Author: សឿន សំណាង

  • អ្នកលេង TikTok អាជីព រកបាន​ប្រាក់​ច្រើនជាង CEO របស់​បណ្ដា​ក្រុមហ៊ុនធំៗមួយចំនួន​នៅ សហរដ្ឋ​អាម៉េរិក ទៅទៀត

    អ្នកលេង TikTok អាជីព រកបាន​ប្រាក់​ច្រើនជាង CEO របស់​បណ្ដា​ក្រុមហ៊ុនធំៗមួយចំនួន​នៅ សហរដ្ឋ​អាម៉េរិក ទៅទៀត

    តារា TikTok ជាច្រើន កំពុង​សប្បាយចិត្ត ព្រោះតែ​រកបាន​ប្រាក់​ច្រើន​នៅក្នុង​ឆ្នាំ ២០២១ ក្នុងនោះ មាន​តារា​មួយចំនួន​រកបាន​ប្រាក់​ពី TikTok ច្រើនជាង CEO កំពូលៗមួយចំនួន​នៅ សហរដ្ឋ​អាម៉េរិក ទៀតផង។

    Charli D’ Amelio ដែល​បានចាប់ផ្ដើម​បង្ហោះ​វីដេអូ​រាំរែក​របស់ខ្លួន លើ​បណ្ដាញ​សង្គម TikTok តាំងពី​ឆ្នាំ ២០១៩ រកបាន​ប្រាក់ ១៧.៥ លាន​ដុល្លារ​អាម៉េរិក កាលពី​ឆ្នាំ ២០២១ នេះ​បើតាម Forbes។ ថ្មីៗនេះ នាង​មាន​វត្តមាន​នៅក្នុង​ចំណោម TikToker ដែល​រកបាន​ចំណូល​ខ្ពស់បំផុត​ក្នុង​ឆ្នាំ ២០២។ ដោយមាន​អ្នកតាមដាន​ជាង ១៣៣ លាន​នាក់​នៅលើ TikTok នាង D’ Amelio រកបាន​ប្រាក់​យ៉ាងច្រើន​ពី​តួនាទី​ជា​អ្នក​តំណាងឱ្យ​ក្រុមហ៊ុន​លក់​សម្លៀកបំពាក់ ផ្សព្វផ្សាយ​ផលិតផល និង​បណ្ដា​ខ្លឹមសារផ្សេងៗនៅលើ TikTok។

    និយាយ​អំពី​ប្រាក់បៀវត្សរ៍​មធ្យមភាគ​របស់ CEO នៃ​បណ្ដា​ក្រុមហ៊ុន​នៅក្នុង S&P 500 (ស​ន្ទ​ស្សន៍​នៃ​បណ្ដា​ក្រុមហ៊ុនធំៗទាំង ៥០០ នៅក្នុង​ផ្សារ​ហ៊ុន សហរដ្ឋ​អាម៉េរិក) គឺ ១៣.៤ លាន​ដុល្លារ ក្នុង​ឆ្នាំ ២០២០ (ទិន្នន័យ​សម្រាប់​ឆ្នាំ ២០២១ មិនទាន់​ត្រូវបាន​ចេញផ្សាយ) នេះ​បើតាម​ការវិភាគ​របស់ Wall Street Journal (WSJ)។

    ប្រាក់ចំណូល​របស់ D’ Amelio ខ្ពស់ជាង​ឆ្ងាយ ធៀប​នឹង CEO របស់​ក្រុមហ៊ុនធំៗមួយចំនួន ដូចជា CEO Darren Woods នៃ​ក្រុមហ៊ុន Exxon Mobil (១៥.៦ លាន​ដុល្លារ ក្នុង​ឆ្នាំ ២០២០), Kevin Johnson នៃ​ក្រុមហ៊ុន Starbucks (១៤.៧ លាន​ដុល្លារ), Ed Bastian នៃ​ក្រុមហ៊ុន Delta Air Lines (ជាង ១៣ លាន​ដុល្លារ), និង Chris Kempczinski នៃ​ក្រុមហ៊ុន McDonald’s (១០.៨ លាន​ដុល្លារ)។

    Charli D’Amelio (ឆ្វេង) និង Dixie D’Amelio

    Dixie D’ Amelio ដែលជា​បងស្រី​របស់ Charli D’ Amelio មាន​អ្នកតាមដាន​ប្រហែល ៦០ លាន​នាក់​នៅលើ TikTok។ ប៉ុន្តែ នាង​នៅតែ​ជា​អ្នក​ដែល​រកបាន​ប្រាក់​ច្រើនជាងគេ​លំដាប់​ទី ២ លើ​បណ្ដាញ​សង្គម​នេះ ដោយ​រកបាន ១០ លាន​ដុល្លារ។ តួលេខ​នេះ​ប្រហាក់ប្រហែល​នឹង​ប្រាក់បៀវត្សរ៍​របស់ Gary Kelly ដែលជា CEO របស់ Southwest Airlines។

    ក៏ប៉ុន្តែ នៅមាន CEO មួយចំនួន​របស់​បណ្ដា​ក្រុមហ៊ុន​ក្នុង​ស​ន្ទ​ស្សន៍ S&P 500 ដែល​រកបាន​ប្រាក់​ច្រើនជាង​នេះ។ Robert Kotick នៃ​ក្រុមហ៊ុន​ហ្គេម Activision-Blizzard រកបាន​ជិត ១៥៥ លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០២០, Tim Cook របស់ Apple រកបាន​ជិត ៩៩ លាន​ដុល្លារ។

