Author: សឿន សំណាង

  • ជនជាតិ​ឥណ្ឌា មាន​មោទកភាព​ចំពោះ​នាយករដ្ឋមន្ត្រី​ថ្មី​របស់ ​ប្រទេស​អង់គ្លេស ដែល​ធ្លាប់​ត្រួតត្រា​ឥណ្ឌា

    ជនជាតិ​ឥណ្ឌា មាន​មោទកភាព​ចំពោះ​នាយករដ្ឋមន្ត្រី​ថ្មី​របស់ ​ប្រទេស​អង់គ្លេស ដែល​ធ្លាប់​ត្រួតត្រា​ឥណ្ឌា

    ជនជាតិ​ឥណ្ឌា​ជាច្រើន មានការ​ត្រេកអរ និង​មាន​មោទកភាព​ចំពោះ​លោក រី​ស៊ី សុ​ណាក់ (Rishi Sunak) ជា​ហិណ្ឌូ​សាសនិក និង​ជា ជនជាតិ​អង់គ្លេស​ដើមកំណើត​ឥណ្ឌា​​តំបន់ Punjab ដែល​បាន​ក្លាយជា នាយករដ្ឋមន្ត្រី​អង់គ្លេស ដែលជា​ចក្រភព​ធ្លាប់បាន​ត្រួតត្រា​លើ ប្រទេស​ឥណ្ឌា រាប់​រយ​ឆ្នាំ​។

    «ខ្ញុំ​ពិតជា​សប្បាយរីករាយ​ខ្លាំងណាស់។ ចក្រភព​អង់គ្លេស ធ្លាប់​ត្រួតត្រា​លើ ឥណ្ឌា ជាង 300 ឆ្នាំ។ ពេលនេះ ជនជាតិដើម​កំណើត​ឥណ្ឌា​ម្នាក់ កំពុង​គ្រប់គ្រង ប្រទេស​អង់គ្លេស» Krishna Kumar បុគ្គលិក​ផ្នែក​បច្ចេកវិទ្យា​ម្នា​ក់នៅ ប្រទេស​ឥណ្ឌា និយាយ​កាលពី​ថ្ងៃទី 25 តុលា​ដូច្នេះ។

    លោក រី​ស៊ី សុ​ណាក់ អាយុ 42 ឆ្នាំ ចាប់កំណើត និង​ធំ​ឡើង​នៅ Southampton គឺជា​នាយករដ្ឋមន្ត្រី​ទី​បី​របស់ អង់គ្លេស នៅក្នុង​ឆ្នាំ 2022 នេះ។ ឪពុកម្ដាយ​របស់លោក កើត​នៅក្នុង​សហគមន៍​ជនជាតិ​ឥណ្ឌា នៅ អាហ្វ្រិក​ខាងកើត ដែលមាន​ដូន​តា​នៅ Punjab ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា។ លោក សុ​ណាក់ បាន​រៀបការ​ជាមួយ Akshata Murty ដែលជា​ពលរដ្ឋ​ឥណ្ឌា និង​ជា​កូនស្រី​របស់​មហាសេដ្ឋី Narayana Murthy ស្ថាបនិក​នៃ​ក្រុមហ៊ុន​បច្ចេកវិទ្យា Infosys។

    ឥណ្ឌា បាន​រម្លឹក​ខួប 75 ឆ្នាំ​នៃ​ទិវា​ឯករាជ្យ​ពី ចក្រភព​អង់គ្លេស កាលពី​ខែសីហា ប៉ុន្មាន​សប្ដាហ៍​មុនពេល​ក្លាយជា​ខឿនសេដ្ឋកិច្ច​ធំជាងគេ​ទី 5 ក្នុង​ពិភពលោក នៅពេល GDP បាន​ឡើង​ខ្ពស់ជាង អង់គ្លេស។

    Basavaraj Bommai អភិបាលរដ្ឋ Karrnataka ភាគខាងត្បូង​នៃ ប្រទេស​ឥណ្ឌា ឱ្យដឹងថា ប្រជាជន​ដែល​ធ្លាប់​ស្ថិតក្រោម​ការត្រួតត្រា​រប​ស់ ចក្រភព​អង់គ្លេស មិន​នឹកស្មាន​ដល់​ថា ជនជាតិដើម​កំណើត​ឥណ្ឌា បាន​ឡើងកាន់​អំណាច​នៅ អង់គ្លេស។ វាសនា​បាន​កែប្រែ​ទាំងស្រុង​ហើយ។

    «កូន​របស់ ជនជាតិ​ឥណ្ឌា​បាន​ងើបឡើង, ប្រវត្តិសាស្ត្រ​វិលវង់​នៅ​អង់គ្លេស» គឺជា​ប្រធានបទ​សំខាន់​នៃ​កម្មវិធី​ព័ត៌មាន​នៅលើ​ទូរទស្សន៍ NDTV។

    លោក រីស៊ី សុណាក់ និង​ភរិយា និង​មហា​ក្សត្រ​អង់គ្លេស Charles ទីបី

    លោក រី​ស៊ី សុ​ណាក់ ឡើង​ដឹកនាំ ប្រទេស​អង់គ្លេស នៅក្នុង​គ្រា​ដែល សម​ភាគី​ឥ​ណ្ឌា គឺ​លោក ណារិន​ដ្រា ម៉ូ​ឌី កំពុង​បង្កើនល្បឿន​ក្នុងការ​លុបបំបាត់​ស្លាកស្នាម​សម័យ​អាណានិគម។

    នាយករដ្ឋមន្ត្រី​ឥណ្ឌា កាលពី​ថ្ងៃទី 24 តុលា បាន​អបអរសាទរ​នាយករ​ដ្ឋ​មន្ត្រី​ថ្មី​របស់ អង់គ្លេស និង​មានបំណង «ប្ដូរផ្លាស់​ទំនាក់ទំនង​ជា​ប្រវត្តិសាស្ត្រ​រវាង​ប្រទេស​ទាំងពីរ ឱ្យទៅជា​ទំនាក់ទំនង​ដៃគូ​ទំនើប»។

