ព្រៃឈើ​ជាង ១៧,០០០ ហិកតា ត្រូវ​ភ្លើង​ឆេះ​ខ្ទេច ខណៈ​ពលរដ្ឋ​រាប់ម៉ឺន​នាក់​ត្រូវ​ភៀសខ្លួន ​ព្រោះ​មេឃ​ក្ដៅ​ខ្លាំង

ប្រទេស​បារាំង កាលពី​ថ្ងៃទី ១៨ កក្កដា បាន​ឆ្លងកាត់​រលក​កម្ដៅ​កម្រិត​ខ្ពស់ នៅពេល​សីតុណ្ហភាព​នៅ​តំបន់​ខ្លះ​ឡើងដល់​ជាង ៤០ អង្សា​សេ ទន្ទឹមនឹង​បញ្ហា​ភ្លើង​ឆេះ​ព្រៃ​នៅ​ភាគ​និរតី​នៅតែ​បន្ត​រាលដាល ធ្វើឱ្យ​ព្រៃ​ជាង ១៧,០០០ ហិកតា​ត្រូវ​ឆេះ​ខ្ទេច និង​បង្ខំ​ឱ្យ​ប្រជាជន​ជាង ៣២,០០០ នាក់ ត្រូវ​ភៀសខ្លួន​ជាបន្ទាន់។

យោងតាម​ប្រភពព័ត៌មាន​ពី ប្រទេស​បារាំង ក្នុង​ថ្ងៃទី ១៨ កក្កដា សីតុណ្ហភាព​ឡើងដល់​ជាង ៤០ អង្សា​សេ បាន​កើតឡើង​នៅតាម​បណ្ដោយ​ឆ្នេរសមុទ្រ​ភាគ​ខាងលិច ជាប់​នឹង​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ករ​បស់ បារាំង ដែល​អូសបន្លាយ​ពី​ភាគ​ពាយព្យ ចុះមក​ភាគ​និរតី ក្នុងនោះ សីតុណ្ហភាព​នៅ​ទីក្រុង Nantes ឡើងដល់ ៤២ អង្សា​សេ និង​តំបន់ Biscarrosse ឡើងដល់ ៤២.៦ អង្សា​សេ។ សីតុណ្ហភាព​ក្បែរ ៤០ អង្សា​សេ​ក៏​ត្រូវបាន​កត់ត្រា​នៅក្នុង​ទីក្រុង​រាប់សិប​ផ្សេងទៀត​ក្នុង​តំបន់ Bretagne និង​នៅ រដ្ឋធានី​ប៉ារីស ផងដែរ។

ក្នុងថ្ងៃនេះ (១៩ កក្កដា) កម្ដៅ​ខ្ពស់​នឹង​បន្ត​កើត​មាននៅ ប្រទេស​បារាំង ប៉ុន្តែ វា​ផ្លាស់​ទី​បន្តិចម្ដងៗទៅកាន់​បណ្ដា​ខេត្ត​នៅ​ភាគ​ខាងកើត។ ចំណែក ទីក្រុង​ប៉ារីស ថ្ងៃនេះ សីតុណ្ហភាព​អាច​ឡើងដល់ ៤១ អង្សា​សេ។

អាកាសធាតុ​ក្ដៅ​ខ្លាំង ធ្វើឱ្យ​ភ្លើងព្រៃ​ដែល​កំពុង​ឆេះ កាន់​តែមាន​សភាព​ធ្ងន់ធ្ងរ។ ក្នុង​ខេត្ត Gironde នៅ​ភាគ​និរតី ភ្លើងព្រៃ​បាន​ដុតបំផ្លាញ​ព្រៃឈើ​អស់​ជាង ១៧,០០០ ហិកតា និង​បាន​បណ្ដាលឱ្យ​ប្រជាជន ក៏ដូចជា​ទេសចរ​ជាង ១៦,០០០ នាក់​ទៀត ត្រូវ​ភៀសខ្លួន។ រាប់​ចាប់ពី​ថ្ងៃទី ១២ កក្កដា មាន​ប្រជាជន​ជាង ៣២,០០០ នាក់ បាន​រត់​ចោលផ្ទះ និង​ទីតាំង​បោះតង់​លម្ហែកាយ។

ក្រុមមន្ត្រី​បារាំង បាន​បញ្ជូន​កម្លាំង​ជិត ២,០០០ នាក់ និង​ប្រើប្រាស់​យន្តហោះ​ពន្លត់​អគ្គិភ័យ​ស្ទើរតែ​ទាំងអស់​ដើម្បី​ចូលរួម​ពន្លត់​ភ្លើងព្រៃ ប៉ុន្តែ មិនទាន់​គ្រប់គ្រង​ស្ថានការណ៍​បាន​នៅឡើយ៕

Advertisement