Author: សឿន សំណាង

  • គម្រោង​ស្ដារ​គុណភាព​កំណាត់​ផ្លូវ​លេខ ១៤៦បេ និង​ផ្លូវ​លេខ ១៤៨ សម្រេច បាន ៩៩,៨១% ហើយ

    គម្រោង​ស្ដារ​គុណភាព​កំណាត់​ផ្លូវ​លេខ ១៤៦បេ និង​ផ្លូវ​លេខ ១៤៨ សម្រេច បាន ៩៩,៨១% ហើយ

    នា​ព្រឹក​ថ្ងៃទី ២០ កក្កដា ២០២២ ឯកឧត្ដម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ដឹកនាំ​ក្រុមការងារ​ពាក់ព័ន្ធ អញ្ជើញ​ចុះ​ពិនិត្យ​គម្រោង​ធ្វើឱ្យ​ប្រសើរឡើង​កំណាត់​ផ្លូវ​លេខ ១៤៦បេ (វិថី​សម្ដេច​សង្ឃរាជ​ទេព​វង្ស) និង​ផ្លូវ​លេខ ១៤។

    ក្នុង​ការចុះពិនិត្យ​វឌ្ឍនភាព​ការងារ​សាងសង់ និង​ផ្ទៀងផ្ទាត់​គុណភាព​នៃ​គម្រោង​ខាងលើ រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានឱ្យដឹងថា ផ្លូវ​នេះ​សាងសង់​បានល្អ មានគុណ​ភាពរឹងមាំ ក្រោយ​ការធ្វើ​តេស្ត​សាកល្បង​ចំនួន ៤១៤ កន្លែង ក្នុងនោះ​មានតែ ២ កន្លែង​ប៉ុណ្ណោះ​ដែលមាន​គុណភាព​ក្រោម​កម្រិត​បច្ចេកទេស​បន្តិច ប៉ុន្តែ​អាច​ទទួលយកបាន។

    ចំពោះ​កំណាត់​ផ្លូវ​ក្រាល AC វិញ លោក​រដ្ឋមន្ត្រី​បាន​ថ្លែងថា កម្រិត​នៃ​ភាព​រលាក់ IRI មានតម្លៃ​តូច​ជាង ២m/km ដែល​ស្ថិតក្នុង​កម្រិត​ល្អ​ណាស់។ រីឯ​ផ្លូវ​បេតុង លទ្ធផល​នៃ​ការពិនិត្យ​កម្រិត​នៃ​ភាព​កកិត បាន​បង្ហាញថា តម្លៃ​នៃ​ភាព​កកិត​របស់​ផ្ទៃ​កម្រាល​បេតុង គឺ​ខ្ពស់ជាង​ស្តង់ដារ​ដែល​បានកំណត់។

    រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​បញ្ជាក់ថា ផ្លូវ​ខាងលើ​អាចជួយ​សម្រួល​ដល់​ឡាន​ដឹកទំនិញ​ធុន​ធ្ងន់​ធ្វើដំណើរ​វាង​ផ្លូវជាតិ​លេខ ៤ ដោយ​ជួយ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង​ការកកស្ទះ​ចរាចរណ៍​លើផ្លូវ​ជាតិ​នេះ។

    យោងតាម អគ្គនាយកដ្ឋាន​បច្ចេក​ទេស​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ការអនុវត្ត​គម្រោង​ធ្វើឱ្យ​ប្រសើរឡើង​កំណាត់​ផ្លូវ​លេខ ១៤៦បេ និង​ផ្លូវ​លេខ ១៤៨ នេះ សម្រេចបាន ៩៩,៨១% ហើយ គិត​ត្រឹម​ថ្ងៃទី ២០ កក្កដា​នេះ៕

  • កងទ័ព​អ៊ុយ​ក្រែ​ន ប្រកាស​ថាបាន ​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង Su-35S របស់ កងទ័ពរុស្ស៊ី

    កងទ័ព​អ៊ុយ​ក្រែ​ន ប្រកាស​ថាបាន ​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង Su-35S របស់ កងទ័ពរុស្ស៊ី

    កងទ័ព​អ៊ុយ​ក្រែ​ន បានប្រកាសថា ពួកគេ​បាន​បាញ់​ទម្លាក់​យន្តហោះ Su-35S របស់ កងទ័ព​រុស្ស៊ី នៅក្នុង​ខេត្ត Kherson ភាគខាងត្បូង​ប្រទេស។

    «អង្គភាព​មី​ស៊ី​ល​ការពារ​ដែនអាកាស​នៃ ទ័ពអាកាស​អ៊ុយ​ក្រែ​ន បាន​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​រុស្ស៊ី មួយគ្រឿង ដែល​ត្រូវ​បានដឹងថា​ជា​កំណែ Su-35S នៅ​តំបន់ Nova Kakhovka ក្នុង​ខេត្ត Kherson កាលពី​ព្រឹក​ថ្ងៃទី ១៩ កក្កដា នៅពេល​វា​កំពុង​រក​វិធី​វាយប្រហារ​លើ​យន្តហោះ​ចម្បាំង​របស់ អ៊ុយ​ក្រែ​ន។ រូបភាព​ពី​កន្លែងកើតហេតុ​បាន​បញ្ជាក់ថា យន្តហោះ​ត្រូវបាន​បាញ់​ទម្លាក់ ហើយ​អ្នកបើក​បរបាន​លោត​ចេញ​ដោយ​ប្រើ​ឆត្រយោង» បញ្ជាការដ្ឋាន​ទ័ពអាកាស​អ៊ុយ​ក្រែ​ន ប្រកាស​ដូច្នេះ។