    ទោះជា​យ៉ាងណាក៏ដោយ នៅមាន​មតិ​ខ្លះ​មិនទាន់​ជឿជាក់​លើ​ពេលវេលា​ដែល​នាយករដ្ឋមន្ត្រី​ រី​ស៊ី សុ​ណាក់ អាច​រក្សាបាន​តំណែង​នេះ។ «នេះ​គឺជា​នាយករដ្ឋមន្ត្រី​ទី​បី​របស់ អង់គ្លេស ក្នុង​មួយឆ្នាំ។ ដូច្នេះ យើង​មិន​​ដឹងថា គាត់​នឹង​កាន់តំណែង​នេះ​បាន​ប៉ុន្មាន​ម៉ោង ប៉ុន្មាន​ថ្ងៃ ឬ​ប៉ុន្មាន​សប្ដាហ៍​ឡើយ»៕

  • ស្ថានភាព​ជំងឺ​កូវីដ-19 នៅ​ កម្ពុជា ប្រកាសនៅ​​ក្នុង​​​​ថ្ងៃទី 26 ខែ​​តុលា 2022

    ស្ថានភាព​ជំងឺ​កូវីដ-19 នៅ​ កម្ពុជា ប្រកាសនៅ​​ក្នុង​​​​ថ្ងៃទី 26 ខែ​​តុលា 2022

    កម្ពុជា បាន​រកឃើញអ្នកឆ្លងកូវីដ-19 ករណី​ថ្មី ចំនួន 0 នាក់ ក្នុង​អំឡុង​ 24 ម៉ោង​ នៃ​ថ្ងៃទី 25 ខែ​តុលា​ ឆ្នាំ​ 2022។

    ក្នុង​អំឡុង​ពេល​ដដែល ​ក៏​មាន​​​អ្នក​ជំងឺ​កូវីដ-19 ចំនួន 06 នាក់បានជាសះស្បើយ និង​​​​ មិនមានករណី​ស្លាប់​ថ្មី​ ដោយ​សារ​ជំងឺ​នេះ​នៅឡើយ។

    គិតត្រឹមព្រឹក ថ្ងៃទី 26 ខែតុលា ឆ្នាំ 2022 កម្ពុជា មាន​ អ្នក​ឆ្លងកូវីដ-១៩ សរុប ៖ 137,979 នាក់, អ្នកជាសះស្បើយសរុប​ ៖ 134,914 នាក់ និង​​អ្នកស្លាប់​សរុប​ ៖ 3,056 នាក់។

  • ក្រសួងការងារ​ប្រកាស​​​​អំពី​ថ្ងៃ​ឈប់​សម្រាក​ក្នុង​ឱកាស​បុណ្យ​អុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក

    ក្រសួងការងារ​ប្រកាស​​​​អំពី​ថ្ងៃ​ឈប់​សម្រាក​ក្នុង​ឱកាស​បុណ្យ​អុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក

    ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នា​ព្រឹក​នេះ បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​មួយ​ស្ដីពី​ការ​អនុញ្ញាត​ឱ្យ​កម្មករនិយោជិត ឈប់​សម្រាក​ក្នុង​ឱកាស​បុណ្យ​អុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែល​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​ខែ​វិច្ឆិកា​ខាងមុខ​។

    នៅក្នុង​សេចក្ដី​ជូន​ដំណឹង​នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​ បាន​ប្រកាស​​ឱ្យម្ចាស់ឬ នាយករោងចក្រ សហគ្រាស អនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់របស់ខ្លួន ឈប់សម្រាក ដោយមានប្រាក់ឈ្នួល ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល 3 ថ្ងៃ គិតចាប់ពីថ្ងៃទី 7-9 ខែវិច្ឆិកា ឆ្នាំ 2022​។

    ករណី​រោង​ចក្រ សហគ្រាស​ដែល​ត្រូវ​ប្រព្រឹត្ត​ទៅ​ជា​ប្រចាំ មិន​អាច​​បញ្ឈប់បាន ត្រូវ​តែ​រៀប​ចំ​ឱ្យ​មាន​ការ​ធ្វើការ​ផ្លាស់​ប្ដូរ​វេន​ ដោយ​បុគ្គលិក​ កម្មករ និយោជិត មាន​សិទ្ធិ​ទទួល​បាន​ប្រាក់​បំណាច់​បន្ថែម​។

    ព័ត៌មាន​លម្អិត សូម​អាន​សេចក្ដីជូនដំណឹង​របស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខាងក្រោម ៖

     

  • ​ចិន អភិវឌ្ឍ​រថភ្លើង​អណ្ដែត (Maglev Levitation) អាច ​«ហោះ» ក្នុង​ល្បឿន 1,000 គីឡូម៉ែត្រ/ម៉ោង

    ​ចិន អភិវឌ្ឍ​រថភ្លើង​អណ្ដែត (Maglev Levitation) អាច ​«ហោះ» ក្នុង​ល្បឿន 1,000 គីឡូម៉ែត្រ/ម៉ោង

    ក្រុម​អ្នកជំនាញ​ចិន អភិវឌ្ឍ​ប្រព័ន្ធ​សាកល្បង​មួយ​ដែល​អាច​បង្កើនល្បឿន​រប​ស់​រថភ្លើង​នៅក្នុង​ផ្លូវ​បំពង់ ​ឡើងដល់ 1,000 គីឡូម៉ែត្រ/ម៉ោង លឿន​ជាង​រថភ្លើង​ប្រភេទ​អណ្ដែត (Magnetic levitation transport ឬហៅ​ថា maglev) នាបច្ចុប្បន្ន។

