងខេត្ត Yamaguchi។ លោក Yanai បានបើកហាង Uniqlo ដំបូងបង្អស់របស់ខ្លួននៅក្នុងឆ្នាំ1984 និងបើកហាងទីមួយនៅទីក្រុង Tokyo ក្នុងឆ្នាំ1998។

    អ្នកមានជាងគេនៅជប៉ុន និងជាអតីតបុគ្គលិកផ្សារ Aeon បង្ហើបអំពីវិធីសាស្ត្រដើម្បីអាចរីកចម្រើនបាន នៅក្នុងសម័យCovid-19
    ហាង​សម្លៀក​បំពាក់​តម្លៃ​ទាប Uniqlo ​របស់​លោក Tadashi Yanai

    កាលណោះ Uniqlo គ្រាន់តែជាហាងមួយដែលតំណាងឱ្យសម្លៀកបំពាក់តម្លៃទាបតែប៉ុណ្ណោះ។ ប៉ុន្តែ ប្រការនេះបានជួយឱ្យប្រាក់ចំណូលរបស់ក្រុមហ៊ុន កើនឡើង5ដង រាប់ចាប់ពីឆ្នាំ1998ដល់ឆ្នាំ2001។ Takahiro Kazahaya អ្នកវិភាគមកពីក្រុមហ៊ុន Credit Suisse Securities បានឱ្យដឹងថា ចាប់តាំងងពីទើបត្រូវបានបង្កើតឡើង កម្លាំងរបស់ Fast Retailing (ក្រុមហ៊ុនមេរបស់ Uniqlo) តែងតែកំណត់តម្លៃយ៉ាងសមរម្យសម្រាប់ផលិតផលមូលដ្ឋាន។

    Takahiro Kazahaya បន្តថា លោក Yanai បាន “ដាក់ចេញនូវបេសកកម្មយ៉ាងច្បាស់លាស់សម្រាប់ក្រុមហ៊ុន នោះ​គឺការផ្គត់ផ្គង់ខោអាវដែលមានតម្លៃទាបជាងគេ និងងាយស្រួលប្រើប្រាស់ជាងគេ សម្រាប់គ្រប់គ្នា និងកំពុង​តែធ្វើនូវអ្វីដែលចាំបាច់សម្រាប់ដើរទៅដល់គោលដៅដែលបានកំណត់”។

    អាថ៌កំបាំងអំពីការកំណត់តម្លៃទាបរបស់ Uniqlo មួយផ្នែកគឺអាស្រ័យទៅលើការបញ្ជាទិញផលិតផលក្នុងបរិមាណច្រើនពីវិស័យកាត់ដេរ។ ប្រការនេះក៏ជួយឱ្យក្រុមហ៊ុន មានទឹកមាត់ប្រៃសម្រាប់ជជែកជាមួយភាគីរោងចក្រកាត់​ដេរ​ផងដែរ។

    យោងតាមអ្នកវិភាគ Kazahaya តុលភាពរវាងគុណភាពនិងតម្លៃ ត្រូវបានអ្នកប្រើប្រាស់ទទួលយក ដែលនេះបាន​ជួយឱ្យក្រុមហ៊ុនដណ្ដើមបានចំណែកទីផ្សារមួយយ៉ាងធំនៅអាស៊ី ហើយប្រការនេះក៏នៅតែមិនប្ដូរផ្លាស់ បើទោះស្ថិតក្នុងវិបត្តិសុខភាព។

    Fast Retailing រកបានចំណូលសរុប 20.7ពាន់លានដុល្លារអាមេរិក និងចំណេញ1.4ពាន់លានដុល្លារនៅក្នុងឆ្នាំសារពើពន្ធដែលបានបញ្ចប់កាលពីខែសីហា2019។

    នៅតែបន្តវិវឌ្ឍន៍ខ្លួន

    ដើម្បីទប់ទល់នឹង Covid-19 លោក Yanai នឹងធ្វើការកែសម្រួលមួយចំនួនទៅលើហាងបែបបុរាណរបស់ខ្លួន។ ក្នុងចំណោមហាងជាង800នៅជប៉ុន ដែលជាទីផ្សារធំបំផុតរបស់ Uniqlo នឹងមានហាងប្រមាណ1/3 ត្រូវកែប្រែមុខមាត់ថ្មី ទាក់ទងនឹងការតុបតែង ឬទីតាំង។

    លោក Yanai ថ្លែងថា៖ “មានការប្ដូរផ្លាស់មួយនៅក្នុងទម្លាប់រស់នៅរបស់អ្នកប្រើប្រាស់ នោះគឺពួកគេទិញទំនិញនៅក្នុងតំបន់ក្បែរខាង។ លោកថា នឹងមានហាងកាន់តែច្រើន វាយលុកទីផ្សារជនបទនាពេលខាងមុខ។ Fast Retailing ក៏បានអះអាងថា ខ្លួនកំពុងតែបង្កើនល្បឿននៃការពង្រីកខ្លួនទៅក្នុងទីផ្សារខាងលើ និងទីផ្សារ​អនឡាញ​ផងដែរ៕

    ប្រភព៖ Nikkei Asia

  • ទស្សនាឃ្លីប បុគ្គលិកអនាម័យនៅប្រទេសចិន ផឹកទឹកពីចានបង្គន់ បង្អួតស្នាដៃសម្អាតអនាម័យកម្រិតកំពូល!!​

    ទស្សនាឃ្លីប បុគ្គលិកអនាម័យនៅប្រទេសចិន ផឹកទឹកពីចានបង្គន់ បង្អួតស្នាដៃសម្អាតអនាម័យកម្រិតកំពូល!!​

    បុគ្គលិកស្រី របស់ក្រុមហ៊ុនមួយ ក្នុងមណ្ឌលសាន់តុង កំពុងផឹកទឹកដែលដួសចេញពីចានបង្គន់ ដើម្បីអះអាងពីស្នាដៃរបស់នាង ក្នុងការសម្អាតអនាម័យដ៏ស្អាតផុតកំពូល និងគ្មានមេរោគ

    ឃ្លីបបុគ្គលិកសម្អាតអនាម័យ របស់ក្រុមហ៊ុនមួយនៅក្នុងប្រទេសចិន ដែលបានផឹកទឹកពីចានបង្គន់ ដើម្បីបង្ហាញពីស្នាដៃក្នុងការដុសខាត់សម្អាតចានបង្គន់ បានស្អាតកម្រិតកំពូល គ្មានមេរោគ បានក្លាយជាឃ្លីបដ៏គួរឱ្យភ្ញាក់ផ្អើលមួយ នៅក្នុងពិភពអនឡាញក្នុងប្រទេសចិន។