    វីដេអូ​ដែល​ត្រូវបាន​ចែករំលែក​លើ​បណ្ដាញ​សង្គម​បង្ហាញថា យន្តហោះ​ត្រូវ​ឆាបឆេះ ធ្លាក់​ចុះដី និង​ផ្ទុះ​ខ្ទេច ប៉ុន្តែ​មិនដឹងថា​វា​ជា​យន្តហោះ​ប្រភេទ​ណា និង​គ្រប់គ្រង​ដោយ​អង្គភាព​ណា។ ឆត្រយោង​មួយ​ដែល​ត្រូវបាន​ជឿថា​ជា​របស់​អ្នកបើកបរ បាន​ទម្លាក់ខ្លួន​ចុះ​ពី​ទី​ខ្ពស់​នៅក្បែរនោះ មុនពេល​ឧទ្ធម្ភាគចក្រ Mi-24/35 ហោះ​ក្រឡឹង​កន្លែងកើតហេតុ។

    ក្រសួងការពារជាតិ​រុស្ស៊ី មិនទាន់មាន​ការអធិប្បាយ​អ្វី​នៅឡើយ ទាក់ទិន​នឹង​ការប្រកាស​របស់ ទ័ពអាកាស​អ៊ុយ​ក្រែ​ន។

    Su-35S គឺជា​យន្តហោះ​ចម្បាំង​ជំនា​ន់ទី ៤++ របស់ រុស្ស៊ី ដែលមាន​សមត្ថភាព​ប្រតិកម្ម​រហ័ស​កម្រិត​ខ្ពស់ និង​បំពាក់​ឧបករណ៍ទំនើប។ ទ័ពអាកាស​រុស្ស៊ី បាន​ប្រើប្រាស់​យន្តហោះ​នេះ​ចាប់ពី​ឆ្នាំ ២០១៣ ហើយ​បច្ចុប្បន្ន មាន ១០៣ គ្រឿង​កំពុង​ត្រូវបាន​ប្រើប្រាស់ និង​កំពុង​បញ្ជា​ទិញ ២៩ គ្រឿង​បន្ថែមទៀត។ Su-35S គឺជា​យន្តហោះ​ចម្បាំង​សំខាន់​លំដាប់​លេខ ១ របស់ កងទ័ព​រុស្ស៊ី នាបច្ចុប្បន្ន៕

    https://twitter.com/IAPonomarenko/status/1549461295870742529?s=20&t=4PovUTSjsAmQ4Ud6f-S0Yw

  • ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា គិត​ត្រឹម​វេលា​ទៀប​ភ្លឺ​ ​ថ្ងៃទី ២០ ខែ​កក្កដា ២០២២

    ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា គិត​ត្រឹម​វេលា​ទៀប​ភ្លឺ​ ​ថ្ងៃទី ២០ ខែ​កក្កដា ២០២២

    កម្ពុជា រកឃើញអ្នកឆ្លងកូវីដ-១៩ ករណី​ថ្មី ចំនួន ១៣ នាក់ទៀត ក្នុង​អំឡុង​ ២៤ ម៉ោង​នៃ​ថ្ងៃទី ១៩ ខែ​កក្កដា ២០២២ ដែលទាំង​នេះ​​សុទ្ធ​តែ​ជា​ករណី​ឆ្លង​ក្នុងសហគមន៍។

    ក្នុង​អំឡុង​ពេល​ដដែល ​ក៏​មាន​​​អ្នក​ជំងឺ​កូវីដ-១៩ ចំនួន ១៥ នាក់ទៀត បានជាសះស្បើយ និង​​​​មិនមានករណី​ស្លាប់​ថ្មី​ដោយ​សារ​ជំងឺ​នេះ​នៅឡើយ។

  • ការនាំចេញ​របស់ វៀតណាម នឹង​កើនឡើង​ជិត​ដល់ ៤០០ ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ ២០២២

    ការនាំចេញ​របស់ វៀតណាម នឹង​កើនឡើង​ជិត​ដល់ ៤០០ ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ ២០២២

    ការផលិត​ដែល​ត្រូវបាន​ស្ដារឡើងវិញ គ្រា​ដែល​ក្រុមហ៊ុន រោងចក្រ​អាចឆ្លើយតប​នឹង​ការបញ្ជាទិញ រួម​នឹង​ការប្រើ​ប្រាស់​​ប្រកប​ដោយ​​ប្រសិទ្ធភាព​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី គឺជា​មូលដ្ឋានគ្រឹះ​ដែល​ជួយ​ឱ្យ​ការនាំចេញ​របស់ វៀតណាម អាច​កើនឡើង​ជិត​ដល់ ៤ ពាន់​កោដិ (៤០០,០០០,០០០,០០០ ឬ ៤០០ ពាន់​លាន) ដុល្លារ​អាម៉េរិក ក្នុងឆ្នាំនេះ។

