Author: សឿន សំណាង

  • រកឃើញ​ប្រអប់​ខ្មៅ​របស់​យន្តហោះ​ចិន ដែល​បាន​ធ្លាក់​កាលពី​ថ្ងៃ​ចន្ទ

    រកឃើញ​ប្រអប់​ខ្មៅ​របស់​យន្តហោះ​ចិន ដែល​បាន​ធ្លាក់​កាលពី​ថ្ងៃ​ចន្ទ

    ល្ងាច​ថ្ងៃទី ២៣ មីនា (ម៉ោង​នៅ ប៉េកាំង) សារព័ត៌មាន​ចិន បាន​ផ្សាយ​ថា កម្លាំង​សមត្ថកិច្ច​បាន​រកឃើញ​ប្រអប់​ខ្មៅ​របស់​យន្តហោះ Boeing ៧៣៧-៨០០ ដែល​បាន​ជួប​គ្រោះថ្នាក់ ធ្លាក់​នៅក្នុង​ខេត្ត Guangxi កាលពី​ថ្ងៃទី ២១ មីនា។

    ទីភ្នាក់ងារសារព័ត៌មាន People’s Daily របស់ ចិន ចុះផ្សាយ​ថា ទើបតែ​បាន​រកឃើញ​ប្រអប់​ខ្មៅ​មួយ​ក្នុងចំណោម​ប្រអប់​ខ្មៅ​របស់​យន្តហោះ Boeing ៧៣៧-៨០០ របស់​ក្រុមហ៊ុន​អាកាសចរណ៍ China Eastern Airlines។

    ការរកឃើញ​នេះ​នឹង​ជួយ​ឱ្យ​ក្រុម​អ្នកជំនាញ​ស្រាវជ្រាវ​ដឹង​អំពី​ហេតុការណ៍​នានា មុនពេល​យន្តហោះ​ធ្លាក់​ដល់​ខ្នងភ្នំ​មួយ​របស់​ទីក្រុង Wuzhou នៃ​តំបន់​ស្វយ័ត​ជនជាតិ Zhuang នៅ​ខេត្ត Guangxi ភាគខាងត្បូង​ប្រទេស​ចិន។

    ក្នុងថ្ងៃនេះ បេសកកម្ម​ស្វែងរក​ប្រអប់​ខ្មៅ និង​សង្គ្រោះ​ជនរងគ្រោះ​ត្រូវបាន​ផ្អាក ដោយសារ​មេឃ​ភ្លៀង​ខ្លាំង ខណៈដែល​រណ្ដៅ​ដ៏​ជ្រៅ​ដែល​កើតឡើង​ដោយសារ​យន្តហោះ​ធ្លាក់​បុក ក៏ត្រូវ​លិច​ក្នុង​ទឹក។

    បច្ចុប្បន្ន អាជ្ញាធរ​មិនទាន់​កំណត់​បាន​នូវ​មូល​ហេតុដែល​នាំឱ្យមាន​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​នេះ​នៅឡើយ ដោយសារ​ប្រអប់​ខ្មៅ​នានា​របស់​យន្តហោះ​នេះ​កំពុង​ត្រូវបាន​ស្វែងរក ចំណែក​ប្រអប់​ខ្មៅ​ដែល​ទើប​រកឃើញ ត្រូវការ​ពេល​ដើម្បី​ដំណើរការ​ស្រង់​ទិន្នន័យ៕

  • ស្ថានីយ​អវកាស​ចិន រៀប​គម្រោង​ទទួលភ្ញៀវ​ទេសចរណ៍ នៅ​ប៉ុន្មាន​ឆ្នាំ​ខាងមុខ

    ស្ថានីយ​អវកាស​ចិន រៀប​គម្រោង​ទទួលភ្ញៀវ​ទេសចរណ៍ នៅ​ប៉ុន្មាន​ឆ្នាំ​ខាងមុខ

    ស្ថានីយ​អវកាស​ចិន Tiangong គ្រោង​នឹង​ស្ថាបនា​រួចរាល់​នៅ​ចុង​ឆ្នាំនេះ ហើយ​អាច​បើកទ្វារ​ទទួលភ្ញៀវ​ទេសច​រណ៍​អវកាស​ក្នុង​រង្វង់ ១០ ឆ្នាំ​ទៀត។

    Yang Liwei ដែល​បាន​ក្លាយជា​អ្នក​អវកាស​ដំបូង​របស់ ប្រទេស​ចិន ឱ្យដឹងថា អ្នក​ទាំងឡាយណា​ដែល​មិន​ត្រូវបាន​បណ្ដុះ​បណ្ដាលឱ្យ​ក្លាយជា​អ្នក​អវកាស​ផ្លូវការ អាច​ហោះ​ទៅធ្វើ​ទស្សនកិច្ច​ស្ថានីយ​អវកាស Tiangong របស់​ចិន នៅក្នុង​អនាគត​ដ៏​ខ្លី​ខាងមុខ។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទំព័រ Space កាលពី​ថ្ងៃទី ២២ មីនា។

    «វា​មិនមែនជា​បញ្ហា​បច្ចេកវិទ្យា​នោះទេ តែ​វា​គឺជា​តម្រូវការ។ រឿន​នេះ​នឹង​ក្លាយជា​ការពិត​ក្នុង​រង្វង់ ១ ទសវត្សរ៍​ទៀត ឱ្យ​តែមាន​តម្រូវការ​ដូច្នេះ» Yang បាន​ឆ្លើយ​ដូច្នេះ នៅពេល​ត្រូវបាន​សួរថា តើ​ប្រជាជន​អាចធ្វើ​ទស្សនកិច្ច​ស្ថានីយ​អវកាស Tiangong ដែរ ឬ​អត់។ លោក Yang បច្ចុប្បន្ន​គឺជា​សមាជិក​សន្និបាត​ក្រុមប្រឹក្សា​នយោបាយ​ប្រជាជន​ចិន (CPPCC)។