    បុគ្គលិកស្រី សម្អាតអនាម័យរបស់ក្រុមហ៊ុនលក់ចំណីសត្វ សាន់តុង ហ្វ៊ើយឈឹង ក្នុងមណ្ឌលសាន់តុង កំពុងផឹកទឹកដែលបានដួសចេញមកពីចានបង្គន់ប្រភេទអង្គុយចោងហោង ដើម្បីអះអាងពីស្នាដៃសម្អាតអនាម័យរបស់នាងដ៏អស្ចារ្យ និងគ្មានមេរោគ។

    បុគ្គលិកស្រី ស៊ែលួ ម្នាក់នោះ បានទទួលការស្ងើចសរសើរ និងលើកតម្កើង ពីការឧទ្ទិសខ្លួនក្នុងតួនាទីការងារ និងបានទទួលរង្វាន់ពិសេសពីក្រុមហ៊ុន ក្នុងឋានៈជាបុគ្គលិក “ឆ្នើមអស្ចារ្យថ្នាក់ពិសេស”។

    ទង្វើរបស់ ស៊ែលួ បានក្លាយជាប្រធានបទជជែកវែកញែកយ៉ាងទូលំទូលាយនៅក្នុងបណ្ដាញសង្គមដ៏ល្បីល្បាញរបស់ចិន “វេយបូ” ដោយមានមនុស្សម្នាក់បានខមមិនថា “ក្រុមហ៊ុនមិនគួរជំរុញឱ្យមានទង្វើបែបនេះទេ ក្នុងអំឡុងពេលដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ-19”។

    និងម្នាក់ទៀតបានសរសេរថា “ឱ្យមេធំរបស់ក្រុមហ៊ុន មកភ្លក្សរសជាតិទឹកពីចានបង្គន់នោះខ្លះផង…”

    អ្នកទស្សនាឃ្លីបនេះម្នាក់ទៀត ជឿថា “ស្ត្រីបុគ្គលិកសម្អាតអនាម័យម្នាក់នោះ ត្រូវបានបង្ខំឱ្យធ្វើបែបនោះ ដើម្បីឱ្យទទួលបានលទ្ធផលការងារ តាមគោលដៅរបស់ក្រុមហ៊ុន…ហ៊ឺ! ជីវិតអ្នកសម្អាតអនាម័យ ពិតជាលំបាកមែន”

    ខ្នាតទឹកម៉ាស៊ីននៅក្នុងប្រទេសចិន មិនទាន់ស្អាត និងមានសុវត្ថិភាពគ្រប់គ្រាន់សម្រាប់ផឹកនៅឡើយផង តែក្រុមហ៊ុនខាងលើ បែរជាអះអាងថា ទឹកនៅក្នុងចានបង្គន់របស់ក្រុមហ៊ុន ពិតជាស្អាតមានអនាម័យ ដល់ថ្នាក់ផឹកបាន និងអះអាងថា បុគ្គលិកម្នាក់នោះ ធ្វើឡើងដោយការស្ម័គ្រចិត្តទៀតផង។

    ចំណែកអ្នកនាំពាក្យរបស់ក្រុមហ៊ុន បាននិយាយថា ស៊ែលួ បានផឹកទឹកពីចានបង្គន់ អស់រយៈពេលជិត 2ឆ្នាំមកហើយ​ក្រោយពីបាន “យកឈ្នះឧបសគ្គខាងចិត្តវិទ្យា” រួចមក៕

    ប្រភព៖ សារព័ត៌មានបរទេស

  • “កន្ទុយនាគ​យក្ស”​ ក្នុង​អវកាស​ ដែល​មាន​ចម្ងាយ​81​លាន​ឆ្នាំ​ពន្លឺ​ពី​ផែនដី

    “កន្ទុយនាគ​យក្ស”​ ក្នុង​អវកាស​ ដែល​មាន​ចម្ងាយ​81​លាន​ឆ្នាំ​ពន្លឺ​ពី​ផែនដី

    កាឡាក់ស៊ីមួយគូដែលស្ថិតក្នុងកញ្ចុំផ្កាយ Lynx មើលពីផែនដី វាហាក់មានរូបរាងដូចទៅនឹងកន្ទុយនាគពណ៌ផ្ទៃមេឃស្រស់ថ្លា លាតសន្ធឹងវែងអន្លាយនៅក្នុងលំហអវកាសដ៏សែនជ្រៅ។

    កែវយឹតអវកាស Hubble របស់អង្គការ NASA និងទីភ្នាក់ងារអវកាសអឺរ៉ុប (ESA) ថតបានរូបភាពនៃកាឡាក់ស៊ីអន្តរកម្មមួយគូដែលគេហៅថា Arp 283 ដែលរួមមានកាឡាក់ស៊ី NGC 2799 (ឆ្វេង) និង NGC 2789 (ស្ដាំ) នេះបើតាមសារព័ត៌មាន SciTechDaily ចុះផ្សាយកាលពីថ្ងៃទី19តុលា។ កាឡាក់ស៊ីអន្តរកម្ម គឹជាកាឡាក់ស៊ីដែលនៅក្បែរគ្នា និងមានឥទ្ធិពលទៅលើគ្នា ហើយចុងក្រោយអាចច្របាច់បញ្ចូលគ្នាជាកាឡាក់ស៊ីតែមួយ។

    “កន្ទុយនាគយក្ស” ក្នុងអវកាស ដែលមានចម្ងាយ81លានឆ្នាំពន្លឺពីផែនដីនៅក្នុងរូបថតនេះ NGC 2799 ទំនងជាកំពុងត្រូវស្រូបចូលទៅក្នុងចំណុចកណ្ដាលរបស់កាឡាក់ស៊ី NGC 2798។ កាឡាក់ស៊ី NGC 2799 មានរូបរាងដូចទៅនឹងកន្ទុយនាគដែលមានពណ៌ផ្ទៃមេឃ ឬលំហូរទឹកដែលកំពុងធ្លាក់ទៅក្នុង NGC 2798។ ទាំងនេះគឺជាកាឡាក់ស៊ីរាងគូទខ្យងដែលមានសម្រស់ដ៏ស្រស់ស្អាត ស្ថិតក្នុងកញ្ចុំផ្កាយ Lynx ដែល​មានចម្ងាយពីផែនដីប្រមាណ81លានឆ្នាំពន្លឺ (1ឆ្នាំពន្លឺស្មើនឹង 9.46លានលានគីឡូម៉ែត្រ)។