    ក្នុង​ ​៦ ខែ​ដើម​ឆ្នាំនេះ ការនាំចេញ​របស់ វៀតណាម បាន​ឡើង​ជិត​ដល់ ១៨៦ ពាន់​លាន​ដុល្លារ​អាម៉េរិក កើន ១៧.៣% ធៀប​នឹង​ដំណាក់​ដូចគ្នា​កាលពី​ឆ្នាំ ២០២១ ក្នុងនោះ​មាន​ទំនិញ ២៨ មុខ​ដែលមាន​ចំណូល​លើសពី ១ ពាន់​លាន​ដុល្លារ។ ទន្ទឹមនឹងនេះ វៀតណាម ក៏​ទទួលបាន​ការបញ្ជាទិញ​យ៉ាងច្រើន​ពី​បរទេស​សម្រាប់​ឆ្នាំនេះ។

    មន្ត្រីជាន់ខ្ពស់​របស់ ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម របស់ វៀតណាម បាន​វាយតម្លៃថា បណ្ដា​ក្រុមហ៊ុន​បាន​ប្រើប្រាស់​ប្រកបដោយ​ប្រសិទ្ធភាព​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (FTA) ដែល វៀត​ណា កំពុងមាន។ បច្ចុប្បន្ន ប្រទេស​នេះ​មាន FTA សរុប​ចំនួន ១៥ ដែល​កំពុង​អនុវត្ត និង ២ ទៀត​កំពុង​ចរចា។  FTA ទាំងនេះ​កំពុងតែ​ជួយ​ឱ្យ វៀតណាម នាំចេញ​ទំនិញ​បាន​កាន់តែច្រើន។

    យោងតាម ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​វៀតណាម សកម្មភាព​នាំចេញ​ក្នុង​រយៈពេល ៦ ខែ​ចុង​ឆ្នាំនេះ នឹង​បន្ត​កើនឡើង​ខ្ពស់ ដោយសារតែ​ការ​ងើបឡើង​នៃ​សេដ្ឋកិច្ចពិភពលោក​ក្រោយ​កូ​វីដ-១៩ និង​បណ្ដា FTA ដែល​ប្រទេស​នេះ​បាន​ចុះហត្ថលេខា ត្រូវបាន​អនុវត្ត​ពេញលេញ។

    ក្រសួង​ខាងលើ​បាន​ព្យាករ​ថា ការនាំចេញ​នាំចូល​សរុប​របស់ វៀតណាម ក្នុង​ឆ្នាំ ២០២២ អាច​លើសពី ៧០០ ពាន់​លាន​ដុល្លារ​អាម៉េរិក ក្នុងនោះ ការនាំចេញ​សរុប​នឹង​កើនឡើង​ជិត​ដល់ ៤០០ ពាន់​លាន​ដុល្លារ ហើយ វៀតណាម នឹង​បន្ត​ស្ថិតក្នុង Top 20 ស្ដីពី​បណ្ដា​ប្រទេស​ដែលមាន​ពាណិជ្ជកម្ម​អន្តរជាតិ​ធំជាងគេ​ក្នុង​ពិភពលោក៕

  • ម្សិលមិញ តម្លៃ​ប្រេង​រ៉ែ​ពិភពលោក​កើនឡើង ដោយសារ​បារម្ភ​អំពី​ប្រភព​ផ្គត់ផ្គង់

    ម្សិលមិញ តម្លៃ​ប្រេង​រ៉ែ​ពិភពលោក​កើនឡើង ដោយសារ​បារម្ភ​អំពី​ប្រភព​ផ្គត់ផ្គង់

    ការជួញដូរ​ក្នុង​ថ្ងៃទី ១៩ កក្កដា តម្លៃ​ប្រេង WTI របស់ សហរដ្ឋ​អាម៉េរិក ដែល​ប្រគល់​ក្នុង​ខែសីហា កើន ១.៦% ខណៈដែល​នៅ អង់គ្លេស តម្លៃ​ប្រេង Brent ប្រគល់​ក្នុង​ខែកញ្ញា កើន ១%។

    តម្លៃ​ប្រេង​រ៉ែ​ពិភពលោក​ក្នុងការ​ជួញដូរ​ថ្ងៃទី ១៩ កក្កដា បាន​កើន​បន្តិច ក្នុង​គ្រា​ដែល​នៅមាន​ការបារម្ភ​អំពី​ការ​រឹតបន្តឹង​ប្រភព​ផ្គត់ផ្គង់ ដែល​ជះឥទ្ធិពល​ដល់ទី​ផ្សារ។

