“វៀតណាម” ឡើងតំណែងជាសម្ព័ន្ធមិត្តជប៉ុន លេខ1 ក្នុងអាស៊ាន

លោកនាយករដ្ឋមន្ត្រីជប៉ុន ធ្វើដំណើរទស្សនកិច្ចនៅប្រទេសវៀតណាមមុនគេបង្អស់ ក្រោយទទួលតំណែង ជាការឆ្លុះបញ្ចាំងឱ្យឃើញពីភាពសំខាន់របស់វៀតណាមតាម “យុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក” និងជាមូលដ្ឋានផលិតកម្មថ្មីមួយ របស់ធុរកិច្ចជប៉ុន។

លោក យ៉ូហ៊ីដេ ស៊ូង៉ៈ នាយករដ្ឋមន្ត្រីជប៉ុន បានជ្រើសយកប្រទេសវៀតណាម និងឥណ្ឌូនេស៊ី ជាគោលដៅដំបូង ក្នុងដំណើរទស្សនកិច្ចក្រៅប្រទេស ក្រោយទទួលតំណែងជាមេដឹកនាំនៃប្រទេសជប៉ុន។ នេះមិនមែនជាលើកទី1 ទេ ដែលមេដឹកនាំជប៉ុន ជ្រើសរើសយកការធ្វើទស្សនកិច្ចប្រទេសវៀតណាម ជាប្រទេសដំបូងគេ ព្រោះកាលពីខែធ្នូ ឆ្នាំ2012 លោកស៊ីនហ្សូ អាបេ ដែលកាលនោះទើបបានទទួលតំណែងជានាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន ក៏ជ្រើសរើសទស្សនកិច្ចប្រទេសវៀតណាម ថៃ និងឥណ្ឌូនេស៊ី ជាគោលដៅដំបូងដូចគ្នា គ្រាន់តែលើកនេះ មិនមានប្រទេសថៃ។

លោកស៊ូង៉ៈ បានថ្លែងនៅក្នុងវេទិកាSeminar មួយនៅក្នុងទីក្រុងតូក្យូ មុនពេលចេញដំណើរថា វៀតណាម និងឥណ្ឌូនេស៊ី ជាប្រទេស2 ដែលមិនអាចខ្វះបានក្នុងការដំណើរការ “យុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក” ដែលលោកអាបេ និងសហរដ្ឋអាមេរិក បានរួមគ្នាជំរុញ ដើម្បីទប់ស្កាត់ឥទ្ធិពលរបស់ប្រទេសចិននៅក្នុងតំបន់។

ខាងផ្នែកសន្តិសុខ ជប៉ុន បានគាំទ្រវៀតណាម ដែលមានវិវាទលើទីតាំងនៅក្នុងមហាសមុទ្រចិនខាងត្បូង ជាមួយចិន ដោយបានប្រគល់នាវាល្បាតទំហំ 40ម៉ែត្រ ចំនួន 10គ្រឿងឱ្យទៅវៀតណាម និងថែមទាំងបានប្រកាសថា ខ្លួននឹងត្រៀមប្រគល់នាវាល្បាតដូចគ្នានេះ ទៅឱ្យប្រទេសឥណ្ឌូនេស៊ី ហ្វ៊ីលីពីន និងប្រទេស8 ផ្សេងទៀត ដែលភាគច្រើនមានជម្លោះជាមួយចិន។

វៀតណាម មូលដ្ឋានផលិតកម្មថ្មី របស់ជប៉ុន

ខាងផ្នែកសេដ្ឋកិច្ច បន្ទាប់ពីចិន-សហរដ្ឋអាមេរិក បានប្រឈមមុខដាក់គ្នាក្នុងសង្គ្រាមពាណិជ្ជកម្ម និងការឆ្លងរាលដាលរបស់វីរុសកូវីដ-19 រដ្ឋបាលជប៉ុន មាននយោបាយក្នុងការប្ដូរផ្លាស់ខ្សែចង្វាក់ផលិតកម្ម ដែលនៅក្នុងប្រទេសចិន ឱ្យត្រឡប់ទៅជប៉ុនវិញ ឬរើទៅដាក់នៅប្រទេសផ្សេងវិញ ដោយបានកំណត់ថវិកាច្រើនដល់ទៅ 2,200លានដុល្លារ ដើម្បីគាំទ្រឱ្យធុរកិច្ចជប៉ុន ផ្លាស់ប្ដូរ(ដកចេញ)ពីប្រទេសចិន។

