នាយករដ្ឋមន្ត្រី​អង់គ្លេសដើម​កំណើត​ឥណ្ឌា សន្យា​គាំទ្រ​អ៊ុយក្រែន​ជា​និច្ច

លោក Sunak និង​លោក Zelensky

នាយករដ្ឋមន្ត្រីអង់គ្លេស រីស៊ី សុណាក់ (Rishi Sunak) កាល​ពី​ថ្ងៃទី 25 តុលា បាន​ពិភាក្សា​តាម​ទូរស័ព្ទ​ជា​មួយ ប្រធានាធិបតី​អ៊ុយក្រែន ក្នុង​នោះ លោក​បាន​សន្យា​ថា ការ​គាំទ្រ​របស់ ទីក្រុង​ឡុងដ៍​ នឹង​មាន​ជានិច្ចចំពោះ​ អ៊ុយក្រែន ហើយ​ខ្លាំង​ក្លា​ជាង​ពេល​ណាៗ​ទាំង​អស់។

«នាយករដ្ឋមន្ត្រី​បាន​ថ្លែង​ថា ប្រធានាធិបតី​ ហ្សេឡែនស្គី អាច​​ជឿ​ជាក់​បាន​ថា ​រដ្ឋាភិបាល​របស់​លោក​​នឹង​បន្ត​រក្សា​​សាមគ្គីភាព​ជាមួយ អ៊ុយក្រែន» អ្នក​នាំពាក្យ​មួយ​រូប​នៅ​ 10 Downing Street (អាសយដ្ឋាន​នៃ​ការិយាល័យ​នាយករដ្ឋមន្ត្រី​អង់គ្លេស) បាន​ឱ្យ​ដឹង​ដូច្នេះ​។ មេដឹក​នាំ​ទាំង​ពីរ​ក៏​បាន​ឯកភាព​គ្នា​ក្នុង​ការ​បន្ត​ដាក់​សម្ពាធ​លើ​ រដ្ឋាភិបាល​របស់​លោក ពូទីន តាម​រយៈ​ទណ្ឌកម្ម​សេដ្ឋកិច្ច​។

ចំណែកភាគី​ ​អ៊ុយក្រែន វិញ ​ប្រធានាធិបតី​ ហ្សេឡែនស្គី ក៏​បាន​ឱ្យ​ដឹង​ថា លោក​ជឿជាក់​ថា​ «តួនាទី​ដឹក​នាំ​របស់ អង់គ្លេស ក្នុង​កិច្ច​ការ​ពារ​ប្រជាធិបតេយ្យ​ និង​សេរីភាព» នឹង​កាន់​តែ​ខ្លាំង​ក្លា​ជា​មុន​។

នាយករដ្ឋមន្ត្រីអង់គ្លេស លោក Sunak

លោក រីស៊ី សុណាក់ វ័យ 42 ឆ្នាំ កាល​ពី​ម្សិលមិញ បាន​ឡើង​ទទួល​តំណែង​នាយករដ្ឋមន្ត្រីនៃ​ ចក្រភព​អង់គ្លេស​​ និង​ក្លាយ​ជា​ជន​ជាតិ​អង់គ្លេស​ដើម​កំណើត​ឥណ្ឌាដំបូង​គេ​ដែល​កាន់​តំណែង​នេះ​។ លោក​ក៏​ជា​នាយករដ្ឋមន្ត្រី​ដំបូង​គេ​ដែល​កាន់​តំណែង​នាយករដ្ឋមន្ត្រី​​នៅ​ក្នុង​រជ្ជកាល​ស្ដេច​ Charles ទីបី ផងដែរ​៕

Advertisement