    តារាវិទូជនជាតិអង់គ្លេសដើមកំណើតអាល្លឺម៉ង់ ឈ្មោះ William Herschel បានរកឃើញ NGC 2798 កាលពីឆ្នាំ1788។ ជិត1សតវត្សក្រោយ ពោលគឺនៅថ្ងៃទី9មីនា ឆ្នាំ1874 ទើបអ្នកតារាសាស្ត្រអង់គ្លេស ឈ្មោះ Ralph Copeland រកឃើញ NGC 2799។

    ដំណើរការនៃការច្របាច់បញ្ចូលគ្នារវាងកាឡាក់ស៊ីជាមួយនឹងកាឡាក់ស៊ី អាចកើតឡើងក្នុងអំឡុងពេលរាប់រយលានឆ្នាំ ឬច្រើនជាង1ពាន់លានឆ្នាំ។ មនុស្សមួយចំនួនយល់ថា ការច្របាច់បញ្ចូលគ្នារវាងកាឡាក់ស៊ី ប្រាកដជាកម្ទេចប្រព័ន្ធផ្កាយនៅខាងក្នុង។ ប៉ុន្តែ គម្លាតដ៏ធំធេងរវាងផ្កាយនានា នឹងពិបាកក្នុងការធ្វើឱ្យពួកវាប៉ះទង្គិចគ្នាបាន។ ជំនួសមកវិញ ពួកវានឹងគោចរឆ្លងកាត់គ្នាតែប៉ុណ្ណោះ៕

    ប្រភព៖ SciTechDaily

  • កម្ពុជា​​រក​ឃើញ​​អ្នក​​​ផ្ទុក​​វីរុស​​Covid-19​ ថ្មី​​ 1​ករណី​​ទៀត​​ហើយ ​ខណៈ​​ពិភព​លោក​ទើប​​បាន​​​រក​​ឃើញ​​បន្ថែម​​6,130​ករណី​

    កម្ពុជា​​រក​ឃើញ​​អ្នក​​​ផ្ទុក​​វីរុស​​Covid-19​ ថ្មី​​ 1​ករណី​​ទៀត​​ហើយ ​ខណៈ​​ពិភព​លោក​ទើប​​បាន​​​រក​​ឃើញ​​បន្ថែម​​6,130​ករណី​

    ក្រសួង​សុខាភិបាល​បាន​ឱ្យ​ដឹង​ថា អ្នក​ជំងឺ​​ដែល​ទើប​ត្រូវ​បាន​រក​ឃើញ​​នៅ​ក្នុង​ប្រទេស​កម្ពុជា​​​នេះ មាន​អាសយដ្ឋាន​បណ្ដោះ​អាសន្ន​នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ​។

    ព្រឹក​ថ្ងៃទី​21​តុលា​នេះ ក្រសួង​សុខាភិបាល​កម្ពុជា​ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ឱ្យ​ដឹង​ថា បាន​រក​ឃើញ​អ្នក​ផ្ទុក​វីរុស​Covid-19 ថ្មី​ ចំនួន​1​ករណី​​នៅក្នុង​ថ្ងៃទី​20​តុលាកន្លង​ទៅ​។ ករណី​នេះ​កើត​ឡើង​ចំពោះ​បុរស​ជា​ជន​ជាតិ​ប៉ូឡូញ​ម្នាក់ អាយុ​47​ឆ្នាំ​ ដែល​ធ្វើ​ដំណើរ​ពី​ប៉ូឡូញ ឆ្លង​កាត់តាម​​ប្រទេស​កូរ៉េខាង​ត្បូង​ មុន​នឹង​មក​ដល់​កម្ពុជា​ក្នុង​ថ្ងៃទី​19​តុលា​។

    បុរស​ខាងលើ​ បាន​ធ្វើ​ដំណើរ​តាម​ជើង​ហោះ​ហើរ​មួយ​ដែល​មាន​ដឹក​អ្នក​ដំណើរ​ចំនួ​ន54​នាក់​។ បច្ចុប្បន្ន​ អ្នកជំងឺ​ថ្មី​នេះ ត្រូវបាន​ដាក់​ឱ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្ត​ភាព​ខ្មែរ​-សូវៀត​នៅ​រាជ​ធានី​ភ្នំ​ពេញ​ ខណៈ​ដែល​អ្នក​ដំណើរ​ក្រៅ​ពី​នេះ ក៏​ត្រូវ​បាន​ដាក់​ឱ្យ​នៅ​ដាច់​ដោយ​ឡែករយៈ​ពេល​14​ថ្ងៃ​នៅ​ឯ​​សណ្ឋគារ​មួយ​ចំនួន​នាទីក្រុង​​ភ្នំ​ពេញ​ដើម្បី​តាម​ដាន​សុខភាព​។

    គិត​មក​ដល់​ថ្ងៃ​ទី​21​តុលា​នេះ កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស​Covid-19 សរុប​ 286​នាក់​ ក្នុង​នោះ​មាន​280​នាក់​បាន​ជា​សះស្បើយ និង​6​នាក់​កំពុង​សម្រាក​ព្យាបាល​។

    ដោយ​ឡែក​ នៅ​ទូទាំង​សកល​លោក​ឯណោះ​វិញ មក​ដល់​បច្ចុប្បន្ន មាន​មនុស្ស​ចំនួន​41,029,279​នាក់​បាន​ឆ្លង​វីរុស​Covid-19 ក្នុង​នោះ​មាន​ អ្នក​កំពុង​ផ្ទុក​វីរុស​​​ចំនួន​9,275,532​នាក់​ ​ជា​សះស្បើយ​ចំនួន​30,624,255​នាក់​ និង​​ស្លាប់​សរុប​1,129,492​នាក់។ ក្នុង​រយៈ​ពេល​24​ម៉ោង​ចុង​ក្រោយ​នេះ ពិភពលោក​រក​ឃើញ​អ្នក​ជំងឺ​ថ្មី​6,130​នាក់​ និង​អ្នក​ស្លាប់​ថ្មី​​582​នាក់ ៕

    ក្រសួង​សុខាភិបាល​, Worldometers

  • រកឃើញ​ផែនដី​យក្ស​មួយ​ទៀត​ ដែល​មាន​ចម្ងាយ​120​ឆ្នាំ​ពន្លឺ​ពី​ផែនដី​របស់​មនុស្ស​លោក​

