Author: សឿន សំណាង

  • មនុស្ស​ជាង ៥០០ នាក់​បាន​ស្លាប់​ដោយសារ​រលក​កម្ដៅ​កម្រិត​ខ្ពស់​នៅ អេ​ស្ប៉ា​ញ

    មនុស្ស​ជាង ៥០០ នាក់​បាន​ស្លាប់​ដោយសារ​រលក​កម្ដៅ​កម្រិត​ខ្ពស់​នៅ អេ​ស្ប៉ា​ញ

    នាយករដ្ឋមន្ត្រី Pedro Sanchez ដកស្រង់​ស្ថិតិ​របស់​វិទ្យាស្ថាន​មួយ បានឱ្យដឹងថា រលក​កម្ដៅ​ដ៏​ខ្លាំងក្លា​នៅ អេ​ស្ប៉ា​ញ ថ្មីៗនេះ បានសម្លាប់​មនុស្ស​ជាង ៥០០ នាក់។

    តួលេខ​មនុស្ស​ដែល​បាន​ស្លាប់​នៅក្នុង​រលក​កម្ដៅ​ដែល​អូស​បន្លាយពេល ១០ ថ្ងៃ ត្រូវបាន នាយករដ្ឋមន្ត្រី​អេ​ស្ប៉ា​ញ Pedro Sanchez លើកឡើង​កាលពី​ថ្ងៃទី ២០ កក្កដា ដោយយោង​តាម​ស្ថិតិ​របស់​វិទ្យាស្ថាន​សុខាភិបាល Carlos III ដែល​បានប្រកាស​មុន​នោះ ២ ថ្ងៃ។

    «ខ្ញុំ​អំពាវនាវ​ដល់​ប្រជាជន ឱ្យមាន​ការប្រុងប្រយ័ត្ន​ខ្ពស់» លោក Sanchez ថ្លែង​ដូច្នេះ និង​សង្កត់ធ្ងន់ថា «ស្ថានភាព​អាកាសធាតុ​អាក្រក់ភ្លាមៗគឺជា​រឿង​ជាក់ស្ដែង»។

    ក៏ប៉ុន្តែ វិទ្យាស្ថាន​សុខាភិបាល Carlos III ខាងលើ បាន​បញ្ជាក់ថា តួលេខ​នោះ​គ្រាន់តែ​ជាការ​គណនា​ដោយ​ផ្អែកលើ​ទិន្នន័យ​ចម្រុះ​នានា មិនមែនជា​តួលេខ​ផ្លូវការ។

    អំឡុងពេល​ពីថ្ងៃ​ទី ៩ ដល់ ១៨ កក្កដា «គឺជា​រដូវក្ដៅ​ដ៏​ខ្លាំងក្លា​លើក​ទី​បី បើ​គិត​ទៅតាម​រង្វង់​នៃ​ឥទ្ធិពល និង​ពេលវេលា​ដែល​អូសបន្លាយ» រាប់​ចាប់ពី​ឆ្នាំ ១៩៧៥ ក្នុងនោះ​មាននៅ​ក្នុងឆ្នាំនេះ​ម្ដង, ឆ្នាំ ២០១៥ ម្ដង និង​ឆ្នាំ ២០០៣ ម្ដង។ នេះ​បើតាម​អ្នកនាំពាក្យ​របស់ នាយកដ្ឋាន​ឧតុនិយម​អេ​ស្ប៉ា​ញ AEMET Beatriz Hervella។

    អេ​ស្ប៉ា​ញ និង​ប្រទេស​ជាច្រើន​នៅ អឺរ៉ុប ទើបតែ​បាន​ឆ្លងកាត់​រលក​កម្ដៅ​ដ៏​ខ្លាំងក្លា​កាល ធ្វើឱ្យ​សីតុណ្ហភាព​នៅក្នុង​តំបន់​ខ្លះ​ឡើងដល់ ៤៥ អង្សា​សេ កាលពី​សប្ដាហ៍​កន្លងទៅ បណ្ដាលឱ្យមាន​ហេតុការណ៍​ភ្លើង​ឆេះ​ព្រៃ​ជាច្រើន​ករណី៕

  • ស្ពាន​ខ្សែកាប​ដែលមាន​ប្រព័ន្ធ​បង្គោល​ទ្រ​តែមួយ​វែង​ជាងគេ​បង្អស់​ក្នុង​ពិភពលោក ឆ្លង​ផុត​ការពិសោធ

    ស្ពាន​ខ្សែកាប​ដែលមាន​ប្រព័ន្ធ​បង្គោល​ទ្រ​តែមួយ​វែង​ជាងគេ​បង្អស់​ក្នុង​ពិភពលោក ឆ្លង​ផុត​ការពិសោធ

    (ប្រទេស​ចិន)-ស្ពាន​ខ្សែកាប Lvzhijiang ប្រវែង​ប្រហែល ៨០០ ម៉ែត្រ បាន​ឆ្លង​ផុត​ដំណាក់កាល​ពិសោធន៍ បន្ទាប់ពី​បានឱ្យ​ក្រុម​រថយន្ត​ដឹកទំនិញ​ធុន ១,២៨០ តោន បរ​ឆ្លងកាត់​ក្នុង​រយៈពេល ៨ ថ្ងៃ។