    ក្រុម​វិស្វករ​ចិន ដែល​ធ្វើការ​នៅក្នុង​គម្រោង​នៅ​ភាគ​កណ្ដាល​ប្រទេស បានឱ្យដឹងថា ពួកគេ​បាន​ឆ្ពោះទៅរក​ការសាងសង់​ប្រព័ន្ធ​ចរាចរណ៍​ប្រភេទ​អណ្ដែត (maglev) នៅក្នុង​បំពង់​ដែលមាន​ការ​កកិត​កម្រិត​ទាប និង​មាន​ល្បឿន​លឿន តាមរយៈ​ការ​បូកផ្សំ​រវាង​បច្ចេកវិទ្យា​ផ្លូវដែក និង​អវកាស​ចរណ៍ នេះ​បើ​តាំ SCMP ចេញផ្សាយ​កាលពី​ថ្ងៃទី 24 តុលា។

    ក្រុម​វិស្វករ​មកពី​ក្រុមហ៊ុន​វិទ្យាសាស្ត្រ និង​ឧស្សាហកម្ម​អវកាស​ចរណ៍​ចិន (CASIC) សង្ឃឹមថា ពួកគេ​អាច​ដំណើរការ​រថភ្លើង​អណ្ដែត​នៅក្នុង​បំពង់​ដែលមាន​បរិយាកាស​ស្ដើង​បំផុត ដែល​នេះ​មានន័យថា រថភ្លើង​នឹង «ហោះ​លើ​ផ្ទៃដី» ក្នុង​ល្បឿន​ស្មើនឹង​យន្តហោះ។ បច្ចេកវិទ្យា​នេះ​នឹង​ជួយ​ដោះស្រាយ​បញ្ហា​ពីរធំៗនៅក្នុង​វិស័យ​ដឹកជញ្ជូន​តាមផ្លូវ​ដែក រួម​មានការ​កកិតរ​វាង​កង់​រថភ្លើង​ជាមួយនឹង​ផ្លូវដែក និង​កម្លាំង​កកិត​រវាង​ខ្យល់​ជាមួយនឹង​រថភ្លើង។

    ផ្លូវ​រថភ្លើង​អណ្ដែត​ក្នុង​បំពង់​ប្រវែង 2 គីឡូម៉ែត្រ​នៅ​ទីក្រុង Datong ក្នុង​ខេត្ត Shanxi ប្រទេស​ចិន យក​លំនាំ​តាម​គម្រោង Hyperloop របស់​មហាសេដ្ឋី​អាម៉េរិក អ៊ី​ឡុ​ន ម៉ាស។ CASIC ឱ្យដឹងថា ខ្លួន​កំពុង​កាន់កាប់​កម្មសិទ្ធិ​បញ្ញា​ចំពោះ​ផ្លូវ​រថភ្លើង​អណ្ដែត​នៅ Shanxi នេះ។

    ក្រុម​ហ៊ុន CASIC កំពុង​អភិវឌ្ឍ​ផ្លូវ​រថភ្លើង​អណ្ដែត​ក្នុង​បំពង់ ​នៅ​ទីក្រុង Datong ក្នុង​ខេត្ត Shanxi ប្រទេស​ចិន

    Zhao Ming ប្រធាន​ផ្នែក​បច្ចេកវិទ្យា maglev នៅ CASIC និយាយថា រថភ្លើង​អណ្ដែត​ថ្មី​នឹងមាន​សុវត្ថិភាព និង​ស្ថិរភាព​ដូច​យន្តហោះ។ យោងតាម​លោក Zhao Ming គម្លាត​រវាង​ទីក្រុងធំៗនៅ ប្រទេស​ចិន ឡើងដល់​ជាង 965 គីឡូម៉ែត្រ ដូច្នេះ​គេ​ត្រូវការ​មធ្យោបាយ​ដែល​អាចធ្វើ​ដំណើរ​ក្នុង​ល្បឿន 1,000 គីឡូម៉ែត្រ/ម៉ោង។

    ក៏ប៉ុន្តែ Lu Fang ដែលជា​វិស្វករ​នៅ​សាកលវិទ្យាល័យ​ចរាចរណ៍​ប៉េកាំង ឱ្យដឹងថា គម្រោង​ខាងលើ​មាន​ហានិភ័យ​ច្រើន​ទាក់ទិន​នឹង​បច្ចេកវិទ្យា មានដូចជា រថភ្លើង​អាច​ឃ្លាត​ចេញពី​ផ្លូវដែក ឬ​ដាច់​ហ្វ្រាំង​ជាដើម។ ក្រៅពីនេះ ការចំណាយ​ខ្ពស់​ក្នុងការ​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​រថភ្លើង​អណ្ដែត​ក្នុង​បំពង់​ល្បឿន​លឿន​នេះ ​ក៏​ជា​ឧបសគ្គ​មួយ​ផងដែរ៕

  • អាចម៍ផ្កាយ​មួយ​ដុំ​ ​ប្រវែង​ជាង 740 គីឡូម៉ែត្រ កំពុង​ហោះ​សំដៅ​មកកាន់​ផែនដី

    អាចម៍ផ្កាយ​មួយ​ដុំ​ ​ប្រវែង​ជាង 740 គីឡូម៉ែត្រ កំពុង​ហោះ​សំដៅ​មកកាន់​ផែនដី

    អាចម៍ផ្កាយ​ខ្នាត​ធំ​មួយ​ដែលមាន​អង្កត់ផ្ចិត​ប្រហែល​ពី 305 ទៅ 740 ម៉ែត្រ នឹង​ហោះ​មក​ក្បែរ​ផែនដី​នៅ​ថ្ងៃទី 01 វិច្ឆិកា​ខាងមុខ។

    អាចម៍ផ្កាយ​ដែល​ត្រូវបាន​គេ​ដាក់ឈ្មោះ​ឱ្យ​ថា 2022 RM4 ហោះហើរ​ក្នុង​ល្បឿន 84,490 គីឡូម៉ែត្រ/ម៉ោង គ្រោង​នឹង​ហោះ​កាត់​ពីមុខ​ផែនដី​ក្នុង​គម្លាត 2.3 លាន​គីឡូម៉ែត្រ ឆ្ងាយ​ជាង​ប្រហែល ៦ ដង បើ​ធៀប​នឹង​គម្លាត 384,472 គីឡូម៉ែត្រ រវាង​ផែនដី និង​ព្រះ​ចន្ទ។

