Author: សឿន សំណាង

  • យានអវកាស Voyager របស់ ណា​សា បញ្ជូន​ទិន្នន័យ​ចម្លែក​ពី​ខាងក្រៅ​ប្រព័ន្ធ​ព្រះអាទិត្យ

    យានអវកាស Voyager របស់ ណា​សា បញ្ជូន​ទិន្នន័យ​ចម្លែក​ពី​ខាងក្រៅ​ប្រព័ន្ធ​ព្រះអាទិត្យ

    ដោយសារ​ប្រព័ន្ធ​បញ្ជា​មួយ​ដែល​មិន​ស៊ីចង្វាក់​ជាមួយនឹង​ចលនា យានអវកាស ឬ​ផ្កាយរណប Voyager ១ បាន​បញ្ជូន​ទិន្នន័យ​ចម្លែក​មកកាន់​ផែនដី​ជា​បន្តបន្ទាប់ ធ្វើឱ្យ ណា​សា ព្រួយបារម្ភ បន្ទាប់ពី​បំពេញបេសកកម្ម​អស់​រយៈពេល ៤៥ ឆ្នាំ​នៅក្នុង​ទី​អវកាស។

    យាន Voyager ១ របស់ ណា​សា ដែល​ត្រូវបាន​បាញ់​បង្ហោះ​កាលពី​ឆ្នាំ ១៩៧៧ បាន​ហោះ​ចូលដល់​តំបន់​អន្តរ​តារា​កាលពី​ឆ្នាំ ២០១២ ហើយ​កំពុងតែបន្ត​គោចរ​ក្នុង​ទី​អវកាស។ បច្ចុប្បន្ន យាន​នេះ​កំពុងស្ថិត​នៅក្នុង​តំបន់​ដែលមាន​ចម្ងាយ​ពី​ផែនដី​ប្រហែល ២៣.៣ ពាន់​លាន​គីឡូម៉ែត្រ។ បើទោះជា Voyager ១ នៅ​ដំណើរ​ការល្អ ប៉ុន្តែ ថ្មីៗនេះ​ក្រុម​អ្នកវិទ្យាសាស្ត្រ​ទទួលខុសត្រូវ​ក្នុង​បេសកកម្ម​យល់ថា យាន​នេះ​ជួប​បញ្ហា​ច្របូក​ច្រ​ល់​ទាក់ទង​នឹង​ទីតាំង ឬ​ទិស​នៅក្នុង​ទី​អវកាស ដោយ​មិនបាន​ងាក​មកកាន់​មុខងារ​សុវត្ថិភាព ឬ​ផ្ញើ​សញ្ញា​ប្រកាសអាសន្ន។

    «រឿង​ចម្លែក​ប្រភេទ​នោះ​នឹង​កើតឡើង​នៅក្នុង​ដំណាក់កាល​នេះ​នៃ​បេសកកម្ម» Suzanne Dodd អ្នកគ្រប់គ្រង​គម្រោង Voyager ១ និង Voyager ២ នៅ​បន្ទប់ពិសោធន៍​កម្លាំង​រុញច្រាន​រហ័ស (JPL) របស់ ណា​សា នៅ California ឱ្យដឹង​ដូច្នេះ។ «យាន​ទាំងពីរ​សុទ្ធ​តែមាន​អាយុ​ជិត ៤៥ ឆ្នាំ លើសពី​ការគ្រោងទុក​របស់​ក្រុម​អ្នកចាត់ចែង​បេសកកម្ម។ យាន​កំពុង​ស្ថិតក្នុង​លម្ហ​អវកាស​អន្តរ​តារា បរិស្ថាន​មាន​វិទ្យុសកម្ម​ខ្ពស់​ដែល​មិនទាន់មាន​យាន​ផ្សេង​ណាមួយ​ធ្លាប់​ហោះ​ឆ្លងកាត់»។

    ទំនងជា​ប្រព័ន្ធ​បញ្ជា និង​តំណ​ភ្ជាប់​ជាមួយ​ផែនដី (AACS) របស់ Voyager ១ ជួប​បញ្ហា។ ប្រព័ន្ធ AACS ជួយ​ឱ្យ​យានអវកាស និង​អង់​តែ​ន​រប​ស់វា វិល​ត្រូវ​ទិស។ AACS ក៏​ទំនងជា​នៅ​ដំណើរការ ដោយសារតែ​វា​នៅ​ទទួលបញ្ជា អនុវត្ត និង​បញ្ជូន​ទិន្នន័យ​មកកាន់​ផែនដី​ដោយ​រលកសញ្ញា​ខ្លាំង​ដូច​ធម្មតា។ ប៉ុន្តែ AACS មិន​ស៊ីចង្វាក់​គ្នា​ជាមួយនឹង​ចលនា​របស់​យាន ហើយក៏​ផ្ញើ​ទិន្នន័យ​សំរាម​ស្ដីពី​ការវាស់វែង​ពី​ចម្ងាយ។

    យោងតាម ណា​សា ក្រុម​អ្នកវិទ្យាសាស្ត្រ​នឹង​បន្ត​ស្វែងយល់ ក៏ដូចជា​ដោះស្រាយ​បញ្ហា​ដែល​បានកើត​ឡើង​នេះ។ ប៉ុន្តែ វា​នឹង​ស៊ីពេល​យូរ ដោយសារ​ថា រលកសញ្ញា​ពី​ផែនដី នឹងត្រូវ​ចំណាយពេល​ជាង ២០ ម៉ោង​កន្លះ ដើម្បី​ទៅដល់ Voyager ១ ហើយ​គេ​ក៏ត្រូវ​រង់ចាំ​ការឆ្លើយតប​ពី​យាន​នេះ​ក្នុង​រយៈពេល​ដូចគ្នានេះដែរ។

    យាន Voyager ២ ដែល​ត្រូវបាន​បាញ់​បង្ហោះ​កាលពី​ឆ្នាំ ១៩៧៧ ដែរនោះ គ៏​កំពុងដំណើរការ​ធម្មតា ប៉ុន្តែ អគ្គិសនី​ដែល​យាន​នេះ​អាចបង្កើត​បាន ចេះតែ​បន្ត​ខ្សោយទៅៗ ដូច្នេះ ក្រុម​អ្នកទទួលខុសត្រូវ​គម្រោង​ក៏ត្រូវ​បិទ​ឧបករណ៍​មួយចំនួន​ដើម្បី​សន្សំសំច័យ​ថាមពល។ ពួកគេ​សង្ឃឹមថា យាន​ទាំងពីរ​នេះ​នឹង​អាច​ដំណើរការ​រហូតដល់​ឆ្នាំ ២០២៥៕

  • ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា សម្រាប់​ថ្ងៃទី ២៤ ខែ​ឧសភា ២០២២

    ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា សម្រាប់​ថ្ងៃទី ២៤ ខែ​ឧសភា ២០២២

    ក្នុង​អំឡុង​ ២៤ ម៉ោង​ នៃ​ថ្ងៃទី ២៣ ខែ​ឧសភា ២០២២ កម្ពុជា មិន​​មាន​​​ករណី​​​ជា​សះស្បើយថ្មី​​ ​​អ្នក​វិជ្ជមានថ្មី និង​​អ្នក​ស្លាប់ថ្មី​​ ដោយ​សារ​​​កូវីដ-១៩ ​នោះ​ទេ។​

  • អ៊ុយ​ក្រែ​ន ដាក់​បម្រាម​គោចរ​នៅ​ព្រំដែន​ជាប់​ជាមួយ បេឡា​រុស

    អ៊ុយ​ក្រែ​ន ដាក់​បម្រាម​គោចរ​នៅ​ព្រំដែន​ជាប់​ជាមួយ បេឡា​រុស

    អាជ្ញាធរ​អ៊ុយ​ក្រែ​ន ចាប់ផ្ដើម​រឹតបន្តឹង​ការគ្រប់គ្រង ហាម​ប្រជាជន​ស៊ីវិល​ចូលទៅ​កាន់​តំបន់​ព្រំដែន​ជាប់​នឹង បេឡា​រុស ក្នុង​គ្រា​ដែល​ភាព​តានតឹង​រវាង​ប្រទេស​ទាំងពីរ​កំពុង​កើនឡើង​ខ្ពស់។

    «នៅក្នុង​តំបន់​ព្រំដែន​នៅ Kiev, Zhitomir និង Rovno ការ​រឹតបន្តឹង​កំពុង​ត្រូវបាន​អនុវត្ត។ ជន​ស៊ីវិល​ត្រូវបាន​ហាម​ផ្លាស់​ទី​ក្នុង​រង្វង់ ១ គីឡូម៉ែត្រ តាម​បណ្ដោយ​បន្ទាត់​ព្រំដែន លើកលែងតែ​ប្រជាជន​នៅ​មូលដ្ឋាន» ក្រុមមន្ត្រី​តំបន់ Rovno ភាគ​ខាងជើង​អ៊ុយ​ក្រែ​ន ប្រកាស​លើ Facebook កាលពី​ថ្ងៃទី ២៣ ឧសភា។

    អាជ្ញាធរ​ក្នុង​តំបន់​ក៏បាន​អនុវត្ត​បម្រាម​គោចរ ដោយ​ហាម​មនុស្ស និង​មធ្យោបាយ​ធ្វើដំណើរ​ផ្លាស់​ទី​ខាងក្រៅ​តំបន់​របស់​ប្រជាជន​នៅ​មូលដ្ឋាន ចាប់ពី​ម៉ោង ២២ យប់ ដល់​ម៉ោង ៥ ទៀបភ្លឺ។ ពលរដ្ឋ​ក្នុង​តំបន់​ក៏ត្រូវ​បាន​ហាម​ប្រើប្រាស់​កាមេរ៉ា ក៏ដូចជា​ការ​ស្លៀក​ឈុត​ទាហាន ការដើរ​បរបាញ់​សត្វព្រៃ និង​ការនេសាទ​ត្រី​ជាដើម។

    ក្រុមមន្ត្រី​អ៊ុយ​ក្រែ​ន បញ្ជាក់ថា បម្រាម​គោចរ​ខាងលើនេះ​នឹងមាន​សុពលភាព​រហូតដល់​ពេល អ៊ុយ​ក្រែ​ន បញ្ចប់​បទបញ្ជា​ប្រើ​ច្បាប់អាជ្ញាសឹក។

  • ប៉ូឡូញ ប្រកាស​បញ្ចប់​កិច្ចព្រម​ព្រៀង​​ទិញ​ឧស្ម័ន​ពី រុស្ស៊ី

    ប៉ូឡូញ ប្រកាស​បញ្ចប់​កិច្ចព្រម​ព្រៀង​​ទិញ​ឧស្ម័ន​ពី រុស្ស៊ី

    ប្រទេស​ប៉ូឡូញ ប្រកាស​បញ្ចប់​កិច្ចព្រមព្រៀង​នាំចូល​ឧស្ម័ន​របស់ រុស្ស៊ី បើទោះជា​កិច្ចសន្យា​នេះ​មាន​សុពលភាព​រហូតដល់​ចុងឆ្នាំ ២០២២។

    រដ្ឋមន្ត្រីក្រសួង​អាកាសធាតុ​ប៉ូឡូញ Anna Moskwa កាលពី​ថ្ងៃទី ២៣ ឧសភា បានប្រកាសថា ប្រទេស​នេះ​បញ្ចប់​កិច្ចសន្យា​ទិញ​ឧស្ម័ន​របស់ រុស្ស៊ី តាមរយៈ​បំពង់​បង្ហូរ Yamal ក្រោយពី ទីក្រុង​វ៉ា​សូវី (Warsaw) បាន​បដិសេធ​សំណើ​ទូទាត់​ដោយ​ប្រាក់​រូ​ប្ល​រុស្ស៊ី ចំណែក មូ​ស្គូ ក៏បាន​កាត់​ប្រភព​ផ្គត់ផ្គង់​កាលពី​ខែមេសា។

    ក្រុមហ៊ុន​ឧស្ម័ន PGNiG របស់ ប៉ូឡូញ កាលពី​ឆ្នាំ ២០១៩ ធ្លាប់បាន​ប្រកាសថា មិន​បន្ត​កិច្ចសន្យា​ដែលមាន​សុពលភាព​រហូតដល់​ចុងឆ្នាំ ២០២២ ជាមួយនឹង​ក្រុមហ៊ុននាំចេញ​ឧស្ម័ន Gazprom របស់ រុស្ស៊ី។