    ស្ពាន​ខ្សែកាប Lvzhijiang ដែល​ស្ថិតនៅក្នុង​ខេត្ត Yunnan ភាគ​នីរ​តី​នៃ ប្រទេស​ចិន បាន​ឆ្លង​ផុត​ការពិនិត្យ​គុណភាព និង​សមត្ថភាព​នៃ​ការផ្ទុក​ទម្ងន់​រួចហើយ។ ក្នុងការ​ពិសោធ​រយៈពេល ៨ ថ្ងៃ ដែល​ចាប់ផ្ដើម​ពីថ្ងៃ​ទី ១១ កក្កដា ក្រុម​រថយន្ត​ដឹកទំនិញ​ដែលមាន​ទម្ងន់​រហូតដល់ ១,២៨០ តោន បាន​បរ​ឆ្លងកាត់​ទៅមក​លើ​ស្ពាន នេះ​បើតាម Science and Technology Daily។

    ដោយមាន​ប្រវែង​ប្រហែល ៨០០ ម៉ែត្រ ស្ពាន Lvzhijiang គឺជា​ស្ពាន​ខ្សែកាប​បង្គោល​ទ្រ​តែមួយ​ដែល​វែង​ជាងគេ​បង្អស់​ក្នុង​ពិភពលោក។ ស្ពាន​នេះ​នឹង​ជួយ​កាត់បន្ថយ​រយៈពេល​ធ្វើដំណើ​រ​រវាង​ទីក្រុង Yuxi និង​ទីក្រុង Chuxiong Yi ពី ១.៥ ម៉ោង ចុះមក​នៅត្រឹម ២ នាទី។ ស្ពាន​ដែល​កាន់កាប់​តំណែង​ស្ពាន​ខ្សែកាប​បង្គោល​ទ្រ​មួយ​វែង​ជាងគេ​ក្នុង​ពិភពលោក​មុន​នោះ គឺ​ស្ពាន Jinshajiang Hutiaoxia ដែល​ស្ថិត​លើ​កំណាត់​ផ្លូវ​ល្បឿន​លឿន ប៉េកាំង-ទី​បេ ដោយមាន​ប្រវែង ៧៦៦ ម៉ែត្រ។

    ស្ពាន Lvzhijiang គឺជា​ផ្នែក​មួយ​នៃ​កំណាត់​ផ្លូវ​ល្បឿន​លឿន​ថ្មី​ប្រវែង ២០០ គីឡូម៉ែត្រ ឆ្លងកាត់​ខេត្ត Yunnan ដែល​ត្រូវបាន​សាងសង់ឡើង​ដើម្បី​បង្កើន​ការតភ្ជាប់​ជាមួយ​បណ្ដា​ប្រទេស​នៅ អាស៊ីអាគ្នេយ៍ ហើយ​វា​ក៏​ជា​គម្រោង​មួយ​នៅក្នុង គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់ និង​ផ្លូវ របស់ ប្រទេស​ចិន ផងដែរ។

  • ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា គិត​ត្រឹម​វេលា​ទៀប​ភ្លឺ​ ​ថ្ងៃទី ២១ ខែ​កក្កដា ២០២២

    ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា គិត​ត្រឹម​វេលា​ទៀប​ភ្លឺ​ ​ថ្ងៃទី ២១ ខែ​កក្កដា ២០២២

    កម្ពុជា រកឃើញអ្នកឆ្លងកូវីដ-១៩ ករណី​ថ្មី ចំនួន ២០ នាក់ទៀត ក្នុង​អំឡុង​ ២៤ ម៉ោង​នៃ​ថ្ងៃទី ២០ ខែ​កក្កដា ២០២២ ដែលទាំង​នេះ​​សុទ្ធ​តែ​ជា​ករណី​ឆ្លង​ក្នុងសហគមន៍។

    ក្នុង​អំឡុង​ពេល​ដដែល ​ក៏​មាន​​​អ្នក​ជំងឺ​កូវីដ-១៩ ចំនួន ១៨ នាក់ទៀត បានជាសះស្បើយ និង​​​​មិនមានករណី​ស្លាប់​ថ្មី​ដោយ​សារ​ជំងឺ​នេះ​នៅឡើយ។

  • ក្រសួងពាណិជ្ជកម្ម បន្ត​បញ្ចុះ​តម្លៃ​ប្រេង​ សម្រាប់​អនុវត្ត​ពីថ្ងៃទី ២១ ដល់ ៣១ កក្កដា

    ក្រសួងពាណិជ្ជកម្ម បន្ត​បញ្ចុះ​តម្លៃ​ប្រេង​ សម្រាប់​អនុវត្ត​ពីថ្ងៃទី ២១ ដល់ ៣១ កក្កដា

    ប្រេងឥន្ធនៈនៅ កម្ពុជា ត្រូវ​បាន​កំណត់​ឱ្យ​លក់បញ្ចុះ​តម្លៃ​​បន្ត​ទៀត ធៀបនឹងសន្ទស្សន៍នៃ​តម្លៃ​ដែល​ត្រូវ​បាន​កំណត់​មុន​​ថ្ងៃ​ទី ២១ កក្កដា។

    ក្រសួងពាណិជ្ជកម្មប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈនៅ​តាមស្ថានីយនានាទូទាំងប្រទេសកម្ពុជា រាប់​ចាប់ពីថ្ងៃទី ២១ ដល់ ៣១ ខែកក្កដា ឆ្នាំ ២០២២។ ក្នុងនោះ ប្រេងសាំងធម្មតាត្រូវលក់​ក្នុង​តម្លៃ ៤,៨០០ រៀល/លីត្រ (ចុះ ៤៥០រៀល) និងប្រេងម៉ាស៊ូតត្រូវលក់​ក្នុង​តម្លៃ ៥,៣០០ រៀល/លីត្រ (ចុះ ៣០០រៀល) ។

