អាម៉េរិក សម្រេចបាន​កិច្ចព្រមព្រៀង​ទិញ​យន្តហោះ​ចម្បាំង​ទំនើប​ជិត ៤០០ គ្រឿង

F-35A Lightning II របស់​ ទ័ព​អាកាស​អាម៉េរិក កាលពី​ខែ​មករា ២០២២

ក្រសួងការពារជាតិ​សហរដ្ឋ​អាម៉េរិក សម្រេចបាន​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ម៉ៅការ​ផ្នែក​ការពារជាតិ នៅ​សហរដ្ឋ​អាម៉េរិក ក្នុង​ការទិញ និង​លក់​យន្តហោះ​ចម្បាំង F-35 ចំនួន ៣៧៥ គ្រឿង ក្នុង​រង្វង់ ៣ ឆ្នាំ។

«យើង​រីករាយ​នឹង​ប្រកាសថា ក្រសួងការពារជាតិ​អាម៉េរិក និង​ក្រុមហ៊ុន​ម៉ៅការ​យោធា Lockheed Martin សម្រេចបាន​កិច្ចព្រមព្រៀង​ទិញដូរ​យន្តហោះ​ចម្បាំង F-35 ចំនួន ៣៧៥ គ្រឿង​បន្ទាប់» William LaPlante អ្នកនាំពាក្យ​នៃ​ទ័ពអាកាស​របស់ សហរដ្ឋ​អាម៉េរិក ឱ្យដឹង​កាលពី​ថ្ងៃទី ១៨ កក្កដា។

សារព័ត៌មាន Reuters ដកស្រង់​ប្រភពព័ត៌មាន​ច្បាស់​ការណ៍ បាន​ផ្សាយ​ថា តម្លៃ​សរុប​នៃ​ការ​ទិញដូរ​យន្តហោះ​ចម្បាំង​ទំនើប​ខាងលើ គឺ​ប្រហែល ៣០ ពាន់​លាន​ដុល្លារ​អាម៉េរិក។

យន្តហោះ​ចម្បាំង F-35A ដំបូង​គេ​ត្រូវបាន​ផលិត​កាលពី​ឆ្នាំ ២០០៧ និង​មានតម្លៃ ២២១ លាន​ដុល្លារ​អាម៉េរិក។ ចាប់ពីពេលនោះ​មក Lockheed Martin បាន​​​កែសម្រួល​ការផលិត និង​បង្កើន​ការផលិត ធ្វើឱ្យ​តម្លៃ​របស់​យន្តហោះ​ចម្បាំង​នេះ ថយ​ចុះមក​នៅត្រឹម ៧៩ លាន​ដុល្លារ/គ្រឿង។

F-35 មាន ៣ កំណែ។ F-35A គឺជា​កំណែ​ពេញនិយម​ជាងគេ និង​សម្រាប់តែ កងទ័ព​អាម៉េរិក និង​សម្ព័ន្ធមិត្ត។ F-35B អាច​ហោះ​ឡើង និង​ចុះចត​ដោយ​ត្រង់ ខណៈដែល F-35C គឺជា​កំណែ​សម្រាប់​ទ័ពជើងទឹក និង​ទ័ពថ្មើរជើង​របស់ សហរដ្ឋ​អាម៉េរិក។

យន្តហោះ​ចម្បាំង F-35 ថ្មីៗនេះ​ទទួលបាន​ការបញ្ជាទិញ​ច្រើន​ពី​បរទេស។ កាលពី​ខែមីនា អាល្លឺម៉ង់ បាន​បញ្ជា​ទិញ F-35 ពី សហរដ្ឋ​អាម៉េរិក ចំនួន ៣៥ គ្រឿង ក្នុង​គ្រា​ដែល​ទំនាក់ទំនង​រវាង អឺរ៉ុប និង រុស្ស៊ី មាន​ភាព​តានតឹង។

កូរ៉េខាងត្បូង បាន​បង្ហើយការ​ទិញដូ​រ F-35A ចំនួន ៤០ គ្រឿង កាលពី​ខែមករា ហើយ​បានធ្វើ​សមយុទ្ធ​រួម​ជា​លើកដំបូង​ជាមួយ​បណ្ដា​យន្តហោះ​ចម្បាំង​អាម៉េរិក នៅ កូរ៉េខាងត្បូង កាលពី​សប្ដាហ៍​កន្លង។ កាលពី​ថ្ងៃទី ១៥ កក្កដា ប្រទេស​នេះ​ក៏បាន​អនុម័ត​គម្រោង​ចំណាយ ២.៩៧ ពាន់​លាន​ដុល្លារ ដើម្បី​ទិញ​យន្តហោះ​ចម្បាំង F-35A ចំនួន​ប្រហែល ២០ គ្រឿង​បន្ថែមទៀត​ពី សហរដ្ឋ​អាម៉េរិក។

ប្រទេស​កាណាដា ក៏មាន​គម្រោង​បញ្ជា​ទិញ​យន្តហោះ​ចម្បាំង F-35 ចំនួន ៨៨ គ្រឿង​ពី សហរដ្ឋ​អាម៉េរិក ដើម្បី​ជំនួស​បណ្ដា​យន្តហោះ​ចម្បាំង​ដែល​ហួស​សម័យ៕

Advertisement