    ជាក់ស្ដែង តម្លៃ​ប្រេង West Texas Intermediate (WTI) របស់ សហរដ្ឋ​អាម៉េរិក ប្រគល់​ក្នុង​ខែសីហា បាន​កើន ១.៦២ ដុល្លារ (ស្មើនឹង ១.៦%) ដោយ​បញ្ចប់​ការជួញដូរ​ក្នុងតម្លៃ ១០៤.២២ ដុល្លារ/ធុង នៅក្នុង​ទីផ្សារ New York។ ចំណែក​នៅ ទីក្រុង​ឡុង​ដ៍ (អង់គ្លេស) តម្លៃ​ប្រេង Brent ប្រគល់​ក្នុង​ខែកញ្ញា ក៏បាន​កើន ១.០៨ ដុល្លារ (ស្មើនឹង ១%) និង​​បញ្ចប់​​ការ​ជួញ​ដូរ​​ក្នុងតម្លៃ ១០៧.៣៥ ដុល្លារ/ធុង។

    មុន​នោះ ក្នុងការ​ជួញដូរ​ថ្ងៃទី ១៨ កក្កដា ប្រេង WTI និង ប្រេង Brent សុទ្ធតែ​កើន​លើសពី ៥%។ តម្លៃ​ប្រេង​បាន​ងើបឡើង​វិញទៀត នៅពេល​ការបារម្ភ​អំពី​ការ​រឹតបន្តឹង​ប្រភព​ផ្គត់ផ្គង់ ធំ​ជាង​ការបារម្ភ​ដែលថា តម្រូវការ​ប្រើប្រាស់​នឹង​ថយចុះ​នៅ​ចំពោះមុខ​ហានិភ័យ​កើតមាន​វិបត្តិ​សេដ្ឋកិច្ច។

    ក្រុមអ្នកវិភាគ​របស់​ធនាគារ Goldman Sachs (សហរដ្ឋ​អាម៉េរិក) ថ្មីៗនេះ​យល់ថា ទីផ្សារ​ប្រេង​ប្រគល់ភ្លាមៗកំពុងតែ​ស្ថិតក្នុង​ស្ថានភាព​ត្រូវ​រឹតបន្តឹង ក្នុងនោះ តម្លៃ​ប្រេង Brent ប្រគល់ភ្លាមៗខុសគ្នា​ឆ្ងាយ​ធៀប​នឹង​តម្លៃ​ប្រេង​ប្រគល់​មាន​កាលកំណត់។

    តម្លៃ​ប្រេង​ក៏​ទទួលបាន​អំណោយផល នៅពេលដែល​ប្រាក់ ដុល្លារ​អាម៉េរិក ធ្លាក់​ថ្លៃ និង​ទំនុកចិត្ត​របស់​អ្នកវិនិយោគ​មានការ​កើនឡើង នេះ​បើតាម​លោក Carsten Fritsch ដែលជា​អ្នកវិភាគ​ថាមពល​ប្រចាំ​ក្រុមហ៊ុន Commerzbank Research (អាល្លឺម៉ង់)៕

  • ភាគហ៊ុន​ពិភពលោក នាំគ្នា​ងើបឡើង​នៅក្នុង​ការជួញដូរ​ថ្ងៃទី ១៩ កក្កដា

    ភាគហ៊ុន​ពិភពលោក នាំគ្នា​ងើបឡើង​នៅក្នុង​ការជួញដូរ​ថ្ងៃទី ១៩ កក្កដា

    ក្នុង​ថ្ងៃទី ១៩ ខែកក្កដា ស​ន្ទ​ស្សន៍ DAX 30 របស់ អាល្លឺម៉ង់ បាន​កើន ២.៧% ខណៈដែល​នៅ សហរដ្ឋ​អាម៉េរិក ស​ន្ទ​ស្សន៍សំខាន់ៗក៏​សុទ្ធតែ​ងើបឡើង​ជាង ២%។

    ការ​ងើបឡើង​នៃ​តម្លៃ​ភាគហ៊ុន​ក្នុងការ​ជួញដូរ​ថ្ងៃទី ១៩ កក្កដា កើតឡើង​នៅពេល​ក្រុម​អ្នកវិនិយោគ​ផ្ដោតទៅលើ​កិច្ចប្រជុំ​សំខាន់​នៃ ធនាគារកណ្ដាល​របស់ អឺរ៉ុប (ECB) កាលពី​ចុង​សប្ដាហ៍។

    ភាគហ៊ុន​នៅ អឺរ៉ុប បាន​ឆ្លងកាត់​មួយថ្ងៃ​ដ៏​ប្រសើរ ក្នុងនោះ ស​ន្ទ​ស្សន៍ DAX របស់ Frankfurt (អាល្លឺម៉ង់) កើនឡើង​ខ្ពស់ ដោយមាន​ក្ដី​សង្ឃឹមថា រុស្ស៊ី នឹង​ភ្ជាប់​សកម្មភាព​ផ្គត់ផ្គង់​ឧស្ម័ន​តាមរយៈ​បំពង់​បង្ហូរ​ដល់ អាល្លឺម៉ង់ នៅ​ចុង​សប្ដាហ៍​នេះ។