    រកឃើញ​ផែនដី​យក្ស​មួយ​ទៀត​ ដែល​មាន​ចម្ងាយ​120​ឆ្នាំ​ពន្លឺ​ពី​ផែនដី​របស់​មនុស្ស​លោក​

    ភព TOI-1266 c ធំជាង1.5ដង បើធៀបនឹងពិភពផែនដីរបស់មនុស្ស និងចំណាយពេលតែ11ថ្ងៃប៉ុណ្ណោះដើម្បីវិលបាន1ជុំផ្កាយមេរបស់វា។

    ដើមឆ្នាំនេះ កែវយឹត SAINT-EX នៅប្រទេសម៉ិចស៊ិក ដែលគ្រប់គ្រងដោយមជ្ឈមណ្ឌល NCCR PhanetS នៃសាកលវិទ្យាល័យ Bern ប្រទេសស្វីស បានប្រទះឃើញភពក្រៅប្រព័ន្ធព្រះអាទិត្យចំនួន2ដែលកំពុងគោចរជុំវិញផ្កាយមេ TOI-1266 ដែលមានចម្ងាយ120ឆ្នាំពន្លឺពីភពផែនដី។ ព័ត៌មាននេះត្រូវបានចុះផ្សាយនៅលើទស្សនាវដ្ដី Astronomy and Astrophysics កាលពីថ្ងៃទី2តុលាកន្លងទៅ។

    ភព TOI-1266 b និង c ស្ថិតនៅក្បែរផ្កាយមេជាងបើធៀបនឹងបណ្ដាភពក្នុងប្រព័ន្ធព្រះអាទិត្យរបស់មនុស្សលោក។ TOI-1266 b ចំណាលពេល11ថ្ងៃ និង TOI-1266 c ចំណាយពេល19ថ្ងៃ ដើម្បីគោចរបាន1ជុំផ្កាយមេរបស់វា។ ប៉ុន្តែ ដោយសារផ្កាយ TOI-1266 ត្រជាក់ជាងព្រះអាទិត្យ ទើបធ្វើឱ្យសីតុណ្ហភាពនៅលើភពទាំង2របស់វា មិនក្ដៅខ្លាំង។

    ធាតុផ្សំរបស់ភពទាំង2នេះ អាចរួមមាន ពាក់កណ្ដាលជាថ្មនិងលោហធាតុ និងពាក់កណ្ដាលទៀតជាទឹក។ ប្រការនេះ ធ្វើឱ្យពួកវាមានសភាពប្រហាក់ប្រហែលនឹងផែនដី ឬភពសុក្រ (Venus)។ ភព TOI-1266 b ដែលនៅខាងក្នុង មានអង្កត់ផ្ចិតធំជាង2.5ដងធៀបនឹងផែនដី ចំណែកឯភព TOI-1266 c ដែលនៅខាងក្រៅ មានទំហំធំជាងផែនដី1.5ដង៕

    ប្រភព៖ Sci Tech Daily

  • ពីអ្នក​រត់​តុ​ក្រី​ក្រ ​ក្លាយ​ជា​ CEO ​ដែល​មាន​ទ្រព្យ​300​លាន​ដុល្លារ៖​ “ពេល​រក​បាន​1​លាន​ដុល្លារ​លើក​ដំបូង​ ទើប​ខ្ញុំ​ដឹង​ថា​ ខ្លួន​ក្រ​ដល់​កម្រិត​ណា”

    ពីអ្នក​រត់​តុ​ក្រី​ក្រ ​ក្លាយ​ជា​ CEO ​ដែល​មាន​ទ្រព្យ​300​លាន​ដុល្លារ៖​ “ពេល​រក​បាន​1​លាន​ដុល្លារ​លើក​ដំបូង​ ទើប​ខ្ញុំ​ដឹង​ថា​ ខ្លួន​ក្រ​ដល់​កម្រិត​ណា”

    នៅក្នុងពេលបច្ចុប្បន្ន ក្រុមហ៊ុនសម្លៀកបំពាក់របស់ Daymond John រកបានចំណូលជាង6ពាន់លានដុល្លារនៅទូទាំងពិភពលោក។

    ពេលនេះ Daymond John ត្រូវបានគេស្គាល់ជាទូទៅក្នុងនាមជាអ្នកវិនិយោគដ៏លេចធ្លោនៅលើកម្មវិធី “Shark Tank” របស់អាមេរិក។ ប៉ុន្តែ ដូចទៅនឹងសេដ្ឋីដែលរកស៊ីពីបាតដៃទទេដទៃទៀត អ្នកជំនួញរូបនេះ បានឆ្លងកាត់ដំណាក់កាលលំបាក និងការចាប់ផ្ដើមរកស៊ីជាមួយនឹងទុនតិចតួចបំផុត។

    តាំងពីនៅជាសិស្សមធ្យមសិក្សា Daymond John ធ្លាប់បានរកប្រាក់តាមរយៈការលាបពណ៌ខាងក្រៅរបស់ខ្មៅដៃ រួចឆ្លាក់ឈ្មោះអតិថិជនពីលើ។ អាយុ10ឆ្នាំ ឪពុកម្ដាយបានលែងលះគ្នា ហើយ Daymond John ក៏រស់នៅជាមួយម្ដាយ។

    John បានប្រាប់ Business Insider ថា៖ “ពួកយើងបានឆ្លងកាត់ពីវណ្ណមធ្យម ចុះមកវណ្ណក្រីក្រ។ ខ្ញុំបានក្លាយជាសសរទ្រូងនៃគ្រួសារ ហើយចាប់ផ្ដើមធ្វើការនៅក្នុងវ័យនោះ”។ ការងារជាបន្តដែលគាត់ធ្វើ នោះគឺការងារចែកខិត្តប័ណ្ណក្នុងទីក្រុង ដោយទទួលបានប្រាក់ឈ្នួល2ដុល្លារ/ម៉ោង។

    ក្នុងពេលនៅសិក្សា John ជួបបញ្ហាជាច្រើនឆ្នាំទាក់ទងនឹងការពិបាកអាន។ ដើមទសវត្សរ៍1990 John បានចូលបម្រើការជាអ្នករត់តុនៅឯសាខាមួយរបស់បណ្ដាញភោជនីយដ្ឋានគ្រឿងសមុទ្រ Red Lobster។