    ប្រាក់​ដែល​បណ្ដា TikToker រកបាន បាន​កើនឡើង​ខ្ពស់​ក្នុង​ឆ្នាំ ២០២។ យោងតាម Forbes អ្នកលេង TikTok ៧ នាក់ ក្នុងចំណោម​អ្នកលេង​អាជីព​ដែល​រកបាន​ប្រាក់​ច្រើនជាងគេ​លើ​បណ្ដាញ​សង្គម​នេះ រកបាន​សរុប ៥៥.៥ លាន​ដុល្លារ កាលពី​ឆ្នាំទៅ កើន ២០០% ធៀប​នឹង​ឆ្នាំ ២០២០។

    ក្រុមហ៊ុន TikTok បានឱ្យដឹងថា កាលពី​ឆ្នាំ ២០២១ បណ្ដាញ​សង្គម​នេះ មាន​អ្នកប្រើប្រាស់​ប្រចាំខែ ឡើងដល់​ជាង ១,០០០ លាន​នាក់។

    នាង Addison Rae

    ទោះជា​យ៉ាងណាក៏ដោយ បណ្ដា​រូបភាព​អវិជ្ជមាន​នៅលើ​បណ្ដាញ​សង្គម​នេះ អាច​ប៉ះពាល់​ដល់​ផ្លូវចិត្ត​របស់​ក្មេង​ជំទង់​មួយចំនួន។ សារព័ត៌មាន WSJ ថ្មីៗនេះ​បានធ្វើការ​ស៊ើបអង្កេត​មួយ និង​បាន​រកឃើញថា បណ្ដាញ​សង្គម TikTok អាច​ទាក់ទាញ​មនុស្ស​គ្រប់គ្នា និង​អាច​ជំរុញ​ឱ្យ​ក្មេង​ជា​អនីតិជន ចូល​ទៅដល់​ខ្លឹមសារ​ដែល​ទាក់ទង​នឹង​ផ្លូវភេទ និង​គ្រឿងញៀន៕

  • (វីដេអូ)-SpaceX បាញ់​បង្ហោះ​រ៉ុក្កែត​ម្ដង នាំយក​ផ្កាយរណប ១០៥ គ្រឿង ហោះ​ទៅកាន់​គន្លង​គោចរ

    (វីដេអូ)-SpaceX បាញ់​បង្ហោះ​រ៉ុក្កែត​ម្ដង នាំយក​ផ្កាយរណប ១០៥ គ្រឿង ហោះ​ទៅកាន់​គន្លង​គោចរ

    ក្រុមហ៊ុន SpaceX កាលពី​ថ្ងៃទី ១៣ មករា បាន​បាញ់​បង្ហោះ​ដោយ​ជោគជ័យ​នូវ​ផ្កាយរណប​ពាណិជ្ជកម្ម​យ៉ាងច្រើន​ទៅកាន់​តារាវិថី ដែល​នេះ​គឺជា​បេសកកម្ម​អវកាស​ទី​ពីរ​របស់​ក្រុមហ៊ុន​នេះ នៅក្នុង​ខែមករា ២០២២។

    រ៉ុក្កែត Falcon 9 របស់ SpaceX ដែល​នាំយក​ផ្កាយរណប​សរុប ១០៥ គ្រឿង ទៅកាន់​ទី​អវកាស​នេះ ត្រូវបាន​បាញ់​បង្ហោះ​ឡើង​ពី​ប្រព័ន្ធ​បាញ់​បង្ហោះ​លេខ ៤០ នៅឯ​មូលដ្ឋាន​ទ័ពអាកាស Cape Canaveral ក្នុង​រដ្ឋ Florida សហរដ្ឋ​អាម៉េរិក កាលពី​ម៉ោង ២២ និង ២៥ នាទី នា​យប់​ថ្ងៃទី ១៣ មករា (ម៉ោង​នៅ កម្ពុជា)។

    ក្រោយពេល​ហោះ​ឡើង​បាន ៩ នាទី កំណាត់​រ៉ុក្កែត​រុញច្រាន​ទី១ បាន​ផ្ដាច់ខ្លួន និង​ចុះចត​លើ​ទីលាន​ចុះចត​មួយ​នៅ Cape Canaveral ដែលមាន​ចម្ងាយ​តែ​ប៉ុន្មាន​គីឡូម៉ែត្រ​ប​ណ្ណោះ ពី​ទីតាំង​បាញ់​បង្ហោះ ដែល​នេះ​គឺជា​លើក​ទី ១០២ ហើយ ដែល​រ៉ុក្កែត​របស់ SpaceX ចុះចត​បាន​ជោគជ័យ។

    នៅក្នុង​ចំណោម​ផ្កាយរណប​នៃ​ជើងហោះហើរ​ខាងលើនេះ មាន​ផ្កាយរណប​មួយចំនួន​ដែលមាន​ទម្ងន់​ធ្ងន់​ជាងគេ មានដូចជា ផ្កាយរណប​របស់ ប្រទេស​អ៊ុយ​ក្រែ​ន Ukraine Sich 2-1 ទម្ងន់ ១៧០ គីឡូក្រាម, ផ្កាយរណប ២ គូ របស់​ក្រុមហ៊ុន​ហ្វាំ​ង​ឡង់ ICEYE (៨៥ គីឡូក្រាម) និង​ក្រុមហ៊ុន​អាម៉េរិក Capella Space (១០០ គីឡូក្រាម)៕

  • កម្ពុជា ជាប់​ចំណាត់ថ្នាក់​ទី៤ ស្ដីពី​និស្សិត​វេជ្ជសាស្ត្រ​ចុះ​​ធ្វើ​កម្មសិក្សា​ច្រើន​នៅ ប្រទេស​បារាំង

