រកឃើញ​ប្រអប់​ខ្មៅ​របស់​យន្តហោះ​ចិន ដែល​បាន​ធ្លាក់​កាលពី​ថ្ងៃ​ចន្ទ

ល្ងាច​ថ្ងៃទី ២៣ មីនា (ម៉ោង​នៅ ប៉េកាំង) សារព័ត៌មាន​ចិន បាន​ផ្សាយ​ថា កម្លាំង​សមត្ថកិច្ច​បាន​រកឃើញ​ប្រអប់​ខ្មៅ​របស់​យន្តហោះ Boeing ៧៣៧-៨០០ ដែល​បាន​ជួប​គ្រោះថ្នាក់ ធ្លាក់​នៅក្នុង​ខេត្ត Guangxi កាលពី​ថ្ងៃទី ២១ មីនា។

ទីភ្នាក់ងារសារព័ត៌មាន People’s Daily របស់ ចិន ចុះផ្សាយ​ថា ទើបតែ​បាន​រកឃើញ​ប្រអប់​ខ្មៅ​មួយ​ក្នុងចំណោម​ប្រអប់​ខ្មៅ​របស់​យន្តហោះ Boeing ៧៣៧-៨០០ របស់​ក្រុមហ៊ុន​អាកាសចរណ៍ China Eastern Airlines។

ការរកឃើញ​នេះ​នឹង​ជួយ​ឱ្យ​ក្រុម​អ្នកជំនាញ​ស្រាវជ្រាវ​ដឹង​អំពី​ហេតុការណ៍​នានា មុនពេល​យន្តហោះ​ធ្លាក់​ដល់​ខ្នងភ្នំ​មួយ​របស់​ទីក្រុង Wuzhou នៃ​តំបន់​ស្វយ័ត​ជនជាតិ Zhuang នៅ​ខេត្ត Guangxi ភាគខាងត្បូង​ប្រទេស​ចិន។

ក្នុងថ្ងៃនេះ បេសកកម្ម​ស្វែងរក​ប្រអប់​ខ្មៅ និង​សង្គ្រោះ​ជនរងគ្រោះ​ត្រូវបាន​ផ្អាក ដោយសារ​មេឃ​ភ្លៀង​ខ្លាំង ខណៈដែល​រណ្ដៅ​ដ៏​ជ្រៅ​ដែល​កើតឡើង​ដោយសារ​យន្តហោះ​ធ្លាក់​បុក ក៏ត្រូវ​លិច​ក្នុង​ទឹក។

បច្ចុប្បន្ន អាជ្ញាធរ​មិនទាន់​កំណត់​បាន​នូវ​មូល​ហេតុដែល​នាំឱ្យមាន​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​នេះ​នៅឡើយ ដោយសារ​ប្រអប់​ខ្មៅ​នានា​របស់​យន្តហោះ​នេះ​កំពុង​ត្រូវបាន​ស្វែងរក ចំណែក​ប្រអប់​ខ្មៅ​ដែល​ទើប​រកឃើញ ត្រូវការ​ពេល​ដើម្បី​ដំណើរការ​ស្រង់​ទិន្នន័យ៕

Advertisement