    ចំណែក Chu Jianping ដែលជា​ប្រធាន​ផ្នែក​រចនា​ក្នុង​កម្មវិធី​យានអវកាស​ដឹក​មនុស្ស​របស់ ប្រទេស​ចិន ក៏បាន​ឱ្យដឹងថា យានអវកាស Shenzhou អាច​ត្រូវបាន​ប្រើប្រាស់​សម្រាប់​វិស័យ​ទេសចរណ៍​អវកាស​ក្នុងពេល​អនាគត។

    យាន​អវកាស​ចិន Shenzhou

    ការលើកឡើង​ទាំងឡាយ​ខាងលើ​បង្ហាញថា ប្រទេស​ចិន កំពុង​ស្វែងរក​វិធី​ដើម្បី​កសាង​ទីផ្សារ​ទេសចរណ៍​អវកាស​ដោយឡែក​របស់​ខ្លួន។

    ក៏ប៉ុន្តែ ដំបូង ចិន ត្រូវ​សាងសង់​ស្ថានីយ​អវកាស​រាង​អក្សរ T ឱ្យបាន​រួចរាល់។ ប្រទេស​ចិន គ្រោង​នឹង​បាញ់​បង្ហោះ​យាន ៦ លើក​ទៀត​ក្នុងឆ្នាំនេះ ដើម្បី​បង្ហើយ​ការស្ថាបនា​ស្ថានីយ​អវកាស Tiangong។

    នៅ ប្រទេស​ចិន មាន​ក្រុមហ៊ុនធំៗ​​មួយចំនួន​ក៏​កំពុង​អភិវឌ្ឍ​ផ្នែក​ទេសចរណ៍​អវកាស។ CAS Space ដែលជា​ក្រុមហ៊ុន​របស់ បណ្ឌិត្យសភា​វិទ្យាសាស្ត្រ​ចិន (CAS) មាន​ផែនការ​ផ្ដល់​សេវាកម្ម​ទេស​ចរណ៍​អវកាស​ដល់​អតិថិជន យ៉ាង​ឆាប់​ត្រឹម​ឆ្នាំ ២០២៥។ ចំណែក​ក្រុមហ៊ុន​យន្តហោះ​អវកាស Space Transportation ក៏​កំពុង​អភិវឌ្ឍ រ៉ុក្កែត​មាន​ស្លាប ដែល​អាច​ហោះហើរ​ទៅកាន់​តំបន់​ក្រោម​គន្លង​គោចរ​នៅ​ឆ្នាំ ២០២៥ ផងដែរ។ ជើងហោះហើរ​ទៅកាន់​គន្លង​គោចរ​របស់​ផែនដី គ្រោង​នឹងត្រូវ​ធ្វើឡើង​នៅ​ឆ្នាំ ២០៣០៕

  • ស្ថាបនិក​របស់​ទំព័រ WikiLeaks ដែល​បាន​បក​អាក្រាត​រដ្ឋាភិបាល​អាម៉េរិក រៀបការ​ក្នុង​ពន្ធនាគារ

    ស្ថាបនិក​របស់​ទំព័រ WikiLeaks ដែល​បាន​បក​អាក្រាត​រដ្ឋាភិបាល​អាម៉េរិក រៀបការ​ក្នុង​ពន្ធនាគារ

    Julian Assange ដែលជា​ស្ថាបនិក​របស់​ទំព័រ WikiLeaks ដែល​បាន​បញ្ចេញ​ឯកសារ​សម្ងាត់​រាប់សែន​ច្បាប់​របស់​រដ្ឋាភិបាល​អាម៉េរិក ថ្ងៃនេះ រៀបការ​ជាមួយ Stella Moris នៅក្នុង​ពន្ធនាគារ Belmarsh ភាគ​អាគ្នេយ៍​របស់ ក្រុង​ឡុង​ដ៍ ចក្រភព​អង់គ្លេស។

    «យើង​សប្បាយរីករាយ​ណាស់ បើ​ទោះ​ស្ថានភាព​ចង្អៀតចង្អល់​ខ្លាំង» កូនក្រមុំ Moris និយាយ​ដូច្នេះ និង​បន្តថា «ភ្ញៀវកិត្តិយស​ដែល​ត្រូវបាន​អញ្ជើញ និង​គ្រប់គ្នា​ដែល​បានឃើញ ត្រូវ​ចាកចេញភ្លាមៗ ក្រោយពី​ពិធី​រៀបការ​បានបញ្ចប់»។

    ភ្ញៀវ​តែ ៤ នាក់​ប៉ុណ្ណោះ ដែល​ត្រូវបាន​អនុញ្ញាតឱ្យ​ចូលរួម​ពិធី​រៀបការ​នេះ។ ក្រៅពីនេះ មន្ត្រី ២ រូប និង​ឆ្មាំ​ពន្ធនាគារ ២ រូប ក៏​នឹងមាន​វត្តមាន​នៅក្នុង​ពិធី​នេះ។

    នាង Moris រៀបរាប់ថា Assange ទន្ទឹងរង់ចាំ​ពិធី​រៀបការ​នេះ​ណាស់ ក្រោយ​រយៈពេល​ជាច្រើន​ខែ​ដែល​ពួកគេ​បានស្នើ​សុំ​រៀបការ​ក្នុង​ពន្ធនាគារ។