    កម្ពុជា ជាប់​ចំណាត់ថ្នាក់​ទី៤ ស្ដីពី​និស្សិត​វេជ្ជសាស្ត្រ​ចុះ​​ធ្វើ​កម្មសិក្សា​ច្រើន​នៅ ប្រទេស​បារាំង

    ការអះអាង​ដែលថា កម្ពុជា ជាប់​ចំណាត់ថ្នាក់​ទី៤ ស្ដីពី​និស្សិត​វេជ្ជសាស្ត្រ​ចុះ​កម្មសិក្សា​ច្រើន​នៅ ប្រទេស​បារាំង នេះ ត្រូវបាន ឯកអគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ​កម្ពុជា លោក ហ្សា​ក់ ប៉ឺ​ឡេ លើកឡើង​នៅឯ​ស្ថានទូត​បារាំង ប្រចាំ កម្ពុជា ក្នុង​ពិធី​ចុះហត្ថលេខា​លើ​សេចក្ដីប្រកាស​គោលបំណង​នៃ​កិច្ចសហប្រតិបត្តិការ រវាង​ស្ថានទូត​បារាំង និង​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​កម្ពុជា។

    ក្នុង​ពិធី​ចុះហត្ថលេខា​កាលពី​ថ្ងៃទី ១៣ មករា ២០២២ នេះ មាន​វត្តមាន​របស់ ឯកអគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ​កម្ពុជា លោក ហ្សា​ក់ ប៉ឺ​ឡេ លោក​សាស្ត្រាចារ្យ សា​ផុន វឌ្ឍនៈ ទីប្រឹក្សា​នៃ​ក្រសួងសុខាភិបាល និង​ជា​សាកលវិទ្យាធិការ នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​កម្ពុជា និង លោក​សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ឈាង រ៉ា អគ្គនាយក​មន្ទីរពេទ្យ​កាល់ម៉ែត រួម​នឹង​វត្តមាន​ភ្ញៀវ​ជាតិ អន្តរជាតិ រួមទាំង​និស្សិត​ស.វ.ស ដែល​បានទទួល​អាហារូបករណ៍​ថ្នាក់​វេជ្ជបណ្ឌិត​ឯកទេស DFMS/DFMSA ទើប​ត្រលប់​មកពី​ធ្វើ​កម្មសិក្សា​នៅ​ប្រទេស​បារាំង ផងដែរ។

    លោក ហ្សា​ក់ ប៉ឺ​ឡេ បានឱ្យដឹងថា កិច្ចសហប្រតិបត្តិការ​នេះ​នឹង​ជួយ​លើកកម្ពស់​ភាពជា​ដៃគូ​របស់ បារាំង ជាមួយនឹង សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​កម្ពុជា សម្រាប់​ការបណ្ដុះបណ្ដាល ការសិក្សា​ស្រាវជ្រាវ ការផ្លាស់ប្ដូរ​សាស្ត្រាចារ្យ អ្នកស្រាវជ្រាវ និង​និស្សិត។ល។

    លោក​សាស្ត្រាចារ្យ សា​ផុន វឌ្ឍនៈ បាន​ថ្លែងអំណរគុណ​ដល់​ភាគី​បារាំង ក្រោម​ការគាំទ្រ​ពេញទំហឹង​ពី​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា ដែល​បាន​សហការ​យ៉ាង​ល្អ​ជាមួយ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​កម្ពុជា ដែល​ទទួលបាន​សមិទ្ធិ​ផល​ល្អប្រសើរ។

    គួរ​រំ​ព្ញ​ក​ជូន​ថា ចាប់ពី​ឆ្នាំ ១៩៩៦ មកដល់​ឆ្នាំ ២០២០ និស្សិត​វេជ្ជសាស្ត្រ​ស.វ.ស (ផ្នែក​វេជ្ជសាស្ត្រ​ទូទៅ និង​ឯកទេស) សរុប​ចំនួន ៩០៣ នាក់​របស់ កម្ពុជា បាន​បន្ត​ការសិក្សា ឬ​ធ្វើ​កម្មសិក្សា​នៅ​ប្រទេស​បារាំង។ ដោយឡែក ឆ្នាំ ២០២១ និស្សិត​ស.វ.ស ចំនួន ៥៨ នាក់ នឹង​ចុះ​កម្មសិក្សា​នៅ តាម ២១ មន្ទីរពេទ្យ​នៃ​គ្រឹះស្ថាន​បណ្តុះបណ្តាលល្បីៗនៅ ប្រទេស​បារាំង៕

  • ស្ត្រី​ជា​ភរិយា «មាន​សហាយ» ត្រូវ​តុលារ​ពិន័យ វាយ ១០០ រំពាត់ ខណៈ​បុរស​ជាប់​សង្ស័យ​ ទទួល​តែ​ប៉ុន្មាន​​រំពាត់​ប៉ុណ្ណោះ

    ស្ត្រី​ជា​ភរិយា «មាន​សហាយ» ត្រូវ​តុលារ​ពិន័យ វាយ ១០០ រំពាត់ ខណៈ​បុរស​ជាប់​សង្ស័យ​ ទទួល​តែ​ប៉ុន្មាន​​រំពាត់​ប៉ុណ្ណោះ

    (ឥណ្ឌូណេស៊ី)-ស្ត្រី​ម្នាក់​នៅក្នុង​ខេត្ត Aceh ត្រូវ​ទទួល​ទណ្ឌកម្ម​ចំនួន ១០០ រំពាត់ ដោយសារតែ​ល្មើ​សនឹង​ច្បាប់​ឯក​ព័ន្ធ​ភាព​របស់​សាសនា​អ៊ីស្លាម គ្រា​ដែល​បុរស​ដែល​ត្រូវគេ​សង្ស័យថា​ជាស​ហាយ​របស់​នាង ត្រូវបានដាក់​​ពិន័យ​ត្រឹម​តែ ១៥ រំពាត់​។