    លោកស្រី Anna Moskwa ថ្លែងថា «សកម្មភាព​របស់ រុស្ស៊ី ចំពោះ អ៊ុយ​ក្រែ​ន បង្ហាញថា ប្រការ​ដែល​រដ្ឋាភិបាល​ប៉ូឡូញ ប្ដេជ្ញាចិត្ត​ឯករាជ្យ​ពី​ឧស្ម័ន​របស់ រុស្ស៊ី គឺជា​រឿង​ត្រឹមត្រូវ​ទាំងស្រុង»។

    ស្ថានីយ៍​បង្ហាប់​ឧស្ម័ន​នៅ​ក្នុង​ប្រព័ន្ធ​បំពង់​បង្ហូរ​ឧស្ម័ន​ Yamal-Europe នៅ​ភាគ​និរតី​នៃ​ទីក្រុង​ Minsk កាលពី​ឆ្នាំ​ ២០០៦
    បណ្ដាញ​បំពង់​បង្ហូរ​ឧស្ម័ន​ Yamal-Europe (ពណ៌បៃតង), បណ្ដាញ​បំពង់​បង្ហូរ​ឧស្ម័ន​ (ពណ៌​ទឹក​ក្រូច) និង​ស្ថានីយ៍​បង្ហាប់​ឧស្ម័ន​ (ពណ៌​ខៀវ)
  • បាក់​រលំអគារ​កម្ពស់ ១០ ជាន់ នៅ អ៊ីរ៉ង់ ច្រើន​នាក់​បាត់បង់​ជីវិត

    បាក់​រលំអគារ​កម្ពស់ ១០ ជាន់ នៅ អ៊ីរ៉ង់ ច្រើន​នាក់​បាត់បង់​ជីវិត

    អគារ​កម្ពស់ ១០ ជាន់​ដែល​កំពុង​សាងសង់​នៅ​ភាគ​និរតី​នៃ ប្រទេស​អ៊ីរ៉ង់ បាន​បាក់ បណ្ដាលឱ្យ​មនុស្ស​ចំនួន ៦ នាក់​ត្រូវ​បាត់បង់​ជីវិត និង​រាប់សិប​នាក់​រងរបួស និង​រាប់សិប​នាក់​កំពុង​ជាប់​ក្រោម​គំនរ​បាក់បែក។

    «អគារ Metropol កម្ពស់ ១០ ពាន់​នៅ Abadan ខេត្ត Khuzestan បាន​បាក់​មួយផ្នែក។ មនុស្ស ៦ នាក់​បាន​ស្លាប់, ២៧ នាក់​រងរបួស នៅក្នុង​ហេតុការណ៍​នេះ» ទូរទស្សន៍ អ៊ីរ៉ង់ រាយការណ៍​កាលពី​ថ្ងៃទី ២៣ ឧសភា។

    Mehdi Valipour អ្នកទទួលខុសត្រូវ​លើ​សកម្មភាព​ជួយសង្គ្រោះ និង​ទប់​ទល់នឹង​ស្ថានការណ៍​បន្ទាន់​របស់​អង្គការ​អឌ្ឍចន្ទ​ក្រហម​អ៊ីរ៉ង់ និយាយ​ថា មនុស្ស ៣២ នាក់​ត្រូវបាន​យកចេញ​ពី​គំនរ​បាក់បែក។

    Jafar Miadfar ប្រធាន​អាជ្ញាធរ​គ្រប់គ្រង​ស្ថានការណ៍​បន្ទាន់​អ៊ីរ៉ង់ ឱ្យដឹងថា សាក្សី​និយាយថា មនុស្ស​ប្រហែល ៥០ នាក់ កំពុង​ជាប់​នៅក្រោម​គំនរ​បាក់បែក។ កម្លាំង​សង្គ្រោះកំពុង​​ប្រើប្រាស់​សុនក​ពិសេស​ដើម្បី​ស្វែងរក​ជនរងគ្រោះ។

    «ប្រហែល ៤០% នៃ​អគារ​បាន​ខូចខាត ចំណែក​ផ្នែក​ដែល​នៅសល់​អាច​នឹងត្រូវ​ដួលរលំ​ទាំងស្រុង» អភិបាលក្រុង Ehsan Abbaspour ឱ្យដឹង​ដូច្នេះ និង​បាន​បញ្ជា​ឱ្យ​ជម្លៀស​មនុស្ស​ចេញពី​អគារ​ដែល​នៅក្បែរ​ខាង ខណៈដែល​ក្រុមមន្ត្រី Abadan ប្រកាសថា ម្ចាស់​អគារ និង​ម្ចាស់​ម៉ៅការ​សំណង់​ត្រូវបាន​ចាប់ខ្លួន។

    ប្រធានាធិបតី​អ៊ីរ៉ង់ Ebrahim Raisi ចេញ​បញ្ជា​ឱ្យ​កង​ពន្លត់​អគ្គិភ័យ​ប្រទេស​នេះ «បញ្ជូន​កម្លាំង និង​សម្ភារ​ចាំបាច់ ទៅកាន់​កន្លែងកើតហេតុ​ជាបន្ទាន់ ដើម្បី​រុះរើ​គំនរ​បាក់បែក»។

  • ដា​ណឺ​ម៉ាក អាច​ផ្ទេរ​មី​ស៊ី​ល​ប្រឆាំង​នាវាចម្បាំង​អាម៉េរិក ឱ្យ អ៊ុយ​ក្រែ​ន

    ដា​ណឺ​ម៉ាក អាច​ផ្ទេរ​មី​ស៊ី​ល​ប្រឆាំង​នាវាចម្បាំង​អាម៉េរិក ឱ្យ អ៊ុយ​ក្រែ​ន

    រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​អាម៉េរិក និយាយថា ប្រទេស​ដា​ណឺ​ម៉ាក នឹង​ដឹកជញ្ជូន​មី​ស៊ី​ល​ប្រឆាំង​នាវាចម្បាំង Harpoon ឱ្យ អ៊ុយ​ក្រែ​ន ប៉ុន្តែ ដា​ណឺ​ម៉ាក មិនទាន់​បញ្ជាក់​អំពី​ព័ត៌មាន​នេះ។

