ក្មេងស្រី​ដែល​ល្បីឈ្មោះ​​ពី​​ក្នុង​​បន្ទប់​​លាក់​ខ្លួន​​ក្រោម​​ដី​​នៅ​ អ៊ុយ​ក្រែ​ន​ បាន​​ឡើង​​​ឆាក​​​សម្ដែង​​​នៅ ប៉ូឡូញ

Amellia Anisovych អាយុ ៧ ឆ្នាំ ធ្លាប់បាន​ធ្វើឱ្យ​មានការ​ចាប់អារម្មណ៍​ខ្លាំង​ដោយបាន​ច្រៀង​ចម្រៀង​បទ «Let it go» ក្នុង​បន្ទប់ក្រោមដី​ការពារ​គ្រាប់បែក​នៅ រដ្ឋធានី​កៀវ បាន​ឡើង​ឆាក​សម្ដែង​នៅ​ចំពោះមុខ​មនុស្ស​រាប់ពាន់​នាក់​នៅ ប្រទេស​ប៉ូឡូញ ជា​ទឹកដី​ដែល​គ្រួសារ​របស់​នាង​កំពុង​ជ្រកកោន។

បន្ទាប់ពី​ជម្លៀស​ចេញពី ប្រទេស​អ៊ុយ​ក្រែ​ន កុមារី Amellia ក៏ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូលរួម​សម្ដែង​ក្នុង​ពិធី​ប្រគំ​តន្ត្រី​រៃអង្គាសប្រាក់​មួយ​នៅ​ទីក្រុង Lodz ភាគ​កណ្ដាល​នៃ ប្រទេស​ប៉ូឡូញ ជា​កន្លែង​រស់នៅ​ថ្មី​របស់​គ្រួសារ​នាង។

Amellia ស្លៀកពាក់​តាមបែប​ប្រពៃណី បង្ហាញខ្លួន​នៅលើ​ឆាក​តន្ត្រី នៅ​ចំពោះមុខ​ទស្សនិកជន​រាប់ពាន់នាក់ និង​ច្រៀង​ចម្រៀង​ជាតិ​របស់ អ៊ុយ​ក្រែ​ន។ បន្ទាប់ពី Amellia ច្រៀង​ចប់ ទស្សនិកជន​គ្រប់រូប នាំគ្នា​ក្រោកឈរ ទះដៃ​លើកទឹកចិត្ត​ដល់​ក្មេងស្រី​រូបនេះ។

ពិធី​ប្រគំ​តន្ត្រី​ដែល Amellia បាន​ចូលរួម​សម្ដែង ត្រូវបាន​ធ្វើឡើង​ក្នុង​បំណង​រៃអង្គាសប្រាក់​សម្រាប់​អង្គការ​មនុស្សធម៌​មួយ​នៅ ប៉ូឡូញ ដើម្បី​ជួយ​ដល់ ជនភៀសខ្លួន​អ៊ុយ​ក្រែ​ន ដែល​បាន​មកដល់​ព្រំដែន​របស់​ប្រទេស​នេះ។

ព្រឹត្តិការណ៍​ខាងលើ រៃអង្គាសប្រាក់​បាន ៣៨០,០០០ ដុល្លារ​អាម៉េរិក ពី​ថ្លៃ​សំបុត្រ​ចំនួន​ប្រហែល ១០,០០០ សំបុត្រ ដែល​បាន​លក់​មុន​ការសម្ដែង។

Amellia ធ្លាប់​ធ្វើឱ្យ​អ្នកលេង​បណ្ដាញ​សង្គម​ចាប់អារម្មណ៍​ខ្លាំង​កាលពីដើម​ខែមីនា ព្រោះតែ​ច្រៀង​ចម្រៀង​បទ Let it go ដែលជា​បទ​ចម្រៀង​ក្នុង​ភាពយន្ត​តុក្កតា​រឿង Frozen ពី​បន្ទប់​លាក់ខ្លួន​ក្រោម​ដី​មួយ​នៅ រដ្ឋធានី​កៀវ។ វីដេអូ​ដែល​បង្ហាញ​អំពី​ទិដ្ឋភាព Amellia ច្រៀង​ពី​ក្នុង​បន្ទប់ក្រោមដី បាន​ទាក់ទាញ​អ្នក​ចូល​មើល​រាប់លាន​លើក​ក្នុង​បណ្ដាញ​សង្គម នាំឱ្យ Amellia មានឈ្មោះ​ល្បី និង​ត្រូវ​បានដាក់​រហ័ស​នាម​ថា «ក្មេងស្រី Let it go»។

Amellia Anisovych និង​ម្ដាយ ឪពុក​របស់​នាង គឺ Lilia និង Roman

ចាប់តាំងពី រុស្ស៊ី បាន​ចូលលុកលុយ​ក្នុង ប្រទេស​អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃទី ២៤ កុម្ភៈ សង្គ្រាម​មិនទាន់មាន​សញ្ញា​ថមថយ​នៅឡើយ និង​ធ្វើឱ្យ​ប្រជាជន​អ៊ុយ​ក្រែ​ន នាំគ្នា​ភៀសខ្លួន​ទៅ​បរទេស។ ឧ​ត្ត​ម​ស្នងការ​នៃ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន (UNHCR) បានឱ្យដឹងថា ប្រជាជន​អ៊ុយ​ក្រែ​ន ជិត ៣.៦ លាន​នាក់ បាន​ភៀសខ្លួន​ចេញពី​ប្រទេស ចាប់តាំងពី​សង្គ្រាម​ផ្ទុះឡើង ក្នុងនោះ​មាន​ជាង ២ លាន​នាក់ បាន​ទៅដល់ ប្រទេស​ប៉ូឡូញ៕

Advertisement