គ្រឿងអលង្ការ​តម្លៃ​រយ​លាន​ដុល្លារ​ត្រូវគេ​ប្លន់​យក​យ៉ាង​សម្ងាត់ ក្រោយ​ពិធី​តាំងពិព័រណ៍​បានបញ្ចប់

(សហរដ្ឋ​អាម៉េរិក)-គ្រឿងអលង្ការ និង​ត្បូង​មានតម្លៃ​ខ្ទង់រយ​លាន​ដុល្លារ​អាម៉េរិក ដែលជា​កម្មសិទ្ធិ​របស់​បណ្ដា​ក្រុមហ៊ុន​ចូលរួម​ដាក់តាំង​បង្ហាញ​ក្នុង​ព្រឹត្តិការណ៍​តាំងពិព័រណ៍​លក់រាយ California កាលពីពេល​ថ្មី ៗនេះ ត្រូវបាន​ចោរលួច​យកទៅ​​បាត់ ​នៅ​ពេល​​កំពុង​​ដឹក​ក្នុង​រថយន្ត​មួយគ្រឿង​ឆ្ពោះទៅ​ទិស​ខាងជើង​ដើម្បី​ទៅកាន់ Los Angeles។

ករណី​លួច​នេះ​បានកើត​ឡើង​នៅ​ព្រឹក​ព្រលឹម ថ្ងៃទី ១១ កក្កដា ក្នុង​ទីក្រុង Frazier Park នៅពេល​រថយន្ត​ឯកទេស​​របស់ Brink Co’s ដែល​ដឹក​គ្រឿងអលង្ការ និង​ត្បូង​មានតម្លៃ​ទាំងនេះ ទៅកាន់​ឃ្លាំង​មួយកន្លែង។

​អ្នកស្រី Brandy Swanson ប្រធាន​ក្រុមហ៊ុន International Gem & Jewelry Show ដែល​ជំនាញ​ក្នុងការ​រៀបចំ​ពិធី​តាំងពិព័រណ៍​លក់រាយ​នៅ សហរដ្ឋ​អាម៉េរិក បានឱ្យដឹងថា គ្រឿងអលង្ការ និង​ត្បូង​ប្រហែល​ពី ២៥ ទៅ ២០ ប្រអប់ របស់ ១៨ ក្រុមហ៊ុន ដែល​បាន​ចូលរួម​ដាក់តាំង​ក្នុង​ពិព័រណ៍​នៅ San Mateo ភាគខាងត្បូង​នៃ​ទីក្រុង San Francisco ត្រូវបាន​គេ​លួច​យកទៅ​បាត់ស្រមោល។ វត្ថុ​មានតម្លៃ​ទាំងនេះ​ត្រូវបាន​ដឹក​ទៅកាន់​ឃ្លាំង​មួយ មុនពេល​បន្ត​នាំយកទៅ​ទីតាំង​ពិព័រណ៍​មួយកន្លែង​ផ្សេងទៀត​នៅ Pasadena។

រថយន្ត​មួយ​គ្រឿង​របស់​ក្រុម​ហ៊ុន​សន្តិសុខ Brinks

យោងតាម​ប្រកាស​របស់ Brink វត្ថុ​មានតម្លៃ​ដែល​ត្រូវគេ​លួច​នេះ មានតម្លៃ​មិន​ដល់ ១០ លាន​ដុល្លារ ប៉ុន្តែ អ្នកស្រី Swason បានកំណត់​តម្លៃ​ជិត ១០០ លាន​ដុល្លារ។ បច្ចុប្បន្ន ភាគី​ខាង​ក្រុមហ៊ុន​ការពារ​សន្តិសុខ មិនទាន់មាន​ប្រតិកម្ម​អ្វី​​នៅ​ឡើយ ទាក់​ទិន​​នឹង​​ហេតុការណ៍​នេះ។

ទាក់ទង​នឹង​ប្រកាស​របស់ Brink អ្នកស្រី Swason បកស្រាយ​ថា ក្រុមហ៊ុន​មួយចំនួន​ដែល​បាន​ចូលរួម​តាំងពិព័រណ៍ តែងតែមាន​ចេតនា​ប្រកាស​តម្លៃ​ទាប​ជាង​ធៀប​នឹង​ជាក់ស្ដែង​ដើម្បី​កាត់បន្ថយ​ការចំណាយ​លើ​ថ្លៃ​ធានារ៉ាប់រង។

បច្ចុប្បន្ន សមត្ថកិច្ច​មិនទាន់​ដឹង​ច្បាស់​ថា ក្រុមចោរ​បាន​ចូល​គ្រប់គ្រង​រថយន្ត​ដឹក​គ្រឿងអលង្ការ​នេះ​បាន​ដោយ​វិធី​ណា ហើយក៏​មិនដឹងថា ក្នុង​រថយន្ត​នេះ​មាន​កាមេរ៉ា ឬ​ប្រព័ន្ធ​កំណត់ តាមដាន​ទិសដៅ​ដែរ ឬ​យ៉ាងណា​នៅ​ឡើយ៕

Advertisement