    «ខ្ញុំ​ពិតជា​អរគុណ ដា​ណឺ​ម៉ាក ដែល​ថ្ងៃនេះ​ប្រកាសថា នឹង​ដឹកជញ្ជូន​ទម្រ និង​មី​ស៊ី​ល Harpoon ដើម្បី​ជួយ អ៊ុយ​ក្រែ​ន ក្នុងការ​ការពារ​ឆ្នេរសមុទ្រ​របស់ខ្លួន» រដ្ឋមន្ត្រី​ការពារជាតិ​អាម៉េរិក Lloyd Austin ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយពី​ជំនួប​ពិភាក្សា​ជាមួយ​តំណាង​របស់​ប្រទេស​ជិត ៤០ និង​អង្គភាព​សមាជិក​ក្រុម​ទំនាក់ទំនង​ការពារជាតិ​អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃទី ២៣ ឧសភា។

    រដ្ឋមន្ត្រី​ការពារជាតិ​អាម៉េរិក Lloyd និយាយថា ដា​ណឺ​ម៉ាក នឹង​ដឹកជញ្ជូន​ប្រព័ន្ធ Harpoon មួយ ទៅឱ្យ អ៊ុយ​ក្រែ​ន ប៉ុន្តែ មិនបាន​លើកឡើង​អំពី​កំណែ​ជាក់លាក់​ណាមួយ​ឡើយ។ ភាគី​ខាង ដា​ណឺ​ម៉ាក មិនទាន់​ប្រកាស​អំពី​ផែនការ​ផ្ទេរ​មី​ស៊ី​ល​ប្រឆាំង​នាវាចម្បាំង Harpoon ឱ្យ អ៊ុយ​ក្រែ​ន នៅឡើយ។

    មី​ស៊ី​ល​ប្រឆាំង​នាវាចម្បាំង Harpoon

    ព័ត៌មាន​ខាងលើ​ត្រូវ​បានលើកឡើង​នៅក្នុង​ពេលដែល​យុទ្ធនាការ​យោធា​ពិសេស​របស់ រុស្ស៊ី នៅ អ៊ុយ​ក្រែ​ន ឈានចូល​ដល់​ខែ​ទី​បី ហើយ​ភាគី​ទាំងសងខាង​កំពុង​ប្រយុទ្ធ​តតាំង​គ្នា​យ៉ាង​ខ្លាំងក្លា​នៅ​តំបន់ Donbass។

  • សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន ថ្ងៃទី ៨៩ ៖ លោក ហ្សេ​ឡែ​ន​ស្គី ថា ជម្លោះ​កំពុង​ស្ថិតនៅក្នុង​របត់​ថ្មី

    សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន ថ្ងៃទី ៨៩ ៖ លោក ហ្សេ​ឡែ​ន​ស្គី ថា ជម្លោះ​កំពុង​ស្ថិតនៅក្នុង​របត់​ថ្មី

    ប្រធានាធិបតី​អ៊ុយ​ក្រែ​ន អំពាវនាវ​ឱ្យ​បង្កើន​ការដាក់ទណ្ឌកម្ម​លើ រុស្ស៊ី និង​ជំរុញ​ការផ្ដល់​ជំនួយ​សម្រាប់ អ៊ុយ​ក្រែ​ន ក្រោយពី​បង្ហើប​ឱ្យដឹង​អំពី​ការខូចខាត​ផ្នែក​យោធា​ធំ​បំផុត បន្ទាប់ពី​សង្គ្រាម​ផ្ទុះឡើង​បាន ៣ ខែ។

    «អ៊ុយ​ក្រែ​ន មិនមាន​ពេល​ច្រើន។ ប្រវត្តិសាស្ត្រ​កំពុងស្ថិត​នៅក្នុង​របត់​ថ្មី។ នេះ​គឺជា​ដំណាក់​កាលដែល​សម្រេច​ថា កម្លាំងបាយ​អាច​គ្រប់គ្រង​ពិភពលោក​បាន ឬ​មិនបាន» ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​ឡែ​ន​ស្គី ថ្លែង​ក្នុង​វេទិកា​សេដ្ឋកិច្ចពិភពលោក (WEF) នៅ ប្រទេស​ស្វ៊ី​ស កាលពី​ថ្ងៃទី ២៣ ឧសភា។

    លោក ហ្សេ​ឡែ​ន​ស្គី អំពាវនាវ​ឱ្យ​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​បរទេស​នានា «ដកខ្លួន​ទាំងស្រុង​ចេញពី រុស្ស៊ី និង​រើ​ចូលមក​កាន់ អ៊ុយ​ក្រែ​ន» ព្រមទាំង​បានស្នើ​ឱ្យ​អន្តរជាតិ​ជួយ​បញ្ចប់​ការបិទ​ខ្ទប់​បណ្ដា​កំពង់ផែ​នៅ​ឆ្នេរសមុទ្រ​ខ្មៅ ដើម្បី​បង្កើនល្បឿន​នាំចេញ​កសិផល​របស់​ប្រទេស​នេះ។

    លោក ហ្សេ​ឡែ​ន​ស្គី ក៏បាន​សម្ដែង​ការដឹងគុណ​ចំពោះ​ជំនួយ​ផ្នែក​យោធា ប៉ុន្តែ អះអាងថា ទីក្រុង​កៀវ ត្រូវការ​ច្រើនជាង​នេះ។ លោក​ថា «សង្គ្រាម​បានបង្ហាញ​ថា ជំនួយ​កាន់តែ​ឆាប់ កាន់តែ​មានតម្លៃ។ បើសិន​ប្រទេស​ខ្ញុំ​ទទួលបាន​ជំនួយ ១០០% តាំងពី​ខែកុម្ភៈ ជីវិត​មនុស្ស​រាប់ម៉ឺន​នាក់​អាច​ត្រូវបាន​ជួយសង្គ្រោះ។ នេះ​គឺជា​មូលហេតុ​ដែល អ៊ុយ​ក្រែ​ន ត្រូវការ​អាវុធ​គ្រប់​ប្រភេទ​ដែល​បានស្នើ​សុំ ក្រៅពី​ប្រព័ន្ធ​អាវុធ​ដែល​បាន​ផ្ដល់ឱ្យ​រួចហើយ»។

