មេដឹកនាំ​​កំពូល​របស់ កូរ៉េខាង​ជើង​ នាំ​​កូន​ស្រី​​ដើរ​​មើល​​ទី​តាំង​​បាញ់​​មី​ស៊ី​ល

មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អុន រួម​នឹង​កូនស្រី ចូលរួម​ពិធី​បាញ់​មី​ស៊ី​ល​ប្លោង Hwasong-17 នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន KCNA។

នៅ​ថ្ងៃទី 19 វិច្ឆិកា​នេះ ទីភ្នាក់ងារសារព័ត៌មាន KCNA បានប្រកាសថា កូរ៉េខាងជើង បាន​បាញ់​មី​ស៊ី​ល​អន្តរទ្វីប (ICBM) Hwasong-17 កាលពី​ថ្ងៃទី 18 វិច្ឆិកា។ រូបថត​ដែល​ប្រកាស​ដោយ KCNA បង្ហាញថា លោក គីម ជុង​អុន រួម​នឹង​ភរិយា និង​កូនស្រី បង្ហាញខ្លួន​នៅក្នុង​ទីបញ្ជាការ​ក្បែរ​តំបន់​បាញ់​មី​ស៊ី​ល។

រូបថត​មួយ​សន្លឹក​ទៀត​បង្ហាញថា កូនស្រី​របស់លោក គីម ជុង​អុន ពាក់អាវ​ក្រៅ​ពណ៌​ស កាន់​ដៃ​ឪពុក​ដើរ​នៅលើ​ទីលាន​បាញ់​មី​ស៊ី​ល ហើយ​នៅ​ខាងក្រោយ​គឺជា​មី​ស៊ី​ល Hwasong-17 ដែល​ស្ថិតក្នុង​ស្ថានភាព​ត្រៀមខ្លួន​រួចរាល់​សម្រាប់​ការបាញ់។ កូរ៉េខាងជើង មិនទាន់​បង្ហើប​ឱ្យដឹង​អំពី​ឈ្មោះ​របស់​កូនស្រី​លោក គីម ជុង​អុន នេះ​នៅឡើយ។

សារព័ត៌មាន Reuters អះអាងថា នេះ​គឺជា​លើកដំបូង​ហើយ​ដែល​លោក គីម ជុង​អុន នឹង​កូនស្រី ទៅកាន់​ទីតាំង​បាញ់​សាកល្បង​មី​ស៊ី​ល​របស់ កូរ៉េខាងជើង។

លោក គីម ជុងអុន (រូបឆ្វេងបង្អស់) និងកូនស្រី (រូបទីពីររាប់ពីឆ្វេង) រួមនឹងភរិយា (រូបទីបី) នៅកន្លែងបញ្ជាការក្នុងរូបថតដែល KCNA ប្រកាសនៅថ្ងៃទី 19 វិច្ឆិកា 2022

ក្រុម​អ្នកជំនាញ​របស់លោក​ខាងលិច ជឿថា លោក គីម ជុង​អុន មានកូន 3 នាក់ រួមមាន​កូនស្រី 2 នាក់ និង​កូនប្រុស​ម្នាក់។

អតីត​កីឡាករ​បាល់បោះ​អាម៉េរិក Dennis Rodman កាលពី​ឆ្នាំ 2013 បានឱ្យដឹងថា លោក គីម ជុង​អុន មានកូន​ស្រី​ម្នាក់​ឈ្មោះ Ju-ae ហើយ​គាត់​ក៏​ធ្លាប់បាន​បី​កុមារី​នេះ​ពេល​ទៅលេង កូរ៉េខាងជើង។ អ្នកជំនាញ Madden យល់ថា Ju-ae ដែលមាន​អាយុ​ប្រហែល 12 ទៅ 13 ឆ្នាំនេះ នឹង​ចូល​សាកលវិទ្យាល័យ ឬ​ចូល​បម្រើកងទ័ព​នៅ 4 ទៅ 5 ឆ្នាំ​ខាងមុខ៕

Advertisement