ជំទាវ​ទីមួយ​របស់ អ៊ុយ​ក្រែ​ន ថ្លែង​នៅ​ចំពោះមុខ សភា​អាម៉េរិក

លោកស្រី អូឡែណា ហ្សេឡែនស្គី

លោកស្រី ហ្សេ​ឡែ​ន​ស្គី ថ្លែងថា លោកស្រី​ថ្លែង​ជំនួស​ឪពុកម្ដាយ​រាប់លាន​នាក់​ដែល​ព្រួយបារម្ភ​អំពី​កូនចៅ ស្នើ​សូមឱ្យ​ក្រុម​អ្នកតាក់តែង​ច្បាប់​របស់ សហរដ្ឋ​អាម៉េរិក ផ្ដល់ជំនួយ​ជា​អាវុធ​បន្ថែមទៀត​ដល់ អ៊ុយ​ក្រែ​ន។

ជំទាវ​ទីមួយ​របស់ អ៊ុយ​ក្រែ​ន លោកស្រី អូ​ឡែ​ណា ហ្សេ​ឡែ​ន​ស្គី កាលពី​ថ្ងៃទី ២០ កក្កដា បានបង្ហាញ​វត្តមាន ក្នុង សភា​អាម៉េរិក នៅ រដ្ឋធានី​វ៉ា​ស៊ី​ង​តោន និង​បាន​បញ្ចាំង​បង្ហាញ​អំពី​ទិដ្ឋភាព​កុមារ​នានា​របស់ អ៊ុយ​ក្រែ​ន សើច​លេង​សប្បាយ​នៅមុន​ពេល​បាត់​បង់ជីវិត​នៅក្នុង​សង្គ្រាម​ជាមួយ រុស្ស៊ី។

ក្នុងចំណោម​នោះ​ក៏មាន​កុមារ​ម្នាក់​ដែលមាន​ជំងឺ​ប្រចាំកាយ​ផងដែរ។ នាង​កំពុង​អង្គុយ​លើ​រទេះរុញ ហើយ​សើច​សប្បាយ នៅក្នុង​វីដេអូ​ដែល​ម្ដាយ​នាង​បាន​ថត មួយ​ម៉ោង​មុនពេល​បាន​បាត់បង់​ជីវិត​ក្នុងករណី​វាយប្រហារ​តាមផ្លូវ​អាកាស​របស់ កងកម្លាំង​រុស្ស៊ី នៅ Vinnytsia កាលពី​សប្ដាហ៍​កន្លង។

«យើង​ចង់ឱ្យ​ឪពុកម្ដាយ​គ្រប់រូប​សុទ្ធតែ​អាច​និយាយប្រាប់​កូន​បាន​ថា «ជូនពរ​កូន​គេង​លក់​ស្កប់ស្កល់ នឹងមិន​មានការ​វាយប្រហា​រ​តាម​អាកាស​ទៀត​ទេ មិនមាន​ការវាយប្រហា​រ​ដោយ​មី​ស៊ី​ល​ណា​ទៀតឡើយ»។ តើ​បំណងប្រាថ្នា​នេះ ពិតជា​ច្រើន​មែន ឬទេ?» លោកស្រី ហ្សេ​ឡែ​ន​ស្គី ថ្លែង​ដូច្នេះ។

លោកស្រី ហ្សេ​ឡែ​ន​ស្គី បាន​ទទួលស្គាល់ថា ការដែល​ជំទាវ​ទីមួយ​ស្វែងរក​ជំនួយ​ជា​អាវុធ គឺជា​រឿង​ចម្លែក ប៉ុន្តែ​វា​ពិត​ជាមាន​សារសំខាន់​ខ្លាំងណាស់។

អ៊ុយ​ក្រែ​ន ត្រូវការ​ប្រព័ន្ធ​ការពារ​ដែនអាកាស «ដើម្បី​រ៉ុក្កែត​មិន​សម្លាប់​កុមារ​នៅលើ​រទេះរុញ» លោកស្រី ហ្សេ​ឡែ​ន​ស្គី ថ្លែង​ដូច្នេះ។ លោកស្រី​បន្ថែមថា «សូមជួយ​ដល់​យើងខ្ញុំ ទប់​ទល់នឹង​សកម្មភាព​ដ៏​រន្ធត់​នេះ​ចំពោះ​ជនជាតិ​អ៊ុយ​ក្រែ​ន»។

លោកស្រី ហ្សេ​ឡែ​ន​ស្គី ក៏បាន​រម្លឹក​ដល់ករ​ណី​ភេរវកម្ម​នៅ សហរដ្ឋ​អាម៉េរិក ថ្ងៃទី ១១ កញ្ញា និង​អំពាវនាវ​សូមឱ្យ​ប្រជាជន​បាន «រស់នៅ​ដោយមាន​សេរីភាព និង​តាម​ចាប់​ក្ដី​ស្រមៃ» ដូច​នៅក្នុង សេចក្ដីប្រកាស​ឯករាជ្យ​របស់​សហរដ្ឋ​អាម៉េរិក។

ជំទាវ​ទីមួយ​របស់ អ៊ុយ​ក្រែ​ន បាន​ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធានាធិបតី បៃ​ដិ​ន កាលពី​ថ្ងៃទី ១៩ កក្កដា។ ទាំង​លោក បៃ​ដិ​ន ទាំង សភា​អាម៉េរិក សុទ្ធតែ​បាន​គាំទ្រ​ការផ្ដល់​អាវុធ​ឱ្យ អ៊ុយ​ក្រែ​ន និង​បានអនុម័ត​កញ្ចប់​ជំនួយ​តម្លៃ ៤០ ពាន់​លាន​ដុល្លារ កាលពី​ខែឧសភា។ ប៉ុន្តែ ក្នុង​ស្ថានការណ៍​ដែល រុស្ស៊ី កំពុងមាន​ប្រៀប​ជាង​នៅក្នុង​តំបន់​ភាគ​ខាងកើត អ៊ុយ​ក្រែ​ន ត្រូវការ​ការធានា​ចំពោះ​ប្រភព​ផ្គត់ផ្គង់​អាវុធ​ដែលមាន​ស្ថិរភាព​ជាង​បច្ចុប្បន្ន រួមទាំង​កាំភ្លើង​ធំ​រយៈ​ចម្ងាយ​ឆ្ងាយ​ផងដែរ៕

 

Advertisement