យន្តហោះ​ចម្បាំង​ផលិត​ដោយ កូរ៉េខាងត្បូង ហោះហើរ​​លាក​ល្បង​ជា​លើកដំបូង

យន្តហោះ​ចម្បាំង​ល្បឿន​លឿន​ជាង​សំឡេង KF-21 ដែល​ផលិត​ដោយ កូរ៉េខាងត្បូង បានធ្វើការ​ហោះហើរ​សាក​ល្បង​លើកដំបូង ក្រោយពី​បាន​ចំណាយពេល​អស់​ជាង ៦ ឆ្នាំកន្លះ ក្នុងការ​ស្រាវជ្រាវ និង​អភិវឌ្ឍ។

ការហោះហើរ​សាកល្បង​ដំបូង​ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃទី ១៩ កក្កដា នៅឯ​សាលា​ហ្វឹកហ្វឺន​ហោះហើរ​លេខ ៣ របស់ ទ័ពអាកាស​កូរ៉េខាងត្បូង ស្ថិតនៅ​ទីក្រុង Sacheon ចម្ងាយ​ពី​ទី រដ្ឋធានី​សេ​អ៊ូ​ល ប្រហែល ៣០០ គីឡូម៉ែត្រ ទៅ​ទិស​ខាងត្បូង នេះ​បើតាម អាជ្ញាធរ​គ្រប់គ្រង​កម្មវិធី​ទិញដូរ​សព្វាវុធ​ការពារជាតិ​កូរ៉េខាងត្បូង (DAPA)។

យន្តហោះ​ចម្បាំង KF-21 Boramae ហោះ​ឡើង​នៅវេលា​ម៉ោង ១៥ និង ៤០ នាទី និង​ចុះចត​នៅវេលា​ម៉ោង ១៦ និង ១៤ នាទី ថ្ងៃទី ១៩ កក្កដា។ DAPA បានឱ្យដឹងថា «នេះ​គឺជា​ទិដ្ឋភាព​បង្ហាញ​ពី​សមត្ថភាព​អភិវឌ្ឍ​យន្តហោះ​ចម្បាំង​ជំនាន់ ៤.៥ របស់ កូរ៉េខាងត្បូង ដែល​បានក្លាយ​ជាការ​ពិត»។

DAPA ហៅ KF-21 ថា​ជា​យន្តហោះ​ចម្បាំង​ជំនាន់ ៤.៥ ក៏​ព្រោះតែ​វា​មិនមាន​មុខងារ​ដែល​ជួយ​បង្កើន​សមត្ថភាព​បំបាំងកាយ ដូចជា​កន្លែង​ដាក់អាវុធ​ដែល​លាក់​ក្នុង​ខ្លួន​ជាដើម។ ក៏ប៉ុន្តែ ក្រុមអ្នកវិភាគ​និយាយថា យន្តហោះ​នេះ​អាច​ហោះ​បាន​លឿន​ជាង និង​ខ្ពស់ជាង បើ​ធៀប​នឹង​យន្តហោះ​ចម្បាំង F-35 ជំនា​ន់ទី ៥ របស់ សហរដ្ឋ​អាម៉េរិក។

លទ្ធផល​នៃ​ការសាកល្បង​ហោះហើរ​នេះ​បាន​ជួយ​ឱ្យ កូរ៉េខាងត្បូង ក្លាយជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ដ៏​តិចតួច​ដែល​បាន​អភិវឌ្ឍ​ដោយ​ជោគជ័យ​នូវ​យន្តហោះ​ចម្បាំង​ល្បឿន​លឿន​ជាង​សំឡេង​ដ៏​ទំនើប។

KF-21 ត្រូវបាន​អភិវឌ្ឍ​នៅក្នុង​គម្រោង​ដែលមាន​តម្លៃ ៨,៨០០ ពាន់​លាន​វ៉ុ​ន (៦.៦៧ ពាន់​លាន​ដុល្លារ​អាម៉េរិក) ដើម្បី​ជំនួស​យន្តហោះ​ចម្បាំង F-4 និង F-5 ក្នុង​បំណង​លើកកម្ពស់​សមត្ថភាព​ការពារជាតិ និង​កំញើញ​ការគំរាមកំហែង​ពី​អាវុធ​ប្រល័យ​លោក​របស់ កូរ៉េខាងជើង។

កូរ៉េខាងត្បូង បាន​ផ្ដួច​ផ្ដើមគំនិត​អភិវឌ្ឍ​យន្តហោះ​ចម្បាំង​ដោយ​ខ្លួនឯង​ចាប់ពី​ខែវិច្ឆិកា ២០០០ និង​បាន​ចុះ​កិច្ចព្រមព្រៀង​អភិវឌ្ឍ​ជាមួយ Korea Aerospace Industries ដែលជា​ក្រុមហ៊ុន​ផលិត​យន្តហោះ​តែមួយគត់​នៅ កូរ៉េខាងត្បូង កាលពី​ខែធ្នូ ២០១៥។

ដំណាក់កាល​ដំបូង​ដែល​គ្រោង​នឹង​ចំណាយ​អស់ ៨,១០០ ពាន់​លាន​វ៉ុ​ន ក្នុងនោះ​មាន​ទុន ២០% បានមកពី ឥណ្ឌូណេស៊ី នឹង​ផ្ដោតលើ​ការអភិវឌ្ឍ​យន្តហោះ​នេះ​ទាំងមូល ហើយ​គ្រោង​នឹង​អូសបន្លាយ​ពេល​ដល់​ឆ្នាំ ២០២៦។ ដំណាក់កាល​ទី​ពីរ​គ្រោង​នឹង​ចំណាយ​អស់ ៧០០ ពាន់​លាន​វ៉ុ​ន ដែល​អូសបន្លាយ​ដល់​ឆ្នាំ ២០២៨ ដោយ​ផ្ដោតលើ​ការសាកល្បង​អាវុធ។

យន្តហោះ KF-21 កំណែ​គំរូ​ចំនួន ៥ គ្រឿង​ត្រូវបាន​ផលិត​រួចហើយ ខណៈដែល​គ្រឿង​ទី ៦ គ្រោង​នឹង​បង្ហើយ​ក្នុង​ខែកក្កដា​នេះ។

តាម​ផែនការ ទ័ពអាកាស​កូរ៉េខាងត្បូង នឹង​ទទួលបាន KF-21 ចំនួន ១២០ គ្រឿង​នៅ​ឆ្នាំ ២០៣០។ យន្តហោះ​នេះ​ត្រូវបាន​គេ​សង្ឃឹមថា អាច​បំពាក់​មី​ស៊ី​ល​ប្រឆាំង​អាកាស និង​ប្រឆាំង​ដី ឬ​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​ផងដែរ។ KF-21 នឹងមាន ២ កំណែ រួមមាន កំណែ ២ កៅអី និង​កំណែ ១ កៅអី៕

Advertisement