    លោក ហ្សេ​ឡែ​ន​ស្គី ក៏បាន​ប្រកាសថា មនុស្ស ៨៧ នាក់ បាន​ស្លាប់ នៅពេល​មី​ស៊ី​ល​របស់ រុស្ស៊ី វាយប្រហារ​លើ​មូលដ្ឋានទ័ព​នៅ Desna ភាគ​ខាងជើង​អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃទី ១៧ ឧសភា។ នេះ​គឺជា​តួលេខ​នៃ​ការស្លាប់​ច្រើន​បំផុត​សម្រាប់​កងទ័ព​អ៊ុយ​ក្រែ​ន នៅក្នុង​សង្គ្រាម​ដែល​បានអូសបន្លាយ​ពេល​ជិត ៣ ខែ​កន្លងមកនេះ។

    ករណី​បាត់​បង់ជីវិត​ច្រើន​បំផុត​នាពេល​កន្លង បាន​កើតឡើង​កាលពី​ខែមីនា នៅពេល រុស្ស៊ី ផ្លោង​គ្រាប់​មី​ស៊ី​ល​សំដៅ​តំបន់​ជ​ម្ឈ​មណ្ឌល​រក្សា​សន្តិភាព និង​សន្តិសុខ​អន្តរជាតិ (IPSC) នៅក្បែរ​ទីក្រុង Lviv ភាគ​ខាងលិច​អ៊ុយ​ក្រែ​ន សម្លាប់​មនុស្ស​យ៉ាងតិច ៣៥ នាក់។

  • (វីដេអូ)-​កូន​យន្តហោះ​អគ្គិសនី​សម្រាប់​មនុស្ស​ម្នាក់ ល្បឿន ១០២ គីឡូម៉ែត្រ/ម៉ោង បើកបរ​សាកល្បង​នៅ អ៊ីតាលី

    (វីដេអូ)-​កូន​យន្តហោះ​អគ្គិសនី​សម្រាប់​មនុស្ស​ម្នាក់ ល្បឿន ១០២ គីឡូម៉ែត្រ/ម៉ោង បើកបរ​សាកល្បង​នៅ អ៊ីតាលី

    (អ៊ីតាលី)-នៅក្នុង​ការសាកល្បង​ហោះហើរ​មាន​មនុស្ស​បើកបរ យន្តហោះ​សម្រាប់​មនុស្ស​ម្នាក់ Jetson One ដំណើរការ​យ៉ាង​រលូត ឆ្លងកាត់​ភូមិសាស្ត្រ​ជាច្រើន​សណ្ឋាន។

    Jetson One គឺជា​យន្តហោះ​សម្រាប់​មនុស្ស​ម្នាក់​ដែល​អាច​បើកបរ​ក្នុង​ល្បឿន ១០២ គីឡូម៉ែត្រ/ម៉ោង និង​អាច​ហោះ​បាន​រយៈ​ចម្ងាយ ៣២ គីឡូម៉ែត្រ បន្ទាប់ពី​បញ្ចូល​ថាមពល​ពេញ។ ម៉ូ​ដែល​យន្តហោះ​អគ្គិសនី​ដែល​អាច​ហោះ​ឡើង និង​ចុះចត​ដោយ​ត្រង់ (eVTOL) នេះ ត្រូវបាន​បង្ហាញ​ជា​ផ្លូវការ​កាលពី​ខែតុលា ២០២១ ហើយ​វា​ល្បីឈ្មោះ​ដល់​ថ្នាក់​លក់ដាច់​ស្ទើរ​អស់ភ្លាមៗ សម្រាប់​ដំណាក់កាល​ប្រគល់​ទំនិញ​នៅ​ចុង​ឆ្នាំនេះ។

    ក្រុមហ៊ុន Jetson នៅ ស៊ុយអែត និង ប៉ូឡូញ កាលពី​ថ្ងៃទី ១៩ ឧសភា បាន​ចែករំលែក​វីដេអូ​ថ្មី​ដែល​ថត​អ្នកបើកបរ​កូន​យន្តហោះ​នេះ​នៅឯ Tuscany ប្រទេស​អ៊ីតាលី។ ក្នុង​វីដេអូ​នោះ អ្នក​កាន់ចង្កូត​អនាមិក កំពុង​បើកបរ Jetson One ឆ្លងកាត់​វាល និង​ព្រៃ។ ក្រុមហ៊ុន​នេះ​ក៏បាន​បញ្ជាក់ថា យន្តហោះ​នេះ​អាច​ហោះ​ពីលើ​ផ្ទៃ​ទឹក​ផងដែរ។

    Peter Ternstrom ប្រធាន​ក្រុមហ៊ុន Jetson និង​សហ​ស្ថាបនិក Tomasz Patan បាន​បង្កើត​ក្រុមហ៊ុន​នេះ​ឡើង​កាលពី​ឆ្នាំ ២០១៧ បន្ទាប់ពី​មានគំនិត​រចនា​កូន​យន្តហោះ​នេះ​កាលពី​ប៉ុន្មាន​ឆ្នាំមុន​នោះ។ ពួកគេ​បំពាក់​បច្ចេកវិទ្យា​ជាច្រើន​ដើម្បី​ធានាថា ម៉ាស៊ីន​ដំណើរការ​ប្រកបដោយ​សុវត្ថិភាព។

    Jetson One មាន​ទម្ងន់ ៨៦ គីឡូក្រាម អាច​ហោះ​បាន ២០ នាទី/លើក និង​ពេលវេលា​សម្រាប់​បញ្ចូល​ថាមពល​គឺ ២ ម៉ោង។ ក្រុមហ៊ុន Jetson ឱ្យដឹងថា នៅ​ឆ្នាំ ២០២៦ ពួកគេ​នឹង​ផលិត​កូន​យន្តហោះ​ប្រភេទ​ដែល​អាច​ផ្ទុក​មនុស្ស​បាន ២ នាក់ ហើយ​នៅ​ចុង​ទសវត្សរ៍​នេះ Jetson នឹង​ផលិត​ប្រភេទ​ផ្ទុក​មនុស្ស​បាន ៤ នាក់៕

  • អាយុ ១៩ ឆ្នាំ រកបាន ១២,០០០ ដុល្លារ/ខែ ពី​ការងារ​ធ្វើ​នំ​លក់ដោយ​ខ្លួនឯង

    អាយុ ១៩ ឆ្នាំ រកបាន ១២,០០០ ដុល្លារ/ខែ ពី​ការងារ​ធ្វើ​នំ​លក់ដោយ​ខ្លួនឯង

    កាលពី​ឆ្នាំ​កន្លង យីហោ​ធ្វើ​នំ​របស់ Justin Ellen រកចំណូលបាន ១០០,០០០ ដុល្លារ​អាម៉េរិក ប៉ុន្តែ ចាប់ពី​ខែមករា ឆ្នាំនេះ Ellen ចាប់ផ្ដើម​រកបាន ១២,០០០ ដុល្លារ/ខែ បន្ទាប់ពី​បាន​ចំណាយពេល​ពេញ​ម៉ោង​សម្រាប់​ការងារ​ធ្វើ​នំ​ផ្ទាល់ខ្លួន​។

