មនុស្ស​ជាង ៥០០ នាក់​បាន​ស្លាប់​ដោយសារ​រលក​កម្ដៅ​កម្រិត​ខ្ពស់​នៅ អេ​ស្ប៉ា​ញ

ឧទ្ធម្ភាគ​ចក្រ​កំពុង​ចូល​រួម​ពន្លត់​ភ្លើង​ព្រៃ​ដែល​កើត​ឡើង​ដោយ​សារ​សីតុណ្ហ​ភាព​ក្ដៅ​ខ្លាំង​

នាយករដ្ឋមន្ត្រី Pedro Sanchez ដកស្រង់​ស្ថិតិ​របស់​វិទ្យាស្ថាន​មួយ បានឱ្យដឹងថា រលក​កម្ដៅ​ដ៏​ខ្លាំងក្លា​នៅ អេ​ស្ប៉ា​ញ ថ្មីៗនេះ បានសម្លាប់​មនុស្ស​ជាង ៥០០ នាក់។

តួលេខ​មនុស្ស​ដែល​បាន​ស្លាប់​នៅក្នុង​រលក​កម្ដៅ​ដែល​អូស​បន្លាយពេល ១០ ថ្ងៃ ត្រូវបាន នាយករដ្ឋមន្ត្រី​អេ​ស្ប៉ា​ញ Pedro Sanchez លើកឡើង​កាលពី​ថ្ងៃទី ២០ កក្កដា ដោយយោង​តាម​ស្ថិតិ​របស់​វិទ្យាស្ថាន​សុខាភិបាល Carlos III ដែល​បានប្រកាស​មុន​នោះ ២ ថ្ងៃ។

«ខ្ញុំ​អំពាវនាវ​ដល់​ប្រជាជន ឱ្យមាន​ការប្រុងប្រយ័ត្ន​ខ្ពស់» លោក Sanchez ថ្លែង​ដូច្នេះ និង​សង្កត់ធ្ងន់ថា «ស្ថានភាព​អាកាសធាតុ​អាក្រក់ភ្លាមៗគឺជា​រឿង​ជាក់ស្ដែង»។

ក៏ប៉ុន្តែ វិទ្យាស្ថាន​សុខាភិបាល Carlos III ខាងលើ បាន​បញ្ជាក់ថា តួលេខ​នោះ​គ្រាន់តែ​ជាការ​គណនា​ដោយ​ផ្អែកលើ​ទិន្នន័យ​ចម្រុះ​នានា មិនមែនជា​តួលេខ​ផ្លូវការ។

អំឡុងពេល​ពីថ្ងៃ​ទី ៩ ដល់ ១៨ កក្កដា «គឺជា​រដូវក្ដៅ​ដ៏​ខ្លាំងក្លា​លើក​ទី​បី បើ​គិត​ទៅតាម​រង្វង់​នៃ​ឥទ្ធិពល និង​ពេលវេលា​ដែល​អូសបន្លាយ» រាប់​ចាប់ពី​ឆ្នាំ ១៩៧៥ ក្នុងនោះ​មាននៅ​ក្នុងឆ្នាំនេះ​ម្ដង, ឆ្នាំ ២០១៥ ម្ដង និង​ឆ្នាំ ២០០៣ ម្ដង។ នេះ​បើតាម​អ្នកនាំពាក្យ​របស់ នាយកដ្ឋាន​ឧតុនិយម​អេ​ស្ប៉ា​ញ AEMET Beatriz Hervella។

អេ​ស្ប៉ា​ញ និង​ប្រទេស​ជាច្រើន​នៅ អឺរ៉ុប ទើបតែ​បាន​ឆ្លងកាត់​រលក​កម្ដៅ​ដ៏​ខ្លាំងក្លា​កាល ធ្វើឱ្យ​សីតុណ្ហភាព​នៅក្នុង​តំបន់​ខ្លះ​ឡើងដល់ ៤៥ អង្សា​សេ កាលពី​សប្ដាហ៍​កន្លងទៅ បណ្ដាលឱ្យមាន​ហេតុការណ៍​ភ្លើង​ឆេះ​ព្រៃ​ជាច្រើន​ករណី៕

Advertisement