    បើទោះជា​ហោះហើរ​ក្បែរ​ផែនដី ប៉ុន្តែ 2022 RM4 នឹងមាន​លទ្ធភាព​តិច​តូច​ណាស់​ក្នុង​បង្ក​គ្រោះថ្នាក់​ដល់​ពិភពលោក។ ក្រុម​អ្នកវិទ្យាសាស្ត្រ​គណនា​ឃើញថា អាចម៍ផ្កាយ​នេះ​នឹង​ហោះ​កាត់​ពីមុខ​ផែនដី​នៅក្នុង​ខែវិច្ឆិកា 2022។

    យោងតាម​អ្នកវិទ្យាសាស្ត្រ Gretchen Benedix មកពី​សាកលវិទ្យាល័យ Curtin អត្រា​នៃ​ការហោះ​មក​បុក​ផែនដី​របស់​អាចម៍ផ្កាយ​ដូច 2022 RM4 គឺ 1/100,000 ឆ្នាំ អាស្រ័យ​លើ​ទំហំ​របស់​ពួកវា។

    អាចម៍​ផ្កាយ 2022 RM4 មាន​ប្រវែង 740​ ម៉ែត្រ ខ្លី​ជាង​បន្តិច​ បើ​ធៀប​នឹង 828​ ម៉ែត្រ​ របស់​អគារ Burj Khalifa

    អាចម៍ផ្កាយ​គឺជា​ដុំថ្ម​អវកាស​ដែល​គោចរ​ជុំវិញ​ព្រះអាទិត្យ។ អង្គការ​ណា​សា បាន​រកឃើញថា ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​បច្ចុប្បន្ន​មាន​អាចម៍ផ្កាយ​ចំនួន 1,113,527 ដុំ។ ពួកវា​វិលជុំ​វិញ​ព្រះអាទិត្យ និង​ប្រមូលផ្ដុំ​នៅ​តំបន់​អវកាស​ចន្លោះ​ពី​ពិភព​អង្គារ និង​ពិភព​ព្រហស្បតិ៍ (Jupiter)។ អាចម៍ផ្កាយ​ភាគច្រើន​មាន​ប្រវែង​ចាប់ពី 10 ម៉ែត្រ ដល់ 529 ម៉ែត្រ៕

  • នាយករដ្ឋមន្ត្រី​អង់គ្លេសដើម​កំណើត​ឥណ្ឌា សន្យា​គាំទ្រ​អ៊ុយក្រែន​ជា​និច្ច

    នាយករដ្ឋមន្ត្រី​អង់គ្លេសដើម​កំណើត​ឥណ្ឌា សន្យា​គាំទ្រ​អ៊ុយក្រែន​ជា​និច្ច

    នាយករដ្ឋមន្ត្រីអង់គ្លេស រីស៊ី សុណាក់ (Rishi Sunak) កាល​ពី​ថ្ងៃទី 25 តុលា បាន​ពិភាក្សា​តាម​ទូរស័ព្ទ​ជា​មួយ ប្រធានាធិបតី​អ៊ុយក្រែន ក្នុង​នោះ លោក​បាន​សន្យា​ថា ការ​គាំទ្រ​របស់ ទីក្រុង​ឡុងដ៍​ នឹង​មាន​ជានិច្ចចំពោះ​ អ៊ុយក្រែន ហើយ​ខ្លាំង​ក្លា​ជាង​ពេល​ណាៗ​ទាំង​អស់។

    «នាយករដ្ឋមន្ត្រី​បាន​ថ្លែង​ថា ប្រធានាធិបតី​ ហ្សេឡែនស្គី អាច​​ជឿ​ជាក់​បាន​ថា ​រដ្ឋាភិបាល​របស់​លោក​​នឹង​បន្ត​រក្សា​​សាមគ្គីភាព​ជាមួយ អ៊ុយក្រែន» អ្នក​នាំពាក្យ​មួយ​រូប​នៅ​ 10 Downing Street (អាសយដ្ឋាន​នៃ​ការិយាល័យ​នាយករដ្ឋមន្ត្រី​អង់គ្លេស) បាន​ឱ្យ​ដឹង​ដូច្នេះ​។ មេដឹក​នាំ​ទាំង​ពីរ​ក៏​បាន​ឯកភាព​គ្នា​ក្នុង​ការ​បន្ត​ដាក់​សម្ពាធ​លើ​ រដ្ឋាភិបាល​របស់​លោក ពូទីន តាម​រយៈ​ទណ្ឌកម្ម​សេដ្ឋកិច្ច​។

    ចំណែកភាគី​ ​អ៊ុយក្រែន វិញ ​ប្រធានាធិបតី​ ហ្សេឡែនស្គី ក៏​បាន​ឱ្យ​ដឹង​ថា លោក​ជឿជាក់​ថា​ «តួនាទី​ដឹក​នាំ​របស់ អង់គ្លេស ក្នុង​កិច្ច​ការ​ពារ​ប្រជាធិបតេយ្យ​ និង​សេរីភាព» នឹង​កាន់​តែ​ខ្លាំង​ក្លា​ជា​មុន​។

    នាយករដ្ឋមន្ត្រីអង់គ្លេស លោក Sunak

    លោក រីស៊ី សុណាក់ វ័យ 42 ឆ្នាំ កាល​ពី​ម្សិលមិញ បាន​ឡើង​ទទួល​តំណែង​នាយករដ្ឋមន្ត្រីនៃ​ ចក្រភព​អង់គ្លេស​​ និង​ក្លាយ​ជា​ជន​ជាតិ​អង់គ្លេស​ដើម​កំណើត​ឥណ្ឌាដំបូង​គេ​ដែល​កាន់​តំណែង​នេះ​។ លោក​ក៏​ជា​នាយករដ្ឋមន្ត្រី​ដំបូង​គេ​ដែល​កាន់​តំណែង​នាយករដ្ឋមន្ត្រី​​នៅ​ក្នុង​រជ្ជកាល​ស្ដេច​ Charles ទីបី ផងដែរ​៕