    នៅពេល Justin Ellen ទទួលបាន​សារ​មួយ​នៅលើ Instagram ដែល​សួរថា «ចង់​ចូលរួម​កម្មវិធី Netflix ដែលមាន​ឈ្មោះថា «Is It Cake?» ដែរ ឬ​អត់?» Ellen គិតថា ការអញ្ជើញ​នេះ​សាមញ្ញ​ពេក​ហើយ។ នៅពេល​ពួកគេ​និយាយថា នឹងមាន​ការសម្ភាស ទើប Ellen ជឿថា វា​ជា​កម្មវិធី​គួរឱ្យ​ទុកចិត្ត។

    ក្រោយ​កិច្ច​សម្ភាស​តាម Zoom និង​ការរង់ចាំ ១ ខែ Ellen ដែល​កាលនោះ​មាន​អាយុ ១៨ ឆ្នាំ ក៏ត្រូវ​បានជ្រើសរើស​ឱ្យចូល​រួម។ Ellen ទទួលស្គាល់ថា កម្មវិធី​នោះ​ពិតជា​ធំដុំ​មែន។

    «Is It Cake?» គឺជា​កម្មវិធី​ប្រកួត​ធ្វើ​នំ។ ក្នុង​កម្មវិធី​នេះ បេក្ខជន​ត្រូវតែ​ធ្វើ​នំ​ដែលមាន​រូបរាង​ដូច​ទៅនឹង​របស់របរ​ប្រើប្រាស់​ប្រចាំថ្ងៃ ដូចជា​ស្បែកជើង​ជាដើម។ Ellen គឺជា​អ្នកធ្វើ​នំ​ដែល​នៅមាន​បទពិសោធន៍​តិចតួច​នៅឡើយ ធៀប​នឹង​គូប្រជែង​ដទៃ។

    ទោះជា​យ៉ាងណាក៏ដោយ មុនពេល​បង្ហាញខ្លួន​នៅក្នុង​កម្មវិធី​របស់ Netflix កំលោះ Ellen ក៏មាន​យីហោ​នំ​ជោគជ័យ​មួយ​ផ្ទាល់ខ្លួន​រួចហើយ នោះ​គឺ Everything Just Baked។

    កំលោះ​មកពី New Jersey ឱ្យដឹងថា «កាលពី​ឆ្នាំ​កន្លង យើង​រកចំណូលបាន ១០០,០០០ ដុល្លារ។ ជាមួយនឹង​កម្មវិធី Netflix ខ្ញុំ​ទទួលបាន​សំណើ (ការបញ្ជាទិញ) ច្រើនជាង​មុន…រវល់​ណាស់។ ខ្ញុំ​អរគុណ​ខ្លាំងណាស់​ចំពោះ​ប្រការ​នោះ»។

    ធ្វើការ​ដោយ​ប្រឹងប្រែង និង​ឆ្លងកាត់​បរាជ័យ

    Ellen រៀន​វិធី​ធ្វើ​នំ​ពី​ម្ដាយ និង​ជីដូន​របស់ខ្លួន​ពេល​ទើប​តែមាន​អាយុ ៧ ឆ្នាំ។ ពួកគេ​ធ្វើ​នំ​ជាច្រើន​ប្រភេទ ប៉ុន្តែ សុទ្ធតែ​មិនមែនជា​នំ​ផ្អែម។

    ក្រោយមក Ellen ក៏បាន​ចាក​ផុត​តំណែង «កូនកាំបិត» (ជំនួយការ​ចុងភៅ) ពេល​មាន​អាយុ ១៤ ឆ្នាំ ដោយ​ចាប់​ផ្ដើមចេញពី​ការមើល​វីដេអូ​លើ Youtube និង​មានគំនិត​ចង់​ផលិត​នំ​ផ្ទាល់ខ្លួន។

    «ខ្ញុំ​បាន​បរាជ័យ​ច្រើនលើកច្រើនសា…។ ខ្ញុំ​គិតថា នោះ​គឺជា​នំ​ដែល​ងាយស្រួល​ធ្វើ ប៉ុន្តែ​ក្រោយមក​ក៏​ធ្វើ​មិនបាន​ល្អ» Ellen និយាយ​អំពី​បទពិសោធន៍​ក្នុងការ​ធ្វើ​នំ​ទៅតាម Youtuber។

    ក៏ប៉ុន្តែ Ellen នៅតែ​មិន​បោះបង់​ការព្យាយាម។ ដំណាក់​កាលដែល​ជក់ចិត្ត​ក្នុងការ​ធ្វើ​នំ​គឺ​ពេល Ellen រៀន​ដល់​កម្រិត​មធ្យមសិក្សា។

    «ខ្ញុំ​រវល់​ខ្លាំងណាស់។ ប៉ុន្តែ បើ​អ្នក​ពិតជា​មានការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់ អ្នកនឹង​ឆ្លៀត​យក​ឱកាស​ទំនេរ​បាន​ច្រើន» Ellen និយាយ​ដូច្នេះ។

    ដឹង​អំពី​តម្លៃ​របស់ខ្លួន

    ឧបសគ្គ​ធំ​បំផុត​ដែល Ellen ជួបប្រទះ​នៅពេល​ក្លាយជា​អ្នកជំនួញ​វ័យក្មេង​នោះ​គឺ​ការកំណត់​តម្លៃ​របស់ខ្លួន។

    «កាលណោះ ខ្ញុំ​មិន​ច្បាស់​ថា សិល្បៈ​របស់ខ្ញុំ​មានតម្លៃ​ប៉ុន្មាន​នោះទេ។ ខ្ញុំ​សួរ​ម្ដាយ ហើយ​គាត់​ក៏​លើកឡើង​នូវ​តម្លៃ​ដូច​ខ្ញុំ គឺ​ឱ្យ​តម្លៃ​យ៉ាង​ទាប។ ដូចជា​ថា «ម៉ាក់​នឹងមិន​ទិញ​នំ​ដែលមាន​តម្លៃ ១០០ ដុល្លារ​ឡើយ»។ ប៉ុន្តែ ពេលនេះ គ្រប់គ្នា​កំពុង​ចំណាយ​ក្នុង​កម្រិត​នោះ»។