    Ivan Najjar Alavi មេដឹកនាំ​នៃ​អង្គភាព​ស៊ើបអង្កេត​របស់​ស្ថាប័នរដ្ឋ​អាជ្ញា​ក្នុង​តំបន់ Aceh ខាងកើត កាលពី​ថ្ងៃទី ១៣ មករា បានឱ្យដឹងថា ស្ត្រី​ម្នាក់​ដែលមាន​ស្វាមី​រួចហើយ នៅ​មូលដ្ឋាន ត្រូវបាន​ដាក់ទណ្ឌកម្ម​នៅ​ទីសាធារណៈ ចំនួន ១០០ រំពាត់ បន្ទាប់ពី​បាន​សារភាព​កំហុស។

    ចំណែក​បុគ្គល​ដែល​ត្រូវបាន​សង្ស័យថា​ជាស​ហាយ​របស់​នាង ដែលជា​ប្រធាន​ស្ថាប័ន​នេសាទ​នៅ​មូលដ្ឋាន និង​ជា​អ្នក​ដែលមាន​ភរិយា​រួចហើយ ត្រូវ​ទទួល​ការពិន័យ​ត្រឹមតែ ១៥ រំពាត់ ដោយសារតែ​បុគ្គល​នេះ​បដិសេធ​ការចោទប្រកាន់។ Ivan Najjar Alavi បញ្ជាក់ថា ចៅក្រម​ពិតជា​មាន «ការពិបាក» ក្នុងការ​កាត់​ទោ​សបុរ​ស​នេះ។

    «ក្នុង​សវនាការ បុរស​នេះ​មិនបាន​សារភាព​អ្វី​ទាំងអស់ ហើយ​បាន​បដិសេធ​រាល់​ការចោទប្រកាន់។ ដូច្នេះ ចៅក្រម​មិនអាច​បង្ហាញថា បុរស​នេះ​មាន​កំហុស ឬ​អត់» Ivan Najjar Alavi បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ដូច្នេះ។

    ជំនួស​ឱ្យ «បទល្មើស​មាន​សហាយ» បុរស​នេះ​ត្រូវបាន​ពិន័យ​ពីបទ «បង្ហាញ​មនោសញ្ចេតនា​ជាមួយ​ស្ត្រី​ដែល​មិនមែនជា​ភរិយា»។ ដំបូង​ឡើយ បុរស​ជាប់ចោទ​ត្រូវបាន​កាត់ទោស វាយ ៣០ រំពាត់ ប៉ុន្តែ ជននេះ​តវ៉ា​បាន​ជោគជ័យ និង​ត្រូវ​បន្ថយ​មក​នៅត្រឹម ១៥ រំពាត់។

    ជន​រំលោភច្បាប់​ទាំងពីរ​ខាងលើ ត្រូវបាន​អ្នកស្រុក​ចាប់​បាត់​ភ័ស្ដុតាង​ជា​លើកដំបូង​នៅក្នុង​ចំការ​ដូងប្រេង​មួយកន្លែង​កាលពី​ឆ្នាំ ២០១៨។

    Aceh គឺជា​តំបន់​តែមួយគត់​របស់ ឥណ្ឌូណេស៊ី ដែលជា​ប្រទេស​មាន​ប្រជាជន​ភាគច្រើន​កាន់សាសនា​អ៊ីស្លាម អនុវត្ត​ច្បាប់ Sharia អនុញ្ញាត​ឱ្យមាន​ការដាក់​ទណ្ឌកម្ម​ដោយ​ការ​វាយ​នឹង​រំពាត់​ជា​សាធារណៈ ចំពោះ​ស្ត្រី​ដែល​ល្មើស «ច្បាប់​ក្បត់​ប្ដី លេងល្បែង​ស៊ីសង ផឹកស្រា និង​មាន​ទំនាក់ទំនង​ផ្លូវភេទ​ជាមួយ​មនុស្ស​ភេទ​ដូចគ្នា»៕

  • កូវីដ-១៩ នៅ កម្ពុជា៖ រកឃើញអ្នកឆ្លងថ្មី ១០ នាក់ទៀត ក្នុងអំឡុង ២៤ ម៉ោង នៃថ្ងៃទី ១៣ មករា

    កូវីដ-១៩ នៅ កម្ពុជា៖ រកឃើញអ្នកឆ្លងថ្មី ១០ នាក់ទៀត ក្នុងអំឡុង ២៤ ម៉ោង នៃថ្ងៃទី ១៣ មករា

    អ្នក​វិជ្ជមាន​ថ្មី​ទាំង​អស់​ចំនួន​ ១០ នាក់​នេះ សុទ្ធ​តែ​ផ្ទុក​វីរុស​ប្រភេទ​ អូមីក្រុង​។ ក្នុង​ថ្ងៃទី ១៣ មករា ក្រៅ​ពី​ករណី​វិជ្ជមាន​ថ្មី កម្ពុជា​ ក៏​មាន​អ្នក​ជាសះស្បើយ​ចំនួន ១៥ នាក់​ថែម​ទៀត​ និង​ពុំ​មាន​អ្នកណា​ម្នាក់​ ​ស្លាប់​ដោយ​សារ​កូវីដ-១៩​ នោះ​ទេ។