    សូម​អាន​សេចក្ដី​ប្រកាស​ខាងក្រោម​ ៖

  • ប្រធានាធិបតីរុស្ស៊ី ថ្លែង​អះអាង​ថា​ «សណ្ដាប់ធ្នាប់​ពិភពលោក​នឹង​ផ្លាស់ប្ដូរ»

    ប្រធានាធិបតីរុស្ស៊ី ថ្លែង​អះអាង​ថា​ «សណ្ដាប់ធ្នាប់​ពិភពលោក​នឹង​ផ្លាស់ប្ដូរ»

    ប្រធានាធិបតី​រុស្ស៊ី បាន​ព្យាករ​ថា ការប្រែប្រួល​ធំ​នឹងធ្វើ​ឱ្យមាន​សណ្ដាប់ធ្នាប់​ពិភពលោក​ថ្មី ហើយ​មានតែ​ប្រទេស​ដែល «មាន​អធិបតេយ្យភាព​ពិតប្រាកដ» ទើប​ដណ្ដើមបាន​ជ័យជម្នះ»។

    «ការប្រែប្រួល​ធំធេង ដែលមាន​លក្ខណៈ​ជា​បដិវត្តន៍​ពិតប្រាកដ នឹង​បង្កើតបានជា​សណ្ដាប់ធ្នាប់​ពិភពលោក​ថ្មី​ដ៏​ស្រស់​ល្អ យុត្តិធម៌​ជាង សុវត្ថិភាព និង​ឆ្ពោះទៅកាន់​សហគមន៍​ជាង​បច្ចុប្បន្ន» ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ថ្លែង​នៅក្នុង​វេទិកា​សេដ្ឋកិច្ច​មួយ​នៅ មូ​ស្គូ កាលពី​ថ្ងៃទី ២០ កក្កដា។

    យោងតាម​​សម្ដី​លោក ពូ​ទីន នៅក្នុង​យុគសម័យ​ថ្មី​ដែលមាន​ការប្រែប្រួល​ច្រើន​បែបនេះ «មានតែ​បណ្ដា​ប្រទេស​ដែលមាន​អធិបតេយ្យភាព​ពិតប្រាកដ​ទើប​អាច​ជោគជ័យ»។ លោក ពូ​ទីន បានឱ្យ​និយមន័យ​នៃ​បណ្ដា​ប្រទេស​ដែលមាន​អធិបតេយ្យភាព​ពិតប្រាកដ​ថា​ជា បណ្ដា​ប្រទេស «ដែលមាន​សេរីភាព​ក្នុងការ​អភិវឌ្ឍ​ជាតិ និង​បុគ្គលនីមួយៗ ក៏ដូចជា​សមត្ថភាព​ជោគជ័យ​ក្នុង​វិស័យ​បច្ចេកវិទ្យា វប្បធម៌ ការយល់ដឹង និង​អប់រំ» ទន្ទឹមនឹងនេះ ក៏​ជា​សង្គម​ស៊ីវិល​មួយ​ដែល​សំដៅ​ទៅកាន់​ប្រទេសជាតិ មានការ​ទទួលខុសត្រូវ និង​វិជ្ជមាន។

    លោក ពូ​ទីន យល់ថា ប្រទេស​បែបនេះ​នឹង​ជា​គំរូ​សម្រាប់​បណ្ដា​ប្រទេស​ដទៃ ស្ដីពី «ស្ដង់ដារ និង​គុណភាព​ជីវិត​របស់​ប្រជាជន ការការពារ​តម្លៃ​ប្រពៃណី និង​ឧ​ត្ត​ម​គតិ​របស់​មនុស្សជាតិ»។

    «ពិភពលោក​បែបនេះ​ផ្ទុយ​ពី​សណ្ដាប់ធ្នាប់​ពិភពលោក​ដែល​គ្រប់គ្រង​ផ្ដាច់មុខ​ដោយ​លោកខាងលិច ដែល​កំពុង​​បង្អាក់ដំណើរ​នៃ​ការអភិវឌ្ឍ​របស់​អរិយធម៌​យើង» លោក ពូ​ទីន ថ្លែង​បញ្ជាក់ និង​បាន​ចោទ​បណ្ដា​ប្រទេស​លោកខាងលិច​ថា «រើសអើង​ពូជសាសន៍ និង​មានគំនិត​អាណានិគម​បែប​ថ្មី និង​កាន់តែ​ដូច លទ្ធិផ្ដាច់ការ»។

    ប្រធានាធិបតី​រុស្ស៊ី យល់ថា បើទោះជា​ក្រុមអ្នកមានអំណាច​នៅ​បស្ចិម​លោក ប្រឹងប្រែង​យ៉ាងខ្លាំង​ក្លា​ដើម្បី​រក្សា​សណ្ដាប់ធ្នាប់​ពិភពលោក​បច្ចុប្បន្ន ប៉ុន្តែ​ការប្រែប្រួល​ខាងលើនេះ​គឺជា «រឿង​ដែល​មិនអាច​ក្រែ​ប្រែ​បាន»។

    សហរដ្ឋ​អាម៉េរិក និង​សម្ព័ន្ធមិត្ត​លោកខាងលិច មិនទាន់​​មាន​ការ​​បញ្ចេញ​ប្រតិកម្ម​អ្វី​ទៅនឹង​ការប្រកាស​របស់ ប្រធានាធិបតី​រុស្ស៊ី នៅឡើយ៕

