សហភាព​អឺរ៉ុប អនុម័ត​កញ្ចប់​ទណ្ឌកម្ម​ទី៧ ប្រឆាំងនឹង សហព័ន្ធរុស្ស៊ី

តំណាង​ជាន់ខ្ពស់​ ទទួល​បន្ទុក​គោលនយោបាយ​សន្តិសុខ និង​ការបរទេស​របស់ សហភាព​អឺរ៉ុប លោក Josep Borrell

កាលពី​ថ្ងៃទី ១៨ កក្កដា ក្នុង​សន្និបាត​រដ្ឋមន្ត្រីការបរទេស​របស់ សហភាព​អឺរ៉ុប (EU) ក្រុមមន្ត្រី​តំណាង​ប្រទេស​នានា បាន​ឯកភាពគ្នា​លើ​កញ្ចប់​ទណ្ឌកម្ម​ទី ៧ ដើម្បី​ប្រឆាំងនឹង រុស្ស៊ី ក្នុងនោះ​មាន​ទាំង​វិធានការ​ទណ្ឌកម្ម​សំដៅលើ​អង្គការ និង​បុគ្គល​ជាច្រើន​បន្ថែមទៀត​របស់ រុស្ស៊ី ក៏ដូចជា​ការហាម​នាំចូល​មាស​ពី​ប្រទេស​នេះ​ផងដែរ។

រដ្ឋមន្ត្រី​ក្រសួងការបរទេស​ឆែក ដែលជា​ប្រធាន​ប្ដូរ​វេន​របស់ EU បានឱ្យដឹងថា សហភាព​អឺរ៉ុប ត្រូវការ​កំណត់ឡើង​វិញ​នូវ​ទំនាក់ទំនង​ជាមួយ ទីក្រុង​មូ​ស្គូ បន្ទាប់ពី​មាន​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន។ យោងតាម​រដ្ឋមន្ត្រី Lipavsky នៅ​ចំពោះមុខ​សកម្មភាពថ្មីៗនេះ​របស់ រុស្ស៊ី បណ្ដា​គោលការណ៍ និង​វិធី​ប្រព្រឹត្ត​របស់ EU ចំពោះ រុស្ស៊ី ទៅតាម​មូលដ្ឋាន​ចាស់ គឺ​លែង​ត្រូវបាន​អនុវត្ត​ទៀតហើយ។ សហភាព​អឺរ៉ុប ត្រូវការ​ពិនិត្យ​យុទ្ធសាស្ត្រ​យូរអង្វែង នៅក្នុង​ការ​ទប់​ទល់នឹង ទីក្រុង​មូ​ស្គូ។

នៅក្នុង​កិច្ចប្រជុំ វិធានការ​ដាក់ទណ្ឌកម្ម​ថ្មី​ចំពោះ រុស្ស៊ី ជា​មូលដ្ឋាន ត្រូវបានធ្វើ​បច្ចុប្បន្នភាព​ទៅតាម​គោលការណ៍​មុន​នោះ និង​ពុំ​មានការ​រឹតបន្តឹង​ណាមួយ​ទាក់ទិន​នឹង​បញ្ហា​នាំចូល​ថាមពល។

រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី Szijjarto យល់ថា កញ្ចប់​ទណ្ឌកម្ម​ថ្មី​មិន​រួមបញ្ចូល​ទណ្ឌកម្ម​ដែល​ទាក់ទិន​នឹង​បណ្ដា​ធនាគារ Gazprombank របស់ រុស្ស៊ី។ ប៉ុន្តែ មានការ​កែប្រែ​មួយចំនួន ដូចជា ការហាម​នាំចូល​មាស​ពី ប្រទេស​រុស្ស៊ី និង​ការ​រឹតត្បិត​លើ​ការជួញដូរ​ផលិតផល​ដែល​ត្រូវបាន​ប្រើប្រាស់​ក្នុង​វិស័យ​ឧស្សាហកម្ម​យោធា និង​ការពារជាតិ។ល។

កញ្ចប់​ទណ្ឌកម្ម​ថ្មី​នេះ​ក៏បាន​បន្ថែម​បុគ្គល​ចំនួន ៤៨ នាក់ និង​អង្គការ​ឯកជន​ចំនួន ៩ ស្ថាប័ន​របស់ រុស្ស៊ី ទៅក្នុង​បញ្ជី​ទណ្ឌកម្ម​ចាស់  ក្នុងនោះ​ក៏មាន ឧបនាយករដ្ឋមន្ត្រី​ម្នាក់​របស់ រុស្ស៊ី និង​មេដឹកនាំ​នយោបាយ​ជាច្រើនរូប​ផ្សេងទៀត។

ជាង​នេះ EU ក៏បាន​អនុម័ត​លើ​ការសម្រេចចិត្ត​បែងចែក​ថវិកា ៥០០ លាន​អឺរ៉ូ ពី​មូលនិធិ​សន្តិភាព សម្រាប់​ជួយ​ដល់ អ៊ុយ​ក្រែ​ន ដើម្បី​បង្កើន​សមត្ថភាព​ការពារ​ប្រទេសជាតិ នៅក្នុង​សង្គ្រាម​បច្ចុប្បន្ន៕

Advertisement