    Moris បាន​ជួប Assange កាលពី​ឆ្នាំ ២០១១ ដែល​កាលណោះ​នាង​មាន​វ័យ ២៨ ឆ្នាំ និង​កំពុង​ធ្វើជា​មេធាវី ចំណែក Assange មាន​អាយុ ៤០ ឆ្នាំ កំពុង​ជ្រកកោន​ក្នុង​ស្ថានទូត អេក្វាទ័រ នៅ ទីក្រុង​ឡុង​ដ៍។ ពួកគេ​មានកូន​ប្រុស ២ នាក់ ដែល​សុទ្ធ​តែមាន​សញ្ជាតិ​អង់គ្លេស។

    លោក Julian Assange ស្ថាបនិករបស់ទំព័រ WikiLeaks

    ក្រុម​អ្នកគាំទ្រ​របស់ Assange គ្រោង​នឹង​ប្រារព្ធ​ពិធី​ជួបជុំគ្នា​មួយ​នៅ​ខាងក្រៅ​ពន្ធនាគារ​នៅក្នុង​ថ្ងៃនេះ ដើម្បី​អប់អរ​មង្គលការ។

    WikiLeaks កាលពី​ឆ្នាំ ២០១០ បាន​បង្ក​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​នៅ​ទូទាំង​សកលលោក នៅពេល​ប្រកាស​បង្ហាញ​ឯកសារ​សម្ងាត់​រាប់ពាន់​ច្បាប់​របស់ សេត​វិមាន ដែល​និយាយ​អំពី​សកម្មភាព​យោធា​របស់ អាម៉េរិក នៅ អ៊ីរ៉ាក់ និង អា​ហ្វ​ហ្គា​នី​ស្ថាន។ ឆ្នាំ​ដដែល WikiLeaks ក៏បាន​បញ្ចេញ​ឯកសារ​ជាង ២៥០,០០០ ច្បាប់ របស់ ក្រសួងការបរទេស​អា​ម៉េ​រិ​ក ដែលមាន​ផ្ទុក​នូវ​ការវាយតម្លៃ​ដ៏​សំខាន់​ចំពោះ​បណ្ដា​រដ្ឋាភិបាល និង​នយោបាយ​របស់​ប្រទេស​ដទៃ។

    ក្រុមមន្ត្រី​អាម៉េរិក និង​លោកខាងលិច ចាត់ទុក Assange ថា​ជា «សត្រូវ​ដ៏​គ្រោះថ្នាក់​សម្រាប់​ប្រទេសជាតិ» ដោយ​យល់ថា សកម្មភាព​របស់ Assange បាន​គំរាមកំហែង​ដល់​អាយុជីវិត​របស់​មន្ត្រី​ស៊ើបការណ៍​សម្ងាត់​ទាំងឡាយ​ដែលមាន​ឈ្មោះ​នៅក្នុង​ឯកសារ​បែកធ្លាយ​នោះ។

    ប៉ុន្តែ ក្រុម​អ្នកគាំទ្រ​របស់ Assange បាន​ចាត់ទុកថា ស្ថាបនិក​របស់ WikiLeaks គឺជា​ជនរងគ្រោះ​របស់ អាម៉េរិក ដែល​បាន​បកអាក្រាត​នូវ​សកម្មភាព​ខុសឆ្គង​រប​ស់​រដ្ឋាភិបាល​ប្រទេស​នេះ​ក្នុង​សង្គ្រាម​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន និង អ៊ីរ៉ាក់។

    អ្នកស្រី Stella Moris និង​កូនៗ

    Assange អាយុ ៥១ ឆ្នាំ បាន​ជ្រកកោន​ក្នុង​ស្ថានទូត អា​ក្វា​ទ័​រ នៅ ក្រុង​ឡុង​ដ៍ អស់​រយៈពេល ៥ ឆ្នាំ មុននឹង​ត្រូវបាន អាជ្ញាធរ​អង់គ្លេស ចាប់ខ្លួន​កាលពី​ឆ្នាំ ២០១៩ ដោយមាន​ការយល់ព្រម​ពី​មន្ត្រី​របស់ ប្រទេស​អេក្វាទ័រ និង​ឃុំខ្លួន​នៅ​ពន្ធនាគារ Belmarsh ក្នុង​រយៈពេល ១២ ខែ។ គាត់​ត្រូវបាន​គេ​ឃុំខ្លួន​បន្ត​នៅទីនេះ បន្ទាប់ពី​មាន​អន្តរាគមន៍​ពី សហរដ្ឋ​អាម៉េរិក។

    កាលពី​ខែធ្នូ ២០២១ តុលាការ​កំពូល​អង់គ្លេស បានអនុញ្ញាត​ឱ្យធ្វើ​បត្យាប័ន នាំខ្លួន Assange ទៅ​កាត់ទោស​នៅ សហរដ្ឋ​អាម៉េរិក ព្រោះ​រំលោភច្បាប់​ប្រឆាំង​ចារកម្ម និង​វាយប្រហារ​លើ​ប្រព័ន្ធ​កុំព្យូទ័រ​របស់​រដ្ឋាភិបាល។ Moris ប្រកាសថា នឹង​ជំទាស់​ការសម្រេច​នេះ​នាពេល​ដ៏​ខ្លី​ខាងមុខ៕

  • សិស្សស្រី​រាប់ម៉ឺន​នាក់​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន វិល​ត្រលប់​ចូល​សាលារៀន​វិញ

    សិស្សស្រី​រាប់ម៉ឺន​នាក់​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន វិល​ត្រលប់​ចូល​សាលារៀន​វិញ