  • ជំទាវ​ទីមួយ​របស់ អ៊ុយ​ក្រែ​ន ថ្លែង​នៅ​ចំពោះមុខ សភា​អាម៉េរិក

    ជំទាវ​ទីមួយ​របស់ អ៊ុយ​ក្រែ​ន ថ្លែង​នៅ​ចំពោះមុខ សភា​អាម៉េរិក

    លោកស្រី ហ្សេ​ឡែ​ន​ស្គី ថ្លែងថា លោកស្រី​ថ្លែង​ជំនួស​ឪពុកម្ដាយ​រាប់លាន​នាក់​ដែល​ព្រួយបារម្ភ​អំពី​កូនចៅ ស្នើ​សូមឱ្យ​ក្រុម​អ្នកតាក់តែង​ច្បាប់​របស់ សហរដ្ឋ​អាម៉េរិក ផ្ដល់ជំនួយ​ជា​អាវុធ​បន្ថែមទៀត​ដល់ អ៊ុយ​ក្រែ​ន។

    ជំទាវ​ទីមួយ​របស់ អ៊ុយ​ក្រែ​ន លោកស្រី អូ​ឡែ​ណា ហ្សេ​ឡែ​ន​ស្គី កាលពី​ថ្ងៃទី ២០ កក្កដា បានបង្ហាញ​វត្តមាន ក្នុង សភា​អាម៉េរិក នៅ រដ្ឋធានី​វ៉ា​ស៊ី​ង​តោន និង​បាន​បញ្ចាំង​បង្ហាញ​អំពី​ទិដ្ឋភាព​កុមារ​នានា​របស់ អ៊ុយ​ក្រែ​ន សើច​លេង​សប្បាយ​នៅមុន​ពេល​បាត់​បង់ជីវិត​នៅក្នុង​សង្គ្រាម​ជាមួយ រុស្ស៊ី។

    ក្នុងចំណោម​នោះ​ក៏មាន​កុមារ​ម្នាក់​ដែលមាន​ជំងឺ​ប្រចាំកាយ​ផងដែរ។ នាង​កំពុង​អង្គុយ​លើ​រទេះរុញ ហើយ​សើច​សប្បាយ នៅក្នុង​វីដេអូ​ដែល​ម្ដាយ​នាង​បាន​ថត មួយ​ម៉ោង​មុនពេល​បាន​បាត់បង់​ជីវិត​ក្នុងករណី​វាយប្រហារ​តាមផ្លូវ​អាកាស​របស់ កងកម្លាំង​រុស្ស៊ី នៅ Vinnytsia កាលពី​សប្ដាហ៍​កន្លង។

    «យើង​ចង់ឱ្យ​ឪពុកម្ដាយ​គ្រប់រូប​សុទ្ធតែ​អាច​និយាយប្រាប់​កូន​បាន​ថា «ជូនពរ​កូន​គេង​លក់​ស្កប់ស្កល់ នឹងមិន​មានការ​វាយប្រហា​រ​តាម​អាកាស​ទៀត​ទេ មិនមាន​ការវាយប្រហា​រ​ដោយ​មី​ស៊ី​ល​ណា​ទៀតឡើយ»។ តើ​បំណងប្រាថ្នា​នេះ ពិតជា​ច្រើន​មែន ឬទេ?» លោកស្រី ហ្សេ​ឡែ​ន​ស្គី ថ្លែង​ដូច្នេះ។

    លោកស្រី ហ្សេ​ឡែ​ន​ស្គី បាន​ទទួលស្គាល់ថា ការដែល​ជំទាវ​ទីមួយ​ស្វែងរក​ជំនួយ​ជា​អាវុធ គឺជា​រឿង​ចម្លែក ប៉ុន្តែ​វា​ពិត​ជាមាន​សារសំខាន់​ខ្លាំងណាស់។

    អ៊ុយ​ក្រែ​ន ត្រូវការ​ប្រព័ន្ធ​ការពារ​ដែនអាកាស «ដើម្បី​រ៉ុក្កែត​មិន​សម្លាប់​កុមារ​នៅលើ​រទេះរុញ» លោកស្រី ហ្សេ​ឡែ​ន​ស្គី ថ្លែង​ដូច្នេះ។ លោកស្រី​បន្ថែមថា «សូមជួយ​ដល់​យើងខ្ញុំ ទប់​ទល់នឹង​សកម្មភាព​ដ៏​រន្ធត់​នេះ​ចំពោះ​ជនជាតិ​អ៊ុយ​ក្រែ​ន»។

    លោកស្រី ហ្សេ​ឡែ​ន​ស្គី ក៏បាន​រម្លឹក​ដល់ករ​ណី​ភេរវកម្ម​នៅ សហរដ្ឋ​អាម៉េរិក ថ្ងៃទី ១១ កញ្ញា និង​អំពាវនាវ​សូមឱ្យ​ប្រជាជន​បាន «រស់នៅ​ដោយមាន​សេរីភាព និង​តាម​ចាប់​ក្ដី​ស្រមៃ» ដូច​នៅក្នុង សេចក្ដីប្រកាស​ឯករាជ្យ​របស់​សហរដ្ឋ​អាម៉េរិក។