  • ផ្សារ​ទំនើប​នៅ អូស្ត្រាលី ប្រើប្រាស់​យន្តហោះ​គ្មាន​មនុស្ស​បើកបរ​ដើម្បី​ប្រគល់​ទំនិញ

    ផ្សារ​ទំនើប​នៅ អូស្ត្រាលី ប្រើប្រាស់​យន្តហោះ​គ្មាន​មនុស្ស​បើកបរ​ដើម្បី​ប្រគល់​ទំនិញ

    Coles ដែលជា​បណ្ដាញ​លក់រាយ​មួយ​ក្នុងចំណោម​បណ្ដាញ​ផ្សារ​ទំនើប​ធំ​បំផុត​ពីរ​របស់ អូស្ត្រាលី ថ្ងៃទី 25 តុលា​នេះ ប្រកាសថា នឹង​ចាប់ផ្ដើម​ប្រើប្រាស់​យន្តហោះ​គ្មាន​មនុស្ស​បើក (drone) ដើម្បី​ប្រគល់​ទំនិញ​ចាប់ពី​ខែវិច្ឆិកា​ខាងមុខ។

    បណ្ដាញ​ផ្សាយ​ទំនើប Coles របស់ អូស្ត្រាលី ថ្ងៃនេះ​ប្រកាសថា ចាប់ពី​ថ្ងៃទី 02 វិច្ឆិកា 2022 ពួកគេ​នឹង​ប្រើប្រាស់​យន្តហោះ​គ្មាន​មនុស្ស​បើក​ដើម្បី​ប្រគល់​ទំនិញ​ដល់ដៃ​អតិថិជន​នៅ​តំបន់ Ormeau ក្នុង​រដ្ឋ Queensland។

    Coles និង​ប្រើប្រាស់​យន្តហោះ​របស់​ក្រុមហ៊ុន Wing ដើម្បី​ដឹកជញ្ជូន​ទំនិញ​ប្រហែល 500 មុខ មានដូចជា នំប៉័ង ផលិតផល​ស្រស់ អាហារ ផលិតផល​ថែរក្សា​សុខភាព។ល។ ក្នុងនោះ ទំនិញ​នឹងត្រូវ​បានដាក់​នៅក្នុង​ថង់ និង​ភ្ជាប់​ពី​ខាងក្រោម​ដ្រូ​ន មុននឹង​ហោះ​ទៅ​ប្រគល់ឱ្យ​អតិថិជន។

    លោក Simon Rossi ប្រធាន​ក្រុមហ៊ុន Wing បានឱ្យដឹងថា ដ្រូ​ន​នេះ​ហោះ​កម្ពស់ 70 ម៉ែត្រ និង​ល្បឿន 110 គីឡូម៉ែត្រ/ម៉ោង ដើម្បី​ដឹកទំនិញស្រាលៗ និង​មានការ​ប្រញាប់។

    ទំនិញ​នឹងត្រូវ​បានដាក់​នៅក្នុង​ថង់ និង​ភ្ជាប់​ពី​ខាងក្រោម​ដ្រូ​ន មុននឹង​ហោះ​ទៅ​ប្រគល់ឱ្យ​អតិថិជន។

    បច្ចុប្បន្ន ការដឹក​ទំនិញ​តាម​ដ្រូ​ន​ត្រូវបាន​អនុវត្ត​នៅ​តំបន់ Ormeau ហើយ​ផ្សារ​ទំនើប Coles នៅ​តំបន់​នេះ​ក៏​ទទួល​ការបញ្ជាទិញ​ទំនិញ​ត្រឹមតែ​ពី​ម៉ោង 8 កន្លះ ដល់​ម៉ោង 16 កន្លះ​ប៉ុណ្ណោះ។

    មុនពេល​ដំណើរការ​សេវាកម្ម​របស់ខ្លួន​នៅ Queensland ក្រុមហ៊ុន Wing ក៏បាន​ធ្វើការ​សាកល្បង​សេវាកម្ម​នេះ​នៅ រដ្ឋធានី​កង់​បេ​រ៉ា កាលពី​ខែមីនា 2022 និង​ដឹកជញ្ជូន​ទំនិញ​បាន​ជាង 5,000 លើក​រួចហើយ។

    ក្រោយពី​ការដាក់ឱ្យ​ដំណើរការ​នៅ Ormeau បណ្ដាញ​ផ្សារ​ទំនើប Coles និង Wing នឹង​សហការគ្នា​ពង្រីក​សេវាកម្ម​ទៅកាន់​តំបន់​ដទៃទៀត៕

  • កម្ពុជា និង អេ​មី​រ៉ា​ត​អារ៉ាប់​រួម ចរចា​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ

    កម្ពុជា និង អេ​មី​រ៉ា​ត​អារ៉ាប់​រួម ចរចា​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ

    ពិធី​ប្រកាស​បើក​ការចរចា​ជា​ផ្លូវការ លើ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​កម្ពុជា-អេ​មី​រ៉ា​ត​អារ៉ាប់​រួម (Cambodia-UAE CEPA) ត្រូវបាន​ធ្វើឡើង​នា​ព្រឹក​ថ្ងៃទី 24 ខែតុលា 2022 នៅ រដ្ឋធានី​អា​ប៊ុ​យ​ដា​ប៊ី នៃ ប្រទេស​អេ​មី​រ៉ា​ត​អារ៉ាប់​រួម។