    ស​ន្ទ​ស្សន៍ DAX 30 នៅលើ​ផ្សារ​ហ៊ុន Frankfurt (អាល្លឺម៉ង់) កើន ២.៧% ឡើងដល់ ១៣,៣០៨.៤១ ពិន្ទុ, ស​ន្ទ​ស្សន៍ FTSE 100 នៅ ទីក្រុង​ឡុង​ដ៍ (ចក្រភព​អង់គ្លេស) កើន ១% ឡើងដល់ ៧,២៩៦.២៨ ពិន្ទុ, ស​ន្ទ​ស្សន៍ CAC 40 នៅ ប៉ារីស (បារាំង) ក៏​កើន ១.៨% និង​ឡើងដល់ ៦,២០១.២២ ពិន្ទុ ខណៈដែល​ស​ន្ទ​ស្សន៍​សរុប EURO STOXX 50 ក្នុង​ថ្ងៃទី ១៩ កក្កដា កើន ២.២% និង​បញ្ចប់​ការជួញដូរ​ត្រឹម ៣,៥៨៧.៤៤ ពិន្ទុ។

    នៅ សហរដ្ឋ​អាម៉េរិក ស​ន្ទ​ស្សន៍​ឧស្សាហកម្ម Dow Jones កើន ២.៤% ឡើងដល់ ៣១,៨២៧.០៥ ពិន្ទុ។ ស​ន្ទ​ស្សន៍​រួម S&P 500 បាន​កើន ២.៨% ឡើងដល់ ៣,៩៣៦.៦៩ ពិន្ទុ ខណៈដែល​ស​ន្ទ​ស្សន៍​បច្ចេកវិទ្យា Nasdaq Composite កើន ៣.១% និង​បញ្ចប់​ការជួញដូរ​ក្នុង​រង្វង់ ១១,៧១៣.១៥ ពិន្ទុ។

  • ឥណ្ឌា ឃាត់​កប៉ាល់​របស់ រុស្ស៊ី ដែល​កំពុង​ដឹក​ឧបករណ៍​យោធា

    ឥណ្ឌា ឃាត់​កប៉ាល់​របស់ រុស្ស៊ី ដែល​កំពុង​ដឹក​ឧបករណ៍​យោធា

    ស្ថានទូត​រុស្ស៊ី បានឱ្យដឹងថា កប៉ាល់​ដឹក​អាវុធ​មួយគ្រឿង​របស់​ប្រទេស​នេះ ត្រូវបាន​ឃាត់​នៅ​កំពង់ផែ Cochin ប្រទេស​ឥណ្ឌា។

    «ស្ថានទូត​រុស្ស៊ី​ប្រចាំ​ឥណ្ឌា បានដឹង​អំពី​ករណី​ឃាត់​កប៉ាល់​ដឹកទំនិញ​របស់ រុស្ស៊ី នៅ​កំពង់ផែ Cochin របស់ ឥណ្ឌា។ លើក​ប៉ាល់​នេះ​មាន​ឧបករណ៍​យោធា​មួយឈុត​ដែល​ប្រគល់ឱ្យ​កងកម្លាំងប្រដាប់អាវុធ​ឥណ្ឌា» សារព័ត៌មាន​ឥណ្ឌា ANI ដកស្រង់​សម្ដី​របស់ មន្ត្រី​ស្ថានទូត​រុស្ស៊ី ឱ្យដឹង​កាលពី​ថ្ងៃទី ១៩ កក្កដា។

    ភាគី​ខាង​រុស្ស៊ី បន្តថា បាន​បញ្ជូន​សំណើ​ទៅកាន់ ក្រសួង​ការបទេស​ឥណ្ឌា ដើម្បីឱ្យ​បកស្រាយ​អំពី​ហេតុការណ៍​ដែល​បាន​កើតឡើង ក៏ដូចជា​ស្នើឱ្យ​ស្ថាប័ន​នេះ «គោរព​ដោយ​គ្មាន​លក្ខខណ្ឌ​ចំពោះ​សិទ្ធិ​របស់​ម្ចាស់​កប៉ាល់ រួម​នឹង​ក្រុម​នាវិក​រុស្ស៊ី»។

    ទាក់​ទិននឹង​បញ្ហា​ខាងលើ ភាគី​ខាង​ឥណ្ឌា មិន​ទាន់​មាន​ប្រតិកម្ម​អ្វី​នៅឡើយ​។

    កាលពី​ដើមខែ​នេះ កប៉ាល់​ដឹកទំនិញ Zhibek Zholy ដែល​ដោត​ទង់ជាតិ​រុស្ស៊ី ក៏ត្រូវ​បាន​ឃាត់​នៅឯ​កំពង់ផែ Karasu ប្រទេស​តួ​ក​គី បន្ទាប់ពី​មានការ​សង្ស័យថា ដឹក​ធញ្ញជាតិ​ខុសច្បាប់​រាប់ពាន់​តោន​របស់ អ៊ុយ​ក្រែ​ន ចាក​ចេញពី​កំពង់ផែ Berdyansk ជាទី​ដែល​គ្រប់គ្រង​ដោយ​កងទ័ព​របស់ រុស្ស៊ី។