    សិស្សស្រី​ចំនួន​រាប់ម៉ឺន​នាក់​នៅ ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន នឹង​បាន​វិល​ត្រលប់​ចូល​សិក្សា​នៅតាម​សាលា​អនុវិទ្យាល័យ​របស់​ប្រទេស​នេះ ចាប់ពី​ថ្ងៃទី ២៣ មីនា ២០២២ ក្រោយ​ការផ្អាក​អស់​រយៈពេល ៧ ខែ រាប់​ចាប់ពី​ពេល តា​លី​បង់ ដណ្ដើមបាន​អំណាច។

    សាលារៀន​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន ត្រូវបាន​បិទទ្វារ​ដោយសារ​បញ្ហា កូ​វីដ-១៩ ក្នុងពេល ក្រុម​តា​លី​បង់ ដណ្ដើមបាន​អំណាច​កាលពី​ខែសីហា ២០២១។ ប៉ុន្តែ មានតែ​កុមារ​មួយចំនួន​ប៉ុណ្ណោះ ត្រូវបាន​អនុញ្ញាត​ឱ្យចូល​សាលា ក្រោយ​ការចូល​កាន់អំណាច​រប​ស់ តា​លី​បង់ បាន ២ ខែ។

    តាម​ផែនការ សាលារៀន​នានា​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន នឹង​បើកទ្វារ​ឡើងវិញ​ចាប់ពី​ថ្ងៃទី ២៣ មីនា លើកលែងតែ​សាលា​នៅ​តំបន់ Kandahar ដែលជា​ទីក្រុង​ធំ​លំដាប់​ទី​ពីរ​របស់​ប្រទេស​នេះ ដែល​នឹងត្រូវ​បន្ត​បិទទ្វារ​រហូតដល់​ខែក្រោយ។ អាជ្ញាធរ​មិនទាន់​បង្ហើប​ឱ្យដឹង​អំពី​មូលហេតុ​ជាក់លាក់​នៅឡើយ។

    លោក Aziz Ahmad Rayan ដែលជា​អ្នកនាំពាក្យ​មួយរូប​របស់ ស្ថាប័ន​អប់រំ​នៃ ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ឱ្យដឹងថា ការបើកទ្វារ​សាលារៀន​ឡើងវិញ​នេះ មិនមែន​ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​អន្តរជាតិ​នោះទេ តែ​វា​គឺជា​ការទទួលខុសត្រូវ​របស់​អាជ្ញាធរ​តា​លី​បង់។

    ទោះជា​យ៉ាងណាក៏ដោយ ការបើកទ្វារ​សាលារៀន​ឡើងវិញ​នេះ នឹង​នៅតែ​ប្រឈមមុខ​នឹង​បញ្ហា​ជាច្រើន ក្នុងនោះ​មានដូចជា បញ្ហា​ប្រជាជន​មិនទាន់មាន​ទំនុកចិត្ត​ចំពោះ​អាជ្ញាធរ និង​កង្វះ​គ្រូបង្រៀន។ល។

    កាលពី​ខែកញ្ញា ២០២១ អង្គការ​អប់រំ វិទ្យាសាស្ត្រ និង​វប្បធម៌​របស់ អង្គការសហប្រជាជាតិ (UNESCO) បាន​ព្រមាន​ថា អា​ហ្វ​ហ្គា​នី​ស្ថាន កំពុង​ប្រឈមមុខ​នឹង​ហានិភ័យ​អន់ថយ​រហូតដល់​ជិត ២ ទសវត្សរ៍ នៅក្នុង​វិស័យ​អប់រំ​កុមារ ពិសេស​គឺ​កុមារី ក្នុង​ស្ថានការណ៍​ប្រទេស​នេះ​ធ្លាក់​ក្នុង​វិបត្តិ​មនុស្សធម៌​យ៉ាងធ្ងន់ធ្ងរ៕

  • កូវីដ-១៩! កម្ពុជា រកឃើញអ្នកឆ្លងថ្មី ជាង ៦០ នាក់ទៀត ក្នុង​ថ្ងៃទី ២២ មីនា

    កូវីដ-១៩! កម្ពុជា រកឃើញអ្នកឆ្លងថ្មី ជាង ៦០ នាក់ទៀត ក្នុង​ថ្ងៃទី ២២ មីនា

    ​អ្នកវិជ្ជមាន​ថ្មី​ទាំង​ ៦៤ នាក់ដែល​ទើប​ត្រូវ​បាន​រកឃើញនេះ គឺ​សុទ្ធ​តែ​ជា​​​​ករណីឆ្លង​ក្នុងសហគមន៍ និង​​​សុទ្ធ​តែ​ជា​ករណី​អូមីក្រុង​។

     

  • Pfizer ប្រមូល​ត្រលប់​មកវិញ​នូវ​ថ្នាំ​ព្យាបាល​ជំងឺលើសឈាម ព្រោះ​តែមាន​សារធាតុ​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព

    Pfizer ប្រមូល​ត្រលប់​មកវិញ​នូវ​ថ្នាំ​ព្យាបាល​ជំងឺលើសឈាម ព្រោះ​តែមាន​សារធាតុ​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព

    កាលពី​ថ្ងៃទី ២២ មីនា ក្រុមហ៊ុន​ផលិត​ឱសថ​អាម៉េរិក Pfizer ប្រកាសថា ពួកគេ​ប្រមូល​ថ្នាំ​ព្យាបាល​ជំងឺ​សម្ពាធ​ឈាម​ខ្ពស់ Accuretic និង​កំណែ​តម្លៃ​ទាប ២ ប្រភេទ​ទៀត​របស់​ថ្នាំ​នេះ បាន​មួយចំនួន​ហើយ។

