Author: សឿន សំណាង

  • សហរដ្ឋ​អាម៉េរិក សម្រួល​នីតិវិធី​សុំ​ទិដ្ឋាការ​ពិសេស សម្រាប់ ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន

    សហរដ្ឋ​អាម៉េរិក សម្រួល​នីតិវិធី​សុំ​ទិដ្ឋាការ​ពិសេស សម្រាប់ ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន

    ចាប់ពី​សប្ដាហ៍​នេះ ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន ដែល​សុំ​ទិដ្ឋាការ​នឹងមិន​ត្រូវតម្រូវ​ឱ្យបំពេញ​ឯកសារ​ទៅតាម​ទម្រង់​ដោយឡែក ដើម្បីឱ្យ​ពួកគេ​ទទួលបាន​គោលនយោបាយ​ពិសេស​ក្នុង​ការចូល​ទៅកាន់​ទឹកដី​របស់ សហរដ្ឋ​អាម៉េរិក។

    ក្រសួង​សន្តិសុខ​មាតុភូមិ​អាមេរិក ថ្ងៃទី ១៩ កក្កដា​នេះ បានឱ្យដឹងថា អាជ្ញាធរ​ប្រទេស​នេះ​នឹង​សម្រួល​នីតិវិធី​សុំ​ទិដ្ឋាការ (វី​សា) ពិសេស​សម្រាប់ ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន ក្នុងនោះ អ្នកស្នើសុំ​ទិដ្ឋាការ​គ្រាន់តែ​បំពេញ និង​ដាក់ពាក្យ​ទៅតាម​ទម្រង់​ឯកសារ​តែមួយគត់។

    ក្នុង​សេចក្ដីប្រកាស​រួមមួយ រដ្ឋមន្ត្រីការបរទេស​អាម៉េរិក Antony Blinken និង រដ្ឋមន្ត្រី​សន្តិសុខ​មាតុភូមិ​អាម៉េរិក Alejandro Mayorkas ឱ្យដឹងថា ចាប់ពី​សប្ដាហ៍​នេះ ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន ដែល​សុំ​ទិដ្ឋាការ​នឹងមិន​ត្រូវតម្រូវ​ឱ្យបំពេញ​ឯកសារ​ទៅតាម​ទម្រង់​ដោយឡែក​ដូច​មុន​ទៀតឡើយ។ នេះ​គឺជា​គោលការណ៍​ពិសេស​ដែល​ពួកគេ​ទទួលបាន​ក្នុង​ការចូល​ទៅកាន់ សហរដ្ឋ​អាម៉េរិក ក្រោយពី​របប​ប្រជាធិបតេយ្យ​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន បាន​ដួលរលំ និង​ជំនួស​ដោយ របប​តា​លី​បង់ ដែល​ប្រកាន់​តឹង។

    ការសម្រួល​នីតិវិធី​សុំ​ទិដ្ឋាការ​នេះ នឹង​ជួយ​បង្កើន​ប្រសិទ្ធភាព​ក្នុងការ​កាត់បន្ថយ​ឧបសគ្គ និង​ព​ន្លឿ​ន​ដំណើរការ​នៃ​ការផ្ដល់​ទិដ្ឋាកា ជូន ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន ដែល​ភាគច្រើន​ចង់​ចាក​ចេញពី របប​តា​លី​បង់ សព្វថ្ងៃ៕

  • ការសាងសង់​ផ្លូវ​ល្បឿន​លឿនដំបូង​គេ​របស់ កម្ពុជា សម្រេចបាន ៩៥ ភាគរយ​ហើយ

    ការសាងសង់​ផ្លូវ​ល្បឿន​លឿនដំបូង​គេ​របស់ កម្ពុជា សម្រេចបាន ៩៥ ភាគរយ​ហើយ

    (ភ្នំពេញ)-ផ្លូវ​ល្បឿន​លឿន ភ្នំពេញ-ព្រះសីហនុ គ្រោង​នឹងត្រូវ​ដាក់ឱ្យ​ប្រើប្រាស់​ចាប់​ពីថ្ងៃ​ទី ១ ខែតុលា ឆ្នាំ ២០២២ ដោយ​មិន​តម្រូវឱ្យ​បង់ប្រាក់​ក្នុងការ​ធ្វើដំណើរ​រយៈពេល​ពេញ​មួយខែ នេះ​បើតាម រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន។

    ក្នុង​ដំណើរ​ត្រួតពិនិត្យ​វឌ្ឍនភាព​នៃ​ការសាងសង់​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ-ព្រះសីហនុ នៅ​ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២២ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និង​ជា រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានឱ្យ​បញ្ជាក់ថា ការសាងសង់​ផ្លូវ​នេះ​សម្រេចបាន ៩៥% ហើយ​គ្រោង​នឹងត្រូវ​ដាក់ឱ្យ​ប្រើប្រាស់​ចាប់​ពីថ្ងៃ​ទី ១ ខែតុលា ឆ្នាំ ២០២២ ដោយ​មិន​តម្រូវឱ្យ​បង់ប្រាក់​ក្នុងការ​ធ្វើដំណើរ​រយៈពេល​មួយខែ។

    ផ្លូវ​ល្បឿន​លឿន ភ្នំពេញ-ព្រះសីហនុ ត្រូវបាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០១៩ ដោយមាន​ទុនវិនិយោគ​របស់​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន និង​ថ្នល់​ចិន (CRBC) ពី ប្រទេស​ចិន តាមរយៈ​ក្រុមហ៊ុន Cambodian PPSHV Expressway Co.,Ltd ប្រមាណ ២,០០០ លាន​ដុល្លារ​អាមេរិក និង​ហិរញ្ញប្បទាន​ឥត​សំណង​ពី រដ្ឋាភិបាល​ចិន ប្រមាណ ១៥០ លាន​ដុល្លារ។