    ជំទាវ​ទីមួយ​របស់ អ៊ុយ​ក្រែ​ន បាន​ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធានាធិបតី បៃ​ដិ​ន កាលពី​ថ្ងៃទី ១៩ កក្កដា។ ទាំង​លោក បៃ​ដិ​ន ទាំង សភា​អាម៉េរិក សុទ្ធតែ​បាន​គាំទ្រ​ការផ្ដល់​អាវុធ​ឱ្យ អ៊ុយ​ក្រែ​ន និង​បានអនុម័ត​កញ្ចប់​ជំនួយ​តម្លៃ ៤០ ពាន់​លាន​ដុល្លារ កាលពី​ខែឧសភា។ ប៉ុន្តែ ក្នុង​ស្ថានការណ៍​ដែល រុស្ស៊ី កំពុងមាន​ប្រៀប​ជាង​នៅក្នុង​តំបន់​ភាគ​ខាងកើត អ៊ុយ​ក្រែ​ន ត្រូវការ​ការធានា​ចំពោះ​ប្រភព​ផ្គត់ផ្គង់​អាវុធ​ដែលមាន​ស្ថិរភាព​ជាង​បច្ចុប្បន្ន រួមទាំង​កាំភ្លើង​ធំ​រយៈ​ចម្ងាយ​ឆ្ងាយ​ផងដែរ៕

     

  • ក្រុម​ហ៊ុន​ផលិត​រថយន្ត​អគ្គិសនី Tesla លក់ Bitcoin បាន​ជាង ៩០០ លាន​ដុល្លារ

    ក្រុម​ហ៊ុន​ផលិត​រថយន្ត​អគ្គិសនី Tesla លក់ Bitcoin បាន​ជាង ៩០០ លាន​ដុល្លារ

    Tesla បាន​លក់ Bitcoin ចំនួន ៧៥% ដែល​ក្រុមហ៊ុន​រថយន្ត​អគ្គិសនី​នេះ​បាន​កាន់កាប់ ហើយ​រកបាន​ប្រាក់ ៩៣៦ លាន​ដុល្លារ នៅក្នុង​ត្រីមាស​ទី​ពីរ។

    តម្លៃ Bitcoin បាន​ដាំ​ក្បាល​ចុះ បាន​ប៉ះពាល់​ដល់​ប្រាក់ចំណេញ​របស់ Tesla ធ្វើឱ្យ​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​នេះ សម្រេចចិត្ត​លក់​ចោល​ប្រាក់​ឌីជីថល​គ្រីប​តូ​នេះ​ខ្លះ។ នាយក​ប្រតិបត្តិ​របស់ Tesla លោក Elon Musk បានឱ្យដឹងថា ពួកគេ​លក់ Bitcoin ដើម្បី​បង្កើន​សាច់ប្រាក់ ដោយសារតែ​បរិស្ថាន​ពាណិជ្ជកម្ម​ខ្វះ​ភាពប្រាកដប្រជា​ព្រោះតែ​កូ​វីដ-១៩។ ក្នុង​របាយការណ៍​ស្ដីពី​លទ្ធផល​អាជីវកម្ម​ក្នុង​ត្រីមាស​ទី​ពីរ​ដែល​ទើបតែ​បានប្រកាស Tesla ទទួលបាន​សាច់ប្រាក់​បន្ថែម ៩៣៦ លាន​ដុល្លារ ពី​ការលក់ Bitcoin ខាងលើ។

    នៅក្នុង​របាយការណ៍​ដែល​បានដាក់​ឡើងទៅ​កាន់​គណៈ​កម្ម​ការមូល​ប​ត្រ​អាម៉េរិក កាលពីដើមឆ្នាំ Tesla ឱ្យដឹងថា កាន់កាប់​បរិមាណ Bitcoin ដែលមាន​តម្លៃ​ជិត ២ ពាន់​លាន​ដុល្លារ គិត​ត្រឹម​ដំណាច់ឆ្នាំ ២០២១។ Tesla បាន​ចំណាយ ១.៥ ពាន់​លាន​ដុល្លារ ទិញ Bitcoin កាលពី​ខែកុម្ភៈ ២០២១ និង​បាន​លក់​អស់ ១០% ក្រោយពី​ទិញ​បាន ២ ខែ។ បច្ចុប្បន្ន Tesla បញ្ជាក់ថា នៅ​កាន់កាប់ Bitcoin ដែលមាន​តម្លៃ​តែ ២១៨ លាន​ដុល្លារ​ប៉ុណ្ណោះ។

    ក្នុង​ត្រីមាស​ទី​ពីរ Tesla រក​ចំណូល​សរុប​បាន ១៦.៩ ពាន់​លាន​ដុល្លារ ទាប​ជាង​តួលេខ ១៧.១ ពាន់​លាន​ដុល្លារ​ដែល​បាន​ព្យាករ​មុន​នោះ​របស់ Refinitiv។ ក្នុងនោះ ប្រាក់ចំណូល​បាន​ពី​រថយន្ត មាន​ចំនួន ១៤.៦ ពាន់​លាន​ដុល្លារ, ថាមពល ៨៦៦ លាន​ដុល្លារ ខណៈដែល​សេវាកម្ម និង​ផ្នែកផ្សេងៗទៀត​រួមចំណែក ១.៤៧ ពាន់​លាន​ដុល្លារ។