    មានថ្ងៃមួយ ម្ដាយរបស់ John បាននិយាយថា៖ “កូនប្រុស កូនគួរតែស្វែងរកអ្វីមួយដែលខ្លួនប្រាថ្នា ហើយធ្វើវាចាប់ពីពេលនេះតទៅដោយប្រើវិធីផ្សេងៗ”។ John ឆ្លើយតបនឹងម្ដាយថា គាត់ចង់បង្កើតក្រុមហ៊ុនកាត់ដេរសម្លៀកបំពាក់សម្រប់បុរសពេញវ័យ។ ក្រោយមក ម្ដាយរបស់គាត់បានបង្រៀនអំពីវិធីធ្វើមួក។ John ក៏ទៅរកទិញក្រណាត់ដែលមានតម្លៃទាប ហើយបង្កើតបានមួកចំនួន80 រួចលក់ក្នុងតម្លៃ10ដុល្លារ/មួក1។ ពេលនោះ John រកបានប្រាក់ដល់ទៅ800ដុល្លារពីការលក់មួក។

    ពីអ្នករត់តុក្រីក្រ ក្លាយជា CEO ដែលមានទ្រព្យ300លានដុល្លារ៖ “ពេលរកបាន1លានដុល្លារលើកដំបូង ទើបខ្ញុំដឹងថា ខ្លួនក្រដល់កម្រិតណា”
    លោក Daymond John ថត​រូប​ជា​មួយ​នឹង​អតីត​ប្រធានាធិបតី​ Obama និង​ក្រុម​ការ​ងារ​

    បន្ទាប់ពីបានឃើញភាពចង់មានចង់បានរបស់កូនប្រុស ម្ដាយ John ក៏សម្រេចចិត្តដាក់បញ្ចាំផ្ទះដែលពួកគេកំពុងរស់នៅ ដើម្បីយកប្រាក់100,000ដុល្លារមកជួយដល់កូន។ John ក៏បានបើកដំណើរការអាជីវកម្មខ្នាតតូចមួយនៅក្នុងឆ្នាំ1992 ដោយដាក់ឈ្មោះក្រុមហ៊ុនថា FUBU (For Us, By Us)។

    ក្នុងដំណាក់ដំបូងនៃការចាប់ផ្ដើមរកស៊ី John និងម្ដាយ ត្រូវធ្វើការនៅក្នុងផ្ទះដែលបានដាក់បញ្ចាំ។ យីហោរបស់ពួកគេចាប់ផ្ដើមទទួលបានជោគជ័យ ក្រោយពីមានតារាចម្រៀងមួយចំនួនយកផលិតផលរបស់ John ទៅសម្ដែងនៅក្នុង MV ចម្រៀងមួយចំនួន។

    ប៉ុន្តែ ដើម្បីបានលទ្ធផលខាងលើ John បាននាំយកអាវដ៏ស្រស់ស្អាតដែលខ្លួនបានកាត់ដេរ ទៅកាន់កន្លែងគេថតចម្រៀង hip hop និងបញ្ចុះបញ្ចូលតារាចម្រៀងល្បីឈ្មោះ ឱ្យពួកគេពាក់អាវនេះ និងថតរូប។

    មិនត្រឹមតែប៉ុណ្ណោះ John ក៏បានយករូបថតខាងលើ ទៅកាន់កន្លែងដែលមានព្រឹត្តិការណ៍បង្ហាញម៉ូដសម្លៀកបំពាក់សម្រាប់បុរសដែលត្រូវបានធ្វើឡើង2លើកក្នុង1ឆ្នាំ នៅ Las Vegas ដើម្បីស្វែងរកអតិថិជនថ្មី។ នៅទីនេះ John ទទួលបានការបញ្ជាទិញដែលមានតម្លៃរហូតដល់300,000ដុល្លារអាមេរិក។

    ក្នុងគ្រានោះដែរ មានមនុស្សតិចតួចណាស់ដែលដឹងថា John នៅតែធ្វើការពេញម៉ោងឱ្យក្រុមហ៊ុន Red Lobster។ ពេលរកបានប្រាក់គ្រប់គ្រាន់ ទើប John សម្រេចចិត្តសុំឈប់ពីក្រុមហ៊ុន Red Lobster ក្នុងឆ្នាំ1996 ដើម្បីផ្ដោតទៅលើ FUBU។

    ពេលនោះ John បានដឹងថា ខ្លួនអាចតាមចាប់ក្ដីស្រមៃធំជាងនេះ។ លោកបានប្រាប់ Business Insider ថា៖ “ពេលរកបានប្រាក់1លានដុល្លារជាលើកដំបូង ទើបខ្ញុំដឹងថា ខ្លួនឯងក្រដល់កម្រិតណា។ ត្រូវការ1លានដុល្លារដើម្បីជួយឱ្យអ្នកចាកផុតពីបំណុល”។

    ពីអ្នករត់តុក្រីក្រ ក្លាយជា CEO ដែលមានទ្រព្យ300លានដុល្លារ៖ “ពេលរកបាន1លានដុល្លារលើកដំបូង ទើបខ្ញុំដឹងថា ខ្លួនក្រដល់កម្រិតណា”
    លោក​ John និង​មហា​សេដ្ឋី Mark Cuban

    ការច្នៃមួក បានជួយឱ្យ John ប្រែក្លាយអាជីវកម្មតូចតាច ឱ្យទៅជាមុខជំនួញធំ និងរកបានចំណូល350លានដុល្លារដោយប្រើពេលត្រឹមតែ6ឆ្នាំប៉ុណ្ណោះ។ នៅក្នុងដំណាក់កាលបច្ចុប្បន្ន ប្រាក់ចំណូលរបស់ FUBU បានកើនឡើងដល់ជាង6ពាន់លានដុល្លារអាមេរិក។

    មកដល់ដើមទសវត្សរ៍ឆ្នាំ2000 ភាពល្បីល្បាញរបស់ FUBU ចាប់ផ្ដើមមានសញ្ញាអន់ថយជាបណ្ដើរៗ ក៏ប៉ុន្តែ John វិញ មិនដូច្នោះទេ! John បានឆ្លៀតឱកាសដើម្បី “ធ្វើទំនើបកម្ម” ដោយការចូលរួមក្នុងកម្មវិធី “Shark Tank”។ បើទោះជាដំបូង គាត់ត្រូវចំណាយប្រាក់ផ្ទាល់ខ្លួនប្រហែល750,000ដុល្លារ ប៉ុន្តែ John ទទួលបានចំណេះដឹងច្រើនជាងមុន។ បណ្ដាក្រុមហ៊ុនដែល John បានវិនិយោគ ពេលនេះរកបានប្រាក់ចំណេញរាប់លានដុល្លារជារៀងរាល់ឆ្នាំ។