    គម្រោង​ផ្លូវ​ល្បឿន​លឿន​នេះ មាន​ប្រវែង​សរុប​ជាង ១៩០ គីឡូម៉ែត្រ ក្នុងនោះ​វា​មាន​ទទឹង​តួ​ផ្លូវ ២៤.៥ ម៉ែត្រ និង​ក្រាល​បេតុង​កៅស៊ូ (AC) កម្រាស់ ១០ សង់ទីម៉ែត្រ។ គន្លង​ផ្លូវ​ធ្វើ​ចរាចរណ៍​ចែកជា ៤ គន្លង (២ គន្លង​ទៅ ២គន្លង​មក)។ ផ្លូវ​នេះ​អនុញ្ញាតឱ្យ​យានយន្ត​គ្រប់​ប្រភេទ អាច​បើកបរ​ក្នុង​ល្បឿន​រហូតដល់ ១០០ គីឡូម៉ែត្រ/ម៉ោង  និង​កន្លែង​ខ្លះ​អាច​បើកបរ ក្នុង​ល្បឿន​ដល់ ១២០ គីឡូម៉ែត្រ/ម៉ោង។

    ផ្លូវ​ល្បឿន​លឿន ភ្នំពេញ-ព្រះសីហនុ មាន​ស្ពាន​តូច​ចំនួន ៥ កន្លែង, ស្ពាន​ធំ និង​ស្ពាន​មធ្យម​ចំនួន ៨០ កន្លែង។ ផ្លូវ​នេះ​ក៏មាន​ស្ពាន​រំលង​ផ្លូវ​ចំនួន ២០ កន្លែង, ចំណត​ឈប់សម្រាក​ចំនួន ៣ កន្លែង, ចំណតរថយន្ត​ចំនួន ១កន្លែង, មណ្ឌល​ប្រតិបត្តិការ និង​ថែទាំ​ផ្លូវ​ចំនួន ៤ កន្លែង និង​បញ្ជរ​បង់ប្រាក់​ចំនួន ៩ កន្លែង៕

  • គ្រឿងអលង្ការ​តម្លៃ​រយ​លាន​ដុល្លារ​ត្រូវគេ​ប្លន់​យក​យ៉ាង​សម្ងាត់ ក្រោយ​ពិធី​តាំងពិព័រណ៍​បានបញ្ចប់

    គ្រឿងអលង្ការ​តម្លៃ​រយ​លាន​ដុល្លារ​ត្រូវគេ​ប្លន់​យក​យ៉ាង​សម្ងាត់ ក្រោយ​ពិធី​តាំងពិព័រណ៍​បានបញ្ចប់

    (សហរដ្ឋ​អាម៉េរិក)-គ្រឿងអលង្ការ និង​ត្បូង​មានតម្លៃ​ខ្ទង់រយ​លាន​ដុល្លារ​អាម៉េរិក ដែលជា​កម្មសិទ្ធិ​របស់​បណ្ដា​ក្រុមហ៊ុន​ចូលរួម​ដាក់តាំង​បង្ហាញ​ក្នុង​ព្រឹត្តិការណ៍​តាំងពិព័រណ៍​លក់រាយ California កាលពីពេល​ថ្មី ៗនេះ ត្រូវបាន​ចោរលួច​យកទៅ​​បាត់ ​នៅ​ពេល​​កំពុង​​ដឹក​ក្នុង​រថយន្ត​មួយគ្រឿង​ឆ្ពោះទៅ​ទិស​ខាងជើង​ដើម្បី​ទៅកាន់ Los Angeles។

    ករណី​លួច​នេះ​បានកើត​ឡើង​នៅ​ព្រឹក​ព្រលឹម ថ្ងៃទី ១១ កក្កដា ក្នុង​ទីក្រុង Frazier Park នៅពេល​រថយន្ត​ឯកទេស​​របស់ Brink Co’s ដែល​ដឹក​គ្រឿងអលង្ការ និង​ត្បូង​មានតម្លៃ​ទាំងនេះ ទៅកាន់​ឃ្លាំង​មួយកន្លែង។

    ​អ្នកស្រី Brandy Swanson ប្រធាន​ក្រុមហ៊ុន International Gem & Jewelry Show ដែល​ជំនាញ​ក្នុងការ​រៀបចំ​ពិធី​តាំងពិព័រណ៍​លក់រាយ​នៅ សហរដ្ឋ​អាម៉េរិក បានឱ្យដឹងថា គ្រឿងអលង្ការ និង​ត្បូង​ប្រហែល​ពី ២៥ ទៅ ២០ ប្រអប់ របស់ ១៨ ក្រុមហ៊ុន ដែល​បាន​ចូលរួម​ដាក់តាំង​ក្នុង​ពិព័រណ៍​នៅ San Mateo ភាគខាងត្បូង​នៃ​ទីក្រុង San Francisco ត្រូវបាន​គេ​លួច​យកទៅ​បាត់ស្រមោល។ វត្ថុ​មានតម្លៃ​ទាំងនេះ​ត្រូវបាន​ដឹក​ទៅកាន់​ឃ្លាំង​មួយ មុនពេល​បន្ត​នាំយកទៅ​ទីតាំង​ពិព័រណ៍​មួយកន្លែង​ផ្សេងទៀត​នៅ Pasadena។

    រថយន្ត​មួយ​គ្រឿង​របស់​ក្រុម​ហ៊ុន​សន្តិសុខ Brinks

    យោងតាម​ប្រកាស​របស់ Brink វត្ថុ​មានតម្លៃ​ដែល​ត្រូវគេ​លួច​នេះ មានតម្លៃ​មិន​ដល់ ១០ លាន​ដុល្លារ ប៉ុន្តែ អ្នកស្រី Swason បានកំណត់​តម្លៃ​ជិត ១០០ លាន​ដុល្លារ។ បច្ចុប្បន្ន ភាគី​ខាង​ក្រុមហ៊ុន​ការពារ​សន្តិសុខ មិនទាន់មាន​ប្រតិកម្ម​អ្វី​​នៅ​ឡើយ ទាក់​ទិន​​នឹង​​ហេតុការណ៍​នេះ។