    អត្រា​ប្រាក់ចំណេញ​សរុប​ក្នុង​ត្រីមាស​ទី​ពីរ​របស់ Tesla សម្រេចបាន ២៧.៩% ទាប​ជាង​អត្រា ៣២.៩% កាលពី​ត្រីមាស​ទីមួយ ឆ្នាំ ២០២២ និង​អត្រា ២៨.៤% ក្នុង​ត្រីមាស​ទី​ពីរ​នៃ​ឆ្នាំ​កន្លង ដោយសារ​ផលប៉ះពាល់​ពី​បញ្ហា​អតិផរណា និង​ការប្រកួតប្រជែង​ក្នុង​ទីផ្សារ​ថ្ម​ផ្ទុក​ថាមពល ក៏ដូចជា​គ្រឿងបន្លាស់​ដទៃទៀត​របស់​រថយន្ត​អគ្គិសនី៕

  • ទាហាន​រុស្ស៊ី ប្រហែល ១៥,០០០ នាក់ បាន​ស្លាប់​នៅ​ក្នុង ​ប្រទេស​​អ៊ុយ​ក្រែ​ន

    ទាហាន​រុស្ស៊ី ប្រហែល ១៥,០០០ នាក់ បាន​ស្លាប់​នៅ​ក្នុង ​ប្រទេស​​អ៊ុយ​ក្រែ​ន

    ប្រធាន CIA បាន​និយាយថា ទីក្រុង​មូ​ស្គូ បាន​បាត់បង់​ទាហាន​ប្រមាណ ១៥,០០០ នាក់ នៅក្នុង​យុទ្ធនាការ​យោធា​នៅ អ៊ុយ​ក្រែ​ន និង​បន្ថែមថា ទីក្រុង​កៀវ ក៏មាន​ទាហាន​ស្លាប់​ប្រហាក់ប្រហែល​នេះដែរ។

    «ការ​គណនា​ថ្មី​បំផុត​របស់​សហគមន៍​ស៊ើបការណ៍​សម្ងាត់​អាម៉េរិក គឺថា ទាហាន​រុស្ស៊ី ប្រហែល ១៥,០០០ នាក់ បាន​ស្លាប់ ក្នុង​គ្រា​ដែល​ចំនួន​ទាហាន​ត្រូវ​រងរបួស អាច​ខ្ពស់ជាង​នេះ ៣ ដង។ ភាគី​ខាង អ៊ុយ​ក្រែ​ន ក៏​ទទួលរង​ការខាតបង់​ធ្ងន់ធ្ងរ តួលេខ​អាច​ទាប​ជាង​បន្តិច ប៉ុន្តែ នៅតែ​ជា​ចំនួន​ដ៏​ច្រើន» ប្រធាន​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាម៉េរិក (CIA) William Burns ថ្លែង​កាលពី​ថ្ងៃទី ២០ កក្កដា។

    លោក William Burns និយាយថា «កងទ័ព​រុស្ស៊ី កំពុង​អនុវត្ត​វិធីសាស្ត្រ​ប្រយុទ្ធ​ដែល​ស័ក្ដិសម​នឹង​ពួកគេ នោះ​គឺ​ការប្រើប្រាស់​ចំណុចខ្លាំង​របស់​កងកាំភ្លើងធំ​ដើម្បី​កម្ទេច​គោលដៅ​នៅ អ៊ុយ​ក្រែ​ន ប៉ះប៉ូវ​សម្រាប់​បញ្ហា​ខ្វះ​កម្លាំង​មនុស្ស​ដែល​ពួកគេ​កំពុង​ប្រឈម»។

    ក្រសួងការពារជាតិ​រុស្ស៊ី និង កងទ័ព​អ៊ុយ​ក្រែ​ន មិនទាន់មាន​ការអធិប្បាយ​អ្វី​ដើម្បី​ឆ្លើយតប​នឹង​ព័ត៌មាន​ខាងលើ​នៅឡើយ។

    ការអះអាង​របស់លោក William Burns ត្រូវបាន​លើកឡើង​ក្នុង​គ្រា​ដែល​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន បានកើត​ឡើង ជិត ៥ ខែ​ពេញ ហើយ​បច្ចុប្បន្ន កម្លាំង​របស់ រុស្ស៊ី កំពុង​គ្រប់គ្រង​ទឹកដី​ប្រមាណ ២០% របស់ អ៊ុយ​ក្រែ​ន៕

  • Elon Musk ថា បាន​ដំឡើង «ប្រព័ន្ធ​ខួរក្បាល» ទៅក្នុង​ប្រព័ន្ធ​ពពក​កុំព្យូទ័រ​រួចហើយ

    Elon Musk ថា បាន​ដំឡើង «ប្រព័ន្ធ​ខួរក្បាល» ទៅក្នុង​ប្រព័ន្ធ​ពពក​កុំព្យូទ័រ​រួចហើយ

    មហាសេដ្ឋី Elon Musk បានឱ្យដឹងថា គាត់​បាន​ដំឡើង​ទិន្នន័យ​ដែល​ថត​បាន​ពី​ខួរក្បាល​របស់គាត់ ចូលទៅក្នុង​ប្រព័ន្ធ​ពពក​កុំព្យូទ័រ (cloud computing) ដើម្បី​ជជែក​លេង​ជាមួយ​កំណែ​ចម្លង​របស់ខ្លួន។

    «បើសិន​លោក​អាច​ដំឡើង​ប្រព័ន្ធ​ខួរក្បាល​របស់ខ្លួន​ទៅក្នុង​ពពក​កុំព្យូទ័រ និង​និយាយ​ជាមួយ​កំណែ​មួយទៀត​របស់ខ្លួន តើ​អ្នក​ទាំងពីរ​អាច​ក្លាយជា​មិត្ត ឬទេ?» Bill Marcus សហ​ស្ថាបនិក​របស់ Dogecoin បាន​សួរ​នៅលើ Twitter កាលពី​ថ្ងៃទី ១៩ កក្កដា។