    ឥណ្ឌា និង ចិន គឺជា​ប្រទេសធំៗដែល​មិន​ដាក់ទណ្ឌកម្ម​លើ រុស្ស៊ី ទាក់ទិន​នឹង​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន បើ​ទោះ​មាន​សម្ពាធ​ពី បស្ចិម​លោក។ ប្រទេស​ទាំងពីរ​នេះ សុទ្ធតែ​បង្កើន​ការទិញ​ប្រេង​តម្លៃ​ទាប​របស់ រុស្ស៊ី ក្នុង​រយៈពេល​ច្រើន​ខែ​មកនេះ។

    កាលពី​សប្ដាហ៍​កន្លង សហរដ្ឋ​អាម៉េរិក បានស្នើ​ឱ្យ ឥណ្ឌា មិន​អនុញ្ញាតឱ្យ​កប៉ាល់​ដឹកទំនិញ​របស់ រុស្ស៊ី ចូល​ចត​ក្នុង​កំពង់ផែ ដើម្បី​ជាការ​ដាក់ទណ្ឌកម្ម ប៉ុន្តែ ទីក្រុង​ញូវដែលី បាន​បដិសេធ៕

  • អ៊ុយ​ក្រែ​ន ប្ដេជ្ញា​យកឈ្នះ​លើ រុស្ស៊ី ឱ្យបាន​មុន​រដូវរងា

    អ៊ុយ​ក្រែ​ន ប្ដេជ្ញា​យកឈ្នះ​លើ រុស្ស៊ី ឱ្យបាន​មុន​រដូវរងា

    ប្រធានការិយាល័យ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន បានឱ្យដឹងថា ប្រទេស​នេះ​ត្រូវតែ​យកឈ្នះ​លើ រុស្ស៊ី ឱ្យបាន​មុន​រដូវរងា ដើម្បី​ទប់ស្កាត់ ទីក្រុង​មូ​ស្គូ មានប្រៀប​យូរអង្វែង។

    «ប្រការ​ដែល​សំខាន់​សម្រាប់​យើង នោះ​គឺ​មិនត្រូវ​អូសបន្លាយ​សង្គ្រាម​រហូត​ដល់​រដូវរងា។ ក្រោយ​រដូវរងា នៅពេលដែល ជនជាតិ​រុស្ស៊ី មាន​ពេល​ច្រើន​ដើម្បី​ស្ដារ​កម្លាំង ស្ថានការណ៍​នឹង​លំបាក​ជាង​នេះ​ឆ្ងាយ។ អ្វីដែល​យើង​ត្រូវធ្វើ គឺ​ការលុបបំបាត់​លទ្ធភាព​នេះ» Andriy Yermak ប្រធានការិយាល័យ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ថ្លែង​កាលពី​ថ្ងៃទី ១៩ កក្កដា។

    លោក Yermak បាន​រម្លឹក​ឡើងវិញ​ថា សម្ព័ន្ធមិត្ត​លោកខាងលិច គួរផ្ដល់​អាវុធ​បន្ថែមទៀត​ដល់ អ៊ុយ​ក្រែ​ន និង​បន្តថា លោក​កំពុង​រង់ចាំ​ជំនួយ​ខ្ទង់ពាន់​លាន​ដុល្លារ​របស់ សហរដ្ឋ​អាម៉េរិក ក្រោមរូបភាព​ជំនួយ​ជា​អាវុធ និង​ហិរញ្ញវត្ថុ។

    ច្បាប់ Lend-Lease (ឱ្យ​ជួល-ឱ្យ​ខ្ចី) សម្រាប់​ការពារ​ប្រជាធិបតេយ្យ​អ៊ុយ​ក្រែ​ន ឆ្នាំ ២០២២ ដែល​ប្រធានាធិបតី​អាម៉េរិក ចូ បៃ​ដិ​ន បាន​ចុះហត្ថលេខា​កាលពី​ខែឧសភា ដើម្បី​ព​ន្លឿ​ន​ការបញ្ចេញ​កញ្ចប់​ជំនួយ នឹងមាន​សុពលភាព​ទាំងស្រុង​ចាប់ពី​ខែក្រោយ។

    «គោលដៅ​របស់​យើង​គឺ​ជ័យជម្នះ» លោក Yermak សង្កត់ធ្ងន់​ដូច្នេះ និង​បន្តថា ការចរចា​ជាមួយ រុស្ស៊ី ដែល​កំពុង​ធ្វើឡើង សុទ្ធតែ​ផ្ដោតទៅលើ​ការរំដោះ​ធញ្ញជាតិ​ពី​បណ្ដា​កំពង់ផែ​ដែល​ត្រូវបាន​បិទ​ខ្ទប់ ពោលគឺ​មិនមែន​ស្វែងរក​វិធី​ដើម្បី​បញ្ចប់សង្គ្រាម​ឡើយ។

    ឆ្លើយតប​នឹង​សំណួរ​របស់ Forbes Ukraine កាលពី​ថ្ងៃទី ១៨ កក្កដា រដ្ឋមន្ត្រីការបរទេស​អ៊ុយ​ក្រែ​ន Dmytro Kuleba ក៏បាន​បញ្ជាក់ថា ទីក្រុង​កៀវ នឹង​ចូល​តុ​ចរចា​រក​សន្តិភាព​ឡើងវិញ លុះណាតែ ទីក្រុង​មូ​ស្គូ «បរាជ័យ​ក្នុង​សមរភូមិ»។