    ឯកឧត្ដម ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា និង ឯកឧត្តម​បណ្ឌិត ថា​នី ប៊ី​ន អា​ម៉េ​ត អាល់ ហ្សេ​យូ​ឌី រដ្ឋមន្ត្រី​ទទួលបន្ទុក​ពាណិជ្ជកម្ម​អន្តរជាតិ​នៃ​ក្រសួង​សេដ្ឋកិច្ច​អេ​មី​រ៉ា​ត​អារ៉ាប់​រួម បាន​ចូលរួម​ជា​អធិបតី នៅក្នុង​ពិធី​ខាងលើ ដែលមាន​វត្តមាន​រប​ស់​ក្រុមការងារ​ពាក់ព័ន្ធ​រប​ស់​ភាគី​ទាំងពីរ នេះ​បើតាម ក្រសួងពាណិជ្ជកម្ម​កម្ពុ​ជា។

    កិច្ចព្រមព្រៀង Cambodia-UAE CEPA មាន​បញ្ចូល​ការចរចា​លើ​ការធ្វើ​សេរី​ភាវ​ហូប​នីយកម្ម​ទំនិញ សេវាកម្ម ការជំរុញ​ការវិនិយោគ និង​ការចរចា​លើ​បញ្ញត្តិសំខាន់ៗ រួមមាន៖ ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក របាំង​បច្ចេកទេស​ពាណិជ្ជកម្ម អនាម័យ​និង​ភូតគាម​អនាម័យ កម្មសិទ្ធិបញ្ញា កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​សហគ្រាស​ធុន​តូច​និង​មធ្យម ជាដើម។ល។

    រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា បានឱ្យដឹងថា Cambodia-UAE CEPA មាន​លក្ខណៈពិសេស​សម្រាប់​ប្រទេស​ទាំងពីរ ដោយសារ​កិច្ចព្រមព្រៀង​នេះ​នឹង​បន្ត​ពង្រឹង​មិត្តភាព​ដែលមាន​ស្រាប់​ជា​ប្រពៃណី​រវាង​ប្រទេស​ទាំងពីរ និង​លើកកម្ពស់​ទំនាក់ទំនង​ដែល​កំពុង​រីកចម្រើនរ​វាង​ពិភព​អារ៉ាប់ និង​អាស៊ាន។

    «យើង​សូម​ស្វាគមន៍​នូវ​កិច្ចពិភាក្សា​ជាមួយ​គ្រប់ភាគី​ពាក់ព័ន្ធ ដែលមាន​ឆន្ទៈ​ក្នុងការ​ព​ន្លឿ​ន​ចរាចរណ៍​នៃ​ទំនិញ ធានា​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់ និង​ស្វែងរក​ឱកាស​ក្នុងការ​បណ្តាក់ទុន​រួមគ្នា សម្រាប់​ផលប្រយោជន៍​ទៅវិញទៅមក» ឯកឧត្តម​បណ្ឌិត អាល់ ហ្សេ​យូ​ឌី ក៏បាន​លើកឡើង​ដូច្នេះ។

    យោងតាម ក្រសួងពាណិជ្ជកម្ម​កម្ពុ​ជា ដំណើរ​ការចរចា​ជុំទីមួយ​សម្រាប់ Cambodia-UAE CEPA នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី 24-26 ខែតុលា ឆ្នាំ 2022 ក្នុងនោះ ភាគី​កម្ពុជា នឹង​ដឹកនាំ​ដោយ លោកជំទាវ តឹក​រ៉េត កំរង រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម ចំណែក​ភាគី អេ​មី​រ៉ា​ត​អារ៉ាប់​រួម នឹង​ដឹកនាំ​ដោយ ឯកឧត្តម ជូ​ម៉ា ម៉ូ​ហា​មេ​ដ អាល់ កាត (Juma Mohammed Al Kait) អនុរដ្ឋមន្ត្រី​ទទួលបន្ទុក​ពាណិជ្ជកម្ម​អន្តរជាតិ​នៃ​ក្រសួង​សេដ្ឋកិច្ច​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ព្រម​ជាមួយនឹង​មន្ត្រី​ពាក់ព័ន្ធ នៃ​ប្រទេស​ទាំងពីរ៕

  • មហាសេដ្ឋី​ឥណ្ឌា ជូនពរ​កូន​ប្រសា​ដែល​ជិត​បាន​ធ្វើ​ជា​ នាយករដ្ឋមន្ត្រី​អង់គ្លេស

    មហាសេដ្ឋី​ឥណ្ឌា ជូនពរ​កូន​ប្រសា​ដែល​ជិត​បាន​ធ្វើ​ជា​ នាយករដ្ឋមន្ត្រី​អង់គ្លេស

    មហា​សេដ្ឋីឥណ្ឌា Narayana Murthy ជូន​ពរ​ និង​ជឿ​ជាក់​ថា កូន​ប្រសា​ Rishi Sunak «នឹង​ប្រឹង​ប្រែង​អស់​ពី​សមត្ថភាព​» ដើម្បី​ប្រជាជន​នៅ​ពេល​បាន​ឡើង​ធ្វើជា​នាយករដ្ឋមន្ត្រី​របស់ ចក្រ​ភព​អង់គ្លេស​។

    «ជូនពរ Rishi។ យើង​មាន​មោទកភាព​ចំពោះ​កូន និង​ជូនពរ​កូន​ជោគជ័យ។ យើង​ជឿ​ជាក់​ថា Sunak នឹង​ប្រឹង​ប្រែង​អស់​ពីកម្លាំង​កាយចិត្ត​ដើម្បី​ប្រជាជន​ចក្រភព​អង់គ្លេស» មហា​សេដ្ឋី N.R. Narayana Murthy ស្ថាបនិក​របស់​ក្រុម​ហ៊ុន​បច្ចេកវិទ្យា​ឥណ្ឌា Infosys នា​ថ្ងៃ​នេះ​បាន​ឱ្យ​ដឹង​​ដូច្នេះ​។