    ការសម្រេច​ប្រមូល​មកវិញ​ខាងលើនេះ ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​អាជ្ញាធរ​គ្រប់គ្រង​ឱសថ បាន​រកឃើញថា ថ្នាំ​ទាំងនេះ​មាន​សារធាតុ nitrosamine ក្នុង​បរិមាណ​ខ្ពស់។ Nitrosamine គឺជា​សារធាតុ​ដែល​អាច​បង្ក​ឱ្យ​កើតមាន​ជំងឺមហារីក។ ក្រុមមន្ត្រី​បាន​ណែនាំ​ឱ្យ​អ្នក​ដែល​កំពុង​ប្រើប្រាស់​ថ្នាំ​សម្ពាធ​ឈាម Accuretic សម្រាប់​ទប់ស្កាត់​ហានិភ័យ​ដាច់​សរសៃឈាម​ខួរក្បាល និង​ឈឺបេះដូង គួរតែ​ស្វែងរក​ថ្នាំ​ប្រភេទ​ផ្សេង​មក​ជំនួស។

    ជាក់ស្ដែង ថ្នាំ Accuretic និង​កំណែ​ចំនួន ២ ផ្សេងទៀត​របស់​ប្រភេទ​ថ្នាំ​នេះ (quinapril HCI/hydrochlothiazide) ត្រូវបាន​រកឃើញថា មាន​សារធាតុ N-nitroso-quinapril ក្នុង​បរិមាណ​ច្រើនជាង​កម្រិត​ដែល​ត្រូវបាន​អនុញ្ញាត​ដោយ​ស្ថាប័ន​គ្រប់គ្រង​ឱសថ។ Pfizer ក៏បានផ្ដល់​ព័ត៌មាន​ដែល​អាច​កំណត់​បាន​នូវ​ឡូត៍​ថ្នាំ​ដែលមាន​ផ្ទុក​សារធាតុ​ខាងលើនេះ​ផងដែរ។

    Pfizer ដែលជា​ក្រុមហ៊ុន​ផលិត​ឱសថ​ខ្នាត​យក្ស មានតម្លៃ​រាប់ពាន់​លាន​ដុល្លារ​អាម៉េរិក និង​មាន​ទីស្នាក់ការ​កណ្ដាល​នៅ សហរដ្ឋ​អាម៉េរិក ក្នុង​រយៈពេល ២ ឆ្នាំ​កន្លងមកនេះ ត្រូវបាន​គេ​ស្គាល់​ថា​ជា​ក្រុមហ៊ុន​លំដាប់​កំពូល តាមរយៈ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១៩ ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ថ្មី mRNA៕

  • តម្លៃ​ប្រេងថយចុះ​បន្តិច​ ខណៈ​​មាស​​​ធ្លាក់​​ថ្លៃ​មក​នៅ​​ទាប​បំផុត​ក្នុង​អំឡុង​ជិត​ ១ សប្ដាហ៍

    តម្លៃ​ប្រេងថយចុះ​បន្តិច​ ខណៈ​​មាស​​​ធ្លាក់​​ថ្លៃ​មក​នៅ​​ទាប​បំផុត​ក្នុង​អំឡុង​ជិត​ ១ សប្ដាហ៍

    បញ្ចប់​ការជួញដូរនៅ​​ក្នុង​ថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២២ ប្រេង និង​មាស បាន​បន្ត​ធ្លាក់​ថ្លៃ​បន្តិច ធៀប​នឹង​មួយថ្ងៃ​មុន​នោះ។

    មូលហេតុ​ដែលនាំឱ្យ​ប្រេង និង​មាស​ធ្លាក់​ថ្លៃ គឺ​បណ្ដាលមកពី​ប្រទេស​មួយចំនួន​ដែលជា​សមាជិក​របស់ សហភាព​អឺរ៉ុប (EU) មិន​ព្រម​ចូលរួម​ជាមួយ សហរដ្ឋ​អាម៉េរិក ក្នុងការ​ដាក់ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​របស់ រុស្ស៊ី ដើម្បី​ប្រឆាំងនឹង​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន។

    ប្រេង​ធ្លាក់​ថ្លៃ​បន្តិច

    បញ្ចប់​ការជួញដូរ​កាលពី​ថ្ងៃទី ២២ មីនា ប្រេង​ឆៅ Brent ធ្លាក់​ថ្លៃ ១៤ សេន​ដុល្លារ​អាម៉េរិក ប្រហែល ០.២% ចុះមក​នៅត្រឹម ១១៥.៤៨ ដុល្លារ/ធុង​បារ៉ែល ខណៈដែល​តម្លៃ​ប្រេង​ឆៅ WTI ថយចុះ ៣៦ សេន​ដុល្លារ​អាម៉េរិក ប្រហែល ០.៣% ចុះមក​នៅត្រឹម ១១១.៧៦ ដុល្លារ/ធុង។ ក្នុង​ថ្ងៃ​ជួញដូរ​មុន​នោះ ប្រេង​ទាំងពីរ​ប្រភេទ​នេះ​បាន​ធ្លាក់​ថ្លៃ​ជាង ៧% ដូចគ្នា។

    ការដែល​រដ្ឋមន្ត្រីការបរទេស​នានា​របស់ EU ក្នុងនោះ​មាន ប្រទេស​អាល្លឺម៉ង់ និង ហុង​គ្រី ជាដើម ខ្វែងគំនិត​គ្នា​នៅក្នុង​បញ្ហា​ដាក់ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​របស់ រុស្ស៊ី ដើម្បី​ប្រឆាំងនឹង​ការឈ្លានពាន​របស់​ប្រទេស​នេះ​ទៅលើ អ៊ុយ​ក្រែ​ន ត្រូវបាន​គេ​មើលឃើញថា ជា​មូលហេតុ​ចម្បង​ដែលនាំឱ្យ​ប្រេង​ធ្លាក់​ថ្លៃ។

