ដា​ណឺ​ម៉ាក អាច​ផ្ទេរ​មី​ស៊ី​ល​ប្រឆាំង​នាវាចម្បាំង​អាម៉េរិក ឱ្យ អ៊ុយ​ក្រែ​ន

ប្រព័ន្ធ​ទម្រ​មីស៊ីល​ Harpoon

រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​អាម៉េរិក និយាយថា ប្រទេស​ដា​ណឺ​ម៉ាក នឹង​ដឹកជញ្ជូន​មី​ស៊ី​ល​ប្រឆាំង​នាវាចម្បាំង Harpoon ឱ្យ អ៊ុយ​ក្រែ​ន ប៉ុន្តែ ដា​ណឺ​ម៉ាក មិនទាន់​បញ្ជាក់​អំពី​ព័ត៌មាន​នេះ។

«ខ្ញុំ​ពិតជា​អរគុណ ដា​ណឺ​ម៉ាក ដែល​ថ្ងៃនេះ​ប្រកាសថា នឹង​ដឹកជញ្ជូន​ទម្រ និង​មី​ស៊ី​ល Harpoon ដើម្បី​ជួយ អ៊ុយ​ក្រែ​ន ក្នុងការ​ការពារ​ឆ្នេរសមុទ្រ​របស់ខ្លួន» រដ្ឋមន្ត្រី​ការពារជាតិ​អាម៉េរិក Lloyd Austin ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយពី​ជំនួប​ពិភាក្សា​ជាមួយ​តំណាង​របស់​ប្រទេស​ជិត ៤០ និង​អង្គភាព​សមាជិក​ក្រុម​ទំនាក់ទំនង​ការពារជាតិ​អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃទី ២៣ ឧសភា។

រដ្ឋមន្ត្រី​ការពារជាតិ​អាម៉េរិក Lloyd និយាយថា ដា​ណឺ​ម៉ាក នឹង​ដឹកជញ្ជូន​ប្រព័ន្ធ Harpoon មួយ ទៅឱ្យ អ៊ុយ​ក្រែ​ន ប៉ុន្តែ មិនបាន​លើកឡើង​អំពី​កំណែ​ជាក់លាក់​ណាមួយ​ឡើយ។ ភាគី​ខាង ដា​ណឺ​ម៉ាក មិនទាន់​ប្រកាស​អំពី​ផែនការ​ផ្ទេរ​មី​ស៊ី​ល​ប្រឆាំង​នាវាចម្បាំង Harpoon ឱ្យ អ៊ុយ​ក្រែ​ន នៅឡើយ។

មី​ស៊ី​ល​ប្រឆាំង​នាវាចម្បាំង Harpoon

ព័ត៌មាន​ខាងលើ​ត្រូវ​បានលើកឡើង​នៅក្នុង​ពេលដែល​យុទ្ធនាការ​យោធា​ពិសេស​របស់ រុស្ស៊ី នៅ អ៊ុយ​ក្រែ​ន ឈានចូល​ដល់​ខែ​ទី​បី ហើយ​ភាគី​ទាំងសងខាង​កំពុង​ប្រយុទ្ធ​តតាំង​គ្នា​យ៉ាង​ខ្លាំងក្លា​នៅ​តំបន់ Donbass។

Advertisement