“កន្ទុយនាគ​យក្ស”​ ក្នុង​អវកាស​ ដែល​មាន​ចម្ងាយ​81​លាន​ឆ្នាំ​ពន្លឺ​ពី​ផែនដី

“កន្ទុយនាគយក្ស” ក្នុងអវកាស ដែលមានចម្ងាយ81លានឆ្នាំពន្លឺពីផែនដី

កាឡាក់ស៊ីមួយគូដែលស្ថិតក្នុងកញ្ចុំផ្កាយ Lynx មើលពីផែនដី វាហាក់មានរូបរាងដូចទៅនឹងកន្ទុយនាគពណ៌ផ្ទៃមេឃស្រស់ថ្លា លាតសន្ធឹងវែងអន្លាយនៅក្នុងលំហអវកាសដ៏សែនជ្រៅ។

កែវយឹតអវកាស Hubble របស់អង្គការ NASA និងទីភ្នាក់ងារអវកាសអឺរ៉ុប (ESA) ថតបានរូបភាពនៃកាឡាក់ស៊ីអន្តរកម្មមួយគូដែលគេហៅថា Arp 283 ដែលរួមមានកាឡាក់ស៊ី NGC 2799 (ឆ្វេង) និង NGC 2789 (ស្ដាំ) នេះបើតាមសារព័ត៌មាន SciTechDaily ចុះផ្សាយកាលពីថ្ងៃទី19តុលា។ កាឡាក់ស៊ីអន្តរកម្ម គឹជាកាឡាក់ស៊ីដែលនៅក្បែរគ្នា និងមានឥទ្ធិពលទៅលើគ្នា ហើយចុងក្រោយអាចច្របាច់បញ្ចូលគ្នាជាកាឡាក់ស៊ីតែមួយ។

“កន្ទុយនាគយក្ស” ក្នុងអវកាស ដែលមានចម្ងាយ81លានឆ្នាំពន្លឺពីផែនដីនៅក្នុងរូបថតនេះ NGC 2799 ទំនងជាកំពុងត្រូវស្រូបចូលទៅក្នុងចំណុចកណ្ដាលរបស់កាឡាក់ស៊ី NGC 2798។ កាឡាក់ស៊ី NGC 2799 មានរូបរាងដូចទៅនឹងកន្ទុយនាគដែលមានពណ៌ផ្ទៃមេឃ ឬលំហូរទឹកដែលកំពុងធ្លាក់ទៅក្នុង NGC 2798។ ទាំងនេះគឺជាកាឡាក់ស៊ីរាងគូទខ្យងដែលមានសម្រស់ដ៏ស្រស់ស្អាត ស្ថិតក្នុងកញ្ចុំផ្កាយ Lynx ដែល​មានចម្ងាយពីផែនដីប្រមាណ81លានឆ្នាំពន្លឺ (1ឆ្នាំពន្លឺស្មើនឹង 9.46លានលានគីឡូម៉ែត្រ)។

តារាវិទូជនជាតិអង់គ្លេសដើមកំណើតអាល្លឺម៉ង់ ឈ្មោះ William Herschel បានរកឃើញ NGC 2798 កាលពីឆ្នាំ1788។ ជិត1សតវត្សក្រោយ ពោលគឺនៅថ្ងៃទី9មីនា ឆ្នាំ1874 ទើបអ្នកតារាសាស្ត្រអង់គ្លេស ឈ្មោះ Ralph Copeland រកឃើញ NGC 2799។

ដំណើរការនៃការច្របាច់បញ្ចូលគ្នារវាងកាឡាក់ស៊ីជាមួយនឹងកាឡាក់ស៊ី អាចកើតឡើងក្នុងអំឡុងពេលរាប់រយលានឆ្នាំ ឬច្រើនជាង1ពាន់លានឆ្នាំ។ មនុស្សមួយចំនួនយល់ថា ការច្របាច់បញ្ចូលគ្នារវាងកាឡាក់ស៊ី ប្រាកដជាកម្ទេចប្រព័ន្ធផ្កាយនៅខាងក្នុង។ ប៉ុន្តែ គម្លាតដ៏ធំធេងរវាងផ្កាយនានា នឹងពិបាកក្នុងការធ្វើឱ្យពួកវាប៉ះទង្គិចគ្នាបាន។ ជំនួសមកវិញ ពួកវានឹងគោចរឆ្លងកាត់គ្នាតែប៉ុណ្ណោះ៕

ប្រភព៖ SciTechDaily

Advertisement