    បច្ចុប្បន្ននេះ លោក John កំពុងគ្រប់គ្រងក្រុមហ៊ុនចំនួន3៖ ក្រុមហ៊ុន FUBU ក្រុមហ៊ុនគ្រប់គ្រងយីហោ Shark Group និងក្រុមហ៊ុនគ្រប់គ្រងការិយាល័យធ្វើការរួម Blueprint + co។

    ឆ្នាំ2015 អតីតប្រធានាធិបតីអាមេរិក Barack Obama បានតែងតាំង John ឱ្យធ្វើជាអគ្គរដ្ឋទូតរបស់ប្រធានាធិបតីស្ដីអំពីស្មារតីធ្វើជំនួញទូទាំងសកលលោក ដែលផ្ដល់ឱកាសឱ្យ John ជួយដល់បណ្ដាក្រុមហ៊ុននៅទូទាំងពិភពលោក ដើម្បីអាចប្រមូលទុន និងធ្វើការទំនាក់ទំនងសុំយោបល់ពីលោក។ ក្រៅពីនេះ លោក John ក៏បានសរសេរសៅភៅចំនួន5ក្បាល និងបន្តបង្ហាញវត្តមាននៅលើ Shark Tank។

    យោងតាម Wealth-X លោក John កំពុងកាន់កាប់ទ្រព្យសម្បត្តិប្រមាណ 300លានដុល្លារអាមេរិក។ ចែករំលែកអំពីបរាជ័យ និងការលំបាកកាលពីអតីតកាល លោក John ថ្លែងថា៖ “នៅពេលត្រូវប្រឆាំងទៅនឹងពិភពលោក និងមិនមានប្រាក់សម្រាប់ធ្វើអ្វីសោះ អ្នកប្រាកដជាចាប់ផ្ដើមមានគំនិតច្នៃប្រឌិត។ នោះគឺជាពេលដែលអ្នកចាកចេញពីតំបន់សុវត្ថិភាព និងកសាងអ្វីៗដែលថ្មីដើម្បីជោគជ័យ”៕

    ប្រភព៖ BI

  • “វៀតណាម” ឡើងតំណែងជាសម្ព័ន្ធមិត្តជប៉ុន លេខ1 ក្នុងអាស៊ាន

    “វៀតណាម” ឡើងតំណែងជាសម្ព័ន្ធមិត្តជប៉ុន លេខ1 ក្នុងអាស៊ាន

    លោក យ៉ូហ៊ីដេ ស៊ូង៉ៈ នាយករដ្ឋមន្ត្រីជប៉ុន បានជ្រើសយកប្រទេសវៀតណាម និងឥណ្ឌូនេស៊ី ជាគោលដៅដំបូង ក្នុងដំណើរទស្សនកិច្ចក្រៅប្រទេស ក្រោយទទួលតំណែងជាមេដឹកនាំនៃប្រទេសជប៉ុន។ នេះមិនមែនជាលើកទី1 ទេ ដែលមេដឹកនាំជប៉ុន ជ្រើសរើសយកការធ្វើទស្សនកិច្ចប្រទេសវៀតណាម ជាប្រទេសដំបូងគេ ព្រោះកាលពីខែធ្នូ ឆ្នាំ2012 លោកស៊ីនហ្សូ អាបេ ដែលកាលនោះទើបបានទទួលតំណែងជានាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន ក៏ជ្រើសរើសទស្សនកិច្ចប្រទេសវៀតណាម ថៃ និងឥណ្ឌូនេស៊ី ជាគោលដៅដំបូងដូចគ្នា គ្រាន់តែលើកនេះ មិនមានប្រទេសថៃ។

    លោកស៊ូង៉ៈ បានថ្លែងនៅក្នុងវេទិកាSeminar មួយនៅក្នុងទីក្រុងតូក្យូ មុនពេលចេញដំណើរថា វៀតណាម និងឥណ្ឌូនេស៊ី ជាប្រទេស2 ដែលមិនអាចខ្វះបានក្នុងការដំណើរការ “យុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក” ដែលលោកអាបេ និងសហរដ្ឋអាមេរិក បានរួមគ្នាជំរុញ ដើម្បីទប់ស្កាត់ឥទ្ធិពលរបស់ប្រទេសចិននៅក្នុងតំបន់។

    ខាងផ្នែកសន្តិសុខ ជប៉ុន បានគាំទ្រវៀតណាម ដែលមានវិវាទលើទីតាំងនៅក្នុងមហាសមុទ្រចិនខាងត្បូង ជាមួយចិន ដោយបានប្រគល់នាវាល្បាតទំហំ 40ម៉ែត្រ ចំនួន 10គ្រឿងឱ្យទៅវៀតណាម និងថែមទាំងបានប្រកាសថា ខ្លួននឹងត្រៀមប្រគល់នាវាល្បាតដូចគ្នានេះ ទៅឱ្យប្រទេសឥណ្ឌូនេស៊ី ហ្វ៊ីលីពីន និងប្រទេស8 ផ្សេងទៀត ដែលភាគច្រើនមានជម្លោះជាមួយចិន។

    វៀតណាម មូលដ្ឋានផលិតកម្មថ្មី របស់ជប៉ុន

    ខាងផ្នែកសេដ្ឋកិច្ច បន្ទាប់ពីចិន-សហរដ្ឋអាមេរិក បានប្រឈមមុខដាក់គ្នាក្នុងសង្គ្រាមពាណិជ្ជកម្ម និងការឆ្លងរាលដាលរបស់វីរុសកូវីដ-19 រដ្ឋបាលជប៉ុន មាននយោបាយក្នុងការប្ដូរផ្លាស់ខ្សែចង្វាក់ផលិតកម្ម ដែលនៅក្នុងប្រទេសចិន ឱ្យត្រឡប់ទៅជប៉ុនវិញ ឬរើទៅដាក់នៅប្រទេសផ្សេងវិញ ដោយបានកំណត់ថវិកាច្រើនដល់ទៅ 2,200លានដុល្លារ ដើម្បីគាំទ្រឱ្យធុរកិច្ចជប៉ុន ផ្លាស់ប្ដូរ(ដកចេញ)ពីប្រទេសចិន។

    ស្ថាប័នជំរុញពាណិជ្ជកម្មក្រៅប្រទេសរបស់ជប៉ុន ឬJetro បានឱ្យដឹងពីលទ្ធផលនៃការសិក្សាកាលពីឆ្នាំ2019 ថា ធុរកិច្ចជប៉ុន បានជ្រើសរើសវិនិយោគទុននៅក្នុងប្រទេសវៀតណាម កើនឡើងច្រើនបំផុត លើសជាង 40% ខណៈដែលចំណាប់អារម្មណ៍ក្នុងការវិនិយោគទុននៅក្នុងប្រទេសចិន បានថយចុះ មកនៅត្រឹមតែ 48.1% ខុសពីពេលមុន ដែលមានច្រើនបំផុត ដល់ទៅ 55.4%។

