នៅតែគ្រោះថ្នាក់! ចំនួនអ្នកឆ្លងមេរោគកូវីដ-19 ទូទាំងពិភពលោក ឡើងដល់ជាង 40លាននាក់ ខណៈWHO បារម្ភ៖ ទម្រាំតែមានវ៉ាក់សាំង ប្រើបានជាទូទៅ អាចមានអ្នកស្លាប់ ថែមទៀត 1លាននាក់…

សភាពភោជនីយដ្ឋានមួយកន្លែង នៅក្នុងទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក កាលពីថ្ងៃចន្ទ ដែលតុកៅអី ត្រូវបានប្រមូលមកដាក់រួមគ្នា។ ទាំងអស់នេះ គឺដោយសារតែ ការវិលត្រឡប់មកឆ្លងរាលដាលសាជាថ្មីម្ដងទៀត របស់កូវីដ-19 ធ្វើឱ្យរង្គសាល និងភោជនីយដ្ឋានទូទាំងប្រទេសបែលហ្ស៊ិក ត្រូវបានរដ្ឋបាលបញ្ជាឱ្យបិទទ្វាររយៈពេល 4សប្ដាហ៍ ខណៈដែលវិធានការបម្រាមគោចរនាពេលរាត្រី ក៏បានចាប់ផ្ដើមអនុវត្ត តាំងពីថ្ងៃចន្ទ(ទី19តុលា)ម្សិលមិញ។

ចំនួនអ្នកឆ្លងមេរោគកូវីដ-19 ទូទាំងពិភពលោក បានកើនឡើងធ្លុះ 40លាននាក់ហើយ កាលពីថ្ងៃចន្ទ(ទី19តុលា) ខណៈដែលប្រទេសជាច្រើននៅក្នុងទ្វីបអឺរ៉ុប បានលើកកម្ពស់វិធានការទប់ស្កាត់ការឆ្លងរាលដាលធំ ដែលកំពុងតែវិលត្រឡប់មកជាលើកទី2 ហើយអង្គការសុខភាពពិភពលោក(WHO) បានព្រមានថា ចំនួនអ្នកស្លាប់ទូទាំងពិភពលោក អាចនឹងកើនឡើងដល់ 2ដង នោះគឺ 2លាននាក់ មុននឹងមានការចែកចាយវ៉ាក់សាំង ដែលមានប្រសិទ្ធភាពក្នុងការការពារវីរុសកូរ៉ូណាប្រភេទថ្មី បានយ៉ាងទូលំទូលាយ។

ទិន្នន័យដែលរួបរួមដោយមហាវិទ្យាល័យ ចន ហប់គីនស៍ និងទិន្នន័យរបស់ទីភ្នាក់ងារព័ត៌មានជាច្រើន បានរាយការណ៍ដូចៗគ្នាថា ចំនួនអ្នកឆ្លងមេរោគកូវីដ ទូទាំងពិភពលោក បានកើនឡើងធ្លុះចំនួន 40លានកាលពីថ្ងៃចន្ទ ដោយរ៉យទ័រ បានបញ្ជាក់ថា ការកើនឡើងពីចំនួន 30លាននាក់ ដល់ 40លាននាក់នេះ គឺមានរយៈពេលត្រឹមតែ 32ថ្ងៃប៉ុណ្ណោះ។

ក្នុងអំឡុងសប្ដាហ៍កន្លងទៅ ចំនួនអ្នកឆ្លងមេរោគកូវីដទូទាំងពិភពលោក បានកើនឡើងជាមធ្យម ក្នុង 1ថ្ងៃ 347,000នាក់ ខុសពីសប្ដាហ៍ដំបូងនៃខែដដែល(តុលា)នេះ ដែលមានត្រឹមតែ 292,000នាក់ប៉ុណ្ណោះ ហើយចំនួនជាងពាក់កណ្ដាលនៃអ្នកឆ្លងទាំងអស់ គឺស្ថិតនៅក្នុងប្រទេស3 ដែលរងផលប៉ះពាល់ខ្លាំងបំផុត គឺអាមេរិក ឥណ្ឌា និងប្រេស៊ីល។

ចំណែកអង្គការសុខភាពពិភពលោក បានប្រាប់ថា ចំនួនអ្នកស្លាប់ទូទាំងពិភពលោក អាចនឹងកើនឡើង ទ្វេដង នោះគឺ 2លាននាក់ មុនពេលដែលនឹងមានការចែកចាយវ៉ាក់សាំងដែលមានប្រសិទ្ធភាព ក្នុងការការពារមេរោគវីរុសយ៉ាងទូលំទូលាយ ហើយតួលេខអ្នកស្លាប់ អាចនឹងខ្ពស់ជាងនេះទៅទៀត បើសិនជាបណ្ដាប្រទេសទាំងឡាយ មិនមានវិធានការរួមគ្នា ក្នុងការទប់ស្កាត់រោគរាលដាលនេះទេនោះ៕

បណ្ដាគ្រូបង្រៀន និងសាស្ត្រាចារ្យ បានពាក់ម៉ាស់ការពារ និងFace Shield និងអង្គុយនៅខាងក្រោយរបាំងប្លាស្ទិកថ្លា ដើម្បីការពារការឆ្លងរាលដាលរបស់កូវីដ-19 ខណៈពេលប្រើកុំព្យូទ័រ ដើម្បីទំនាក់ទំនងជាមួយសិស្ស ដែលនៅតែត្រូវស្ថិតនៅក្នុងផ្ទះក្នុងអំឡុងពេលវិបត្តិ ក្នុងការបង្រៀនបែបពីចម្ងាយ នៅឯសាលាមធ្យមសិក្សា 1កន្លែងក្នុងទីក្រុង តាគូអ៊ីក ស៊ីធី ប្រទេសហ្វ៊ីលីពីន កាលពីថ្ងៃចន្ទ(ទី19តុលា)

ប្រភព៖ សាព័ត៌មានបរទេស

 

Advertisement