    ទាក់ទង​នឹង​ប្រកាស​របស់ Brink អ្នកស្រី Swason បកស្រាយ​ថា ក្រុមហ៊ុន​មួយចំនួន​ដែល​បាន​ចូលរួម​តាំងពិព័រណ៍ តែងតែមាន​ចេតនា​ប្រកាស​តម្លៃ​ទាប​ជាង​ធៀប​នឹង​ជាក់ស្ដែង​ដើម្បី​កាត់បន្ថយ​ការចំណាយ​លើ​ថ្លៃ​ធានារ៉ាប់រង។

    បច្ចុប្បន្ន សមត្ថកិច្ច​មិនទាន់​ដឹង​ច្បាស់​ថា ក្រុមចោរ​បាន​ចូល​គ្រប់គ្រង​រថយន្ត​ដឹក​គ្រឿងអលង្ការ​នេះ​បាន​ដោយ​វិធី​ណា ហើយក៏​មិនដឹងថា ក្នុង​រថយន្ត​នេះ​មាន​កាមេរ៉ា ឬ​ប្រព័ន្ធ​កំណត់ តាមដាន​ទិសដៅ​ដែរ ឬ​យ៉ាងណា​នៅ​ឡើយ៕

  • ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា គិត​ត្រឹម​វេលា​ទៀប​ភ្លឺ​ ​ថ្ងៃទី ១៩ ខែ​កក្កដា ២០២២

    ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា គិត​ត្រឹម​វេលា​ទៀប​ភ្លឺ​ ​ថ្ងៃទី ១៩ ខែ​កក្កដា ២០២២

    កម្ពុជា រកឃើញអ្នកឆ្លងកូវីដ-១៩ ករណី​ថ្មី ចំនួន ២២ នាក់ទៀត ក្នុង​អំឡុង​ ២៤ ម៉ោង​នៃ​ថ្ងៃទី ១៨ ខែ​កក្កដា ២០២២ ដែលទាំង​នេះ​​សុទ្ធ​តែ​ជា​ករណី​ឆ្លង​ក្នុងសហគមន៍។

    ក្នុង​អំឡុង​ពេល​ដដែល ​ក៏​មាន​​​អ្នក​ជំងឺ​កូវីដ-១៩ ចំនួន ១៧ នាក់ទៀត បានជាសះស្បើយ និង​​​​មិនមានករណី​ស្លាប់​ថ្មី​ដោយ​សារ​ជំងឺ​នេះ​នៅឡើយ។

    គិត​មកទល់ពេលនេះ កម្ពុជា មានករណីឆ្លងសរុបចំនួន ១៣៦,៤៩៩ នាក់, ករណីជាសះស្បើយចំនួន ១៣៣,៣១៩ នាក់ និងករណីស្លាប់សរុបចំនួន ៣,០៥៦ នាក់។

  • ការ​ព្យាករ​ «ដ៏គួរឱ្យភ្ញាក់ផ្អើល» ៖ តម្លៃ​ប្រាក់​អឺរ៉ូ ជិត​ចុះ​ទាប​ជាង​ប្រាក់​ដុល្លារ​អាម៉េរិក

    ការ​ព្យាករ​ «ដ៏គួរឱ្យភ្ញាក់ផ្អើល» ៖ តម្លៃ​ប្រាក់​អឺរ៉ូ ជិត​ចុះ​ទាប​ជាង​ប្រាក់​ដុល្លារ​អាម៉េរិក

    ការព្រួយបារម្ភ​អំពី​វិបត្តិ​សេដ្ឋកិច្ច​សកល និង​ហានិភ័យ​នានា​ដែល​កើនឡើង​កាន់តែ​ខ្ពស់​នៅ ទ្វីបអឺរ៉ុប កំពុងតែ​រុញ​រូបិយប័ណ្ណ​ដុល្លារ​អាម៉េរិក ឱ្យ​ឡើង​ខ្ពស់ ហើយ​បើ​យោងតាម​ក្រុម​អ្នកជំនាញ​នៅ Wall Street ប្រាក់​ដុល្លារ​អាម៉េរិក នឹងមាន​តម្លៃ​ខ្ពស់ជាង​ប្រាក់​អឺរ៉ូ ក្នុងពេលឆាប់ៗនេះ។

    បន្ទាប់ពី​មានការ​ឡើងថ្លៃ​ខ្ពស់បំផុត​កាលពី​ពាក់កណ្ដាល​ដើមឆ្នាំ ក្នុងអំឡុង​ជាង ១ ទសវត្សរ៍​កន្លង ប្រាក់​ដុល្លារ​អាម៉េរិក កំពុង​ត្រូវបាន​ទិញ​ចូល​ច្រើន​ពី​សំណាក់​ក្រុម​អ្នកវិនិយោគ ដោយ​ពួកគេ​ចាត់ទុកថា រូបិយប័ណ្ណ​ដុល្លារ​អាម៉េរិក គឺជា «រូង​លាក់ខ្លួន​ដ៏​មាន​សុវត្ថិភាព» ដើម្បី​គេច​ពី​ផលប៉ះពាល់​ដែល​កើត​ពី​ការដាំ​ក្បាល​ចុះ​របស់​ទីផ្សារ​ភាគហ៊ុន។ ក្រៅពីនេះ ការដែល​ទីផ្សារ​រំពឹង​លើ​លទ្ធភាព​ងើបឡើង​វិញ​របស់​សេដ្ឋកិច្ច​នៅ សហរដ្ឋ​អាម៉េរិក ក៏បាន និង​កំពុង​ជួយ​ជា​កម្លាំង​ដល់ ប្រាក់​ដុល្លារ​អាម៉េរិក ផងដែរ។

