កងទ័ព​អ៊ុយ​ក្រែ​ន ប្រកាស​ថាបាន ​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង Su-35S របស់ កងទ័ពរុស្ស៊ី

កងទ័ព​អ៊ុយ​ក្រែ​ន បានប្រកាសថា ពួកគេ​បាន​បាញ់​ទម្លាក់​យន្តហោះ Su-35S របស់ កងទ័ព​រុស្ស៊ី នៅក្នុង​ខេត្ត Kherson ភាគខាងត្បូង​ប្រទេស។

«អង្គភាព​មី​ស៊ី​ល​ការពារ​ដែនអាកាស​នៃ ទ័ពអាកាស​អ៊ុយ​ក្រែ​ន បាន​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​រុស្ស៊ី មួយគ្រឿង ដែល​ត្រូវ​បានដឹងថា​ជា​កំណែ Su-35S នៅ​តំបន់ Nova Kakhovka ក្នុង​ខេត្ត Kherson កាលពី​ព្រឹក​ថ្ងៃទី ១៩ កក្កដា នៅពេល​វា​កំពុង​រក​វិធី​វាយប្រហារ​លើ​យន្តហោះ​ចម្បាំង​របស់ អ៊ុយ​ក្រែ​ន។ រូបភាព​ពី​កន្លែងកើតហេតុ​បាន​បញ្ជាក់ថា យន្តហោះ​ត្រូវបាន​បាញ់​ទម្លាក់ ហើយ​អ្នកបើក​បរបាន​លោត​ចេញ​ដោយ​ប្រើ​ឆត្រយោង» បញ្ជាការដ្ឋាន​ទ័ពអាកាស​អ៊ុយ​ក្រែ​ន ប្រកាស​ដូច្នេះ។

វីដេអូ​ដែល​ត្រូវបាន​ចែករំលែក​លើ​បណ្ដាញ​សង្គម​បង្ហាញថា យន្តហោះ​ត្រូវ​ឆាបឆេះ ធ្លាក់​ចុះដី និង​ផ្ទុះ​ខ្ទេច ប៉ុន្តែ​មិនដឹងថា​វា​ជា​យន្តហោះ​ប្រភេទ​ណា និង​គ្រប់គ្រង​ដោយ​អង្គភាព​ណា។ ឆត្រយោង​មួយ​ដែល​ត្រូវបាន​ជឿថា​ជា​របស់​អ្នកបើកបរ បាន​ទម្លាក់ខ្លួន​ចុះ​ពី​ទី​ខ្ពស់​នៅក្បែរនោះ មុនពេល​ឧទ្ធម្ភាគចក្រ Mi-24/35 ហោះ​ក្រឡឹង​កន្លែងកើតហេតុ។

ក្រសួងការពារជាតិ​រុស្ស៊ី មិនទាន់មាន​ការអធិប្បាយ​អ្វី​នៅឡើយ ទាក់ទិន​នឹង​ការប្រកាស​របស់ ទ័ពអាកាស​អ៊ុយ​ក្រែ​ន។

Su-35S គឺជា​យន្តហោះ​ចម្បាំង​ជំនា​ន់ទី ៤++ របស់ រុស្ស៊ី ដែលមាន​សមត្ថភាព​ប្រតិកម្ម​រហ័ស​កម្រិត​ខ្ពស់ និង​បំពាក់​ឧបករណ៍ទំនើប។ ទ័ពអាកាស​រុស្ស៊ី បាន​ប្រើប្រាស់​យន្តហោះ​នេះ​ចាប់ពី​ឆ្នាំ ២០១៣ ហើយ​បច្ចុប្បន្ន មាន ១០៣ គ្រឿង​កំពុង​ត្រូវបាន​ប្រើប្រាស់ និង​កំពុង​បញ្ជា​ទិញ ២៩ គ្រឿង​បន្ថែមទៀត។ Su-35S គឺជា​យន្តហោះ​ចម្បាំង​សំខាន់​លំដាប់​លេខ ១ របស់ កងទ័ព​រុស្ស៊ី នាបច្ចុប្បន្ន៕

Advertisement