    ឆ្លើយតប​នឹង​សំណួរ​ខាងលើ លោក Musk សរសេរថា «បានធ្វើ​រឿងនេះ​រួចហើយ» ប៉ុន្តែ មិនបាន​ឱ្យដឹង​លម្អិត​អំពី​បញ្ហា​នេះ។ មតិ​របស់​ម្ចាស់ Tesla ភ្លាមនោះ​ក៏​ទទួលបាន​ចំណាប់អារម្មណ៍​ច្រើន​ពី​អ្នកលេង​បណ្ដាញ​សង្គម។

    មតិ​ជាច្រើន​ត្រូវបាន​លើកឡើង ក្នុងនោះ​មាន​អ្នកខ្លះ​ថា «សប្បាយចិត្ត​បើសិន​ជាមាន​កំណែ​ចម្លង​បែបនេះ»។ ក៏ប៉ុន្តែ ក៏មាន​អ្នកខ្លះ​ថា «មិន​ចូលចិត្ត ព្រោះថា កំណែ​ចម្លង​របស់​ពួកខ្លួន​អាច​ជជែក​លេង​ជាមួយ​អ្នកផ្សេង និង​ទទួលបាន​ព័ត៌មាន ឬ​ចំណេះដឹង​បន្ថែម​ជា​បន្តបន្ទាប់ ខណៈដែល​កំណែ​ពិត​ត្រូវ​ដោះស្រាយ​បញ្ហា​ជីវិត​រាប់មិនអស់»។ ចំណែក​អ្នកខ្លះ​ក៏​ថា «នឹង​ទុកឱ្យ​កំណែ​ចម្លង​របស់ខ្លួន​ជជែក​លេង​ជាមួយ​មនុស្សម្នា ហើយ​កំណែ​ពិត​នឹងមាន​ពេល​សម្រាក កម្សាន្ត ឬ​លម្ហែកាយ​តាមចិត្ត»។

    ទោះជា​យ៉ាងណាក៏ដោយ ក៏​នៅ​មានមតិ​មួយចំនួន​សង្ស័យ​ទៅលើ​ព័ត៌មាន​ដែល Musk បានប្រកាស។ កាលពី​ឆ្នាំ​កន្លង Elon Musk បាន​និយាយថា «ពេលអនាគត ប្រព័ន្ធ Neuralink ដ៏​ឆ្លាត​វៃ អាច​នាំ​អ្នក​ទៅកាន់​ពិភព​ពិត​ក្នុង​រូបភាព​និម្មិត»។ លោក​ជឿថា បច្ចេកវិទ្យា​ឈី​ប​ខួរក្បាល​របស់ Neuralink ល្អ​ជាង metaverse ទៅទៀត។

    មុន​នោះ Neuralink ធ្លាប់បាន​បញ្ចេញ​វីដេអូ​បង្ហាញ​ពី សត្វ​ស្វា Pager ចេះ​លេង​ហ្គេម បន្ទាប់ពី​ត្រូវបាន​បំពាក់​ឈី​ប​ខួរក្បាល។ លោក Musk បានឱ្យដឹងថា ក្រុមហ៊ុន Neuralink មាន​គម្រោង​ចាប់ផ្ដើម​បំពាក់​ឈី​ប​កុំព្យូទ័រ​ទៅក្នុង​ខួរក្បាល​មនុស្ស​នៅក្នុង​ឆ្នាំនេះ ប៉ុន្តែ មកដល់​បច្ចុប្បន្ន ក្រុមហ៊ុន​នេះ​មិនទាន់​ទទួលបាន​ការយល់ព្រម​ពី FDA (អាជ្ញាធរ​គ្រប់គ្រង​អាហារ និង​ឱសថ​អាម៉េរិក) នៅឡើយ។

  • យន្តហោះ​ចម្បាំង​ផលិត​ដោយ កូរ៉េខាងត្បូង ហោះហើរ​​លាក​ល្បង​ជា​លើកដំបូង

    យន្តហោះ​ចម្បាំង​ផលិត​ដោយ កូរ៉េខាងត្បូង ហោះហើរ​​លាក​ល្បង​ជា​លើកដំបូង

    យន្តហោះ​ចម្បាំង​ល្បឿន​លឿន​ជាង​សំឡេង KF-21 ដែល​ផលិត​ដោយ កូរ៉េខាងត្បូង បានធ្វើការ​ហោះហើរ​សាក​ល្បង​លើកដំបូង ក្រោយពី​បាន​ចំណាយពេល​អស់​ជាង ៦ ឆ្នាំកន្លះ ក្នុងការ​ស្រាវជ្រាវ និង​អភិវឌ្ឍ។

    ការហោះហើរ​សាកល្បង​ដំបូង​ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃទី ១៩ កក្កដា នៅឯ​សាលា​ហ្វឹកហ្វឺន​ហោះហើរ​លេខ ៣ របស់ ទ័ពអាកាស​កូរ៉េខាងត្បូង ស្ថិតនៅ​ទីក្រុង Sacheon ចម្ងាយ​ពី​ទី រដ្ឋធានី​សេ​អ៊ូ​ល ប្រហែល ៣០០ គីឡូម៉ែត្រ ទៅ​ទិស​ខាងត្បូង នេះ​បើតាម អាជ្ញាធរ​គ្រប់គ្រង​កម្មវិធី​ទិញដូរ​សព្វាវុធ​ការពារជាតិ​កូរ៉េខាងត្បូង (DAPA)។