    ស​ន្ទ​ស្សន៍ WSJ Dollar (ស​ន្ទ​ស្សន៍​តាមដាន​ការវិវត្ត​របស់​ប្រាក់​ដុល្លារ​អាម៉េរិក ធៀប​នឹង​បណ្ដុំ​នៃ​រូបិយប័ណ្ណ​ចំនួន ១៦ ផ្សេងទៀត) បាន​ឡើង​ខ្ពស់បំផុត​ក្នុងអំឡុង ២០ ឆ្នាំ កាលពី​សប្ដាហ៍​កន្លង និង​កើន ២.៥% ក្នុង​ខែ​នេះ។ អត្រា​ប្ដូរប្រាក់​ដុល្លារ​អាម៉េរិក/ប្រាក់​អឺរ៉ូ ក៏​ឡើងដល់​ចំណុច​ខ្ពស់បំផុត​រាប់​ចាប់ពី​ឆ្នាំ ២០០២។

    ក្រុមអ្នកវិភាគ​នៅ Wall Street បាន​ព្យាករ​ថា រូបិយប័ណ្ណ​ដុល្លារ​អាម៉េរិក នឹង​ឡើងថ្លៃ​ជា​បន្តទៀត ក្នុង​គ្រា​ដែល​ហានិភ័យ​នៃ​វិបត្តិ​សេដ្ឋកិច្ច​សកល​កាន់តែ​ឡើង​ខ្ពស់។ អ្នកជំនាញ​របស់ Morgan Stanley បាន​ព្យាករ​ថា ប្រាក់​ដុល្លារ​អាម៉េរិក នឹង​ឡើង​ខ្ពស់ ហើយ ប្រាក់​អឺរ៉ូ នឹង​ត្រូវបាន​ជួញដូរ​ក្នុងតម្លៃ​ត្រឹម ៩៧ សេន​នៃ​រូបិយប័ណ្ណ​ដុល្លារ​អាម៉េរិក នៅ​ចុងខែ​កញ្ញា​ខាងមុខ។

    ការឡើង​ថ្លៃ​របស់ ប្រាក់​ដុល្លារ​អាម៉េរិក គឺជា «កាំបិត​មុខ​ពីរ» ចំពោះ​អ្នកប្រើប្រាស់ និង​អ្នកជំនួញ​នៅ សហរដ្ឋ​អាម៉េរិក។ ប្រាក់​ដុល្លារ​ថ្លៃ​ជាង​ប្រាក់​អឺរ៉ូ នឹង​ជួយ​ជំរុញ​សកម្មភាព​ទិញដូរ​ក្នុងប្រទេស ប៉ុន្តែ​វា​ក៏​ប៉ះពាល់​ដល់​ប្រាក់ចំណូល​របស់​បណ្ដា​ក្រុមហ៊ុន​ពហុ​ជាតិ។

    ប្រាក់​ដុល្លារ​ឡើងថ្លៃ ក៏​ជះឥទ្ធិពល​មិនល្អ​ដល់​មុខទំនិញ​នានា ព្រោះថា មុខទំនិញ​ទាំងនោះ​តែង​ត្រូវ​បានកំណត់​តម្លៃ​ជា​ប្រាក់​ដុល្លារ​អាម៉េរិក។ ប្រការនេះ​ប៉ះពាល់​ដល់​បណ្ដា​ទីផ្សារ​ដែល​ទើប​លេចធ្លោ និង​កំពុង​ជំពាក់​បំណុល​ដែល​កំណត់​តម្លៃ​ដោយ​ប្រាក់​ដុល្លារ​អាម៉េរិក៕

  • សហភាព​អឺរ៉ុប អនុម័ត​កញ្ចប់​ទណ្ឌកម្ម​ទី៧ ប្រឆាំងនឹង សហព័ន្ធរុស្ស៊ី

    សហភាព​អឺរ៉ុប អនុម័ត​កញ្ចប់​ទណ្ឌកម្ម​ទី៧ ប្រឆាំងនឹង សហព័ន្ធរុស្ស៊ី

    កាលពី​ថ្ងៃទី ១៨ កក្កដា ក្នុង​សន្និបាត​រដ្ឋមន្ត្រីការបរទេស​របស់ សហភាព​អឺរ៉ុប (EU) ក្រុមមន្ត្រី​តំណាង​ប្រទេស​នានា បាន​ឯកភាពគ្នា​លើ​កញ្ចប់​ទណ្ឌកម្ម​ទី ៧ ដើម្បី​ប្រឆាំងនឹង រុស្ស៊ី ក្នុងនោះ​មាន​ទាំង​វិធានការ​ទណ្ឌកម្ម​សំដៅលើ​អង្គការ និង​បុគ្គល​ជាច្រើន​បន្ថែមទៀត​របស់ រុស្ស៊ី ក៏ដូចជា​ការហាម​នាំចូល​មាស​ពី​ប្រទេស​នេះ​ផងដែរ។

    រដ្ឋមន្ត្រី​ក្រសួងការបរទេស​ឆែក ដែលជា​ប្រធាន​ប្ដូរ​វេន​របស់ EU បានឱ្យដឹងថា សហភាព​អឺរ៉ុប ត្រូវការ​កំណត់ឡើង​វិញ​នូវ​ទំនាក់ទំនង​ជាមួយ ទីក្រុង​មូ​ស្គូ បន្ទាប់ពី​មាន​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន។ យោងតាម​រដ្ឋមន្ត្រី Lipavsky នៅ​ចំពោះមុខ​សកម្មភាពថ្មីៗនេះ​របស់ រុស្ស៊ី បណ្ដា​គោលការណ៍ និង​វិធី​ប្រព្រឹត្ត​របស់ EU ចំពោះ រុស្ស៊ី ទៅតាម​មូលដ្ឋាន​ចាស់ គឺ​លែង​ត្រូវបាន​អនុវត្ត​ទៀតហើយ។ សហភាព​អឺរ៉ុប ត្រូវការ​ពិនិត្យ​យុទ្ធសាស្ត្រ​យូរអង្វែង នៅក្នុង​ការ​ទប់​ទល់នឹង ទីក្រុង​មូ​ស្គូ។