ស្ថាប័នជំរុញពាណិជ្ជកម្មក្រៅប្រទេសរបស់ជប៉ុន ឬJetro បានឱ្យដឹងពីលទ្ធផលនៃការសិក្សាកាលពីឆ្នាំ2019 ថា ធុរកិច្ចជប៉ុន បានជ្រើសរើសវិនិយោគទុននៅក្នុងប្រទេសវៀតណាម កើនឡើងច្រើនបំផុត លើសជាង 40% ខណៈដែលចំណាប់អារម្មណ៍ក្នុងការវិនិយោគទុននៅក្នុងប្រទេសចិន បានថយចុះ មកនៅត្រឹមតែ 48.1% ខុសពីពេលមុន ដែលមានច្រើនបំផុត ដល់ទៅ 55.4%។

និស្សិតជនជាតិវៀតណាម ដែលធ្វើដំណើរទៅរៀនបន្ត នៅប្រទេសជប៉ុន បានកើនច្រើនឡើងយ៉ាងឆាប់រហ័ស ដោយបច្ចុប្បន្ននេះ ច្រើនជាប់លំដាប់លេខ2 បន្ទាប់ពីនិស្សិតចិន។ នៅគ្រប់ទីកន្លែង ក្នុងប្រទេសជប៉ុន នាពេលបច្ចុប្បន្ននេះ ពេញទៅដោយជនជាតិវៀតណាម ដែលមានចំនួនកើនឡើងយ៉ាងមើលឃើញច្បាស់តែម្ដង។

ក្រៅពីនេះ វៀតណាមថែមទាំងជា ប្រភពកម្លាំងពលកម្មរបស់ជប៉ុន តាមគ្រោងការហ្វឹកហាត់ការងារខាងតិចនិកទៀតផង។ ជនជាតិវៀតណាម ទៅធ្វើការនៅប្រទេសជប៉ុន តាមរយៈគ្រោងការនេះ ច្រើនជាប់លំដាប់លេខ1 ហើយជប៉ុននៅតែត្រូវការកម្លាំងពលកម្មជនជាតិវៀតណាមបន្ថែមទៀតច្រើន។

បច្ចុប្បន្ននេះ អាស៊ាន គឺជាដៃគូពាណិជ្ជកម្មធំ លំដាប់ទី3 បន្ទាប់ពីចិន និងសហរដ្ឋអាមេរិក។ នៅក្នុងឆ្នាំនេះ រដ្ឋបាលជប៉ុនកំពុងចរចា ដើម្បីកែសម្រួលកិច្ចព្រមព្រៀងខាងសេដ្ឋកិច្ចជប៉ុន-អាស៊ាន ឬ EPA ឆ្នាំ2008 ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មពហុភាគីដំបូងគេរបស់ជប៉ុន។ ការកែសម្រួលកិច្ចព្រមព្រៀងនេះ គឺដើម្បីបង្កើនកិច្ចសហការផ្នែកពាណិជ្ជកម្ម និងការវិនិយោគទុន ជាពិសេសជាមួយវៀតណាម និងឥណ្ឌូនេស៊ី ដើម្បីជំនួសឱ្យប្រទេសចិន ក្នុងការធ្វើជាសម្ព័ន្ធមិត្តខាងយុទ្ធសាស្ត្រដ៏សំខាន់របស់ជប៉ុនក្នុងភូមិភាគនេះ៕

ប្រភព៖ សាព័ត៌មានបរទេស

Advertisement