    តម្លៃ​មាស​ទាប​បំផុត​ក្នុងអំឡុង​ជិត ១ សប្ដាហ៍​មកនេះ

    មាស​ធ្លាក់​ថ្លៃ​ជាង ១% ចុះមក​នៅ​ទាប​បំផុត​ក្នុងអំឡុង​ជិត ១ សប្ដាហ៍​កន្លង ក្រោយពី​ប្រធាន​ធនាគារជាតិ​អាម៉េរិក Jerome Powell បាន​បង្ហើប​ដោយ​ប្រយោល​អំពី​ការបង្កើន​ការប្រាក់​ដ៏​ធំ​មួយ​ក្នុងឆ្នាំនេះ ដើម្បី​ទប់ទល់​នឹង​អតិផរណា​ដែល​កើនឡើង​ខ្ពស់ ធ្វើឱ្យ​ទិន្នផល​សញ្ញាប័ណ្ណ​របស់រ​ត​នាគារ​អាម៉េរិក កើនឡើង។

    មាស​ប្រគល់​ភ្លាម​នៅលើ​ផ្សារ LBMA ធ្លាក់​ថ្លៃ ០.៧% មក​នៅត្រឹម ១,៩២១.៥៨ ដុល្លារ/អោន (មាស ១ អោន (ounce) ប្រហាក់ប្រហែល​នឹង ៨.៣ ជី) ចំណែក​មាស​ប្រគល់​មាន​កាលកំណត់​ក្នុង​ខែមេសា ២០២២ នៅលើ​ផ្សារ​ហ៊ុន New York ថយចុះ ០.៤% មក​នៅត្រឹម ១,៩២១.៥០ ដុល្លារ/អោន។

  • ក្មេងស្រី​ដែល​ល្បីឈ្មោះ​​ពី​​ក្នុង​​បន្ទប់​​លាក់​ខ្លួន​​ក្រោម​​ដី​​នៅ​ អ៊ុយ​ក្រែ​ន​ បាន​​ឡើង​​​ឆាក​​​សម្ដែង​​​នៅ ប៉ូឡូញ

    ក្មេងស្រី​ដែល​ល្បីឈ្មោះ​​ពី​​ក្នុង​​បន្ទប់​​លាក់​ខ្លួន​​ក្រោម​​ដី​​នៅ​ អ៊ុយ​ក្រែ​ន​ បាន​​ឡើង​​​ឆាក​​​សម្ដែង​​​នៅ ប៉ូឡូញ

    Amellia Anisovych អាយុ ៧ ឆ្នាំ ធ្លាប់បាន​ធ្វើឱ្យ​មានការ​ចាប់អារម្មណ៍​ខ្លាំង​ដោយបាន​ច្រៀង​ចម្រៀង​បទ «Let it go» ក្នុង​បន្ទប់ក្រោមដី​ការពារ​គ្រាប់បែក​នៅ រដ្ឋធានី​កៀវ បាន​ឡើង​ឆាក​សម្ដែង​នៅ​ចំពោះមុខ​មនុស្ស​រាប់ពាន់​នាក់​នៅ ប្រទេស​ប៉ូឡូញ ជា​ទឹកដី​ដែល​គ្រួសារ​របស់​នាង​កំពុង​ជ្រកកោន។

    បន្ទាប់ពី​ជម្លៀស​ចេញពី ប្រទេស​អ៊ុយ​ក្រែ​ន កុមារី Amellia ក៏ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូលរួម​សម្ដែង​ក្នុង​ពិធី​ប្រគំ​តន្ត្រី​រៃអង្គាសប្រាក់​មួយ​នៅ​ទីក្រុង Lodz ភាគ​កណ្ដាល​នៃ ប្រទេស​ប៉ូឡូញ ជា​កន្លែង​រស់នៅ​ថ្មី​របស់​គ្រួសារ​នាង។

    Amellia ស្លៀកពាក់​តាមបែប​ប្រពៃណី បង្ហាញខ្លួន​នៅលើ​ឆាក​តន្ត្រី នៅ​ចំពោះមុខ​ទស្សនិកជន​រាប់ពាន់នាក់ និង​ច្រៀង​ចម្រៀង​ជាតិ​របស់ អ៊ុយ​ក្រែ​ន។ បន្ទាប់ពី Amellia ច្រៀង​ចប់ ទស្សនិកជន​គ្រប់រូប នាំគ្នា​ក្រោកឈរ ទះដៃ​លើកទឹកចិត្ត​ដល់​ក្មេងស្រី​រូបនេះ។

    ពិធី​ប្រគំ​តន្ត្រី​ដែល Amellia បាន​ចូលរួម​សម្ដែង ត្រូវបាន​ធ្វើឡើង​ក្នុង​បំណង​រៃអង្គាសប្រាក់​សម្រាប់​អង្គការ​មនុស្សធម៌​មួយ​នៅ ប៉ូឡូញ ដើម្បី​ជួយ​ដល់ ជនភៀសខ្លួន​អ៊ុយ​ក្រែ​ន ដែល​បាន​មកដល់​ព្រំដែន​របស់​ប្រទេស​នេះ។

    ព្រឹត្តិការណ៍​ខាងលើ រៃអង្គាសប្រាក់​បាន ៣៨០,០០០ ដុល្លារ​អាម៉េរិក ពី​ថ្លៃ​សំបុត្រ​ចំនួន​ប្រហែល ១០,០០០ សំបុត្រ ដែល​បាន​លក់​មុន​ការសម្ដែង។