    ចំណែក​ភាគី​ខាង​រុស្ស៊ី លោក Medvedev អនុប្រធាន​ក្រុមប្រឹក្សាសន្តិសុខ​រុស្ស៊ី បានប្រកាសថា ទីក្រុង​មូ​ស្គូ នឹងធ្វើ​គ្រប់យ៉ាង​ដើម្បី​មានប្រៀប​នៅលើ សមរភូមិ​អ៊ុយ​ក្រែ​ន៕

  • ធនាគារ​របស់​កងទ័ព​វៀតណាម MB ទទួល​បាន​ការ​អនុញ្ញាត​ឱ្យ​បង្កើត​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ ដោយ​មាន​​ទុន​នៅ កម្ពុជា ១០០%

    ធនាគារ​របស់​កងទ័ព​វៀតណាម MB ទទួល​បាន​ការ​អនុញ្ញាត​ឱ្យ​បង្កើត​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ ដោយ​មាន​​ទុន​នៅ កម្ពុជា ១០០%

    ធនាគារ​របស់ កងទ័ព​វៀតណាម MB ទទួលបាន​ការយល់ព្រម​ឱ្យ​បង្កើត​ធនាគារ​ដែល​ប្រើប្រាស់​ទុន ១០០% នៅ កម្ពុជា និង​ត្រូវបាន​ដាក់ឈ្មោះ​កាត់​ថា MBCambodia និង​ឈ្មោះ​ពេញ​ជា ភាសា​អង់គ្លេស ថា MB Cambodia Bank, Public limited Company។

    ធនាគារជាតិ​វៀតណាម កាលពីពេលថ្មីៗនេះ បានចេញ​លិខិត​អនុញ្ញាតឱ្យ ធនាគារ​ពាណិជ្ជកម្ម​យោធា (MB) របស់ កងទ័ព​វៀតណាម បង្កើត​ធនាគារ​ដែលមាន​ទុន ១០០% នៅ កម្ពុជា ហើយ​នឹងមាន​ទីតាំង​ស្ថិតនៅលើ​មហាវិថី​ព្រះ​នរោត្តម សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ។

    យោងតាម​លិខិត​របស់ ធនាគារជាតិ​វៀតណាម ធនាគារ​កងទ័ព​វៀតណាម MB មាន​ភារកិច្ច​អនុវត្ត​យន្តការ​បញ្ចប់​សកម្មភាព​រកស៊ី រំសាយ​សាខា​ធនាគារ MB នៅ កម្ពុជា ទៅតាម​ច្បាប់​របស់ កម្ពុជា និង​ច្បាប់​របស់ វៀតណាម។ ក្នុង​រយៈពេល ២៤ ម៉ោង រាប់​ចាប់​ពីថ្ងៃ​ចុះហត្ថលេខា​លើ​លិខិតអនុញ្ញាត MB ត្រូវតែ​បើកសម្ពោធ​ធនាគារ​ដែលមាន​ទុន ១០០% នៅ កម្ពុជា។

    គម្រោង​ប្ដូរ​សាខា MB នៅ កម្ពុជា ទៅជា​ធនាគារពាណិជ្ជ​ក​ម្ម ត្រូវបាន MB Bank ប្រកាស​តាំងពី​ដើមឆ្នាំ ២០២១។ ក្រៅពីនេះ MB ក៏មាន​គម្រោងលក់​ភាគ​ហ៊ុន​​​ពី ៣៦% ទៅ ៤៩% របស់​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​នៅ កម្ពុជា ទៅឱ្យ​ដៃគូ​យុទ្ធសាស្ត្រ​បរទេស ដើម្បី​ដំណើរការ​អាជីវកម្ម​ថ្មី ក្នុងនោះ​នឹង​ផ្ដោត​សំខាន់​ទៅលើ​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅលើ​ថ្នាល​ឌីជីថល។

    បន្ទាប់ពី​ការបង្កើត​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​នៅ កម្ពុជា MB Bank ក្លាយជា​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​ពហុ​ជាតិ ដែល​នៅ​ចំពោះមុខ នឹង​ផ្ដោតលើ​ទីផ្សារ​អាស៊ីអាគ្នេយ៍។ ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ MB នៅ កម្ពុជា នឹង​ក្លាយជា​គ្រឹះ​ដើម្បីឱ្យ ធនាគារ​កងទ័ព​វៀតណាម អភិវឌ្ឍ​កាន់តែ​ខ្លាំងក្លា​នូវ​សេវាកម្ម​ហិរញ្ញវត្ថុ​ដទៃទៀត​នៅ កម្ពុជា ពិសេស​គឺ​វិស័យ​ធានារ៉ាប់រង និង​មូល​ប​ត្រ៕