    លោក Narayana Murthy គឺជា​ឪទុក​បង្កើត​របស់​លោក​ស្រី Akshata Murthy ​ភរិយា​របស់​លោក Rishi Sunak ដែល​ជា​អ្នក​ត្រូវ​បាន​បោះ​ឆ្នោត​ជ្រើស​តាំង​ជា​ប្រធាន​បក្ស​អភិរក្ស ហើយ​នឹង​ត្រូវ​បាន​មហា​ក្សត្រ​ Charles ទីបី​តែង​តាំង​ជា​នាយករដ្ឋមន្ត្រី​ក្នុង​ថ្ងៃ​នេះ​។

    លោក Rishi Sunak

    លោក Sunak អាយុ 42 ឆ្នាំ ចាប់​កំណើត​​នៅ​ក្នុង​ទីក្រុង​ Southampton និង​មាន​ដើម​កំណើត​ជា​ជនជាតិ​ឥណ្ឌា​ នឹង​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​ដើម​កំណើត​ឥណ្ឌា​ដំបូងគេ​នៅ អង់គ្លេស​ និង​ជា​នាយក​រដ្ឋមន្ត្រី​វ័យក្មេង​បំផុត​របស់​ប្រទេស​នេះ​ក្នុង​រង្វង់​ 200 ឆ្នាំ​។

    ការ​ដែល​លោក Sunak បាន​ក្លាយ​ជា​ នាយករដ្ឋមន្ត្រី​អង់គ្លេស​ នៅក្នុង​រដូវ​បុណ្យ​ពន្លឺ​របស់​អ្នក​កាន់​សាសនា​ហិណ្ឌូ ធ្វើ​ឱ្យ​ ប្រជាជន​ឥណ្ឌា​ មាន​ការ​ត្រេកអរ​ខ្លាំង។ នាយករដ្ឋមន្ត្រី​ឥណ្ឌា Narendra Modi បាន​ឱ្យ​ដឹង​ថា លោក​សង្ឃឹមថា ទំនាក់​ទំនង​ទ្វេភាគី​រវាង​ ឥណ្ឌា និង​ អង់គ្លេស នឹង​ត្រូវ​បាន​កែលំអ​​បន្ថែម​ទៀត​។

    លោក Rishi Sunak និង​ភរិយា

    បច្ចុប្បន្ន លោក Sunak មិន​ទាន់​មាន​ការ​អធិប្បាយ​ណា​មួយ​ទាក់​ទង​នឹង​ការ​ជូន​ពរ​របស់​ឪទុក​ក្មេក​នៅ​ឡើយ។ យោង​តាម​ទស្សនាវដ្ដី Forbes លោក Murthy ​មាន​ទ្រព្យ​ប្រមាណ 4.5 ពាន់​លាន​ដុល្លារ​អាម៉េរិក។ ភរិយា​របស់​លោក Sunak គឺលោកស្រី Akshata Murthy ជា​ពលរដ្ឋ​ឥណ្ឌា និង​មាន​ភាគ​ហ៊ុន​ 0.93% ក្នុង​ក្រុម​ហ៊ុន Infosys តម្លៃប្រហែល 721 លាន​ដុល្លារ​អាម៉េរិក​៕

  • បច្ចេកវិទ្យា​ថ្មី​​របស់ ​អាម៉េរិក ​អាច​​ស្កេ​ន​​ខួរ​ក្បាល​​ដឹង​ថា​ «គ្រប់​គ្នា​​កំពុង​​គិត​​អ្វី»​ ឬ ​«បាន​ដឹង​​អ្វី»

    បច្ចេកវិទ្យា​ថ្មី​​របស់ ​អាម៉េរិក ​អាច​​ស្កេ​ន​​ខួរ​ក្បាល​​ដឹង​ថា​ «គ្រប់​គ្នា​​កំពុង​​គិត​​អ្វី»​ ឬ ​«បាន​ដឹង​​អ្វី»

    (សហរដ្ឋ​អាម៉េរិក)-ក្រុម​អ្នកវិទ្យាសាស្ត្រ​អភិវឌ្ឍ​កម្មវិធី​បកស្រាយ​ការគិត​ដែលមាន​សមត្ថភាព​អាច​រៀបរាប់​រឿងរ៉ាវ​ដែល​មនុស្ស​ម្នាក់​ស្រមៃ​នៅក្នុង​ខួរក្បាល។

    វិធីសាស្ត្រ​អាន​ការគិត​នានា​មុន​នោះ​តែង​ទាមទារ​ឱ្យមាន​ការបំពាក់​អេឡិចត្រូត​ជ្រៅ​ក្នុង​ខួរក្បាល។ ប៉ុន្តែ Alexander Huth អ្នកវិទ្យាសាស្ត្រ​ផ្នែក​សរសៃប្រសាទ​ប្រចាំ​សាកលវិទ្យាល័យ Texas Austin រួម​នឹង​មិត្ត​រួមការ​ងារ បាន​អភិវឌ្ឍ​កម្មវិធី​អាន​ការគិត​ថ្មី​មួយ​ដែល​យោងទៅលើ​បច្ចេកទេស​ស្កេ​ន​ខួរក្បាល​ពី​ខាងក្រៅ​ម្យ៉ាង​ដែល​ហៅ​កាត់​ថា fMRI នេះ​បើតាម Science Alert ចុះផ្សាយ​កាលពី​ថ្ងៃទី 24 តុលា។ លទ្ធផល​នៃ​ការស្រាវជ្រាវ​ថ្មី​នេះ​ត្រូវ​បានប្រកាស​នៅលើ​មជ្ឈមណ្ឌល​ទិន្នន័យ bioRxiv។

