សហរដ្ឋ​អាម៉េរិក សម្រួល​នីតិវិធី​សុំ​ទិដ្ឋាការ​ពិសេស សម្រាប់ ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន

រដ្ឋមន្ត្រីការបរទេស​អាម៉េរិក Antony Blinken

ចាប់ពី​សប្ដាហ៍​នេះ ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន ដែល​សុំ​ទិដ្ឋាការ​នឹងមិន​ត្រូវតម្រូវ​ឱ្យបំពេញ​ឯកសារ​ទៅតាម​ទម្រង់​ដោយឡែក ដើម្បីឱ្យ​ពួកគេ​ទទួលបាន​គោលនយោបាយ​ពិសេស​ក្នុង​ការចូល​ទៅកាន់​ទឹកដី​របស់ សហរដ្ឋ​អាម៉េរិក។

ក្រសួង​សន្តិសុខ​មាតុភូមិ​អាមេរិក ថ្ងៃទី ១៩ កក្កដា​នេះ បានឱ្យដឹងថា អាជ្ញាធរ​ប្រទេស​នេះ​នឹង​សម្រួល​នីតិវិធី​សុំ​ទិដ្ឋាការ (វី​សា) ពិសេស​សម្រាប់ ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន ក្នុងនោះ អ្នកស្នើសុំ​ទិដ្ឋាការ​គ្រាន់តែ​បំពេញ និង​ដាក់ពាក្យ​ទៅតាម​ទម្រង់​ឯកសារ​តែមួយគត់។

ក្នុង​សេចក្ដីប្រកាស​រួមមួយ រដ្ឋមន្ត្រីការបរទេស​អាម៉េរិក Antony Blinken និង រដ្ឋមន្ត្រី​សន្តិសុខ​មាតុភូមិ​អាម៉េរិក Alejandro Mayorkas ឱ្យដឹងថា ចាប់ពី​សប្ដាហ៍​នេះ ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន ដែល​សុំ​ទិដ្ឋាការ​នឹងមិន​ត្រូវតម្រូវ​ឱ្យបំពេញ​ឯកសារ​ទៅតាម​ទម្រង់​ដោយឡែក​ដូច​មុន​ទៀតឡើយ។ នេះ​គឺជា​គោលការណ៍​ពិសេស​ដែល​ពួកគេ​ទទួលបាន​ក្នុង​ការចូល​ទៅកាន់ សហរដ្ឋ​អាម៉េរិក ក្រោយពី​របប​ប្រជាធិបតេយ្យ​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន បាន​ដួលរលំ និង​ជំនួស​ដោយ របប​តា​លី​បង់ ដែល​ប្រកាន់​តឹង។

ការសម្រួល​នីតិវិធី​សុំ​ទិដ្ឋាការ​នេះ នឹង​ជួយ​បង្កើន​ប្រសិទ្ធភាព​ក្នុងការ​កាត់បន្ថយ​ឧបសគ្គ និង​ព​ន្លឿ​ន​ដំណើរការ​នៃ​ការផ្ដល់​ទិដ្ឋាកា ជូន ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន ដែល​ភាគច្រើន​ចង់​ចាក​ចេញពី របប​តា​លី​បង់ សព្វថ្ងៃ៕

Advertisement