ប្រធានាធិបតីរុស្ស៊ី ថ្លែង​អះអាង​ថា​ «សណ្ដាប់ធ្នាប់​ពិភពលោក​នឹង​ផ្លាស់ប្ដូរ»

ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន

ប្រធានាធិបតី​រុស្ស៊ី បាន​ព្យាករ​ថា ការប្រែប្រួល​ធំ​នឹងធ្វើ​ឱ្យមាន​សណ្ដាប់ធ្នាប់​ពិភពលោក​ថ្មី ហើយ​មានតែ​ប្រទេស​ដែល «មាន​អធិបតេយ្យភាព​ពិតប្រាកដ» ទើប​ដណ្ដើមបាន​ជ័យជម្នះ»។

«ការប្រែប្រួល​ធំធេង ដែលមាន​លក្ខណៈ​ជា​បដិវត្តន៍​ពិតប្រាកដ នឹង​បង្កើតបានជា​សណ្ដាប់ធ្នាប់​ពិភពលោក​ថ្មី​ដ៏​ស្រស់​ល្អ យុត្តិធម៌​ជាង សុវត្ថិភាព និង​ឆ្ពោះទៅកាន់​សហគមន៍​ជាង​បច្ចុប្បន្ន» ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ថ្លែង​នៅក្នុង​វេទិកា​សេដ្ឋកិច្ច​មួយ​នៅ មូ​ស្គូ កាលពី​ថ្ងៃទី ២០ កក្កដា។

យោងតាម​​សម្ដី​លោក ពូ​ទីន នៅក្នុង​យុគសម័យ​ថ្មី​ដែលមាន​ការប្រែប្រួល​ច្រើន​បែបនេះ «មានតែ​បណ្ដា​ប្រទេស​ដែលមាន​អធិបតេយ្យភាព​ពិតប្រាកដ​ទើប​អាច​ជោគជ័យ»។ លោក ពូ​ទីន បានឱ្យ​និយមន័យ​នៃ​បណ្ដា​ប្រទេស​ដែលមាន​អធិបតេយ្យភាព​ពិតប្រាកដ​ថា​ជា បណ្ដា​ប្រទេស «ដែលមាន​សេរីភាព​ក្នុងការ​អភិវឌ្ឍ​ជាតិ និង​បុគ្គលនីមួយៗ ក៏ដូចជា​សមត្ថភាព​ជោគជ័យ​ក្នុង​វិស័យ​បច្ចេកវិទ្យា វប្បធម៌ ការយល់ដឹង និង​អប់រំ» ទន្ទឹមនឹងនេះ ក៏​ជា​សង្គម​ស៊ីវិល​មួយ​ដែល​សំដៅ​ទៅកាន់​ប្រទេសជាតិ មានការ​ទទួលខុសត្រូវ និង​វិជ្ជមាន។

លោក ពូ​ទីន យល់ថា ប្រទេស​បែបនេះ​នឹង​ជា​គំរូ​សម្រាប់​បណ្ដា​ប្រទេស​ដទៃ ស្ដីពី «ស្ដង់ដារ និង​គុណភាព​ជីវិត​របស់​ប្រជាជន ការការពារ​តម្លៃ​ប្រពៃណី និង​ឧ​ត្ត​ម​គតិ​របស់​មនុស្សជាតិ»។

«ពិភពលោក​បែបនេះ​ផ្ទុយ​ពី​សណ្ដាប់ធ្នាប់​ពិភពលោក​ដែល​គ្រប់គ្រង​ផ្ដាច់មុខ​ដោយ​លោកខាងលិច ដែល​កំពុង​​បង្អាក់ដំណើរ​នៃ​ការអភិវឌ្ឍ​របស់​អរិយធម៌​យើង» លោក ពូ​ទីន ថ្លែង​បញ្ជាក់ និង​បាន​ចោទ​បណ្ដា​ប្រទេស​លោកខាងលិច​ថា «រើសអើង​ពូជសាសន៍ និង​មានគំនិត​អាណានិគម​បែប​ថ្មី និង​កាន់តែ​ដូច លទ្ធិផ្ដាច់ការ»។

ប្រធានាធិបតី​រុស្ស៊ី យល់ថា បើទោះជា​ក្រុមអ្នកមានអំណាច​នៅ​បស្ចិម​លោក ប្រឹងប្រែង​យ៉ាងខ្លាំង​ក្លា​ដើម្បី​រក្សា​សណ្ដាប់ធ្នាប់​ពិភពលោក​បច្ចុប្បន្ន ប៉ុន្តែ​ការប្រែប្រួល​ខាងលើនេះ​គឺជា «រឿង​ដែល​មិនអាច​ក្រែ​ប្រែ​បាន»។

សហរដ្ឋ​អាម៉េរិក និង​សម្ព័ន្ធមិត្ត​លោកខាងលិច មិនទាន់​​មាន​ការ​​បញ្ចេញ​ប្រតិកម្ម​អ្វី​ទៅនឹង​ការប្រកាស​របស់ ប្រធានាធិបតី​រុស្ស៊ី នៅឡើយ៕

Advertisement