ស្ថាបនិក​របស់​ទំព័រ WikiLeaks ដែល​បាន​បក​អាក្រាត​រដ្ឋាភិបាល​អាម៉េរិក រៀបការ​ក្នុង​ពន្ធនាគារ

Julian Assange ដែលជា​ស្ថាបនិក​របស់​ទំព័រ WikiLeaks ដែល​បាន​បញ្ចេញ​ឯកសារ​សម្ងាត់​រាប់សែន​ច្បាប់​របស់​រដ្ឋាភិបាល​អាម៉េរិក ថ្ងៃនេះ រៀបការ​ជាមួយ Stella Moris នៅក្នុង​ពន្ធនាគារ Belmarsh ភាគ​អាគ្នេយ៍​របស់ ក្រុង​ឡុង​ដ៍ ចក្រភព​អង់គ្លេស។

«យើង​សប្បាយរីករាយ​ណាស់ បើ​ទោះ​ស្ថានភាព​ចង្អៀតចង្អល់​ខ្លាំង» កូនក្រមុំ Moris និយាយ​ដូច្នេះ និង​បន្តថា «ភ្ញៀវកិត្តិយស​ដែល​ត្រូវបាន​អញ្ជើញ និង​គ្រប់គ្នា​ដែល​បានឃើញ ត្រូវ​ចាកចេញភ្លាមៗ ក្រោយពី​ពិធី​រៀបការ​បានបញ្ចប់»។

ភ្ញៀវ​តែ ៤ នាក់​ប៉ុណ្ណោះ ដែល​ត្រូវបាន​អនុញ្ញាតឱ្យ​ចូលរួម​ពិធី​រៀបការ​នេះ។ ក្រៅពីនេះ មន្ត្រី ២ រូប និង​ឆ្មាំ​ពន្ធនាគារ ២ រូប ក៏​នឹងមាន​វត្តមាន​នៅក្នុង​ពិធី​នេះ។

នាង Moris រៀបរាប់ថា Assange ទន្ទឹងរង់ចាំ​ពិធី​រៀបការ​នេះ​ណាស់ ក្រោយ​រយៈពេល​ជាច្រើន​ខែ​ដែល​ពួកគេ​បានស្នើ​សុំ​រៀបការ​ក្នុង​ពន្ធនាគារ។

Moris បាន​ជួប Assange កាលពី​ឆ្នាំ ២០១១ ដែល​កាលណោះ​នាង​មាន​វ័យ ២៨ ឆ្នាំ និង​កំពុង​ធ្វើជា​មេធាវី ចំណែក Assange មាន​អាយុ ៤០ ឆ្នាំ កំពុង​ជ្រកកោន​ក្នុង​ស្ថានទូត អេក្វាទ័រ នៅ ទីក្រុង​ឡុង​ដ៍។ ពួកគេ​មានកូន​ប្រុស ២ នាក់ ដែល​សុទ្ធ​តែមាន​សញ្ជាតិ​អង់គ្លេស។

លោក Julian Assange ស្ថាបនិករបស់ទំព័រ WikiLeaks

ក្រុម​អ្នកគាំទ្រ​របស់ Assange គ្រោង​នឹង​ប្រារព្ធ​ពិធី​ជួបជុំគ្នា​មួយ​នៅ​ខាងក្រៅ​ពន្ធនាគារ​នៅក្នុង​ថ្ងៃនេះ ដើម្បី​អប់អរ​មង្គលការ។

WikiLeaks កាលពី​ឆ្នាំ ២០១០ បាន​បង្ក​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​នៅ​ទូទាំង​សកលលោក នៅពេល​ប្រកាស​បង្ហាញ​ឯកសារ​សម្ងាត់​រាប់ពាន់​ច្បាប់​របស់ សេត​វិមាន ដែល​និយាយ​អំពី​សកម្មភាព​យោធា​របស់ អាម៉េរិក នៅ អ៊ីរ៉ាក់ និង អា​ហ្វ​ហ្គា​នី​ស្ថាន។ ឆ្នាំ​ដដែល WikiLeaks ក៏បាន​បញ្ចេញ​ឯកសារ​ជាង ២៥០,០០០ ច្បាប់ របស់ ក្រសួងការបរទេស​អា​ម៉េ​រិ​ក ដែលមាន​ផ្ទុក​នូវ​ការវាយតម្លៃ​ដ៏​សំខាន់​ចំពោះ​បណ្ដា​រដ្ឋាភិបាល និង​នយោបាយ​របស់​ប្រទេស​ដទៃ។

ក្រុមមន្ត្រី​អាម៉េរិក និង​លោកខាងលិច ចាត់ទុក Assange ថា​ជា «សត្រូវ​ដ៏​គ្រោះថ្នាក់​សម្រាប់​ប្រទេសជាតិ» ដោយ​យល់ថា សកម្មភាព​របស់ Assange បាន​គំរាមកំហែង​ដល់​អាយុជីវិត​របស់​មន្ត្រី​ស៊ើបការណ៍​សម្ងាត់​ទាំងឡាយ​ដែលមាន​ឈ្មោះ​នៅក្នុង​ឯកសារ​បែកធ្លាយ​នោះ។

ប៉ុន្តែ ក្រុម​អ្នកគាំទ្រ​របស់ Assange បាន​ចាត់ទុកថា ស្ថាបនិក​របស់ WikiLeaks គឺជា​ជនរងគ្រោះ​របស់ អាម៉េរិក ដែល​បាន​បកអាក្រាត​នូវ​សកម្មភាព​ខុសឆ្គង​រប​ស់​រដ្ឋាភិបាល​ប្រទេស​នេះ​ក្នុង​សង្គ្រាម​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន និង អ៊ីរ៉ាក់។

អ្នកស្រី Stella Moris និង​កូនៗ

Assange អាយុ ៥១ ឆ្នាំ បាន​ជ្រកកោន​ក្នុង​ស្ថានទូត អា​ក្វា​ទ័​រ នៅ ក្រុង​ឡុង​ដ៍ អស់​រយៈពេល ៥ ឆ្នាំ មុននឹង​ត្រូវបាន អាជ្ញាធរ​អង់គ្លេស ចាប់ខ្លួន​កាលពី​ឆ្នាំ ២០១៩ ដោយមាន​ការយល់ព្រម​ពី​មន្ត្រី​របស់ ប្រទេស​អេក្វាទ័រ និង​ឃុំខ្លួន​នៅ​ពន្ធនាគារ Belmarsh ក្នុង​រយៈពេល ១២ ខែ។ គាត់​ត្រូវបាន​គេ​ឃុំខ្លួន​បន្ត​នៅទីនេះ បន្ទាប់ពី​មាន​អន្តរាគមន៍​ពី សហរដ្ឋ​អាម៉េរិក។

កាលពី​ខែធ្នូ ២០២១ តុលាការ​កំពូល​អង់គ្លេស បានអនុញ្ញាត​ឱ្យធ្វើ​បត្យាប័ន នាំខ្លួន Assange ទៅ​កាត់ទោស​នៅ សហរដ្ឋ​អាម៉េរិក ព្រោះ​រំលោភច្បាប់​ប្រឆាំង​ចារកម្ម និង​វាយប្រហារ​លើ​ប្រព័ន្ធ​កុំព្យូទ័រ​របស់​រដ្ឋាភិបាល។ Moris ប្រកាសថា នឹង​ជំទាស់​ការសម្រេច​នេះ​នាពេល​ដ៏​ខ្លី​ខាងមុខ៕

Advertisement