    ក្នុងដំណាក់កាល​ដំបូង​នៃ​ការរកស៊ី Ellen បាន​លក់​នំ​មួយ​ដែលមាន​ទំហំ ៦ អ៊ី​ញ ក្នុងតម្លៃ ៦០ ដុល្លារ ប៉ុន្តែ បច្ចុប្បន្ន «ពិតជា​ងាយស្រួល​ក្នុង​ការលក់​នំ​ក្នុងតម្លៃ ១៥០ ដុល្លារ សម្រាប់​នំ​ដែលមាន​ទំហំ ៦ អ៊ី​ញ»។

    ចាប់ពី​ខែមករា ឆ្នាំនេះ Ellen ចាប់ផ្ដើម​រកបាន ១២,០០០ ដុល្លារ/ខែ បន្ទាប់ពី​បាន​ចំណាយពេល​ពេញ​ម៉ោង​សម្រាប់​ការងារ​ធ្វើ​នំ​ផ្ទាល់ខ្លួន​សម្រាប់​លក់។

    «ខ្ញុំ​ដឹងថា គ្រប់គ្នា​កំពុង​ទិញ​កាបូប​ប្រែ​ន តម្លៃ​រាប់ពាន់​ដុល្លារ។ អ្នក​ត្រូវ​ធ្វើឱ្យ​អតិថិជន​យល់​អំពី​តម្លៃ​យីហោ​របស់​អ្នក និង​អ្វីដែល​អ្នក​កំពុង​ផ្ដល់ជូន​ពួកគេ…ព្រោះថា នំ​មាន​រសជាតិ​ឆ្ងាញ់​ណាស់ ហើយ​ខ្ញុំ​បាន​ប្រើប្រាស់​សុទ្ធតែ​គ្រឿងផ្សំ​ដែលមាន​គុណភាព​ខ្ពស់» Ellen បកស្រាយ​អំពី​យុទ្ធសាស្ត្រ​ឃោសនា។

    តែងតែ​ឆ្ពោះទៅមុខ

    ក្ដី​ស្រមៃ​របស់ Ellen ទទួល​បានការ​តបស្នង។ អ្វីដែល​កំលោះ​នេះ​នឹក​ស្រមៃ​អំពី​ខ្លួនឯង បានក្លាយ​ជាការ​ពិត។ បច្ចុប្បន្ន Ellen លក់​នំ​ចម្រុះ និង​សម្ភារ​ធ្វើ​នំ តាម​អន​ឡាញ។ Ellen ក៏​បង្កើត​កម្មវិធី​ប​ង្រៀ​ង​សម្រាប់​អ្នកធ្វើ​នំ​ដែល​ចង់​ចាប់យក​អាជីព​នេះ​ផងដែរ។

    Ellen ទទួលបាន​ការបញ្ជាទិញ​ប្រហែល ៦ លើក​ជា​រៀងរាល់​សប្ដាហ៍ ហើយ​វា​សុទ្ធតែជា​ការបញ្ជាទិញធំ។ មួយថ្ងៃ​របស់ Ellen គឺ​ក្រោក​ពី​គេង​នៅ​ម៉ោង ០៨ ព្រឹក និង​ធ្វើ​នំ​ទៅតាម​ការបញ្ជាទិញ​ពី​អតិថិជន ពី​ផ្ទះបាយ​របស់​គ្រួសារ។

    «ខ្ញុំ​នៅតែ​គិត​អំពី​ការងារ​ជំនួញ​របស់ខ្ញុំ និង​ឧបសគ្គ​ថ្មី​ដើម្បី​លើកកម្ពស់​ការងារ។ ខ្ញុំ​ចង់​មាន​ការិយាល័យ​ក្រុមហ៊ុន​មួយ…ប៉ុន្តែ​គោលដៅ​ចុងក្រោយ​របស់ខ្ញុំ​នោះ​គឺ​ដូច​ទៅនឹង Wilton ដែលជា​ក្រុមហ៊ុន​តុបតែង​នំ​ខេ​ក»។

    Wilton គឺជា​ក្រុមហ៊ុន​ផលិត​សម្ភារ​ធ្វើ​នំ សម្ភារ​តុបតែង​នំ និង​វត្ថុ​ធាតុ​សម្រាប់ធ្វើ​នំ​ជាដើម។

    «នឹងត្រូវ​ចំណាយពេល​យូរ​ទៀត។ ប៉ុន្តែ ចុងក្រោយ អ្នកនឹង​បានដឹងថា វា​ពិតជា​ស័ក្ដិសម» Ellen បញ្ជាក់​អំពី​ការព្យាយាម​របស់ខ្លួន៕

  • កូវីដ-១៩ «បង្កើត» មហា​សេដ្ឋី​ថ្មី​ ១ នាក់ ជា​រៀង​រាល់​ ៣០ ម៉ោង​! អង្គការ​ Oxfam អះអាង​ដូច្នេះ

    កូវីដ-១៩ «បង្កើត» មហា​សេដ្ឋី​ថ្មី​ ១ នាក់ ជា​រៀង​រាល់​ ៣០ ម៉ោង​! អង្គការ​ Oxfam អះអាង​ដូច្នេះ

    របាយការណ៍​របស់ Oxfam បាន​សង្កត់ធ្ងន់ថា មនុស្ស​រាប់រយ​នាក់​បាន​ក្លាយជា​មហាសេដ្ឋី ខណៈ​រាប់រយ​លាន​នាក់​ផ្សេងទៀត​បែរ​បាន​ធ្លាក់ខ្លួន​ក្រ ដែល​នេះ​បាន​បង្កើតឡើង​នូវ​បញ្ហា​វិសមភាព​ប្រាក់ចំណូល​នៅ​ទូទាំង​ពិភពលោក។