    នៅក្នុង​កិច្ចប្រជុំ វិធានការ​ដាក់ទណ្ឌកម្ម​ថ្មី​ចំពោះ រុស្ស៊ី ជា​មូលដ្ឋាន ត្រូវបានធ្វើ​បច្ចុប្បន្នភាព​ទៅតាម​គោលការណ៍​មុន​នោះ និង​ពុំ​មានការ​រឹតបន្តឹង​ណាមួយ​ទាក់ទិន​នឹង​បញ្ហា​នាំចូល​ថាមពល។

    រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី Szijjarto យល់ថា កញ្ចប់​ទណ្ឌកម្ម​ថ្មី​មិន​រួមបញ្ចូល​ទណ្ឌកម្ម​ដែល​ទាក់ទិន​នឹង​បណ្ដា​ធនាគារ Gazprombank របស់ រុស្ស៊ី។ ប៉ុន្តែ មានការ​កែប្រែ​មួយចំនួន ដូចជា ការហាម​នាំចូល​មាស​ពី ប្រទេស​រុស្ស៊ី និង​ការ​រឹតត្បិត​លើ​ការជួញដូរ​ផលិតផល​ដែល​ត្រូវបាន​ប្រើប្រាស់​ក្នុង​វិស័យ​ឧស្សាហកម្ម​យោធា និង​ការពារជាតិ។ល។

    កញ្ចប់​ទណ្ឌកម្ម​ថ្មី​នេះ​ក៏បាន​បន្ថែម​បុគ្គល​ចំនួន ៤៨ នាក់ និង​អង្គការ​ឯកជន​ចំនួន ៩ ស្ថាប័ន​របស់ រុស្ស៊ី ទៅក្នុង​បញ្ជី​ទណ្ឌកម្ម​ចាស់  ក្នុងនោះ​ក៏មាន ឧបនាយករដ្ឋមន្ត្រី​ម្នាក់​របស់ រុស្ស៊ី និង​មេដឹកនាំ​នយោបាយ​ជាច្រើនរូប​ផ្សេងទៀត។

    ជាង​នេះ EU ក៏បាន​អនុម័ត​លើ​ការសម្រេចចិត្ត​បែងចែក​ថវិកា ៥០០ លាន​អឺរ៉ូ ពី​មូលនិធិ​សន្តិភាព សម្រាប់​ជួយ​ដល់ អ៊ុយ​ក្រែ​ន ដើម្បី​បង្កើន​សមត្ថភាព​ការពារ​ប្រទេសជាតិ នៅក្នុង​សង្គ្រាម​បច្ចុប្បន្ន៕

  • ព្រៃឈើ​ជាង ១៧,០០០ ហិកតា ត្រូវ​ភ្លើង​ឆេះ​ខ្ទេច ខណៈ​ពលរដ្ឋ​រាប់ម៉ឺន​នាក់​ត្រូវ​ភៀសខ្លួន ​ព្រោះ​មេឃ​ក្ដៅ​ខ្លាំង

    ព្រៃឈើ​ជាង ១៧,០០០ ហិកតា ត្រូវ​ភ្លើង​ឆេះ​ខ្ទេច ខណៈ​ពលរដ្ឋ​រាប់ម៉ឺន​នាក់​ត្រូវ​ភៀសខ្លួន ​ព្រោះ​មេឃ​ក្ដៅ​ខ្លាំង

    ប្រទេស​បារាំង កាលពី​ថ្ងៃទី ១៨ កក្កដា បាន​ឆ្លងកាត់​រលក​កម្ដៅ​កម្រិត​ខ្ពស់ នៅពេល​សីតុណ្ហភាព​នៅ​តំបន់​ខ្លះ​ឡើងដល់​ជាង ៤០ អង្សា​សេ ទន្ទឹមនឹង​បញ្ហា​ភ្លើង​ឆេះ​ព្រៃ​នៅ​ភាគ​និរតី​នៅតែ​បន្ត​រាលដាល ធ្វើឱ្យ​ព្រៃ​ជាង ១៧,០០០ ហិកតា​ត្រូវ​ឆេះ​ខ្ទេច និង​បង្ខំ​ឱ្យ​ប្រជាជន​ជាង ៣២,០០០ នាក់ ត្រូវ​ភៀសខ្លួន​ជាបន្ទាន់។

    យោងតាម​ប្រភពព័ត៌មាន​ពី ប្រទេស​បារាំង ក្នុង​ថ្ងៃទី ១៨ កក្កដា សីតុណ្ហភាព​ឡើងដល់​ជាង ៤០ អង្សា​សេ បាន​កើតឡើង​នៅតាម​បណ្ដោយ​ឆ្នេរសមុទ្រ​ភាគ​ខាងលិច ជាប់​នឹង​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ករ​បស់ បារាំង ដែល​អូសបន្លាយ​ពី​ភាគ​ពាយព្យ ចុះមក​ភាគ​និរតី ក្នុងនោះ សីតុណ្ហភាព​នៅ​ទីក្រុង Nantes ឡើងដល់ ៤២ អង្សា​សេ និង​តំបន់ Biscarrosse ឡើងដល់ ៤២.៦ អង្សា​សេ។ សីតុណ្ហភាព​ក្បែរ ៤០ អង្សា​សេ​ក៏​ត្រូវបាន​កត់ត្រា​នៅក្នុង​ទីក្រុង​រាប់សិប​ផ្សេងទៀត​ក្នុង​តំបន់ Bretagne និង​នៅ រដ្ឋធានី​ប៉ារីស ផងដែរ។