  • ប្រើប្រាស់​ផ្ទាំង​សូ​ឡា ស្រោច​ទឹក​ឱ្យ​ដើមឈើ​រាប់សិប​លាន​ដើម នៅលើ​សមុទ្រ​ខ្សាច់​ចល័ត​ធំជាងគេ​ទី​ពីរ​ក្នុង​ពិភពលោក

    ប្រើប្រាស់​ផ្ទាំង​សូ​ឡា ស្រោច​ទឹក​ឱ្យ​ដើមឈើ​រាប់សិប​លាន​ដើម នៅលើ​សមុទ្រ​ខ្សាច់​ចល័ត​ធំជាងគេ​ទី​ពីរ​ក្នុង​ពិភពលោក

    ប្រទេស​ចិន កំពុង​ដំឡើង​រោងចក្រ​អគ្គិសនី​ដែល​បានមកពី​ថាមពលព្រះអាទិត្យ រាប់សិប​កន្លែង ដើម្បី​ផ្គត់ផ្គង់​អគ្គិសនី​សម្រាប់​ការបូមទឹក​ស្រោច​ដើមឈើ​ដែល​ដាំ​តាម «បណ្ដោយ​ជាយ​ផ្លូវ​បៃតង» ឆ្លងកាត់​សមុទ្រ​ខ្សាច់​នៅ ស៊ី​ជាំ​ង។

    តាម​ផែនការ គម្រោង​ដំឡើង​រោងចក្រ​ថាមពលព្រះអាទិត្យ​ចំនួន ៨៦ កន្លែង នៅតាម​បណ្ដោយ​ផ្លូវ​លើ​សមុទ្រ​ខ្សាច់​ត្រង់ចំណុច​បាតខ្ទះ តាម​រី​ម (Tarim) ដែល​ស្ថិតក្នុង​តំបន់​ស្វយ័ត ស៊ីន​ជាំ​ង ភាគ​ពាយព្យ​នៃ ប្រទេស​ចិន នឹង​ត្រូវបាន​អនុវត្ត​រួចរាល់​ជា​ស្ថាពរ​នៅ​ខែមីនា ឆ្នាំ ២០២២ នេះ។

    ផ្លូវ​ប្រវែង​សរុប ៥៥៦ គីឡូម៉ែត្រ​នេះ ឆ្លងកាត់​សមុទ្រ​ខ្សាច់ Taklamakan ដែលជា​សមុទ្រ​ខ្សាច់​ចល័ត​ធំជាងគេ​លំដាប់​ទី​ពីរ​ក្នុង​ពិភពលោក។ «តំបន់​បណ្ដោយ​ជាយ​ផ្លូវ​បៃតង» មាន​ប្រវែង ៤៣៦ គីឡូម៉ែត្រ និង​ទទឹង​ជាង ៧០ ម៉ែត្រ ត្រូវបាន​ដាំ​​ដើម​ឈើ​​ប្រមាណ ២០ លាន​ដើម។ តំបន់​នេះ បាន​ជួយ​ការពារ​ផ្លូវ​នេះ​ពី​ការ​លុក​ចូល​របស់​ខ្សាច់។

    រោងចក្រ​ថាមពលព្រះអាទិត្យ​ថ្មី​ចំនួន ៨៦ ទីតាំង​នេះ នឹង​ផ្គត់ផ្គង់​អគ្គិសនី​ស្អាត​សម្រាប់​ការបូមទឹក​ពីក្រោម​ដី ដើម្បី​ស្រោច​​ដើម​ឈើ។ យោង​តាម​ការ​គណនា រោងចក្រ​ថាមពលព្រះអាទិត្យ​នេះ នឹង​ជួយ​កាត់បន្ថយ​ការប្រើប្រាស់​ប្រេងម៉ាស៊ូត រហូតដល់​ជាង ១,០០០ តោន និង​ឧស្ម័ន CO2 ប្រហែល ៣,៤១០ តោន ជា​រៀងរាល់ឆ្នាំ៕

  • (វីដេអូ)-ប្រព័ន្ធ​កំ​ភ្លើង​យន្ត​ស្វ័យប្រវត្ត​របស់ អាម៉េរិក ជះ​គ្រាប់​សំដៅ​រ៉ុក្កែត ដើម្បី​ការពារ​ស្ថានទូត

    (វីដេអូ)-ប្រព័ន្ធ​កំ​ភ្លើង​យន្ត​ស្វ័យប្រវត្ត​របស់ អាម៉េរិក ជះ​គ្រាប់​សំដៅ​រ៉ុក្កែត ដើម្បី​ការពារ​ស្ថានទូត

    (អ៊ីរ៉ាក់)-ប្រព័ន្ធ​ការពារ​ដែនអាកាស C-RAM បាន​បាច​គ្រាប់​រាប់មិនអស់​ទៅលើ​អាកាស​របស់ ទីក្រុង​បា​កដាដ (Baghdad) កម្ទិច​រ៉ុក្កែត​ដែល​កំពុង​សំដៅ​មកកាន់ ស្ថានទូត​អាម៉េរិក ប៉ុន្តែ រ៉ុក្កែត​មួយ​គ្រាប់​ទំនងជា​បាន​ទម្លុះ​ខែល​ការពារ​នេះ។

    ក្រុមមន្ត្រី​ការពារជាតិ​អ៊ីរ៉ាក់ កាលពី​ថ្ងៃទី ១៣ មករា ឱ្យដឹងថា ស្ថានទូត​សហរដ្ឋ​អាម៉េរិក ប្រចាំ រដ្ឋធានី​បា​កដាដ ត្រូវ​រង​ការវាយប្រហារ​ដោយ​រ៉ុក្កែត យ៉ាងតិច ៣ គ្រាប់ ប៉ុន្តែ យ៉ាងហោចណាស់​មាន​រ៉ុក្កែត ២ គ្រាប់​ត្រូវបាន​កម្ទេច​ដោយ​ប្រព័ន្ធ C-RAM របស់​ស្ថានទូត។

