កុមារ​បួន​នាក់​​​វង្វេង​ក្នុង​ព្រៃ​អា​ម៉ា​ហ្សូ​ន​អស់ 17 ថ្ងៃ ប៉ុន្តែ​សំណាង​ល្អ​នៅ​មាន​ជីវិត​

កងកម្លាំង​ជួយសង្គ្រោះ​បាន​រកឃើញ​កុមារ​បួន​នាក់​ដែល​បាន​បាត់​ខ្លួន​អស់​រយៈពេល 17 ថ្ងៃ ក្រោយពី​ជួប​​គ្រោះថ្នាក់ធ្លាក់​​យន្តហោះ​នៅក្នុង​ព្រៃ​អា​ម៉ា​ហ្សូ​ន ដែល​ស្ថិត​ក្នុងប្រទេស​កូ​ឡុំ​ប៊ី។

កាលពី​ថ្ងៃទី 01 ឧសភា យន្តហោះ Cessna 206 មួយគ្រឿង ដឹក​មនុស្ស 7 នាក់ បាន​ជួប​គ្រោះថ្នាក់​នៅពេល​ធ្វើដំណើរ​ពី Araracuara ទៅកាន់ San Jose del Guaviare ជាទី​ក្រុង​មួយ​ស្ថិតក្នុង​តំបន់​ព្រៃ​អា​ម៉ា​ហ្សូ​ន​​នៅ​ក្នុង​ប្រទេស​​កូ​ឡុំ​ប៊ី។ សាកសព​មនុស្ស​បីនាក់ ក្នុងនោះ​ក៏មាន​ពី​ឡុ​ត ត្រូវបាន​រកឃើញ​នៅ​កន្លែងកើតហេតុ។

ការស្រាវជ្រាវ​បានបង្ហាញ​ថា កុមារ​បួន​នាក់​ដែលមាន​អាយុ 4, 9, 13 ឆ្នាំ និង​ទារក​អាយុ 11 ខែ​ម្នាក់ ស្ថិតក្នុង​សហគមន៍​ជនជាតិដើម Huitolo នៅមាន​ជីវិត នៅក្នុង​ហេតុការណ៍​ធ្លាក់​យន្តហោះ​ខាងលើ និង​បាន​ចូលទៅ​ក្នុងព្រៃ​ដើម្បី​ស្វែង​រក​អាហារ និង​ជំនួយ​។ អាជ្ញាធរ​ក្នុង​តំបន់​ក៏បាន​បើក «យុទ្ធនាការ​នៃ​ក្ដីសង្ឃឹម» ដោយ​បញ្ជូន​កម្លាំង​ទាហាន​ជាង 100 នាក់ និង​ឧទ្ធម្ភាគចក្រ​បី​គ្រឿង រួម​នឹង​សុនក​ពិសេស ចូលទៅ​ព្រៃ​ស្វែ​ករក​ជន​រង​គ្រោះ​។

«នៅក្នុង​ការប្រឹងប្រែង​មិន​ឈប់ឈរ កងទ័ព​បាន​រកឃើញ​ក្មេង​បួន​នាក់​ដែល​បាន​បាត់​ខ្លួន​ក្រោយ​ហេតុការណ៍​ធ្លាក់​យន្តហោះ​នៅ Guaviare» ប្រធានាធិបតី​កូ​ឡុំ​ប៊ី Gustavo Petro ប្រកាស​លើ Twitter កាលពី​ថ្ងៃទី17 ឧសភា​ដូច្នេះ ហើយ​ថា ការ​រក​ឃើញ​​នេះ​គឺជា «ភាព​រីករាយ​សម្រាប់​ប្រទេសជាតិ»។

តំបន់​ដែល​ក្មេង​ទាំង​បួន​នាក់​បាន​វង្វេង មិនមាន​ផ្លូវ​ល្បឿន​លឿន ហើយក៏​ពិបាក​ទៅដល់​តាមរយៈ​ផ្លូវ​ទឹក។ ដើមឈើធំៗ កម្ពស់​រហូតដល់ 40 ម៉ែត្រ រួម​នឹង​សត្វព្រៃ និង​ភ្លៀង​ធំ​ក៏​ធ្វើឱ្យ​កម្លាំង​សង្គ្រោះ​ជួប​ការលំបាក​ខ្លាំង។

មួយ​ក្នុងចំណោម​ឧ​ទ្ធ​ម្ភា​គ​ទាំងបី​គ្រឿង​​បំពាក់​​ឧបករណ៍​បំពង​សំឡេង បាន​ធ្វើការ​ស្វែងរក​ក្នុង​រង្វង់ 1,500 ម៉ែត្រ និង​បាន​ចាក់​ផ្សាយ​សំឡេង​​​ជីដូន​រប​ស់​ក្មេង​ទាំងនោះ ដែល​ប្រាប់​​ថា «ឈប់​ផ្លាស់​ទី​ក្នុងព្រៃ​ដើម្បី​រង់ចាំ​ការជួយ​សង្គ្រោះ»។

សកម្មភាព​ស្វែងរក​ត្រូវបាន​បន្ថែម បន្ទាប់ពី​កម្លាំង​សង្គ្រោះ​បានឃើញ​កូនខ្ទម​មួយ ដែល​គេ​ជឿថា គឺជា​ខ្ទម​របស់​ក្មេង​ទាំងនោះ។ មុន​នោះ កម្លាំង​សង្គ្រោះបាន​រកឃើញ​ដប​ទឹកដោះគោ​សម្រាប់​ទារក និង​ផ្លែឈើ​សល់​ពី​ការហូប។

ក្មេងរងគ្រោះ​ទាំង​បួន​នាក់​នេះ​ត្រូវបាន​រកឃើញ​ក្នុង «ស្ថានភាព​សុខភាព​ធម្មតា បើ​ទោះ​មាន​របួសស្នាម​ខ្លះ» ក្រោយពីរ​ង្វេ​ង 17 ថ្ងៃ​នៅក្នុង​ព្រៃ។

អាជ្ញាធរ​មិនទាន់​ប្រកាស​អំពី​មូលហេតុ​នៃ​ករណី​ធ្លាក់​យន្តហោះនេះ​​នៅឡើយ។ ប៉ុន្តែ ប៉ុន្មាន​នាទី​មុនពេល​ជួប​គ្រោះថ្នាក់ ពី​ឡុ​ត​បាន​បញ្ជូន​សញ្ញា​​ប្រាប់​ថា ម៉ាស៊ីន​យន្តហោះ​មាន​បញ្ហា។ ជនជាតិ​កូ​ឡុំ​ប៊ី នៅក្នុង​តំបន់​ខាងលើនេះ តែងតែ​ធ្វើដំណើរ​តាម​ឧទ្ធម្ភាគចក្រ ដោយសារតែ​ផ្លូវគោក​មិនមាន​អំណោយផល​ល្អ​សម្រាប់​ការ​ធ្វើ​ដំណើរ​។

យោងតាម​អង្គការ​ជនជាតិដើម​ភាគតិច​កូ​ឡុំ​ប៊ី (ONIC) ជីវភាព​របស់​ជនជាតិ Huitoto បាន​សម្រប​ខ្លួន​នឹង​ស្ថាន​ភាពលំបាក​​នៅ​ក្នុង​ព្រៃ​អា​ម៉ា​ហ្សូ​ន និង​ថែរក្សា​ប្រពៃណី​បរបាញ់​សត្វ ក៏ដូចជា​មាន​ជំនាញ​ក្នុង​ការ​បេះ​ផ្លែឈើ​ក្នុងព្រៃ​ជា​អាហារ៕

Advertisement