    ក្នុងថ្ងៃនេះ (១៩ កក្កដា) កម្ដៅ​ខ្ពស់​នឹង​បន្ត​កើត​មាននៅ ប្រទេស​បារាំង ប៉ុន្តែ វា​ផ្លាស់​ទី​បន្តិចម្ដងៗទៅកាន់​បណ្ដា​ខេត្ត​នៅ​ភាគ​ខាងកើត។ ចំណែក ទីក្រុង​ប៉ារីស ថ្ងៃនេះ សីតុណ្ហភាព​អាច​ឡើងដល់ ៤១ អង្សា​សេ។

    អាកាសធាតុ​ក្ដៅ​ខ្លាំង ធ្វើឱ្យ​ភ្លើងព្រៃ​ដែល​កំពុង​ឆេះ កាន់​តែមាន​សភាព​ធ្ងន់ធ្ងរ។ ក្នុង​ខេត្ត Gironde នៅ​ភាគ​និរតី ភ្លើងព្រៃ​បាន​ដុតបំផ្លាញ​ព្រៃឈើ​អស់​ជាង ១៧,០០០ ហិកតា និង​បាន​បណ្ដាលឱ្យ​ប្រជាជន ក៏ដូចជា​ទេសចរ​ជាង ១៦,០០០ នាក់​ទៀត ត្រូវ​ភៀសខ្លួន។ រាប់​ចាប់ពី​ថ្ងៃទី ១២ កក្កដា មាន​ប្រជាជន​ជាង ៣២,០០០ នាក់ បាន​រត់​ចោលផ្ទះ និង​ទីតាំង​បោះតង់​លម្ហែកាយ។

    ក្រុមមន្ត្រី​បារាំង បាន​បញ្ជូន​កម្លាំង​ជិត ២,០០០ នាក់ និង​ប្រើប្រាស់​យន្តហោះ​ពន្លត់​អគ្គិភ័យ​ស្ទើរតែ​ទាំងអស់​ដើម្បី​ចូលរួម​ពន្លត់​ភ្លើងព្រៃ ប៉ុន្តែ មិនទាន់​គ្រប់គ្រង​ស្ថានការណ៍​បាន​នៅឡើយ៕

  • WHO ប្រកាស​​អំពី​រលក​នៃ​ «ការផ្ទុះ​ឆ្លង​វីរុស​ថ្មី​ស្រដៀង​អេ​បូ​ឡា (Ebola)»

    WHO ប្រកាស​​អំពី​រលក​នៃ​ «ការផ្ទុះ​ឆ្លង​វីរុស​ថ្មី​ស្រដៀង​អេ​បូ​ឡា (Ebola)»

    អង្គការ​សុខភាព​ពិភពលោក (WHO) កំពុង​ព្រមាន​អំពី​ការផ្ទុះ​ឆ្លង​រាលដាល​នៃ វីរុស​ម៉ា​ប៊ឺ​ក (Marburg) ក្រោយពី ហ្កា​ណា (Ghana) រកឃើញ​ករណី​ស្លាប់ដំបូងៗដោយសារ​វីរុស​នេះ។

    នេះ​គឺជា​លើកដំបូង​ដែល​វីរុស​មួយ​ប្រភេទ​ដូច​ទៅនឹង វីរុស​អេ​បូ​ឡា (EBOV/Ebola) ត្រូវបាន​រកឃើញ​ក្នុងប្រទេស​នៅ អាហ្វ្រិក​ខាងលិច និង​ជា​លើក​ទី​ពីរ​ដែល​វា​បង្ហាញខ្លួន​ក្នុង​តំបន់​នេះ។

    ក្នុង​ឯកសារ​មួយ​ដែល​ត្រូវបាន​ប្រកាស​កាលពី​ថ្ងៃទី ១៧ កក្កដា WHO បានឱ្យដឹងថា ការវិភាគ​សំណាក​ដែល​បាន​ពី​អ្នកជំងឺ ២ រូប​ដែល​ស្លាប់​នៅ​តំបន់ Ashanti ភាគខាងត្បូង​ប្រទេស​ហ្កា​ណា បង្ហាញថា វិជ្ជមាន​នឹង​វីរុស ម៉ា​ប៊ឺ​ក។ អ្នកជំងឺ​ទាំង ២ នាក់​នេះ​សុទ្ធ​តែមាន​រោគសញ្ញា​ដូចជា រាក ក្ដៅខ្លួន ក្អួតចង្អោរ ហើយក៏​ស្លាប់ មួយថ្ងៃ​បន្ទាប់ពី​បាន​ចូល​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាលពី​ចុងខែ​មិថុនា។ ក្នុងចំណោម​អ្នកជំងឺ​ខាងលើ ម្នាក់​មាន​អាយុ ៥១ ឆ្នាំ និង​ម្នាក់ទៀត​មាន​អាយុ ២៦ ឆ្នាំ។

    បច្ចុប្បន្ន មនុស្ស​យ៉ាងហោច ៩០ នាក់​ដែល​ប៉ះពាល់​ផ្ទាល់​ជាមួយ​អ្នកជំងឺ​ខាងលើ ត្រូវ​បានកំណត់​អត្តសញ្ញាណ​រួចហើយ និង​កំពុងស្ថិត​ក្នុងការ​តាមដាន​របស់​ក្រុមមន្ត្រី​សុខាភិបាល​ក្នុងស្រុក និង WHO។ WHO ក៏​កំពុង​ជួយ​ដល់ ហ្កា​ណា ក្នុងការ​ទប់ស្កាត់​ការឆ្លង​រាលដាល​របស់​វីរុស​នេះ។