    និស្សិតជនជាតិវៀតណាម ដែលធ្វើដំណើរទៅរៀនបន្ត នៅប្រទេសជប៉ុន បានកើនច្រើនឡើងយ៉ាងឆាប់រហ័ស ដោយបច្ចុប្បន្ននេះ ច្រើនជាប់លំដាប់លេខ2 បន្ទាប់ពីនិស្សិតចិន។ នៅគ្រប់ទីកន្លែង ក្នុងប្រទេសជប៉ុន នាពេលបច្ចុប្បន្ននេះ ពេញទៅដោយជនជាតិវៀតណាម ដែលមានចំនួនកើនឡើងយ៉ាងមើលឃើញច្បាស់តែម្ដង។

    ក្រៅពីនេះ វៀតណាមថែមទាំងជា ប្រភពកម្លាំងពលកម្មរបស់ជប៉ុន តាមគ្រោងការហ្វឹកហាត់ការងារខាងតិចនិកទៀតផង។ ជនជាតិវៀតណាម ទៅធ្វើការនៅប្រទេសជប៉ុន តាមរយៈគ្រោងការនេះ ច្រើនជាប់លំដាប់លេខ1 ហើយជប៉ុននៅតែត្រូវការកម្លាំងពលកម្មជនជាតិវៀតណាមបន្ថែមទៀតច្រើន។

    បច្ចុប្បន្ននេះ អាស៊ាន គឺជាដៃគូពាណិជ្ជកម្មធំ លំដាប់ទី3 បន្ទាប់ពីចិន និងសហរដ្ឋអាមេរិក។ នៅក្នុងឆ្នាំនេះ រដ្ឋបាលជប៉ុនកំពុងចរចា ដើម្បីកែសម្រួលកិច្ចព្រមព្រៀងខាងសេដ្ឋកិច្ចជប៉ុន-អាស៊ាន ឬ EPA ឆ្នាំ2008 ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មពហុភាគីដំបូងគេរបស់ជប៉ុន។ ការកែសម្រួលកិច្ចព្រមព្រៀងនេះ គឺដើម្បីបង្កើនកិច្ចសហការផ្នែកពាណិជ្ជកម្ម និងការវិនិយោគទុន ជាពិសេសជាមួយវៀតណាម និងឥណ្ឌូនេស៊ី ដើម្បីជំនួសឱ្យប្រទេសចិន ក្នុងការធ្វើជាសម្ព័ន្ធមិត្តខាងយុទ្ធសាស្ត្រដ៏សំខាន់របស់ជប៉ុនក្នុងភូមិភាគនេះ៕

    ប្រភព៖ សាព័ត៌មានបរទេស

  • Nokia ​នឹង​ “ដំឡើង​ប្រព័ន្ធ​ 4G ​លើ​ឋាន​ព្រះ​ចន្ទ” ​ទៅ​តាម​កិច្ច​ព្រម​ព្រៀង​ជា​មួយ​ NASA​

    Nokia ​នឹង​ “ដំឡើង​ប្រព័ន្ធ​ 4G ​លើ​ឋាន​ព្រះ​ចន្ទ” ​ទៅ​តាម​កិច្ច​ព្រម​ព្រៀង​ជា​មួយ​ NASA​

    ថ្មីៗនេះ ទីភ្នាក់ងារអវកាសអាមេរិក (NASA) បានធ្វើកិច្ចព្រមព្រៀងមួយដែលមានតម្លៃ14.1លានដុល្លារអាមេរិក ជាមួយក្រុមហ៊ុនផ្គត់ផ្គង់ឧបករណ៍ទូរគមនាគមន៍ Nokia ដើម្បីសាងសង់ប្រព័ន្ធ4G នៅលើចន្ទមណ្ឌល។

    នេះគឺជាកិច្ចព្រមព្រៀងមួយក្នុងចំណោមកិច្ចព្រមព្រៀងដែល NASA កំពុងត្រៀមប្រគល់ឱ្យបណ្ដាក្រុមហ៊ុន នៅ​ពេល​ពួកគេ (NASA) មានគម្រោងត្រលប់ទៅកាន់ឋានលោកខែជាថ្មី។

    កិច្ចព្រមព្រៀងមានតម្លៃ14.1លានដុល្លារដែលត្រូវបានប្រគល់ឱ្យក្រុមហ៊ុនបុត្រសម្ព័ន្ធ Bell Labs របស់ Nokia នៅសហរដ្ឋអាមេរិកលើកនេះ គ្រាន់តែជាផ្នែកដ៏តូចមួយតែប៉ុណ្ណោះនៅក្នុងចំណោមទំហំទឹកប្រាក់370លានដុល្លារ ដែលត្រូវបានប្រគល់ឱ្យក្រុមហ៊ុនផ្សេងៗ ក្នុងនោះមាន SpaceX របស់មហាសេដ្ឋី Elon Musk ជាដើម។

    Nokia នឹង “ដំឡើងប្រព័ន្ធ 4G លើឋានព្រះចន្ទ” ទៅតាមកិច្ចព្រមព្រៀងជាមួយ NASA
    Nokia ធ្លាប់​មាន​គម្រោង​ដំឡើងប្រព័ន្ធ 4G LTE នៅត្រង់ទីតាំងដែលយានអវកាស Apollo​ 17 បានចុះចត ក៏ប៉ុន្តែ ផែនការនេះមិន​បានទទួលជោគជ័យ

    លោក Jim Reuter អនុប្រធានផ្នែកគ្រប់គ្រងអវកាសរបស់អង្គការ NASA បានឱ្យដឹងថា ការដំឡើងសេវាចល័ត​4G នៅលើឋានព្រះចន្ទ នឹងអនុញ្ញាតឱ្យក្រុមអវកាសចរ អ្នករុករក យានចុះចតនៅលើឋានព្រះចន្ទ និងបរិយា​កាស​រស់នៅនៅទីនោះ អាចធ្វើការទំនាក់ទំនងគ្នាបានងាយស្រួលជាងមុន។