  • អាម៉េរិក សម្រេចបាន​កិច្ចព្រមព្រៀង​ទិញ​យន្តហោះ​ចម្បាំង​ទំនើប​ជិត ៤០០ គ្រឿង

    អាម៉េរិក សម្រេចបាន​កិច្ចព្រមព្រៀង​ទិញ​យន្តហោះ​ចម្បាំង​ទំនើប​ជិត ៤០០ គ្រឿង

    ក្រសួងការពារជាតិ​សហរដ្ឋ​អាម៉េរិក សម្រេចបាន​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ម៉ៅការ​ផ្នែក​ការពារជាតិ នៅ​សហរដ្ឋ​អាម៉េរិក ក្នុង​ការទិញ និង​លក់​យន្តហោះ​ចម្បាំង F-35 ចំនួន ៣៧៥ គ្រឿង ក្នុង​រង្វង់ ៣ ឆ្នាំ។

    «យើង​រីករាយ​នឹង​ប្រកាសថា ក្រសួងការពារជាតិ​អាម៉េរិក និង​ក្រុមហ៊ុន​ម៉ៅការ​យោធា Lockheed Martin សម្រេចបាន​កិច្ចព្រមព្រៀង​ទិញដូរ​យន្តហោះ​ចម្បាំង F-35 ចំនួន ៣៧៥ គ្រឿង​បន្ទាប់» William LaPlante អ្នកនាំពាក្យ​នៃ​ទ័ពអាកាស​របស់ សហរដ្ឋ​អាម៉េរិក ឱ្យដឹង​កាលពី​ថ្ងៃទី ១៨ កក្កដា។

    សារព័ត៌មាន Reuters ដកស្រង់​ប្រភពព័ត៌មាន​ច្បាស់​ការណ៍ បាន​ផ្សាយ​ថា តម្លៃ​សរុប​នៃ​ការ​ទិញដូរ​យន្តហោះ​ចម្បាំង​ទំនើប​ខាងលើ គឺ​ប្រហែល ៣០ ពាន់​លាន​ដុល្លារ​អាម៉េរិក។

    យន្តហោះ​ចម្បាំង F-35A ដំបូង​គេ​ត្រូវបាន​ផលិត​កាលពី​ឆ្នាំ ២០០៧ និង​មានតម្លៃ ២២១ លាន​ដុល្លារ​អាម៉េរិក។ ចាប់ពីពេលនោះ​មក Lockheed Martin បាន​​​កែសម្រួល​ការផលិត និង​បង្កើន​ការផលិត ធ្វើឱ្យ​តម្លៃ​របស់​យន្តហោះ​ចម្បាំង​នេះ ថយ​ចុះមក​នៅត្រឹម ៧៩ លាន​ដុល្លារ/គ្រឿង។

    F-35 មាន ៣ កំណែ។ F-35A គឺជា​កំណែ​ពេញនិយម​ជាងគេ និង​សម្រាប់តែ កងទ័ព​អាម៉េរិក និង​សម្ព័ន្ធមិត្ត។ F-35B អាច​ហោះ​ឡើង និង​ចុះចត​ដោយ​ត្រង់ ខណៈដែល F-35C គឺជា​កំណែ​សម្រាប់​ទ័ពជើងទឹក និង​ទ័ពថ្មើរជើង​របស់ សហរដ្ឋ​អាម៉េរិក។

    យន្តហោះ​ចម្បាំង F-35 ថ្មីៗនេះ​ទទួលបាន​ការបញ្ជាទិញ​ច្រើន​ពី​បរទេស។ កាលពី​ខែមីនា អាល្លឺម៉ង់ បាន​បញ្ជា​ទិញ F-35 ពី សហរដ្ឋ​អាម៉េរិក ចំនួន ៣៥ គ្រឿង ក្នុង​គ្រា​ដែល​ទំនាក់ទំនង​រវាង អឺរ៉ុប និង រុស្ស៊ី មាន​ភាព​តានតឹង។

    កូរ៉េខាងត្បូង បាន​បង្ហើយការ​ទិញដូ​រ F-35A ចំនួន ៤០ គ្រឿង កាលពី​ខែមករា ហើយ​បានធ្វើ​សមយុទ្ធ​រួម​ជា​លើកដំបូង​ជាមួយ​បណ្ដា​យន្តហោះ​ចម្បាំង​អាម៉េរិក នៅ កូរ៉េខាងត្បូង កាលពី​សប្ដាហ៍​កន្លង។ កាលពី​ថ្ងៃទី ១៥ កក្កដា ប្រទេស​នេះ​ក៏បាន​អនុម័ត​គម្រោង​ចំណាយ ២.៩៧ ពាន់​លាន​ដុល្លារ ដើម្បី​ទិញ​យន្តហោះ​ចម្បាំង F-35A ចំនួន​ប្រហែល ២០ គ្រឿង​បន្ថែមទៀត​ពី សហរដ្ឋ​អាម៉េរិក។

    ប្រទេស​កាណាដា ក៏មាន​គម្រោង​បញ្ជា​ទិញ​យន្តហោះ​ចម្បាំង F-35 ចំនួន ៨៨ គ្រឿង​ពី សហរដ្ឋ​អាម៉េរិក ដើម្បី​ជំនួស​បណ្ដា​យន្តហោះ​ចម្បាំង​ដែល​ហួស​សម័យ៕