    យោងតាមរបាយការណ៍ដែលប្រកាសកាលពីថ្ងៃទី ២២ ឧសភា របស់អង្គការក្រៅរដ្ឋាភិបាល Oxfam មនុស្ស ៥៧៣ នាក់ មានឈ្មោះនៅក្នុងបញ្ជីមហាសេដ្ឋី ចាប់តាំងពីឆ្នាំ ២០២០ ជួយឱ្យចំនួនសរុបនៃមហាសេដ្ឋីរបស់ពិភពលោក កើនឡើងដល់ ២,៦៦៨ រូប។ ប្រការនេះមានន័យថា ក្នុងសម័យកូវីដ-១៩ ជាមធ្យមក្នុងរយៈពេល ៣០ ម៉ោង គឺមានមនុស្សម្នាក់បានក្លាយជាមហាសេដ្ឋី។

    របាយការណ៍ដែលយោងទៅតាមទិន្នន័យរបស់ Forbes នេះ ត្រូវបានប្រកាសនៅមុនវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅ Davos ប្រទេសស្វ៊ីស។ វេទិកានេះគឺជាកន្លែងដែលប្រមូលផ្ដុំវត្តមានរបស់មេដឹកនាំបណ្ដាប្រទេស និងក្រុមអ្នកមានកំពូលៗរបស់ពិភពលោក។

    ក្នុងសម័យកូវីដ-១៩ ទ្រព្យ​របស់មហាសេដ្ឋីទាំងឡាយបានកើនឡើងថែម ៣.៨ ទ្រីលាន (៣,៨០០,០០០,០០០,០០០) ដុល្លារ ប្រហែលនឹង ៤២% ធ្វើឱ្យទ្រព្យសរុបរបស់ពួកគេកើនឡើងដល់ ១២.៧ ទ្រីលានដុល្លារអាម៉េរិក។ កំណើននេះ មួយភាគធំបានមកពីទីផ្សារមូលបត្រ ដោយសារតែរដ្ឋាភិបាលនានាបញ្ចេញប្រាក់ជំនួយសេដ្ឋកិច្ចដើម្បីកាត់បន្ថយផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុដែលកើតឡើងដោយសារបញ្ហាកូវីដ-១៩។

    Max Lawson នាយកផ្នែកគោលនយោបាយទទួលបន្ទុកបញ្ហាវិសមភាពប្រចាំ Oxfam ឱ្យដឹងថា អត្រានៃកំណើនខាងលើ ភាគច្រើនកើតឡើងនៅឆ្នាំដំបូងនៃរោគរាតត្បាតសកល។ ក្រោយមក អត្រានៃកំណើនក៏ដើរថេរទៅមុខ និងថយចុះបន្តិច។

    ក៏ប៉ុន្តែ ក្នុងពេលដំណាលគ្នានោះ កូវីដ-១៩ ក៏បានបង្កើនវិសមភាព និងបង្កើនតម្លៃស្បៀងនៅទូទាំងសកលលោកផងដែរ។ បញ្ហានេះអាចរុញច្រានមនុស្សជាង ២៦៣ លាននាក់ ឱ្យធ្លាក់ទៅក្នុងស្ថានភាពក្រីក្រខ្លាំងក្នុងឆ្នាំ ២០២២ នេះបើតាម Oxfam។

    ក្នុងគ្រាដែលអ្នកប្រើប្រាស់ទូទៅ ត្រូវប្រឈមនឹងការលំបាកដោយសារតែទំនិញឡើងថ្លៃខ្ពស់ ម្ចាស់ក្រុមហ៊ុន និងក្រុមមេដឹកនាំក្រុមហ៊ុនក្នុងវិស័យជាច្រើនបែរជាទទួលបានផលចំណេញច្រើនជាងមុន។ ទ្រព្យសម្បត្តិរបស់ក្រុមមហាសេដ្ឋីក្នុងវិស័យស្បៀងអាហារ និងកសិកម្ម កើនឡើង ៤៥% នៅក្នុងរយៈពេល ២ ឆ្នាំកន្លង។ ចាប់ពីឆ្នាំ ២០២០ មានមហាសេដ្ឋីថ្មីចំនួន ២០ នាក់ បានបង្ហាញវត្តមានក្នុងវិស័យនេះ។ ប៉ុន្តែ ទ្រព្យរបស់ក្រុមមហាសេដ្ឋីក្នុងវិស័យថាមពល ត្រូវថយចុះអស់ ៥៣% ប្រហាក់ប្រហែលនឹង ២៤% ចាប់តាំងពីឆ្នាំ ២០២០។

    មហាសេដ្ឋីថ្មីចំនួន ៤០ នាក់ បានលេចមុខឡើងនៅក្នុងវិស័យឱសថ។ វិស័យនេះទទួលបានផលចំណេញច្រើននៅក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩។

    វិស័យបច្ចេកវិទ្យាក៏មានមហាសេដ្ឋីថ្មីជាច្រើននាក់ផងដែរ។ ក្នុងចំណោមអ្នកមានជាងគេ ១០ នាក់របស់ពិភពលោក គឺមាន ៧ នាក់ស្ថិតក្នុងវិស័យបច្ចេកវិទ្យា ក្នុងនោះលេចធ្លោជាងគេគឺ Elon Musk មកពីក្រុមហ៊ុន Tesla, Jeff Bezos មកពី Amazon និង Bill Gates មកពីក្រុមហ៊ុន Microsoft។

    ដើម្បីកាត់បន្ថយបញ្ហាវិសមភាពប្រាក់ចំណូល អង្គការ Oxfam បានជំរុញឱ្យបណ្ដារដ្ឋាភិបាលយកពន្ធពីក្រុមអ្នកមាន និងបណ្ដាក្រុមហ៊ុនខ្នាតយក្សឱ្យបានខ្ពស់ជាងបច្ចុប្បន្ន។ អង្គការនេះអំពាវនាវឱ្យយកពន្ធបណ្ដោះអាសន្ន ៩០% លើប្រាក់ចំណេញដែលលើសពីមធ្យមភាគរបស់បណ្ដាក្រុមហ៊ុន (excess corporate profit) និងពន្ធមួយលើកលើទ្រព្យសម្បត្តិ របស់ក្រុមមហាសេដ្ឋី។ ការយកពន្ធ ២% ចំពោះអ្នកដែលមានទ្រព្យច្រើនជាង ៥ លានដុល្លារ និង ៥% ចំពោះអ្នកមានទ្រព្យលើសពី ១ ពាន់លានដុល្លារ គឺជួយឱ្យបណ្ដាប្រទេសរកចំណូលជូនរដ្ឋបាន ២.៥ ទ្រីលានដុល្លារអាម៉េរិក៕