    កម្មវិធី​អាន​ការគិត fMRI តាមដាន​លំហូរ​ឈាម និង​អុកស៊ីសែន​ក្នុង​ខួរក្បាល។ ដោយសារតែ​កោសិកា​ខួរក្បាល​ដែល​កំពុងធ្វើការ​ត្រូវការ​ថាមពល និង​អុកស៊ីសែន​ច្រើនជាង​ធម្មតា ដូច្នេះ​ព័ត៌មាន​ពី fMRI ផ្ដល់នូវ​វិធី​វាស់​ស្ទង់​ដោយ​ប្រយោល​អំពី​សកម្មភាព​របស់​ខួរក្បាល។

    វិធី​ស្កេ​ន​ខាងលើ​កន្លងមក​មិនអាច​កត់ត្រា​សកម្មភាព​របស់​ខួរក្បាល​ទៅតាម​ពេលវេលា​ជាក់ស្ដែង ភ្លាមៗ ព្រោះថា រលកសញ្ញា​អគ្គិសនី​ដែល​កោសិកា​ខួរក្បាល​បញ្ចេញ ផ្លាស់​ទី​លឿន​ជាង​ឆ្ងាយ ធៀប​នឹង​ល្បឿន​របស់​ចរន្តឈាម​នៅ​ខួរក្បាល។ ក៏ប៉ុន្តែ ក្រុម​អ្នកស្រាវជ្រាវ​នេះ​បាន​រកឃើញថា ពួកគេ​នៅតែ​អាច​ប្រើប្រាស់​វិធី​នេះ​ដើម្បី​បកប្រែ​អត្ថន័យ​ក្នុង​ការគិត​របស់​មនុស្ស​គ្រប់រូប បើ​ទោះ​មិនអាច​បកប្រែ​ពាក្យនីមួយៗបាន​ច្បាស់។

    នៅក្នុង​ការស្រាវជ្រាវ​ថ្មី ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​ស្កេ​ន​ខួរក្បាល​របស់​ស្ត្រី​ម្នាក់ និង​បុរស​ពីរ​នាក់​ដែលមាន​វ័យ​ចាប់ពី 20 ដល់ 30 ឆ្នាំ។ ពួកគេ​ស្ដាប់​ហ្វា​ល​សំឡេង និង​កម្មវិធី​វិទ្យុ​ផ្សេងគ្នា​ដែលមាន​រយៈពេល 16 ម៉ោង ចែកជា​ច្រើន​ពេល។ បន្ទាប់មក ក្រុម​ជំនាញ​ផ្ដល់​លទ្ធផល​នៃ​ការ​ស្កេ​ន​ខួរក្បាល​ទៅឱ្យ​កម្មវិធី​កុំព្យូទ័រ​មួយ​ដែលមាន​ឈ្មោះថា «ប្រព័ន្ធ​បកស្រាយ»។ ប្រព័ន្ធ​នេះ​ធ្វើការ​ប្រៀបធៀប​សញ្ញា​សំឡេង​ជាមួយនឹង​សកម្មភាព​របស់​ខួរក្បាល​ដែល​ពួកគេ​បាន​ស្កេ​ន។

    ក្រោយមក ប្រព័ន្ធ​បកស្រាយ​នេះ​អាច​ប្រើប្រាស់​កម្មវិធី​កុំព្យូទ័រ fMRI ដើម្បី​បង្កើតជា​សាច់រឿង​ដោយយោង​ទៅតាម​ខ្លឹមសារ​ដែល​បាន​ស្កេ​ន​នោះ។ សាច់រឿង​ដែល​បាន​បង្កើតឡើង​នេះ​ស្រដៀង​ខ្លាំង​ទៅនឹង​រឿងរ៉ាវ​ដើម​ក្នុង​ហ្វា​ល​សំឡេង ឬ​កម្មវិធី​វិទ្យុ។ ដូច្នេះ ប្រព័ន្ធ​បកស្រាយ​ខាងលើ​អាចសន្និដ្ឋាន​ដឹង​អំពី​សាច់រឿង​ដែល​គ្រប់គ្នា​បាន​ស្ដាប់ ដោយ​យោងទៅលើ​សកម្មភាព​ខួរក្បាល​របស់​ពួកគេ។

    ក៏ប៉ុន្តែ ប្រព័ន្ធ​បកស្រាយ​នេះ​ក៏មាន​កំហុស​មួយចំនួន ដូចជា​ការប្ដូរ​ផ្លាស់​ស​ព្វ​នាម​របស់​តួអង្គ និង​ការប្រើប្រាស់​បុ​រិ​សៈ​ទីមួយ និង​បុ​រិ​សៈ​ទី​បី។ «វា​ដឹងបាន​យ៉ាងច្បាស់​នូវ​អ្វីដែល​បានកើត​ឡើង ប៉ុន្តែ​មិនដឹង​ច្បាស់​ថា អ្នកណា​កំពុង​ធ្វើ» អ្នកវិទ្យាសាស្ត្រ Huth ថ្លែង​ដូច្នេះ។

    នៅក្នុង​ការពិសោធ​បន្ថែម ប្រព័ន្ធ​បកស្រាយ​នេះ​បាន​បកស្រាយ​បាន​យ៉ាង​ស៊ីចង្វាក់​នូវ​សាច់រឿងរ​បស់​ខ្សែភាពយន្ត​គ្មាន​សំឡេង​ដែល​អ្នក​ចូលរួមបាន​មើល។ ប្រព័ន្ធ​បកស្រាយ​នេះ​ថែមទាំង​អាច​រៀបរាប់​ឡើងវិញ​នូវ​រឿងរ៉ាវ​ដែល​អ្នកចូលរួម​ការពិសោធ​ស្រមៃ​នៅក្នុង​ខួរក្បាល​ទៀតផង។

    ក្នុង​ចក្ខុវិស័យ​យូរអង្វែង ក្រុម​ស្រាវជ្រាវ​ខាងលើ​មាន​ផែនការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ថ្មី​ដើម្បី​ប្រើប្រាស់​សម្រាប់​អ្នក​មិនអាច​និយាយ ក៏ដូចជា​អ្នក​មិនអាច​ប្រើប្រាស់​កុំព្យូទ័រ៕