    វីរុស​ម៉ា​ប៊ឺ​ក ត្រូវបាន WHO បរិយាយ​ថា​ជា​ជំងឺគ្រុនឈាម​មួយ​ប្រភេទ​កើតឡើង​ដោយសារ​វីរុស​ដែលមាន​សមត្ថភាព​ឆ្លង​រាលដាល​ខ្ពស់​ដូច​ទៅនឹង​វីរុស EBOV ដែល​បង្ក​ជំងឺ​អេ​បូ​ឡា។ វីរុស​ម៉ា​ប៊ឺ​ក អាច​ឆ្លង​ពី​សត្វ​មក​មនុស្ស តាមរយៈ​ការប៉ះពាល់​ធាតុ​រាវ​របស់​រាងកាយ​សត្វ និង​ឆ្លង​រាលដាល​ពី​មនុស្ស​ទៅ​មនុស្ស។

    អ្នក​ឆ្លង​ជំងឺ​នេះ​នឹង​ធ្លាក់ខ្លួន​ឈឺភ្លាមៗ ដោយមាន​អាការរោគ ក្ដី​ខ្លួន​ខ្លាំង ឈឺក្បាល​ខ្លាំង និង​ពិបាក​ក្នុង​ខ្លួន។ អ្នកជំងឺ​អាចមាន​រោគសញ្ញា​ចេញឈាម​ក្នុង​រង្វង់ ៧ ថ្ងៃ​បន្ទាប់ពី​បាន​ឆ្លង​វីរុស​ម៉ា​ប៊ឺ​ក។

    ស្ថាប័ន​សុខាភិបាល​របស់ ហ្កា​ណា បាន​ណែនាំ​ថា «ប្រជាជន​គួរតែ​ចៀសវាង​ល្អាង​ដែលមាន​សត្វ​ប្រចៀវ​រស់នៅ ហើយ​ត្រូវ​ច​ម្អិ​ត​សាច់​ឱ្យបាន​ឆ្អិត​ល្អ​មុនពេល​បរិភោគ»។

    អត្រា​នៃ​ការស្លាប់​ដោយសារ​ឆ្លង​វីរុស​ម៉ា​ប៊ឺ​ក គឺ​ចាប់ពី ២៤% ដល់ ៨៨% អាស្រ័យទៅលើ​ប្រភេទ​វីរុស នៅក្នុង​ការផ្ទុះ​ឆ្លង​រាលដាល​មុន​នោះ ប៉ុន្តែ បច្ចុប្បន្ន​ពុំទាន់​មាន​វ៉ាក់សាំង ឬ​វិធី​ព្យាបាល​ផ្លូវការ​ណាមួយ​សម្រាប់​ជំងឺ​នេះ​នៅឡើយ។

    យោងតាម WHO ការផ្ទុះ​ឆ្លង​រាលដាល​ដំបូង​នៃ​វីរុស​ម៉ា​ប៊ឺ​ក ត្រូវបាន​រកឃើញ​នៅក្នុង ប្រទេស​អាល្លឺម៉ង់ កាលពី​ឆ្នាំ ១៩៦៧។ ចាប់ពីពេលនោះ​មក ក៏មាន​ការផ្ទុះ​ឆ្លង​រាលដាល​រប៉េះរប៉ោះ​ដែល​ត្រូវបាន​គេ​រកឃើញ​នៅ អង់​ហ្គោ​ឡា, សាធារណរដ្ឋ​កុង​ហ្គោ, កេ​ន​យ៉ា, អាហ្វ្រិក​ខាងត្បូង និង អ៊ូ​ហ្ក​ង់​ដា។ ប្រទេស​ដែលមាន​អ្នកស្លាប់​ច្រើនជាងគេ​ដោយសារ​វីរុស​ម៉ា​ប៊ឺ​ក គឺ ប្រទេស​អង់​ហ្គោ​ឡា ដោយមាន​អ្នកស្លាប់​ចំនួន​ជាង ២០០ នាក់ កាលពី​ឆ្នាំ ២០០៥៕

  • តម្លៃ​ប្រេង​នៅ អាស៊ី កើន ក្នុង​ថ្ងៃទី ១៨ កក្កដា ដោយសារ​ប្រភព​ផ្គត់ផ្គង់​ត្រូវបាន​រឹតបន្តឹង

    តម្លៃ​ប្រេង​នៅ អាស៊ី កើន ក្នុង​ថ្ងៃទី ១៨ កក្កដា ដោយសារ​ប្រភព​ផ្គត់ផ្គង់​ត្រូវបាន​រឹតបន្តឹង

    ក្នុងការ​ជួញដូរ​នា​ថ្ងៃទី ១៨ កក្កដា តម្លៃ​ប្រេង​នៅ អាស៊ី មានការ​កើនឡើង ដោយសារតែ ប្រាក់​ដុល្លារ​អាម៉េរិក ធ្លាក់​ថ្លៃ និង​ប្រភព​ផ្គត់ផ្គង់​ត្រូវបាន​រឹតបន្តឹង ដែល​នេះ​បាន​ជួយ​ទប់​ទល់នឹង​ក្ដីបារម្ភ​អំពី​ឱនភាព​សេដ្ឋកិច្ច រួម​នឹង​លទ្ធភាព​នៃ​ការដាក់​បម្រាម​គោចរ​ទាក់ទិន​នឹង​បញ្ហា​កូ​វីដ-១៩ នៅ ប្រទេស​ចិន។

    នៅវេលា​ម៉ោង​ប្រហែល ១៣ និង ៥០ នាទី (នៅ កម្ពុជា) តម្លៃ​ប្រេង Brent ប្រគល់​ក្នុង​ខែកញ្ញា កើន ២.៥៤ ដុល្លារ​អាម៉េរិក (២.៥%) និង​ត្រូវបាន​លក់​ក្នុងតម្លៃ ១០៣.៧ ដុល្លារ/ធុង។ ចំណែក​ប្រេង WTI ប្រគល់​ក្នុង​ខែសីហា ឡើងថ្លៃ ២.៣១ ដុល្លារ (២.៤%) និង​លក់​ក្នុងតម្លៃ ៩៩.៩០ ដុល្លារ/ធុង។