    ប្រព័ន្ធ4G ដែល Nokia គ្រោងនឹងសាងសង់នៅលើឋានព្រះចន្ទនេះ នឹងផ្ដល់មុខងារលេចធ្លោជាងច្រើនបើធៀបនឹងរូបមន្តទំនាក់ទំនងដែលធ្លាប់បានប្រើប្រាស់ នៅក្នុងបេសកកម្មឡើងទៅកាន់ឋានលោកខែនាពេលកន្លង​មក​។

    នេះមិនមែនជាការប្រឹកប្រែងលើកដំបូងក្នុងការដំឡើងប្រព័ន្ធ4G នៅលើឋានព្រះចន្ទនោះទេ។ កាលពីឆ្នាំ2018 Nokia បានរៀបចំផែនការសហការជាមួយក្រុមហ៊ុនអវកាស PTScientists របស់អាល្លឺម៉ង់ និងក្រុមហ៊ុនទូរគមនាគមន៍ Vodafone របស់អង់គ្លេស ដើម្បីដំឡើងប្រព័ន្ធ 4G LTE នៅត្រង់ទីតាំងដែលយានអវកាស Apollo​ 17 បានចុះចត ក៏ប៉ុន្តែ ផែនការនេះមិនបានទទួលជោគជ័យនោះឡើយ៕

    ប្រភព៖ Gizmochina

  • នៅតែគ្រោះថ្នាក់! ចំនួនអ្នកឆ្លងមេរោគកូវីដ-19 ទូទាំងពិភពលោក ឡើងដល់ជាង 40លាននាក់ ខណៈWHO បារម្ភ៖ ទម្រាំតែមានវ៉ាក់សាំង ប្រើបានជាទូទៅ អាចមានអ្នកស្លាប់ ថែមទៀត 1លាននាក់…

    នៅតែគ្រោះថ្នាក់! ចំនួនអ្នកឆ្លងមេរោគកូវីដ-19 ទូទាំងពិភពលោក ឡើងដល់ជាង 40លាននាក់ ខណៈWHO បារម្ភ៖ ទម្រាំតែមានវ៉ាក់សាំង ប្រើបានជាទូទៅ អាចមានអ្នកស្លាប់ ថែមទៀត 1លាននាក់…

    ចំនួនអ្នកឆ្លងមេរោគកូវីដ-19 ទូទាំងពិភពលោក បានកើនឡើងធ្លុះ 40លាននាក់ហើយ កាលពីថ្ងៃចន្ទ(ទី19តុលា) ខណៈដែលប្រទេសជាច្រើននៅក្នុងទ្វីបអឺរ៉ុប បានលើកកម្ពស់វិធានការទប់ស្កាត់ការឆ្លងរាលដាលធំ ដែលកំពុងតែវិលត្រឡប់មកជាលើកទី2 ហើយអង្គការសុខភាពពិភពលោក(WHO) បានព្រមានថា ចំនួនអ្នកស្លាប់ទូទាំងពិភពលោក អាចនឹងកើនឡើងដល់ 2ដង នោះគឺ 2លាននាក់ មុននឹងមានការចែកចាយវ៉ាក់សាំង ដែលមានប្រសិទ្ធភាពក្នុងការការពារវីរុសកូរ៉ូណាប្រភេទថ្មី បានយ៉ាងទូលំទូលាយ។

    ទិន្នន័យដែលរួបរួមដោយមហាវិទ្យាល័យ ចន ហប់គីនស៍ និងទិន្នន័យរបស់ទីភ្នាក់ងារព័ត៌មានជាច្រើន បានរាយការណ៍ដូចៗគ្នាថា ចំនួនអ្នកឆ្លងមេរោគកូវីដ ទូទាំងពិភពលោក បានកើនឡើងធ្លុះចំនួន 40លានកាលពីថ្ងៃចន្ទ ដោយរ៉យទ័រ បានបញ្ជាក់ថា ការកើនឡើងពីចំនួន 30លាននាក់ ដល់ 40លាននាក់នេះ គឺមានរយៈពេលត្រឹមតែ 32ថ្ងៃប៉ុណ្ណោះ។

    ក្នុងអំឡុងសប្ដាហ៍កន្លងទៅ ចំនួនអ្នកឆ្លងមេរោគកូវីដទូទាំងពិភពលោក បានកើនឡើងជាមធ្យម ក្នុង 1ថ្ងៃ 347,000នាក់ ខុសពីសប្ដាហ៍ដំបូងនៃខែដដែល(តុលា)នេះ ដែលមានត្រឹមតែ 292,000នាក់ប៉ុណ្ណោះ ហើយចំនួនជាងពាក់កណ្ដាលនៃអ្នកឆ្លងទាំងអស់ គឺស្ថិតនៅក្នុងប្រទេស3 ដែលរងផលប៉ះពាល់ខ្លាំងបំផុត គឺអាមេរិក ឥណ្ឌា និងប្រេស៊ីល។

    ចំណែកអង្គការសុខភាពពិភពលោក បានប្រាប់ថា ចំនួនអ្នកស្លាប់ទូទាំងពិភពលោក អាចនឹងកើនឡើង ទ្វេដង នោះគឺ 2លាននាក់ មុនពេលដែលនឹងមានការចែកចាយវ៉ាក់សាំងដែលមានប្រសិទ្ធភាព ក្នុងការការពារមេរោគវីរុសយ៉ាងទូលំទូលាយ ហើយតួលេខអ្នកស្លាប់ អាចនឹងខ្ពស់ជាងនេះទៅទៀត បើសិនជាបណ្ដាប្រទេសទាំងឡាយ មិនមានវិធានការរួមគ្នា ក្នុងការទប់ស្កាត់រោគរាលដាលនេះទេនោះ៕

    បណ្ដាគ្រូបង្រៀន និងសាស្ត្រាចារ្យ បានពាក់ម៉ាស់ការពារ និងFace Shield និងអង្គុយនៅខាងក្រោយរបាំងប្លាស្ទិកថ្លា ដើម្បីការពារការឆ្លងរាលដាលរបស់កូវីដ-19 ខណៈពេលប្រើកុំព្យូទ័រ ដើម្បីទំនាក់ទំនងជាមួយសិស្ស ដែលនៅតែត្រូវស្ថិតនៅក្នុងផ្ទះក្នុងអំឡុងពេលវិបត្តិ ក្នុងការបង្រៀនបែបពីចម្ងាយ នៅឯសាលាមធ្យមសិក្សា 1កន្លែងក្នុងទីក្រុង តាគូអ៊ីក ស៊ីធី ប្រទេសហ្វ៊ីលីពីន កាលពីថ្ងៃចន្ទ(ទី19តុលា)

    ប្រភព៖ សាព័ត៌មានបរទេស