    វីដេអូ​នៅលើ​បណ្ដាញ​សង្គម​បាន​បង្ហាញថា ប្រព័ន្ធ C-RAM បាន​ជះ​គ្រាប់​យ៉ាង​វែង ទៅលើ​អាកាស​នៃ រដ្ឋធានី​របស់ អ៊ីរ៉ាក់ ដើម្បី​ស្កាត់​គ្រាប់​រ៉ុក្កែត ប៉ុន្តែ ការផ្ទុះ​ដ៏​ធំ​មួយ​នៅតែ​បាន​កើតឡើង​នៅលើ​ដី។

    https://www.youtube.com/watch?v=GoWTvSseyCY

    កងទ័ព អ៊ីរ៉ាក់ ឱ្យដឹងថា រ៉ុក្កែត​មួយគ្រា​ប់​បាន​ធ្លាក់ចំ​សាលារៀន​មួយកន្លែង​នៅ បា​កដាដ បណ្ដាលឱ្យ​ស្ត្រី​ម្នាក់ និង​ក្មេង​ម្នាក់​រងរបួស ប៉ុន្តែ មិនបាន​បញ្ជាក់ថា អ្នក​ទាំងពីរ​គឺជា​ជនរងគ្រោះ​នៅ​សាលា​ដែល​ត្រូវ​គ្រាប់​រ៉ុក្កែត ឬ​យ៉ាងណា​នោះទេ។

    ថ្មី​នេះ បណ្ដា​មូលដ្ឋាន​របស់ សហរដ្ឋ​អាម៉េរិក នៅ អ៊ីរ៉ាក់ ក្នុងនោះ​មាន​ស្ថានទូត​ជាដើម បាន​ក្លាយជា​គោលដៅ​នៃ​ការវាយប្រហារ​ដោយ​គ្រាប់​រ៉ុក្កែត និង​យន្តហោះ​គ្មាន​មនុស្ស​បើក (UAV)។ សហរដ្ឋ​អាម៉េរិក បាន​ចោទប្រកាន់ថា កងជីវពល​អ៊ីរ៉ាក់ ដែល​គាំទ្រ​ដោយ​អាជ្ញាធរ​អ៊ីរ៉ាក់ គឺជា​អ្នក​នៅ​ពីក្រោយ​ករណី​វាយប្រហារ​នានា​មកលើ​មូលដ្ឋាន​របស់ អាម៉េរិក នៅ អ៊ីរ៉ាក់៕

  • វីដេអូស្ដែងៗ បង្ហាញ​ពី​ក្រុម​ជួញដូរ​គ្រឿងញៀន​ដ៏​ធំ​នៅ ម៉ិ​ក​ស៊ិ​ក ប្រើ​យន្តហោះ​គ្មាន​មនុស្ស​បើក កម្ទេច​មូលដ្ឋាន​របស់​សត្រូវ

    វីដេអូស្ដែងៗ បង្ហាញ​ពី​ក្រុម​ជួញដូរ​គ្រឿងញៀន​ដ៏​ធំ​នៅ ម៉ិ​ក​ស៊ិ​ក ប្រើ​យន្តហោះ​គ្មាន​មនុស្ស​បើក កម្ទេច​មូលដ្ឋាន​របស់​សត្រូវ

    សារព័ត៌មាន​ម៉ិ​ក​ស៊ិ​ក បាន​បង្ហោះ​វីដេអូ​មួយចំនួន ដែល​បង្ហាញ​អំពី​យន្តហោះ​គ្មាន​មនុស្ស​បើក​មួយគ្រឿង​របស់​ក្រុម​ជួញដូរ​គ្រឿងញៀន​ដ៏​ធំ​មួយ​នៅ ម៉ិ​ក​ស៊ិ​ក ទម្លាក់​គ្រាប់បែក​កម្ទេច​ជម្រក​របស់​គូសត្រូវ។

    យោងតាម​ទូរទស្សន៍ RT (រុស្ស៊ី) វីដេអូ​នេះ ទំនងជា​ត្រូវបាន​ថត​ពី​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​ក្រុម​ជួញដូរ​គ្រឿងញៀន​ម៉ិ​ក​ស៊ិ​ក នៅពេល​កំពុង​ទម្លាក់​គ្រាប់បែក​ទៅលើ​តង់​ជម្រក​នានា​នៅក្នុង​ព្រៃ​ជ្រៅ។ ចំណែក​សារព័ត៌មាន El Pais របស់ អេ​ស្ប៉ា​ញ វិញ បាន​រាយការណ៍​ថា យន្តហោះ​ក្នុង​វីដេអូ​នេះ ត្រូវបាន​គ្រប់គ្រង​ដោយ​ក្រុម​ជួញដូរ​គ្រឿងញៀន Jalisco New Generation Cartel (CJNG)។

    ក្រោយ​ការទម្លាក់​គ្រាប់​បែប​បាន​ប៉ុន្មាន​វិនាទី មនុស្សម្នា​ក្នុង​មូលដ្ឋាន​នេះ ក៏​នាំគ្នា​រត់​ប្រសាចរៀងៗខ្លួន។ ចំណែក​យន្តហោះ​ដែល​នៅ​ពីលើ បន្ត​ទម្លាក់​គ្រាប់បែក​ជាច្រើន​គ្រាប់​ថែមទៀត។