    Amellia ធ្លាប់​ធ្វើឱ្យ​អ្នកលេង​បណ្ដាញ​សង្គម​ចាប់អារម្មណ៍​ខ្លាំង​កាលពីដើម​ខែមីនា ព្រោះតែ​ច្រៀង​ចម្រៀង​បទ Let it go ដែលជា​បទ​ចម្រៀង​ក្នុង​ភាពយន្ត​តុក្កតា​រឿង Frozen ពី​បន្ទប់​លាក់ខ្លួន​ក្រោម​ដី​មួយ​នៅ រដ្ឋធានី​កៀវ។ វីដេអូ​ដែល​បង្ហាញ​អំពី​ទិដ្ឋភាព Amellia ច្រៀង​ពី​ក្នុង​បន្ទប់ក្រោមដី បាន​ទាក់ទាញ​អ្នក​ចូល​មើល​រាប់លាន​លើក​ក្នុង​បណ្ដាញ​សង្គម នាំឱ្យ Amellia មានឈ្មោះ​ល្បី និង​ត្រូវ​បានដាក់​រហ័ស​នាម​ថា «ក្មេងស្រី Let it go»។

    Amellia Anisovych និង​ម្ដាយ ឪពុក​របស់​នាង គឺ Lilia និង Roman

    ចាប់តាំងពី រុស្ស៊ី បាន​ចូលលុកលុយ​ក្នុង ប្រទេស​អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃទី ២៤ កុម្ភៈ សង្គ្រាម​មិនទាន់មាន​សញ្ញា​ថមថយ​នៅឡើយ និង​ធ្វើឱ្យ​ប្រជាជន​អ៊ុយ​ក្រែ​ន នាំគ្នា​ភៀសខ្លួន​ទៅ​បរទេស។ ឧ​ត្ត​ម​ស្នងការ​នៃ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន (UNHCR) បានឱ្យដឹងថា ប្រជាជន​អ៊ុយ​ក្រែ​ន ជិត ៣.៦ លាន​នាក់ បាន​ភៀសខ្លួន​ចេញពី​ប្រទេស ចាប់តាំងពី​សង្គ្រាម​ផ្ទុះឡើង ក្នុងនោះ​មាន​ជាង ២ លាន​នាក់ បាន​ទៅដល់ ប្រទេស​ប៉ូឡូញ៕

  • រុស្ស៊ី លើក​លក្ខខណ្ឌ​ដែល​នឹង​អាច​ប្រើប្រាស់​អាវុធ​ប្រល័យ​លោក ទាក់​ទិន​នឹង​​​សង្គ្រាម​នៅ អ៊ុយក្រែន

    រុស្ស៊ី លើក​លក្ខខណ្ឌ​ដែល​នឹង​អាច​ប្រើប្រាស់​អាវុធ​ប្រល័យ​លោក ទាក់​ទិន​នឹង​​​សង្គ្រាម​នៅ អ៊ុយក្រែន

    វិមាន​ក្រឹម​ឡាំង ឱ្យដឹងថា រុស្ស៊ី នឹង​ប្រើប្រាស់​អាវុធ​នុយ​ក្លេ​អែរ ទាក់ទិន​នឹង​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន បើសិន​ប្រទេស​នេះ​ប្រឈមមុខ​នឹង «ការគំរាមកំហែង​ស្លា​ប់រស់»។

    «យើង​បានប្រកាស​អំពី​និយមន័យ​ស្ដីពី​សន្តិសុខ​ក្នុងស្រុក ក្នុងនោះ​ក៏មាន​ការកំណត់​អំពី​មូល​ហេតុដែល​នឹងត្រូវ​ប្រើប្រាស់​អាវុធ​នុយ​ក្លេ​អែរ» អ្នកនាំពាក្យ​របស់ វិមាន​ក្រឹម​ឡាំង Dmitry Peskov បាន​ប្រាប់ CNN កាលពី​ថ្ងៃទី ២២ មីនា។ «ដូច្នេះ បើសិន​មានការ​គំរាមកំហែង​ស្លា​ប់រស់ ចំពោះ​ប្រទេស​របស់​យើង នោះ​អាវុធ​នុយ​ក្លេ​អែរ អាច​ត្រូវបាន​ប្រើប្រាស់​ទៅតាម​និយមន័យ​នោះ»។

    ប្រកាស​របស់ Peskov ត្រូវ​បានលើកឡើង​បន្ទាប់ពី​អ្នកយកព័ត៌មាន​សួរ​ជា​បន្តបន្ទាប់​ថា «តើ​លោក​ជឿថា» ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន នឹងមិន​ប្រើប្រាស់​អាវុធ​នុយ​ក្លេ​អែរ ទាក់ទង​នឹង​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន។ ប៉ុន្តែ Peskov មិនបាន​និយាយ​ច្បាប់​អំពី «ការគំរាមកំហែង​ស្លា​ប់រស់» ចំពោះ រុស្ស៊ី ក្នុង​កាលៈទេសៈ​នេះ​គឺជា​អ្វី។

    កាលពី​ថ្ងៃទី ២៨ កុម្ភៈ ប្រធានាធិបតី​រុស្ស៊ី បានប្រកាស​ដាក់​កម្លាំង​នុយ​ក្លេ​អែរ​យុទ្ធសាស្ត្រ ក្នុង​ស្ថានការណ៍​អាសន្ន​កម្រិត​ខ្ពស់ ធ្វើឱ្យមាន​ការបារម្ភ​អំពី​ការផ្ទុះ​សង្គ្រាម​នុយ​ក្លេ​អែរ។

