បាក់​រលំអគារ​កម្ពស់ ១០ ជាន់ នៅ អ៊ីរ៉ង់ ច្រើន​នាក់​បាត់បង់​ជីវិត

អគារ​កម្ពស់ ១០ ជាន់​ដែល​កំពុង​សាងសង់​នៅ​ភាគ​និរតី​នៃ ប្រទេស​អ៊ីរ៉ង់ បាន​បាក់ បណ្ដាលឱ្យ​មនុស្ស​ចំនួន ៦ នាក់​ត្រូវ​បាត់បង់​ជីវិត និង​រាប់សិប​នាក់​រងរបួស និង​រាប់សិប​នាក់​កំពុង​ជាប់​ក្រោម​គំនរ​បាក់បែក។

«អគារ Metropol កម្ពស់ ១០ ពាន់​នៅ Abadan ខេត្ត Khuzestan បាន​បាក់​មួយផ្នែក។ មនុស្ស ៦ នាក់​បាន​ស្លាប់, ២៧ នាក់​រងរបួស នៅក្នុង​ហេតុការណ៍​នេះ» ទូរទស្សន៍ អ៊ីរ៉ង់ រាយការណ៍​កាលពី​ថ្ងៃទី ២៣ ឧសភា។

Mehdi Valipour អ្នកទទួលខុសត្រូវ​លើ​សកម្មភាព​ជួយសង្គ្រោះ និង​ទប់​ទល់នឹង​ស្ថានការណ៍​បន្ទាន់​របស់​អង្គការ​អឌ្ឍចន្ទ​ក្រហម​អ៊ីរ៉ង់ និយាយ​ថា មនុស្ស ៣២ នាក់​ត្រូវបាន​យកចេញ​ពី​គំនរ​បាក់បែក។

Jafar Miadfar ប្រធាន​អាជ្ញាធរ​គ្រប់គ្រង​ស្ថានការណ៍​បន្ទាន់​អ៊ីរ៉ង់ ឱ្យដឹងថា សាក្សី​និយាយថា មនុស្ស​ប្រហែល ៥០ នាក់ កំពុង​ជាប់​នៅក្រោម​គំនរ​បាក់បែក។ កម្លាំង​សង្គ្រោះកំពុង​​ប្រើប្រាស់​សុនក​ពិសេស​ដើម្បី​ស្វែងរក​ជនរងគ្រោះ។

«ប្រហែល ៤០% នៃ​អគារ​បាន​ខូចខាត ចំណែក​ផ្នែក​ដែល​នៅសល់​អាច​នឹងត្រូវ​ដួលរលំ​ទាំងស្រុង» អភិបាលក្រុង Ehsan Abbaspour ឱ្យដឹង​ដូច្នេះ និង​បាន​បញ្ជា​ឱ្យ​ជម្លៀស​មនុស្ស​ចេញពី​អគារ​ដែល​នៅក្បែរ​ខាង ខណៈដែល​ក្រុមមន្ត្រី Abadan ប្រកាសថា ម្ចាស់​អគារ និង​ម្ចាស់​ម៉ៅការ​សំណង់​ត្រូវបាន​ចាប់ខ្លួន។

ប្រធានាធិបតី​អ៊ីរ៉ង់ Ebrahim Raisi ចេញ​បញ្ជា​ឱ្យ​កង​ពន្លត់​អគ្គិភ័យ​ប្រទេស​នេះ «បញ្ជូន​កម្លាំង និង​សម្ភារ​ចាំបាច់ ទៅកាន់​កន្លែងកើតហេតុ​ជាបន្ទាន់ ដើម្បី​រុះរើ​គំនរ​បាក់បែក»។

Advertisement