កូ​ឡុំ​ប៊ីដក​សេចក្ដីប្រកាស​ស្ដីពី​ការរកឃើញ​កុមារ​បួន​នាក់​​នៅមាន​ជីវិត​ក្នុងព្រៃ​អា​ម៉ា​ហ្សូ​ន ក្រោយ​គ្រោះ​ថ្នាក់​យន្ត​ហោះ​

ប្រធានាធិបតី​កូ​ឡុំ​ប៊ី បាន​ដក​សេចក្ដីប្រកាស​ស្ដីពី​ការរកឃើញ​កុមារ​បួន​នាក់​​នៅមាន​ជីវិត​ក្រោយពី​បាន​ជួប​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​នៅក្នុង​ព្រៃ​អា​ម៉ា​ហ្សូ​ន កាលពី 17 ថ្ងៃមុន​នោះ ហើយ​ថា លោក​សោកស្ដាយ​ចំពោះ​ការភាន់ច្រឡំ​​នេះ។

«ខ្ញុំ​សូម​អភ័យទោស​នូវ​អ្វីដែល​បានកើត​ឡើង។ កងទ័ព និង​សហគមន៍​ជនជាតិដើម​នឹង​បន្ត​ស្វែងរក​មិន​ឈប់ឈរ ដើម្បី​នាំយក​ព័ត៌មាន​ដែល​ប្រទេសជាតិ​ទាំងមូល​កំពុង​ទន្ទឹងរ​ង់​ចាំ» ប្រធានាធិបតី​កូ​ឡុំ​ប៊ី លោក Gustavo Petro បង្ហោះ​សារ​នៅលើ Twitter កាលពី​ថ្ងៃទី 18 ឧសភា​ដូច្នេះ។

លោក Petro ក៏បាន​លុប​អត្ថបទ​ដែល​បាន​បង្ហោះ​កាល​ពី​​មួយថ្ងៃ​មុន​នោះ ដែល​និយាយថា កងទ័ព​បាន​រកឃើញ​កុមារ​បីនាក់​ដែលមាន​អាយុ 4, 9, 13 ឆ្នាំ និង​ទារក​ម្នាក់​អាយុ 11 ខែ ដែល​បាត់​ខ្លួន​បន្ទាប់ពី​ជួប​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ។ យោងតាម​ប្រធានាធិបតី Petro ព័ត៌មាន​ភាន់​ច្រ​ឡំ​​នេះ​ត្រូវបាន​រាយការណ៍​ដោយ​វិទ្យាស្ថាន​សុខុមាលភាព​គ្រួសារ​របស់​រដ្ឋាភិបាល។

កាលពី​ថ្ងៃទី 01 ឧសភា យន្តហោះ Cessna 206 មួយគ្រឿង ដឹក​មនុស្ស 7 នាក់ បាន​ជួប​គ្រោះថ្នាក់​នៅពេល​ធ្វើដំណើរ​ពី Araracuara ទៅកាន់ San Jose del Guaviare ជាទី​ក្រុង​មួយ​ស្ថិតក្នុង​តំបន់​ព្រៃ​អា​ម៉ា​ហ្សូ​ន​នៅក្នុង​ប្រទេស​កូ​ឡុំ​ប៊ី។ សាកសព​មនុស្ស​បីនាក់ ក្នុងនោះ​ក៏មាន​ពី​ឡុ​ត ត្រូវបាន​រកឃើញ​នៅ​កន្លែងកើតហេតុ។

ព្រៃ​អាម៉ាហ្សូន​ក្នុង​តំបន់​មួយ​របស់​កូឡុំប៊ី

ការស្រាវជ្រាវ​បានបង្ហាញ​ថា កុមារ​បួន​នាក់​ដែលមាន​អាយុ 4, 9, 13 ឆ្នាំ និង​ទារក​អាយុ 11 ខែ​ម្នាក់ ស្ថិតក្នុង​សហគមន៍​ជនជាតិដើម Huitolo នៅមាន​ជីវិត នៅក្នុង​ហេតុការណ៍​ធ្លាក់​យន្តហោះ​ខាងលើ និង​បាន​ចូលទៅ​ក្នុងព្រៃ​ដើម្បី​ស្វែងរក​អាហារ និង​ជំនួយ។ អាជ្ញាធរ​ក្នុង​តំបន់​ក៏បាន​បើក «យុទ្ធនាការ​នៃ​ក្ដីសង្ឃឹម» ដោយ​បញ្ជូន​កម្លាំង​ទាហាន​ជាង 100 នាក់ និង​ឧទ្ធម្ភាគចក្រ​បី​គ្រឿង រួម​នឹង​សុនក​ពិសេស ចូលទៅ​ព្រៃ​ស្វែ​ករក​ជនរងគ្រោះ។

តំបន់​ដែល​ក្មេង​ទាំង​បួន​នាក់​បាន​វង្វេង មិនមាន​ផ្លូវ​ល្បឿន​លឿន ហើយក៏​ពិបាក​ទៅដល់​តាមរយៈ​ផ្លូវ​ទឹក។ ដើមឈើធំៗ កម្ពស់​រហូតដល់ 40 ម៉ែត្រ រួម​នឹង​សត្វព្រៃ និង​ភ្លៀង​ធំ​ក៏​ធ្វើឱ្យ​កម្លាំង​សង្គ្រោះ​ជួប​ការលំបាក​ខ្លាំង។

សកម្មភាព​ស្វែងរក​ត្រូវបាន​បន្ថែម បន្ទាប់ពី​កម្លាំង​សង្គ្រោះ​បានឃើញ​កូនខ្ទម​មួយ ដែល​គេ​ជឿថា គឺជា​ខ្ទម​របស់​ក្មេង​ទាំងនោះ។ មុន​នោះ កម្លាំង​សង្គ្រោះបាន​រកឃើញ​ដប​ទឹកដោះគោ​សម្រាប់​ទារក និង​ផ្លែឈើ​សល់​ពី​ការហូប៕

Advertisement