    យន្តហោះ​ចម្បាំង KF-21 Boramae ហោះ​ឡើង​នៅវេលា​ម៉ោង ១៥ និង ៤០ នាទី និង​ចុះចត​នៅវេលា​ម៉ោង ១៦ និង ១៤ នាទី ថ្ងៃទី ១៩ កក្កដា។ DAPA បានឱ្យដឹងថា «នេះ​គឺជា​ទិដ្ឋភាព​បង្ហាញ​ពី​សមត្ថភាព​អភិវឌ្ឍ​យន្តហោះ​ចម្បាំង​ជំនាន់ ៤.៥ របស់ កូរ៉េខាងត្បូង ដែល​បានក្លាយ​ជាការ​ពិត»។

    DAPA ហៅ KF-21 ថា​ជា​យន្តហោះ​ចម្បាំង​ជំនាន់ ៤.៥ ក៏​ព្រោះតែ​វា​មិនមាន​មុខងារ​ដែល​ជួយ​បង្កើន​សមត្ថភាព​បំបាំងកាយ ដូចជា​កន្លែង​ដាក់អាវុធ​ដែល​លាក់​ក្នុង​ខ្លួន​ជាដើម។ ក៏ប៉ុន្តែ ក្រុមអ្នកវិភាគ​និយាយថា យន្តហោះ​នេះ​អាច​ហោះ​បាន​លឿន​ជាង និង​ខ្ពស់ជាង បើ​ធៀប​នឹង​យន្តហោះ​ចម្បាំង F-35 ជំនា​ន់ទី ៥ របស់ សហរដ្ឋ​អាម៉េរិក។

    លទ្ធផល​នៃ​ការសាកល្បង​ហោះហើរ​នេះ​បាន​ជួយ​ឱ្យ កូរ៉េខាងត្បូង ក្លាយជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ដ៏​តិចតួច​ដែល​បាន​អភិវឌ្ឍ​ដោយ​ជោគជ័យ​នូវ​យន្តហោះ​ចម្បាំង​ល្បឿន​លឿន​ជាង​សំឡេង​ដ៏​ទំនើប។

    KF-21 ត្រូវបាន​អភិវឌ្ឍ​នៅក្នុង​គម្រោង​ដែលមាន​តម្លៃ ៨,៨០០ ពាន់​លាន​វ៉ុ​ន (៦.៦៧ ពាន់​លាន​ដុល្លារ​អាម៉េរិក) ដើម្បី​ជំនួស​យន្តហោះ​ចម្បាំង F-4 និង F-5 ក្នុង​បំណង​លើកកម្ពស់​សមត្ថភាព​ការពារជាតិ និង​កំញើញ​ការគំរាមកំហែង​ពី​អាវុធ​ប្រល័យ​លោក​របស់ កូរ៉េខាងជើង។

    កូរ៉េខាងត្បូង បាន​ផ្ដួច​ផ្ដើមគំនិត​អភិវឌ្ឍ​យន្តហោះ​ចម្បាំង​ដោយ​ខ្លួនឯង​ចាប់ពី​ខែវិច្ឆិកា ២០០០ និង​បាន​ចុះ​កិច្ចព្រមព្រៀង​អភិវឌ្ឍ​ជាមួយ Korea Aerospace Industries ដែលជា​ក្រុមហ៊ុន​ផលិត​យន្តហោះ​តែមួយគត់​នៅ កូរ៉េខាងត្បូង កាលពី​ខែធ្នូ ២០១៥។

    ដំណាក់កាល​ដំបូង​ដែល​គ្រោង​នឹង​ចំណាយ​អស់ ៨,១០០ ពាន់​លាន​វ៉ុ​ន ក្នុងនោះ​មាន​ទុន ២០% បានមកពី ឥណ្ឌូណេស៊ី នឹង​ផ្ដោតលើ​ការអភិវឌ្ឍ​យន្តហោះ​នេះ​ទាំងមូល ហើយ​គ្រោង​នឹង​អូសបន្លាយ​ពេល​ដល់​ឆ្នាំ ២០២៦។ ដំណាក់កាល​ទី​ពីរ​គ្រោង​នឹង​ចំណាយ​អស់ ៧០០ ពាន់​លាន​វ៉ុ​ន ដែល​អូសបន្លាយ​ដល់​ឆ្នាំ ២០២៨ ដោយ​ផ្ដោតលើ​ការសាកល្បង​អាវុធ។

    យន្តហោះ KF-21 កំណែ​គំរូ​ចំនួន ៥ គ្រឿង​ត្រូវបាន​ផលិត​រួចហើយ ខណៈដែល​គ្រឿង​ទី ៦ គ្រោង​នឹង​បង្ហើយ​ក្នុង​ខែកក្កដា​នេះ។

    តាម​ផែនការ ទ័ពអាកាស​កូរ៉េខាងត្បូង នឹង​ទទួលបាន KF-21 ចំនួន ១២០ គ្រឿង​នៅ​ឆ្នាំ ២០៣០។ យន្តហោះ​នេះ​ត្រូវបាន​គេ​សង្ឃឹមថា អាច​បំពាក់​មី​ស៊ី​ល​ប្រឆាំង​អាកាស និង​ប្រឆាំង​ដី ឬ​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​ផងដែរ។ KF-21 នឹងមាន ២ កំណែ រួមមាន កំណែ ២ កៅអី និង​កំណែ ១ កៅអី៕