    កាលពី​សប្ដាហ៍​កន្លង តម្លៃ​ប្រេង Brent និង WTI បាន​ធ្លាក់​ថ្លៃ​មក​នៅ​ទាប​បំផុត​បើ​គិត​តាម​សប្ដាហ៍​នៅក្នុង​អំឡុង​ប្រហែល​មួយខែ​កន្លង ដោយសារតែ​ការបារម្ភ​អំពី​វិបត្តិ​សេដ្ឋកិច្ច។ ទន្ទឹមនឹង​មូលហេតុ​ខាងលើ ការដែល​តំបន់​ជាច្រើន​នៅ ប្រទេស​ចិន បន្ត​ស្នើឱ្យ​ធ្វើតេស្ត​កូ​វីដ-១៩ ក្នុង​ទ្រង់ទ្រាយ​ធំ ក៏បាន​បណ្ដាលឱ្យមាន​ក្ដីបារម្ភ​អំពី​តម្រូវការ​ប្រើប្រាស់​ប្រេងសាំង​ថត​ចុះ​នៅ​ប្រទេស​នេះ​ផងដែរ។

    ក៏ប៉ុន្តែ ព្រោះតែ​ប្រភព​ផ្គត់ផ្គង់​នៅតែ​ត្រូវបាន​រឹតបន្តឹង ដូចនេះ តម្លៃ​ប្រេង​ក៏​មិនអាច​បន្ត​ធ្លាក់​ថ្លៃ។ ដំណើរ​ទស្សនកិច្ច​រប​ស់ ប្រធានាធិបតី​អាម៉េរិក ទៅកាន់ មជ្ឈិមបូព៌ា ពិសេស​គឺ អា​រ៉ា​ប៊ី​សា​អូឌីត មិន​ទទួលបាន​ផ្លែផ្កា​អ្វី​ទាក់ទង​នឹង​បរិមាណ​ប្រេង។ អង្គការ​នៃ​បណ្ដា​ប្រទេស​នាំចេញ​ប្រេង (OPEC) មិនបាន​សន្យា​លើ​ការបង្កើន​បរិមាណ​ប្រេង។

  • សៀមរាប​ឈរលើ​ទីក្រុង​សេ​អ៊ូ​ល ក្នុង​បញ្ជី​ចំណាត់ថ្នាក់ «ទីក្រុង​ទេសចរណ៍​ល្អ​ជាងគេ​ក្នុង​ពិភពលោក»

    សៀមរាប​ឈរលើ​ទីក្រុង​សេ​អ៊ូ​ល ក្នុង​បញ្ជី​ចំណាត់ថ្នាក់ «ទីក្រុង​ទេសចរណ៍​ល្អ​ជាងគេ​ក្នុង​ពិភពលោក»

    ទីក្រុង​សៀមរាប របស់ កម្ពុជា ជាប់​ចំណាត់ថ្នាក់​ទី ១៥ ក្នុងចំណោម​ទីក្រុង​ទេសចរណ៍​ល្អ​បំផុត​ទាំង ២៥ នៅក្នុង​ពិភពលោក នេះ​បើតាម​ទំព័រ Tourist + Leisure ចេញផ្សាយ​កាលពី​សប្តាហ៍​កន្លង។

    ដោយ​ទទួលបាន​ពិន្ទុ ៨៩.៦៦ ទីក្រុង​សៀមរាប បាន​ឈរលើ ទីក្រុង​សេ​អ៊ូ​ល (Seoul) នៃ​សាធារណរដ្ឋ​កូរ៉េ (កូរ៉េខាងត្បូង) ដែល​ទទួលបាន ៨៩.៣១ ពិន្ទុ។ ក្នុង​បញ្ជី​ចំណាត់ថ្នាក់​នេះ សៀមរាប ឈរ​បន្ទាប់ពី ទីក្រុង​ក្យូ​តូ របស់ ប្រទេស​ជប៉ុន (៨៩.៧៧)។

    ចំណែក​ទីក្រុង អូ​ហ្សា​កា (Oaxaca) របស់ ប្រទេស​ម៉ិ​ក​ស៊ិ​ក វិញ ជាប់​ចំណាត់ថ្នាក់​លេខ ១ ដោយ​ទទួលបាន  ៩២.៩៦ ពិន្ទុ។ ទីក្រុង​ជួប​ហ្សា​ណា (Ljubljana) របស់ ប្រទេស​ស្លូ​វេ​នី ស្ថិតនៅ​លេខ​រៀង​ទី ២៥ ដោយ​ទទួលបាន ៨៨.៤៩ ពិន្ទុ។

    នៅ​ប្រទេសជិតខាង​របស់ កម្ពុជា ទីក្រុង​ឈៀង​ម៉ៃ របស់ ប្រទេស​ថៃ ជាប់​លេខ ៧ ខណៈ ហាណូយ របស់ វៀតណាម ជាប់​លេខ ២០។

    ការស្ទង់មតិ​នៅលើ​ទំព័រ Tourist + Leisure អ្នកបោះឆ្នោត​ត្រូវបាន​ស្នើឱ្យ​វាយតម្លៃ​លើ សណ្ឋាគារ ភោជនីយដ្ឋាន បេតិកភណ្ឌ​វប្បធម៌ ភាព​ទាក់ទាញ និង​វិធាន​ការការពារ​ជំងឺ​កូ​វីដ-១៩ ជាដើម របស់​ទីក្រុង​ទេសចរណ៍នីមួយៗ នៅលើ​សកល​លក៕