    សារព័ត៌មាន​ដទៃទៀត យល់ថា ក្រុមសង្គមងងឹត​ខាងលើ ថែមទាំង​វាយប្រហារ​សំដៅ​ប្រជាជន​ដែល​រស់នៅក្នុង​តំបន់ ជា​អ្នក​ដែល​បាន និង​កំពុង​រារាំង​សកម្មភាព​ទន្ទ្រាន​យក​ដីព្រៃ​ធ្វើជា​មូលដ្ឋាន​របស់​ក្រុម​ល្មើសច្បាប់​ទៀតផង។ យ៉ាងហោចណាស់​មាន​មនុស្ស​ម្នាក់​ត្រូវ​រងរបួស​នៅក្នុង​ហេតុការណ៍​ទម្លាក់​គ្រាប់បែក។

    កាលពី​ខែធ្នូ ២០២១ អង្គភាព​ប្រឆាំង​គ្រឿងញៀន​របស់ សហរដ្ឋ​អាម៉េរិក បានឱ្យដឹងថា CJNG គឺជា​ក្រុម​ជួញដូរ​គ្រឿងញៀន​ដែល​ប្រើប្រាស់​អំពើហិង្សា និង​គួរឱ្យ​ញញើត​បំផុត នៅ ម៉ិ​ក​ស៊ិ​ក។ អង្គភាព​នេះ ឱ្យដឹងថា «ការកម្ទេច CJNG គឺជា​អាទិភាព​ខ្ពស់​មួយ» របស់​ពួកគេ ហើយ​ថា នឹង​ជូន​រង្វាន់ ១០,០០០,០០០ ដុល្លារ ដល់​អ្នក​ទាំងឡាយណា​ដែល​ផ្ដល់ព័ត៌មាន​ស្ដីពី​ក្រុម​ជួញដូរ​គ្រឿងញៀន​នេះ។

    https://www.youtube.com/watch?v=F6mxy7hwRMk

    ចាប់តាំងពី​ខែធ្នូ ២០២១ ស្ថានភាព​អំពើហិង្សា​មិន​ត្រូវបាន​គ្រប់គ្រង បាន​បង្ខំ​ឱ្យ​ប្រជាជន​ជិត​ពាក់កណ្ដាល ក្នុងនោះ​មាន​ទាំង​ក្រុមប៉ូលិស​ផងដែរ នៅ​តំបន់​ក្រុង Chinicuila ត្រូវ​រត់ចោលស្រុក ក្នុងចំណោម​នោះ មាន​អ្នកខ្លះ​បាន​ភៀសខ្លួន​ទៅកាន់​រដ្ឋ Colima នេះ​បើតាម​ទូរទស្សន៍ Imagen របស់ ម៉ិ​ក​ស៊ិ​ក។ ក្រុមមនុស្ស​ជាច្រើន​ផ្សេងទៀត បាន​ឆ្លងដែន​ពី ម៉ិ​ក​ស៊ិ​ក ទៅកាន់ សហរដ្ឋ​អាម៉េរិក ដើម្បី​គេច​ពី​អំពើហិង្សា៕

  • អង្គការ​ WHO អនុញ្ញាតឱ្យ​ប្រើប្រាស់​វិធីសាស្ត្រ​ថ្មី​ចំនួន ២ ទៀត សម្រាប់​ការព្យាបាល​អ្នកជំងឺ​កូ​វីដ-១៩

    អង្គការ​ WHO អនុញ្ញាតឱ្យ​ប្រើប្រាស់​វិធីសាស្ត្រ​ថ្មី​ចំនួន ២ ទៀត សម្រាប់​ការព្យាបាល​អ្នកជំងឺ​កូ​វីដ-១៩

    ថ្ងៃទី ១៤ មករា នេះ អង្គការ​សុខភាព​ពិភពលោក (WHO) បានអនុម័ត​វិធីសាស្ត្រ​ថ្មី​ចំនួន ២ សម្រាប់​ការព្យាបាល​អ្នកជំងឺ​កូ​វីដ-១៩ ដែល​នេះ​គឺជា​ការបន្ថែម «អាវុធ» សំខាន់ ទន្ទឹមនឹង​វ៉ាក់សាំង​ដែល​កំពុងមាន នៅក្នុង​ការទប់ស្កាត់​ហានិភ័យ​ជំងឺ​វិ​វត្ត​ទៅជា​ធ្ងន់ធ្ងរ និង​ស្លាប់ ចំពោះ​អ្នកជំងឺ​កូ​វីដ-១។

    វិធីសាស្ត្រ​ថ្មី​ទាំង ២ នេះ រួមមាន ការប្រើប្រាស់​ថ្នាំ​ព្យាបាល​ជំងឺ​រលាក​សន្លាក់ ដែលមាន​សមាសធាតុ baricitinib និង​ការប្រើប្រាស់​អង្គ​ប​ដិ​ប្រាណ​សំយោគ Sotrovimab។

    នៅក្នុង​អនុសាសន៍​របស់ WHO ដែល​បាន​ចុះផ្សាយ​លើ​ទស្សន​វ​ដ្ដី​វេជ្ជសាស្ត្រ​របស់​អង់គ្លេស BMJ ក្រុម​អ្នកជំនាញ​របស់ WHO បានលើកឡើង​យ៉ាងច្បាស់​ថា សមាសធាតុ baricitinib ដែល​ប្រើ​រួមជាមួយ​នឹង corticosteroid មាន​សមត្ថភាព​ជួយ​បង្កើន​អត្រា​នៃ​ការ​រស់ និង​បន្ថយ​ហានិភ័យ​ត្រូវ​ប្រើ​ម៉ាស៊ីន​ជំនួយ​ដង្ហើម​ចំពោះ​អ្នកជំងឺ​កូ​វីដ-១៩ ដែលមាន​អាការ​ធ្ងន់ធ្ងរ។