    អ្នក​នាំពាក្យ​របស់​រដ្ឋាភិបាល​រុស្ស៊ី លោក Dmitry Peskov

    អ្នកនាំពាក្យ​របស់ សេត​វិមាន John Kirby បាន​អះអាងថា វិធី​បកស្រាយ​របស់ ទីក្រុង​មូ​ស្គូ អំពី​លទ្ធភាព​នៃ​ការប្រើប្រាស់​អាវុធ​នុយ​ក្លេ​អែរ គឺជា «រឿង​គ្រោះថ្នាក់»។

    រុស្ស៊ី មាន​ក្បាល​គ្រាប់​នុយ​ក្លេ​អែរ ច្រើនជាងគេបង្អស់​ក្នុង​ពិភពលោក ប្រហែល​ជាង ៤,៤០០ គ្រាប់ និង កាំជ្រួច​ផ្លោង​អន្តរទ្វីប (ICBM) យ៉ាងច្រើន​ផងដែរ។

    សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន ហាក់​មិនមាន​សញ្ញា​ថមថយ ក្រោយពី រុស្ស៊ី បាន​បើក​យុទ្ធនាការ​យោធា​កាលពី​ថ្ងៃទី ២៤ កុម្ភៈ។ រុស្ស៊ី បាន​គ្រប់គ្រង​ទីក្រុង Kherson នៅ​ភាគខាងត្បូង ឡោមព័ទ្ធ​ទីក្រុងសំខាន់ៗមួយចំនួន និង​កំពុង​សម្រុកចូល​ទីក្រុង Mariupol របស់ អ៊ុយ​ក្រែ​ន នា​ថ្ងៃនេះ។

  • អូស្ត្រាលី ប្រកាស​បង្កើត «​បញ្ជាការ​ដ្ឋា​ន​កងទ័ព​អវកាស»

    អូស្ត្រាលី ប្រកាស​បង្កើត «​បញ្ជាការ​ដ្ឋា​ន​កងទ័ព​អវកាស»

    រដ្ឋាភិបាល​អូស្ត្រាលី ប្រកាស​បង្កើត​បញ្ជាការ​ដ្ឋា​ន​កងទ័ព​អវកាស ដែលមាន​ភារកិច្ច​ធានា​ឋានៈ​របស់​ប្រទេស​នេះ នៅក្នុង​បរិស្ថាន​អវកាស ដែល​នឹង​ប្រកបដោយ «ភាពចម្រូងចម្រាស»។

    «អវកាស​កំពុង​ប្រែ​ទៅជា​មមាញឹក​ជាង​មុន និង​បាន​កើតមាន​ជម្លោះ ពិសេស​គឺ​នៅពេល​ព្រំដែន​រវាង​ការប្រកួតប្រជែង និង​ជម្លោះ កាន់​តែមាន​ភាពស្រពេចស្រពិល តាមរយៈ​សកម្មភាព​តំបន់​ប្រផេះ» រដ្ឋមន្ត្រី​ការពារជាតិ​អូស្ត្រាលី Peter Dutton ថ្លែង​នៅក្នុងពេល​បង្ហាញ​បញ្ជាការដ្ឋាន​កងទ័ព​អវកាស នា​ថ្ងៃនេះ។

    លោក Dutton អះអាងថា អវកាស​ប្រាកដជា​នឹង​ក្លាយជា​វិស័យ​ដែល​ប្រកបដោយ​អត្ថន័យ​យោធា​ធំធេង​នៅក្នុង​សតវត្សរ៍​នេះ។ ក្រសួងការពារជាតិ​អូស្ត្រាលី ឱ្យដឹងថា បញ្ជាការដ្ឋាន​កងទ័ព​អវកាស​អូស្ត្រាលី នឹងមាន​ទ្រង់ទ្រាយ​តូច​នៅ​គ្រា​ដំបូង ប៉ុន្តែ​មិនទាន់​បញ្ជាក់​លម្អិត​អំពី​អង្គភាព ឬ​ថវិកា​សម្រាប់​ស្ថាប័ន​នេះ​នៅឡើយ។

    រដ្ឋមន្ត្រី​ការពារជាតិ​អូស្ត្រាលី Peter Dutton

    បញ្ជាការដ្ឋាន​កងទ័ព​អវកាស​អូស្ត្រាលី នឹង​ត្រូវបាន​ដឹកនាំ​ដោយ Cath Roberts ដែលជា​មេបញ្ជាការរង​កងទ័ព​អាកាស​របស់​ប្រទេស​នេះ។ បុគ្គលិក​របស់​ស្ថាប័ន​ថ្មី​នេះ​នឹងត្រូវ​បានជ្រើសរើស​ចេញពី​កងទ័ពជើងគោក ជើង​ទឹក និង​ជើង​អាកាស​របស់ អូស្ត្រាលី ក៏ដូចជា​មកពី​បណ្ដា​ក្រុមហ៊ុន​វិនិយោគឯកជន។

    បញ្ជាការដ្ឋាន​កងទ័ព​អវកាស​អូស្ត្រាលី នឹង​អាច​សហការ​ជាមួយ អាម៉េរិក នៅ​ទី​អវកាស។ សហរដ្ឋ​អាម៉េរិក ក្នុងសម័យ​លោក Donald Trump កាលពី​ឆ្នាំ ២០១៩ ក៏បាន​បង្កើត បញ្ជាការដ្ឋាន​កងទ័ព​អវកាស​ របស់​ខ្លួន ដែល​ទទួល​ភារកិច្ច​ក្នុង​បេសកកម្ម​ប្រយុទ្ធ​នៅ​ទី​អវកាស៕