    ទន្ទឹមនឹងនេះ WHO ក៏បាន​ណែនាំ​ឱ្យប្រើ​អង្គ​ប​ដិ​ប្រាណ Sotrovimab សម្រាប់ អ្នក​វិជ្ជមាន​នឹង​កូ​វីដ-១៩ ដែលមាន​រោគសញ្ញា​ស្រាល ប៉ុន្តែ​មាន​ហានិភ័យ​ត្រូវ​ចូល​ពេទ្យ​ខ្ពស់បំផុត មានដូចជា មនុស្ស​ចាស់ អ្នកមាន​ប្រព័ន្ធ​ភាពស៊ាំ​ខ្សោយ ឬ​អ្នក​ដែលមាន​ជំងឺ​រ៉ាំរ៉ៃ ដូចជា ជំងឺ​ទឹកនោមផ្អែម​ជាដើម។

    មុន​នោះ កាលពី​ខែកក្កដា ២០២១ WHO ក៏បាន​អនុម័ត​ឱ្យប្រើ​ប្រាស់​ថ្នាំ​ព្យាបាល​បញ្ហា​រលាក​សន្លាក់​ដែលមាន​សមាសធាតុ tocilizumab និង sarilumab បូក​ជាមួយនឹង corticosteroid ដើម្បី​ទប់ស្កាត់​ហានិភ័យ​ប្រព័ន្ធ​ភាពស៊ាំ​របស់​អ្នកជំងឺ​កូ​វីដ-១៩ ប្រតិកម្ម​ជ្រុល​នៅ​ចំពោះមុខ SARS-CoV-2។ កាលពី​ខែកញ្ញា ២០២១ WHO ក៏បាន​បន្ត​អនុម័ត​ឱ្យប្រើ​ប្រាស់​វិធី​ព្យាបាល​អ្នកជំងឺ​កូ​វីដ-១៩ ដោយ​អង្គ​ប​ដិ​ប្រាណ​សំយោគ Regeneron ផងដែរ។

  • ឡាវ បង្កើន​ការផលិត​ថ្នាំ​ព្យាបាល​ជំងឺ​កូ​វីដ-១៩ Molnupiravir

    ឡាវ បង្កើន​ការផលិត​ថ្នាំ​ព្យាបាល​ជំងឺ​កូ​វីដ-១៩ Molnupiravir

    យោងតាម​ប្រភពព័ត៌មាន​ពី រដ្ឋធានី វៀងចន្ទន៍ ប្រទេស​ឡាវ នឹង​ជំរុញ​ការផលិត​ថ្នាំ Molnupiravir (ឈ្មោះ​ពាណិជ្ជកម្ម​នៅ ឡាវ គឺ Molacovir) ដើម្បី​ព្យាបាល​អ្នកជំងឺ​កូ​វីដ-១៩ ដែលមាន​អាការ​ស្រាល នៅ​ចំពោះមុខ​តម្រូវការ​កាន់តែ​ខ្ពស់​របស់​ប្រទេស​នេះ។

    ប្រធាន​រោងចក្រ​ផលិត​ឱសថ​លេខ៣ របស់ ឡាវ វេជ្ជបណ្ឌិត Lahounh Chanthabout ឱ្យដឹងថា តួលេខ​អ្នកជំងឺ​កូ​វីដ-១៩ ដែល​ត្រូវការ​ព្យាបាល បាន​កើនឡើង​ខ្ពស់​ក្នុង​មួយរយៈ​ពេល​ចុង​ក្រោយនេះ។ រោងចក្រ​នេះ​បានចាប់ផ្ដើម​ផលិត​ថ្នាំ Molacovir តាំងពី​ខែធ្នូ ២០២១ ហើយ​មកដល់​បច្ចុប្បន្ន បរិមាណ​ថ្នាំ​ដែល​រោងចក្រ​នេះ​បាន​ផលិត អាច​ព្យាបាល​អ្នកជំងឺ​កូ​វីដ-១៩ ប្រហែល ១,០០០ នាក់។ បរិមាណ​នេះ​មិនទាន់​គ្រប់គ្រាន់​តាម​តម្រូវការ​ក្នុងស្រុក​នៅឡើយ ដូច្នេះ រោងចក្រ​នឹង​បង្កើន​ការផលិត​របស់ខ្លួន។

    សម្រាប់​អ្នកជំងឺ​កូ​វីដ-១៩ ម្នាក់ ត្រូវការ​ព្យាបាល​មួយ​ជា​ដោយ​លេបថ្នាំ Molacovir ចំនួន ៤០ គ្រាប់ ហើយ ៤០ គ្រាប់​ដែល​ត្រូវ​លេប​ក្នុង​រយៈពេល ៥ ថ្ងៃនេះ មានតម្លៃ ៤០០.០០០ គីប ប្រហែល ៣៥.៧ ដុល្លារ​អាម៉េរិក។

    ថ្នាំ​ Molacovir

    បច្ចុប្បន្ន ដើម្បី​ប្រើប្រាស់​ថ្នាំ Molacovir អ្នកជំងឺ​ត្រូវតែមាន​អាយុ​លើសពី ១៨ ឆ្នាំ មាន​រោគសញ្ញា​ស្រាល ឬ​មធ្យម នៃ​ជំងឺ​កូ​វីដ-១៩ និង​កំពុងស្ថិត​ក្នុងដំណាក់កាល​ដំបូង​នៃ​ជំងឺ ពិសេស​គឺ​មិន​ត្រូវមាន​រោគសញ្ញា​រលាក​សួត ឬ​ខ្វះ​អុកស៊ីសែន៕